កប៉ាល់បូមខ្សាច់បានធ្វើសកម្មភាពយ៉ាងសកម្មនៅតាមបណ្ដោយទន្លេមេគង្គក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ ទោះបីជាអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចេញបទបញ្ជាឲ្យផ្អាកការបូមខ្សាច់ជាបណ្ដោះអាសន្ន មុននេះមួយថ្ងៃហើយក៏ដោយ។

កាលពីថ្ងៃច័ន្ទ សាលារាជធានីភ្នំពេញ បានចេញបម្រាមឲ្យផ្អាកការធ្វើអាជីវកម្មបូមខ្សាច់ទាំងអស់ជាបណ្ដោះអាសន្ន ដោយសារមានក្រុមហ៊ុនគ្មានអាជ្ញាប័ណ្ណជាច្រើនកំពុងបូមខ្សាច់ទន្លេក្នុងរាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងផ្អាកការបូមខ្សាច់ដើម្បីពិនិត្យមើលក្រុមហ៊ុននីមួយៗ ហើយយើងនឹងធ្វើរបាយការណ៍ជូនរដ្ឋាភិបាលថា តើក្រុមហ៊ុនណាខ្លះមានសិទ្ធិស្របច្បាប់ ក្រុមហ៊ុនណាគ្មាន ក្នុងការបូមខ្សាច់នេះ”។
ប៉ុន្តែ លោក ទូច សុវណ្ណ អាយុ៣០ឆ្នាំ បាននិយាយនៅលើកប៉ាល់បូមខ្សាច់ក្នុងសង្កាត់និរោធន៍ ក្នុងខណ្ឌមានជ័យកាលពីម្សិលមិញថា ខ្លួនកំពុងមមាញឹកក្នុងការបូមខ្សាច់ឲ្យក្រុមហ៊ុនមួយឈ្មោះ សុខ ហុង ដូចសព្វដងដែរ។ សុវណ្ណ បានពន្យល់ថា “សម្រាប់ខ្សាច់ម៉ដ្ឋយើងបូមបានប្រាំមួយកប៉ាល់ក្នុងមួយថ្ងៃ។ចំណែកខ្សាច់គ្រើមវិញ យើងបូមបានប្រាំកប៉ាល់ក្នុងមួយថ្ងៃ” ដោយបន្ថែមថា គ្មាននរណាម្នាក់ប្រាប់ខ្លួនពីបម្រាមនេះឡើយ។
នៅលើផ្លូវជាតិលេខ១ចម្ងាយមួយគីឡូម៉ែត្រពីទីនោះ គ្រឿងចក្រកាយដី និងរថយន្តធំៗជាច្រើនគ្រឿងកំពុងរង់ចាំដឹកខ្សាច់ដែលត្រូវបានបូមតាមបំពង់ប្រវែង៥០០ម៉ែត្រពីទន្លេមេគង្គ ឲ្យក្រុមហ៊ុនមួយដែលកម្មករបានប្រាប់ថា ឈ្មោះក្រុមហ៊ុន សុខ លី ។
អ្នកស្រី ស្រីនាង ដែលប្ដីរបស់ខ្លួនកំពុងធ្វើការលើកប៉ាល់មួយក្នុងចំណោមកប៉ាល់បូមខ្សាច់របស់ក្រុមហ៊ុននេះ បាននិយាយប្រណាំងសំឡេងលាន់ឮយា៉ងរំពងថា ការបូមខ្សាច់ពីទន្លេគឺកំពុងតែដំណើរការដូចធម្មតា។ អ្នកស្រីបាននិយាយថា “យ៉ាងហោចណាស់មានកប៉ាល់ប្រាំមួយគ្រឿងក្នុងមួយថ្ងៃចតនៅទីនេះ” ដោយបន្ថែមថា ប្ដីរបស់ខ្លួនរកប្រាក់បានប្រហែល៥០.០០០រៀលក្នុងមួយថ្ងៃ ។
ស្រីនាងបានបន្តថា គ្មាននរណាម្នាក់មកពីក្រុមហ៊ុនសុខ លី ឬមកពីរដ្ឋាភិបាលប្រាប់ប្ដីរបស់នាងឲ្យឈប់បូមខ្សាច់ទេ។ នាងបាននិយាយថា “ប្រសិនបើអាជ្ញាធរមកប្រាប់យើង យើងនឹងឈប់ភ្លាម”។
អ៊ូច ចាន់រឿន អាយុ២០ឆ្នាំ ជាអ្នកបើកបររថយន្តម្នាក់ដែលរង់ចាំដឹកខ្សាច់នៅទន្លេនេះកាលពីម្សិលមិញ បាននិយាយថា ខ្លួនជាបុគ្គលិកក្រុមហ៊ុនជីអេស [G.S.] ហើយកំពុងធ្វើការដឹកជញ្ជូនខ្សាច់ពីទន្លេនេះទៅកាន់កណ្ដាលរាជធានីដូចធម្មតា។
ចាន់រឿន បាននិយាយថា “ខ្សាច់នេះត្រូវដឹកទៅកោះពេជ្រសម្រាប់ការចាក់ពង្រីក និងសម្រាប់ក្រុមហ៊ុនរីវើរៀ (Riveria) ដែរ ដោយសំដៅលើការពង្រីកកោះនេះចូលទៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ប្រវែង៥០០ម៉ែត្រ និងគម្រោងអភិវឌ្ឍន៍អគារខុនដូ និងហាងលក់ទំនិញក្នុងរង្វង់ទឹកប្រាក់១០០លានដុល្លាររបស់ក្រុមហ៊ុនកម្ពុជាវិនិយោគក្រៅប្រទេស ហៅកាត់ថាអូសុីអាយសុី (OCIC) នៅភាគខាងលិចនៃកោះនេះ ។
ចាន់រឿន បន្តថា “យើងមានរថយន្តដឹកខ្សាច់ចំនួនប្រាំមួយគ្រឿង ហើយក្នុងមួយគ្រឿងៗ គឺដឹកប្រាំមួយជើងក្នុងមួយថ្ងៃ”។ លោក ជីប រិន អ្នកគ្រប់គ្រងនៅការដ្ឋានបូមខ្សាច់របស់ក្រុមហ៊ុន ជីអេស បានបដិសេធថា ខ្សាច់ដែលត្រូវបានបូមចេញពីទន្លេនេះគឺមិនមែនសម្រាប់ដឹកទៅកោះពេជ្រទេ ប៉ុន្តែបានបញ្ជាក់ថា ខ្លួនក៏បានដឹងពីបម្រាមកាលពីថ្ងៃច័ន្ទរបស់សាលារាជធានី ស្តីពីការបូមខ្សាច់នេះដែរ។
លោកបាននិយាយថា “ខ្ញុំក៏បានដឹងពីបម្រាមនេះដែរ ប៉ុន្តែទាល់តែអាជ្ញាធរមកប្រាប់យើងឲ្យឈប់បូម បើមិនអ៊ីចឹង យើងមិនឈប់ទេ។ យើងមានអាជ្ញាប័ណ្ណសម្រាប់បូមខ្សាច់នៅទីនេះ វាជារឿងស្របច្បាប់។ ពួកគេមិនអាចបិទអាជីវកម្មរបស់យើងបានទេ ព្រោះយើងមានអាជ្ញាប័ណ្ណ”។
តំណាងក្រុមហ៊ុន សុខ លី និងក្រុមហ៊ុនសុខ ហុង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយ។ អ្នកស្រី ភោគ ម៉ាលី អាយុ៣០ឆ្នាំ ជាម្ចាស់ភោជនីយដ្ឋានម្លប់ស្វាយ នៅក្បែរផ្ទះមួយដែលបានបាក់ធ្លាក់ទន្លេនេះ បាននិយាយថា ខ្លួនមិនបានដឹងអំពីបម្រាមនេះទេ ប៉ុន្តែ បានឃើញកប៉ាល់បូមខ្សាច់មកបូមនៅជិតភោជនីយដ្ឋានរបស់អ្នកស្រីកាលពីម្សិលមិញ។
អ្នកស្រីបាននិយាយថា “ផ្ទះនេះបាក់បួន ប្រាំឆ្នាំហើយ។ បច្ចុប្បន្ននេះ យើងបារម្ភខ្លាំងណាស់ គឺខ្លាចតែជួបរឿងដូច្នេះដែរ ប៉ុន្តែ យើងមិនអាចធ្វើអ្វីបានទេ។ ហាងរបស់យើងធ្លាប់ស្ថិតនៅចម្ងាយ៤០ម៉ែត្រពីមាត់ទន្លេ តែឥឡូវនេះគឺនៅជាប់ទន្លេតែម្តង”។
អ្នកស្រី ម៉ាលី បានឲ្យដឹងបន្តថា គ្មានក្រុមហ៊ុនបូមខ្សាច់ណាមួយក្បែរនោះមកនិយាយជាមួយអ្នកស្រីអំពីដីដែលកំពុងតែបាត់បន្តិចម្តងៗនោះទេ ប៉ុន្តែបាននិយាយថា អ្នកស្រីឮថា អាជ្ញាធរកំពុងបូមខ្សាច់ពីទន្លេនេះ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងរំហូរទឹក។
អ្នកស្រីបាននិយាយថា “ខ្ញុំឮគេនិយាយតៗគ្នាថាគេកំពុងបូមខ្សាច់នៅទីនេះ ដើម្បីឲ្យទឹកទន្លេហូរបានល្អជាងមុន”។
លោក ឡុង ឌីម៉ង់ មន្ត្រីសាលារាជធានីបានអះអាងកាលពីម្សិលមិញថា លោកមិនបានដឹងពីការបន្តបូមខ្សាច់នៅក្នុងរាជធានីភ្នំពេញទេ ប៉ុន្តែបានបញ្ជាក់ថា នឹងមានការចាត់វិធានការតឹងរ៉ឹងចំពោះក្រុមហ៊ុនណាដែលបន្តបូមខ្សាច់អំឡុងពេលដែលបំរាមនេះនៅជាធរមាន។
លោកបានមានប្រសាសន៍ថា “យើងមិនទាន់បានទទួលរបាយការណ៍ណាមួយពីការបូមខ្សាច់នៅតាមដងទន្លេនៅឡើយទេ ប៉ុន្តែ យើងមានក្រុមការងារពិសេសមួយ ហើយយើងនឹងបញ្ជូនពួកគេទៅតាមដងទន្លេ ដើម្បីធ្វើការស៊ើបអង្កេត”៕
ប្រែសម្រួលដោយ ឃិន ណៃ