27 C
Phnom Penh

លោក ជាម​ យៀប​ ថា គ.ជ.ប.​ ត្រូវ​តែ​ចូល​រួម​ក្នុង​ការ​ចរ​ចា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជាម យៀប សមាជិក​​​សភា​​​នៃ​​​គណ​​​​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា គណ​​​បក្ស​​​របស់​​​លោក​​​នឹង​​​មិន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ចរចា​​​បន្ត​​​ទៀត​​​ជាមួយនឹង​​​គណ​​​បក្ស​​​ប្រឆាំងដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ទេ លុះ​​​ត្រា​​​​​​តែ​​​​​​មាន​​​ការ​​​អញ្ជើញ​​​ពី​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.)។

ខណៈ​​​លទ្ធ​​​ផល​​​ផ្លូវ​​​ការ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​នឹង​​​ត្រូវ​​​បាន​​​ប្រកាស​​​នៅ​​​មុន ឬត្រឹម​​​ថ្ងៃ​​​ទី​​​៨ ខែកញ្ញា​​​ ការ​​​ចរចា​​​រវាង​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ជុំវិញ​​​ការ​​​សើុប​​​អង្កេត​​​រួម​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ថ្ងៃ​​​ទី​​​២៨​​​ ខែកក្កដា បាន​​​ជាប់​​​គាំង ដោយ​​​ភាគី​​​ទាំង​​​ពីរ​​​មិន​​​អាច​​​ឈាន​​​ដល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តី​​​ពី​​ការ​​​អនុញ្ញាត ឬ​​​មិន​​​អនុញ្ញាត​ឲ្យ ​​​គ.ជ.ប. ចូលរួម។

លោក ជាម យៀប ដែល​​​ត្រូវ​​​​​​ចាត់​​​តាំង​​​ឲ្យ​​​ធ្វើ​​​ជា​​​ប្រធាន​​​ក្រុម​​​ចរចា​​​របស់​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​នោះ បាន​​​មាន​​​ប្រសាសន៍ថា “ប្រសិន​​​បើ​​​ គ.ជ.ប. អញ្ជើញ​​​គណ​​​បក្ស​​​ប្រជា​​​ជន យើង​​​មាន​​​តំណាង​​​បួន​​​រូប​​​ទៅ​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំនោះ​​​ ប៉ុន្តែ​​​រហូត​​​មក​​​ទល់​​​នឹង​​​ថ្ងៃ​​​នេះ ​​​យើង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​លិខិត​​​អញ្ជើញពី គ.ជ.ប. ទេ”។

លោក​​​បាន​​​បន្ថែម​​​ថា “ច្បាប់​​​កម្ពុជា​​​ចែង​​​ថា ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ និង​​​ការ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ទាំង​​​អស់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បោះ​​​ឆ្នោតគឺ​​​ត្រូវ​​​តែ​​​ប្រគល់​​​ឲ្យ​​​ គ.ជ.ប. និង​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​។ ប្រសិន​​​បើ​​​វិវាទ​​​មិនទាន់​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​ទេ​​​នោះ​​​ អ្នក​​​អាច​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​អះអាង​​​ថា គ.ជ.ប.បាន​​​ចូល​​​ដៃ​​​ជាមួយ​​​គណ​​​បក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជាក្នុង​​​ការ​​​ក្លែង​​​បន្លំក្នុង​​​បញ្ជី​​​ឈ្មោះ​​​​​​បោះ​​​ឆ្នោត និង​​​ក្នុង​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត។ អំឡុង​​​ការ​​​ចរចា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ គណ​​​បក្ស​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ជាគោល ការណ៍​​​ក្នុង​​​ការ​​​បង្កើត​​​គណៈ​​​កម្មាធិការ​​​មួយ​​​ ដែល​​​អាច​​​ត្រូវ​​​បាន​​​ឃ្លាំ​​​មើល​​​ដោយ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ ប៉ុន្តែ មិន​​​អាច​​​ឈាន​​​ដល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តី​​​ពី​​​សមាសភាព​​​គណៈ​​​កម្មា​​​ធិការ​​​ ដែល​​​ត្រូវ​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​ពិត​​​ប្រាកដ​​​ និង​​​ដែល​​​ត្រូវ​​​ដើរ​​​តួនាទី​​​ជា​​​អាជ្ញាកណ្តាល​​​រវាង​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​ទេ។

លោក ទេព នីថា អគ្គលេខាធិការ​​​ គ.ជ.ប. បាន​​​ឲ្យ​​​ដឹង​​​ថា គ.ជ.ប. ពុំ​​​មាន​​​គម្រោង​​​រៀប​​​ចំ​​​ការ​​​​​​ចរចា​​​បន្ត​​​ទេ​​​ ព្រោះ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ច្រាន​​​ចោល​​​រួច​​​​​​ហើយ​​​នូវ​​​កិច្ច​​​ប្រឹង​​​ប្រែង​​​​​​មុនៗ​​​ក្នុង​​​ការ​​​បង្កើត​​​អនុ​​​គណៈ​​​កម្មការ​​​មួយ​​​ក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់ គ.ជ.ប.។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ក្រោយ​​​ការ​​​ចរ​​​ចា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ គណ​​​បក្ស​​​ប្រជា​​​ជន​​​បាន​​​បញ្ជូន​​​បញ្ជី​​​ឈ្មោះ​​​បេក្ខ​​​ជន​​​មក គ.ជ.ប. ខណៈ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​សម្រេច​​​ចិត្ត​​​បង្កើត​​​គណៈ​​​កម្មា​​​ធិការ​​​ពិសេស​​​មួយ​​​ដោយ​​​គ្មាន​​​ គ.ជ.ប.។ ដូច្នេះ គណៈកម្មាធិការ​​​ពិសេស​​​នេះមិន​​​អាច​​​បង្កើត​​​បាន​​​ទេ ហើយ​​​ឥឡូវ​​​នេះ​​​វាហួស​​​ពី​​​សមត្ថ​​​កិច្ច​​​របស់​​​ គ.ជ.ប.។ ប្រសិន​​​បើ​​​គណ​​​បក្ស​​​នយោបាយ​​​ណា​​​មួយមិន​​​ពេញ​​​ចិត្ត​​​នឹង​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ទេ​​​នោះ ពួក​​​គេ​​​​​​អាច​​ដាក់​​​ពាក្យ​​​បណ្តឹង​​​បាន​​​”។

លោក សុន ឆ័យ ជាប្រធាន​​​ក្រុម​​​តំណាង​​​រាស្ត្រគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​ប្រធាន​​​ក្រុម​​​ចរចា​​​របស់​​​គណ​​​បក្ស​​​ប្រឆាំង​​​នេះ​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា គណ​​​បក្ស​​​​​​របស់​​​លោក​​​ដែល​​​អះអាង​​​ថា គ.ជ.ប.បាន​​​រួម​​​ដៃ​​​ជាមួយ​​​នឹង​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ក្នុង​​​ការ​​​បន្លំ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត និងក្នុង​​​ការ​​​បន្លំ​​​សន្លឹក​​​ឆ្នោតនោះ នឹង​​​បន្ត​​​រក្សា​​​ភាព​​​អត់​​​ធ្មត់ ដោយ​​​សង្ឃឹម​​​ថា ​​​បក្ស​​​​​​​​​ប្រជា​​​ជន​​​នឹង​​​វិល​​​មក​​​កាន់​​​តុ​​​ចរចា​​​វិញ​​​មុន​​​ពេល​​​​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ត្រូវ​​​បាន​​​ប្រកាស​​​ជា​​​ផ្លូវ​​​ការ។

លោកបាន​​​មាន​​​ប្រសាសន៍ថា “​​​ឥឡូវ​​​យើង​​​គ្មានគម្រោង​​​ទេ​​​ ប៉ុន្តែ យើង​​​គ្រាន់​​​តែ​​​សង្ឃឹម​​​ថា ការ​​​ចរចា​​​បន្ត​​​ទៀត​​​អាចត្រូវ​​​បាន​​​រៀប​​​ចំ​​​ឡើង​​​។ នេះ​​​ជា​​​ពេលវេលា​​​ដែល​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​គួរ​​​ប្តេជ្ញាចិត្ត​​​​​​ចំពោះ​​​អ្វី​​​ដែល​​​យើង​​​សម្រេច​​​បាន​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​ចង់​​​ស្រប​​​តាម​​​អ្វី​​​ដែល​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ចង់​​​បាន​​​ រួច​​​ក្រោយ​​​មក​​​ក៏​​​ភ្លេច​​​ការពិត​​​ដែល​​​ថា យើង​​​ត្រូវ​​​ការ​​​ស្វែង​​​រកយុត្តិធម៌ ឬយ៉ាងហោច​​​ណាស់​​​ក៏​​​ត្រូវដោះ​​​ស្រាយ​​​បញ្ហាពាក់​​​ព័ន្ធ​​​នឹងការ​​​លួច​​​​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​ និង​​​ភាព​​​មិន​​​ប្រក្រតី​​​ មុន​​​ពេល​​​យើង​​​អាច​​​ធ្វើ​​​អ្វី​​​ផ្សេង​​​បានទេ”។

លោក​​​បាន​​​បន្ត​​​ថា ការ​​​តវ៉ា​​​គឺ​​​ជា​​​ជម្រើស​​​ចុង​​​​ក្រោយ​​​ ដោយ​​​បន្ថែមថា “នេះ​​​ហើយ​​​ជា​​​មូល​ហេតុ​​​ដែល​​​យើង​​​មាន​​​ភាព​​​អត់​​​ធ្មត់​​​ខ្លាំង ទោះ​​​បី​ជា​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ហាក់​​​ដូច​​​ជា​​​បាន​​​ប្រព្រឹត្ត​​​​ផ្ទុយ​​​នឹង​​​អ្វី​​​ដែល​​​យើង​​​កំពុង​​​ព្យាយាម​​​ធ្វើ​​​ក៏​​​ដោយ។ ពួក​​​គេ​​​ហាក់​​​បីដូច​​​ជា​​​កំពុងបង្ក​​​បញ្ហា​​​ ដូច​​​​ជា​​​​​​ចង់​​​​​​ប្រឈម​​​ដាក់​​​គ្នា​​​ជាមួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​”។

លោក គល់​​​ បញ្ញា នាយក​​​ប្រតិបត្តិ​​​នៃគណៈ​​​កម្មា​​​ធិការ​​​​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​ (ខុមហ្វ្រែល) បាន​​​លើក​​​ឡើង​​​ថា​​​ លោក​​​នៅតែ​​​មាន​​​សុទិដ្ឋិនិយម​​​ថា គណ​​​បក្ស​​​ទាំង​​​ពីរ​​​​​​នឹង​​​ស្វែង​​​រក​​​តួនាទី​​​មួយ​​​សម្រាប់​​​គ.ជ.ប. ដែល​​​ភាគី​​​ទាំង​​​ពីរ​​​អាច​​​ទទួ​​​ល​​​យក​​​បាន។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ គ.ជ.ប. អាចជា​​​ផ្នែក​​​មួយ [​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត] ប៉ុន្តែ​​​ [គណបក្ស​​​ប្រជា​​​ជន​​​ នឹង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​] ចាំ​​​បាច់​​​ត្រូវ​​​សម្រេច​​​ចិត្តថា តើ​​​អ្នក​​​ណា​​​អាច​​​ស៊ើប​​​អង្កេត​​​ដោយ​​​ឯក​​​រាជ្យ​​​ដើម្បី​​​បង្ហាញ​​​​​​ប្រាប់​​​អ្នក​​​បោះ​​​ឆ្នោត​​​ ដែល​​​មិនជឿ​​​ទុក​​​ចិត្ត​​​លើ​​​លទ្ធផល​​​នៃ​​​ការ​​​បោះឆ្នោត​​​​​​របស់​​​ គ.ជ.ប.។ យើង​​​ត្រូវ​​​តែបង្ហាញ​​​ប្រាប់​​​សាធារណជន​​​ថា គ.ជ.ប. អញ្ជើញ​​​អ្នក​​​ស៊ើប​​​អង្កេត​​​ឯក​​​រាជ្យ​​​ឲ្យ​​​ធ្វើ​​​សវនកម្ម​​​ដើម្បី​​​បញ្ជាក់​​​ពី​​​ភាព​​​ត្រឹម​​​ត្រូវ​​​នៃ​​​លទ្ធផល​​​របស់​​​ គ.ជ.ប.។ ប្រសិន​​​បើ​​​អ្នក​​​បង្ហាញ​​​ប្រាប់​​​សាធារណ​​​ជន​​​​​​ដូច្នោះ​​​មែន​​​ វានឹង​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​មាន​​​ទំនុក​​​ចិត្ត​​​កាន់​​​តែ​​​ខ្លាំង​​​”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស