29 C
Phnom Penh

គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្រឆាំង​​​នឹង​​​លទ្ធផល​​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​មន្ត្រី​​​គណបក្សសង្គ្រោះ​​​ជាតិឲ្យដឹងថាតំណាង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅតាម​​​បណ្តា​​​​​​ខេត្ត​​​នានា​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹងចំនួន​​​៨​​​ច្បាប់ទៅ​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) កាល​​​ពី​​​ម្សិល​​​មិញ​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ដំណើរ​​​ការ​​​បោះ​​​ឆ្នោត​​​ ហើយ​​​មាន​​​​​​គម្រោង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​យ៉ាង​​​តិច​​​៦​​​ច្បាប់​​​ផ្សេងទៀត​​​​​​ មុន​​​កាល​​​កំណត់ក្នុង​​​ខែនេះ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​​​នាំ​​​ពាក្យបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ ​​​បានថ្លែងថា “តំណាង​​​គណ​​​បក្ស​​​របស់​​​យើង​​​កំពុង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​ គ.ជ.ប. សរុប​​​ទៅ​​​គឺ​​​នឹង​​​មាន​​​ពាក្យ​​​បណ្តឹង​​​ប្រហែល​​​ពី​​​១០​​​ទៅ​​​១៥។ យើង​​​ប្តឹង​​​​​ជំទាស់​​​នឹង​​​លទ្ធផល​​​​​​បឋម​​​​​​ផ្អែក​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​ ដូចជា​​​​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ជី​​​ឈ្មោះ​​​ និង​​​ការ​​​បាត់​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែលបណ្តាល​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​”។

លោក ទេព នីថា អគ្គលេខាធិការ​​​គ.ជ.ប. បាន​​​ឲ្យ​​​ដឹង​​​ថា គ.ជ.ប. បានទទួល​​​ពាក្យ​​​បណ្តឹង​​​ចំនួន​​​៨​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅរាជធានី​​​​ភ្នំពេញ​​​ ខេត្ត​​​ក្រចេះ ព្រៃវែង  ពោធិ៍សាត់ និង​​​​​​​ បាត់​​​ដំបង ហើយ​​​នឹង​​​ចំណាយ​​​ពេល​​​ពីរ​​​ថ្ងៃ​​​បន្ទាប់​​​នេះ​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង​​​។

លោក ទេព នីថា បាន​​​ថ្លែងថា “បណ្តឹង​​​ទាំង​​​​​​នោះគឺមិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​លទ្ធ​​​ផល​​​ទេ​​​ វា​​​គ្រាន់​​​តែ​​​ជា​​​ពាក្យ​​​បណ្តឹង​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​និងទម្រង់​​​១៤០៤ (ប័ណ្ណ​​​បោះ​​​​​​ឆ្នោត) ប៉ុណ្ណោះ”។​​ លោក​​​បាន​​​បន្ថែម​​​ថា គ.ជ.ប. បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ផ្តល់​​​ភ័ស្តុតាង​​​បន្ថែម​​​ទៀត​​​ពី​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មុន​​​ពេល​​​ទទួល​​​យក​​​​​​ពាក្យ​​​បណ្តឹង​​​​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​ពាក្យ​​​បណ្តឹង​​​ទាំង​​​នោះ​​​ ហើយ​​​នឹង​​​ជួប​​​ជាមួយ​​​មន្ត្រី​​​គណ​​​បក្ស​​​​​​នៅ​​​ថ្ងៃ​​​នេះ ដើម្បី​​​ពិភាក្សា​​​ពី​​​បញ្ហា​​​របស់​​​ពួកគេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​នឹង​​​​​​អញ្ជើញ​​​ពួកគេ​​​ [មន្ត្រី​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ]​​​មកដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង​​​ទាំង​​​នោះ យើង​​​​​​ត្រូវ​​​ការ​​​ពេល​​​៤៨​​​ម៉ោង​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បណ្តឹង​​​ទាំងអស់​​​នោះ”។ លោក​​​បាន​​​បន្ត​​​ថា គ.ជ.ប. នឹង​​​ពិនិត្យ​​​ពាក្យ​​​បណ្តឹង​​​ទាំង​​​នោះ​​​ម្តង​​​មួយៗ​​​ដោយ​​​ចាប់​​​ផ្តើម​​​ពី​​​​​​បណ្តឹង​​​​​​មក​​​ពីខេត្ត​​​ក្រចេះ ដែលថា មាន​​​ការ​​​ប្រើ​​​ប្រាស់ទម្រង់​​​១៤០៤​​​​​​យ៉ាង​​​ច្រើន​​​។

ពាក្យ​​​បណ្តឹង​​​ផ្លូវ​​​ការពី​​​​​​គណ​​​បក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​​​​ធ្វើ​​​ឡើង ​​​ពេល​​​ការ​​​ចរចា​​​ជាមួយ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ស្តីពី​​​ការ​​​បង្កើត​​​គណៈ​​​កម្មា​​​ធិការ​​​មួយ​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​ភាព​​​មិន​​​ប្រក្រតី​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​នេះ បាន​​​​​​ជាប់​​​គាំង។ គណ​​​បក្ស​​​ប្រជា​​​ជន​​​ បាន​​​បញ្ជាក់​​​ថា ខ្លួន​​​នឹង​​​វិល​​​មក​​​កាន់​​​តុចរចាវិញ​​​​​​ តែ​​​ក្នុង​​​ករណី​​​មាន​​​ការ​​​អញ្ជើញ​​​ពី​​​គ.ជ.ប. ប៉ុណ្ណោះ ហើយ​​​លោក​​​ ទេព​​​ នីថា បានបញ្ជាក់​​​រួចមកហើយ​​​ថា គ.ជ.ប. គ្មាន​​​គម្រោង​​​​​​រៀប​​​ចំ​​​ការ​​​ចរចា​​​ជុំ​​​ថ្មី​​​ណាមួយ​​​ទៀត​​​​​​ឡើយ ព្រោះ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បដិ​​​សេធ​​​មិន​​​ឲ្យ​ ​​​គ.ជ.ប. ដឹក​​​នាំ​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ​​​ទេ។

លោក បុញ្ញឫទ្ធិ​​​ បាន​​​លើក​​​ឡើង​​​ថា គ.ជ.ប. ក៏​​​មាន​​​គម្រោង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទូទៅ​​​មួយ​​​នៅ​​​ថ្ងៃ​​​ម្សិល​​​មិញ​​​អំពី​​​​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​បង្ហាញថា គណ​​​បក្ស​​​ប្រជាជន​​​ទទួល​​​បាន​​​​​​​​​​​​៦៨​​​អាសនៈ​​​ទល់​​​នឹង​​​៥៥​​​អាសនៈ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ផង​​​ដែរ​​​។

ខណៈ​​​ថ្នាក់​​​ដឹក​​​នាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​បាន​​​បញ្ជាក់ថា ការ​​​ធ្វើ​​​មហា​​​បាតុកម្ម​​​គឺ​​​ជា​​​ជម្រើស​​​ចុង​​​ក្រោយ ​​​ប្រសិន​​​បើ​​​ពុំ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ដោយ​​​ឯក​​​រាជ្យ​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​អំឡុង​​​ការ​​​បោះឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា​​​នោះ​​​ លោក បុញ្ញឫទ្ធិ​​​ បាន​​​សង្កត់​​​ធ្ងន់​​​ថា គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ទាន់​​​បោះ​​​បង់​​​​​​ចោល​​​ឱកាស​​​​​​​​​ចរចា​​​ជាមួយ​​​គណ​​​បក្ស​​​ប្រជាជន​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​មិន​​​ទាន់​​​បាន​​​កំណត់​​​ពេល​​​ធ្វើ​​​មហា​​​បាតុកម្ម​​​ឡើយ​​​ព្រោះ​​​យើង​​​ចង់ឲ្យ​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​បង្កើត​​​គណៈ​​​កម្មា​​​ធិការ​​​ពិសេស​​​​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ភាព​​​មិន​​​ប្រក្រតី​​​នៅក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​”។

ទោះ​​​បីជា​​​មាន​​​របាយការណ៍​​​មុនៗ​​​ពី​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ថា អ្នក​​​គាំ​​​ទ្រ​​​របស់​​​ខ្លួន​​​ឯង​​​ផ្ទាល់​​​ ត្រូវ​​​បាន​​​គេរារាំង​​​មិន​​​ឲ្យ​​​ចូលទៅ​​​ក្នុង​​​មណ្ឌល​​​បោះ​​​ឆ្នោត​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ និង​​​ថា លោក​​​ សម រង្ស៊ី បាន​​​ធ្វើ​​​យុទ្ធនាការ​​​នៅក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​នៅក្នុងថ្ងៃ​​​បោះ​​​ឆ្នោតក៏ដោយ ក៏​​លោក ជាម យៀប សមាជិក​​​សភា​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ បាន​​​ឲ្យ​​​ដឹង​​​ថា គណ​​​បក្ស​​​របស់​​​លោកពុំ​​​មាន​​​គម្រោង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ផ្លូវ​​​ការ​​​ប្រឆាំង​​​លទ្ធ​​​ផល​​​បណ្តោះ​​​អាសន្ន​​​​​​របស់​ ​​​គ.ជ.ប.ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​មិន​​​មាន​​​ការ​​​ជំទាស់​​​ឡើយ។ សេចក្តី​​​សម្រេច​​​នេះ​គឺ​​​​​​មាន​​​លក្ខណៈ​​​សេរី និង​​​យុត្តិ​​​ធម៌ ផ្អែក​​​លើ​​​ឆន្ទៈ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស