35 C
Phnom Penh

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំងក្នុង​​​ខេត្ត​​​​​​ព្រះវិហារ​​​​​រង​ការ​គំរាម​បណ្ដេញ​ចេញពី​ដី​ធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ប្រជា​ពល​រដ្ឋ​ក្នុង​មូ​ល​ដ្ឋាន​ និង​អង្គការ​សិទ្ធិ​មនុស្ស​​ បាន​និយាយ​ថា កសិករ​រាប់សិប​គ្រួសា​រ​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​ព្រះវិហារ​​ ត្រូវ​បាន​ចុចឈ្មោះ​សម្រាប់​ការ​បណ្ដេញ​ចេញ​ បន្ទាប់​ពី​បាន​បោះ​ឆ្នោត​​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​​ការ​បោះ​​ឆ្នោត​កាល​ពី​ខែ​មុន​ ជា​ការ​អះអាង​មួយ​ដែល​​​​ប្រធាន​ភូមិ​របស់​ពួក​គាត់​បាន​បដិសេធ​។

ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុ​ងភូមិ​កំប្រាក់ ស្រុក​ជាំ​ក្សាន្ត​ បាន​និយាយ​ថា ប្រធាន​ភូមិ​របស់​ពួក​គាត់​បាន​គំរាម​បណ្ដេញ​ពួ​ក​គាត់​។ ទោះ​បី​ជា​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ប្រមាណ ២០០​គ្រួសារ​​​នៅ​ក្នុង​ភូមិ​នេះ​មិន​ទាន់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទះ​សំបែង​ និង​ដី​កសិកម្ម​តូច​ៗ​របស់​ខ្លួន​ក៏​ដោយ ក៏​ប្រជា​ពល​រដ្ឋ​បាន​លើក​ឡើង​ថា លោក ចាន់ ហេង ដែល​ជា​ប្រធាន​ភូមិ បាន​ចុច​ឈ្មោះ​ប្រជា​ពល​រដ្ឋ​តែ​៤៤​គ្រួសារ​​ដែល​គាត់​សង្ស័យ​ថា បាន​បោះ​ឆ្នោត​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិប៉ុណ្ណោះ។

អ្នក​ស្រី​ ម៉ែន សាម៉ន ដែល​បានបោះ​ឆ្នោត​​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និ​យាយ​ថា លោក ចាន់ ហេង ​បាននិយាយ​បែប​នេះ​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​ចំនួន​៤៤​គ្រួសារ​នេះ​នៅ​ថ្ងៃ​ក្រោយការ​​បោះ​ឆ្នោត ដែល​នៅ​ពេ​ល​​នោះ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ចេញ​លទ្ធ​ផល​មិន​ផ្លូវ​ការ​របស់​ខ្លួន​រួច​ទៅ​ហើយ ដោយ​អះអាង​ថា ខ្លួន​បាន​បាត់​បង់​២២​អាសនៈ​​នៃ​អាសនៈ​រដ្ឋ​សភា​ចំនួន​៩០​របស់​ខ្លួន។

អ្នក​ស្រី​បាន​និយាយ​ថា “គាត់​បាន​និយាយ​​​ថា អ្នក​ភូមិ​ទាំង​អស់​នេះ​ត្រូវ​ត្រៀម​ខ្លួន​រើ​ចេញ​ពី​ផ្ទះ​​និង​ដី​ធ្លី​របស់​ខ្លួន​ ពីព្រោះ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋា​ភិបាល​ និង​ប្រើ​ប្រាស់​ផ្លូវ​កសាង​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ប៉ុន្តែ​ពួក​គេ​បែ​រជា​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ”​។

អ្នក​ស្រី ម៉ែន សាម៉ន និយាយ​ថា អ្នក​ស្រី​បាន​ផ្លាស់​មក​រស់​នៅ​ក្នុង​ភូមិ​នេះ​កាល​ពី​ប្រាំ​ឆ្នាំ​មុន ហើយ​បាន​ធ្វើ​ដំណាំ​ស្រូវ​ និង​សណ្ដែក​​ខៀវ​លើ​ផ្ទៃ​ដីទំហំ​ប្រាំហិកតា​ចាប់​តាំង​ពី​ពេល​​នោះមក​។ ហើយ​ខណៈ​ពេល​ដែល​អ្នក​ភូមិ​ទាំង​អស់​នេះ​មិន​ទាន់​មាន​ប័ណ្ណ​កម្មសិទ្ធិ​នៅ​ឡើយ​នោះ អ្នក​ស្រី​បាន​និយាយ​ថា ពួកគាត់​ទាំង​អស់​បាន​ចំណាយ​ប្រាក់​​រាប់​រយ​ដុល្លារ​សម្រាប់​ដី​នោះ។ អ្នក​ស្រី​បាននិយាយ​ទៀត​ថា “ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ​ពី​ព្រោះ​គាត់​បាន​គំរាម​​រឹប​អូស​ដី​របស់​គ្រួសារ​ខ្ញុំ​”។

លោក ពេជ្រ វ៉ាន់នី ដែល​បាន​បោះ​ឆ្នោត​​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ​ បាន​និយាយថា ប្រធាន​ភូមិ​រូប​នេះ​ថែម​ទាំង​បាន​​គំរាម​ចាប់​ខ្លួន​ពួកគាត់ទៀត​ផង​ ហើយ​គាត់​ជឿ​ថា អាជ្ញាធរ​ភូមិ​ពេល​នេះ​កំពុង​​តែ​តាម​ឃ្លាំ​មើល​សកម្មភាព​គ្រួសារ​​គួរ​ឲ្យ​សង្ស័យ​ទាំង​នេះ​យ៉ាង​ស្អិត។ គាត់​​បាន​និយាយ​ទៀត​ថា “ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ ​ពីព្រោះ​អាជ្ញាធរ​មាន​ផែន​ការ​អាក្រក់​មក​លើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​។ ពួក​គេ​ចង់​រក​ឲ្យ​ឃើញ​គ្រួសារ​ទាំង​អស់​ដែល​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ហើយ​បណ្ដេញ​​​​​ពួក​យើង​ចេញ​”។

ប្រធានភូមិ ចាន់ ហេង បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ គាត់​និយាយ​ថា គាត់​បាន​ប្រើ​ប្រាស់​ឧគ្ឃោ​សន​សព្ទ​ដំឡើង​​នៅ​បឋម​សិក្សា​ និង​វត្ត​​ក្នុង​​មូល​ដ្ឋាន​នៅ​ថ្ងៃ​ក្រោយ​ការ​​បោះ​ឆ្នោត​ គ្រាន់​​​តែ​ដើម្បី​ជំរុញ​ឲ្យ​គ្រួសា​រទាំង​នេះ ក៏​ដូច​ជា​អ្នក​គាំទ្រ​គណ​បក្ស​​​ប្រជា​ជន​ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​​​ជាតិ ​ធ្វើ​ការ​ជាមួយ​គ្នា​ប៉ុណ្ណោះ។

លោក​បាននិយាយ​ថា “ខ្ញុំ​គ្រាន់​តែ​អប់​រំ​ប្រជា​ពល​រដ្ឋ​ឲ្យ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​នាំមក​នូវ​សន្ដិ​ភាព​ដល់​ប្រទេស និង​កុំ​ឲ្យ​ពួកគាត់​ប្រកាន់​​បក្ខ​ពួក​​ប៉ុណ្ណោះ​។ ខ្ញុំសូម​​ច្រាន​ចោល​ព័ត៌មាន​អំពី​ការ [គំរាម] បណ្ដេញ​ចេញ​នេះ ពី​ព្រោះ​យើង​​គ្មាន​ផែន​ការ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​ភូមិ​នេះ​ទេ”។ លោក ចាន់ ហេង​ បាន​និយាយ​ទៀត​ថា “យើង​ដឹង​ថា ប្រជា​ពល​រដ្ឋ​៤៤​គ្រួសារ​នេះ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយសារតែ​​ពួក​គាត់​និយាយ​គាំទ្រ​គណ​បក្ស​នេះ​ជាសាធារណៈ”។

លោក ឡោ ច័ន្ទ អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះ​វិហារ​ មាន​ប្រ​សាសន៍​​ថា អង្គការ​របស់​លោក​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​។

លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​និង​ជំនួយ​ផ្នែក​ច្បាប់​នៅ​អង្គការ​អាដហុក​ បាន​មាន​ប្រសាសន៍​ថា បុគ្គលិក​របស់​លោក​ក៏​កំពុង​តែ​ស៊ើប​អង្កេត​ពី​ការ​គំរាម​កំហែង​បណ្ដេញ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​កណ្ដាល​ និង​ខេត្ត​សៀមរាប​ដែរ ប៉ុន្តែ​គ្មាន​​ព័ត៌មាន​លម្អិត​ទេ។

យោង​តាម​លទ្ធផល​បឋម​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)​ គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​បាត់​បង់​អាសនៈ​​សភា​នៅ​ក្នុង​ខេត្ត​ទាំង​ពី​រ​នេះ។ ហើយ​ដោយ​មាន​ភាព​តាន​តឹង​ផ្នែក​នយោ​​បាយ​កាន់​តែ​ខ្លាំង​ឡើង​ ខណៈ​ពេល​រដ្ឋាភិបាល​បង្កើន​វត្ត​មាន​កង​កម្លាំង​យោធា​​និង​នគរបាល​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ទប់​ទល់​ការ​គំរាម​កំហែង​របស់​គណបក្ស​ប្រឆាំង​ធ្វើ​មហា​បាតុកម្ម​​ ប្រសិន​បើ​គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​ទទួល​ស្គាល់​បរាជ័យ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ លោក នី ចរិយា​ មាន​ប្រសាសន៍​ថា លោក​រំពឹង​ថា នឹង​មាន​សេចក្ដី​រាយការណ៍​បែប​នេះ​ជា​បន្ត​បន្ទាប់​។

លោក​បាន​មាន​ប្រ​សាសន៍​ថា ប៉ុន្តែមិន​ដូច​ការ​បោះ​ឆ្នោត​លើក​មុន​ៗនោះ លទ្ធផល​បឋម​ដែល​បង្ហាញ​ពី​ការ​បាត់​បង់​២២​អាសនៈ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ដឹង​ថា ការ​គំរាម​កំហែង​របស់​ខ្លួនគ្មាន​ប្រសិទ្ធភាព​ទេ​។ លោក​ នី ចរិយា បាន​មាន​ប្រសាសន៍​ថា   “គណបក្ស​ប្រជា​ជន​កម្ពុជា​ ត្រូវ​តែ​ផ្លាស់​ប្ដូរ។ ពួក​គេ​មិន​អា​ច​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​ចាស់​បាន​ទេ ពីព្រោះ​ពេល​នេះ​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​នៅ​តាមភូមិ-ឃុំ​កាន់​តែ​ច្រើន​នៅ​ទូទាំង​ប្រទេស​”។

លោក វណ្ណ សុផាត អ្នក​សម្រប​សម្រួល​ផ្នែក​គម្រោង​កំណែ​ទម្រង់​ដី​ធ្លី នៅ​ឯមជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ពន្យារពេល​​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​ដល់​វិវាទ​បោះ​ឆ្នោត​នា​ពេល​បច្ចុប្បន្ន​​​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​​រួច​រាល់​សិន។

លោក​មានប្រសាសន៍​ថា “ ករណី​ទាំង​នេះ​​​​បង្ហាញពី​ការ​មិន​គោរព​​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​សម្រាប់​ការ​សន្យា​ដែល​គណបក្ស​ទាំង​អស់​​បាន​ធ្វើ​នៅ​មុន​ការ​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា​ថា នឹង​ផ្អាក​ការ​បណ្ដេញ​ចេញ​ និង​ការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី។ អំឡុង​ពេល​​មាន​ការ​​ជាប់​គាំង​ផ្នែក​នយោបាយ​ដ៏​តាន​តឹង​នេះ​ រឿង​ដែល​សំខាន់​ជាង​គេ​គឺ​ថា អាជ្ញាធរ​មូល​ដ្ឋាន​ត្រូវ​ការ​ពា​រ​សិទ្ធិ​របស់​ពល​រដ្ឋ​ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា វិវាទ​ដី​ធ្លី​​ត្រូវ​ពន្យារ​​ពេលដោះ​ស្រាយ​​​រហូត​ដល់ស្ថិរភាព​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​”៕

ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស