30 C
Phnom Penh

ទោះ​​​មាន​​​ប្រជា​​​ប្រិយ​​​ភាព​​​ប៉ុណ្ណា​​​​​​​​​លោក សម រង្ស៊ី ស្ថិត​​​ក្នុង​​​ភាព​​​ស្រពិច​​​ស្រពិល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​​​លោក​​​ សម រង្ស៊ី មក​​​ដល់​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​ លោក​​​បាន​​​ទទួល​​​ការ​​​ស្វាគមន៍​​​ពី​​​អ្នក​​​គាំ​​​ទ្រ​​​ប្រហែល​​​១០​​​ម៉ឺន​​​នាក់​​​ ​​​ដែលនេះ​​​ជា​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​ធំ​​​បំផុត​​​របស់​​​គណ​​​បក្ស​​​ប្រឆាំង​​​នៅ​​​ប្រទេស​​​កម្ពុជាក្នុង​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​នេះ។

នៅពេល​​​លោក​​​វិល​​​មក​​​ពី​​​ការ​​​ចូល​​​រួម​​​ពិធី​​​មង្គលការ​​​កូន​​​ស្រី​​​នៅអាមេរិក​​​នៅថ្ងៃសុក្រ លោក​​​ត្រូវ​​​ទម្លាយ​​​ភាពទាល់​​​ច្រក​​​ផ្នែក​​​នយោ​​​បាយ​​​​​​​​​រវាង​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លទ្ធ​​​ផល​​​នៃ​​​ការ​​​ទម្លាយ​​​ភាព​​​​​​ទាល់​​​ច្រក​​​នេះ​​​នឹង​​​កំណត់​​​ជោគ​​​វាសនា​​​របស់​​​គណ​​​បក្ស​​​លោក​​​នៅ​​​ក្នុងរដ្ឋ​​​សភា​​​ជាតិ​​​សម្រាប់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​បន្ទាប់​​​នេះ​​​។

វា​​​ក៏​​​ទំនង​​​ជា​​​នឹង​​​កំណត់​​​ជំហាន​​​បន្ទាប់​​​ក្នុង​​​អាជីពនយោ​​​បាយ​​​របស់​​​លោក​​​ សម រង្ស៊ី ដែល​​​ក្តី​​​សង្ឃឹម​​​ក្នុងការ​​​ក្លាយ​​​ជា​​​សមាជិក​​​សភា​​​បាន​​​រលាយ​​​សាប​​​សូន្យ​​​​​​ដោយ​​​សារ​​​តែការ​​​ជាប់​​​ពិរុទ្ធ​​​​​​ភាព​​​ក្នុង​​​រឿង​​​ក្តី​​​ព្រហ្ម​​​ទណ្ឌ​​​ដែល​​​ធ្វើ​​​ឲ្យ​​​លោក​​​មិន​​​អាច​​​ឈ​​​រ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា។

ក្នុង​​​វ័យ​​​៦៤​​​ឆ្នាំ លោក​​​ សម​​​ រង្ស៊ី ក្នុង​​​នាម​​​ជា​​​ប្រធាន​​​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​ទទួល​​​ការ​​​គាំ​​​ទ្រខ្លាំង​​​ជាង​​​ពេលណាៗ​​​ទាំង​​​អស់​​​ក្នុង​​​អាជីព​​​ជា​​​អ្នកនយោ​​​បាយ​​​​ប្រឆាំង​​​រយៈ​​​ពេល​​​​​​ជាង​​​១៨​​​ឆ្នាំ​​​របស់​​​ខ្លួន​​​។ ប៉ុន្តែ ជាលើក​​​ដំបូង​​​បំផុត​​​គិតចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៨​​​មក​​​ លោកពុំមែន​​​ជា​​​សមា​​​ជិក​​​សភា​​​​​ទៀត​​​ទេ។ ទោះ​​​បីជា​​​បាន​​​ប្រឹង​​​ប្រែង​​​អស់​​​រយៈ​​​ពេល​​​១១​​​ម៉ោង​​​ក្នុង​​​ការ​​​ចុះ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​​​​បន្ទាប់​​​​​​ពី​​​បាន​​​វិល​​​ត្រ​​​ឡប់​​​មក​​​ដល់​​​ប្រទេស​​​នេះ​​​វិញ​​​នៅ​​​ថ្ងៃ​​​ទី​​​១៩ ខែកក្កដា គឺ​​​រយៈ​​​ពេល​​​ត្រឹម​​​តែ​​​៩​​​ថ្ងៃ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ គណៈកម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប) បាន​​​សម្រេច​​​ថា លោក​​​ សម រង្ស៊ី មិន​​​អាច​​​ឈរ​​​ឈ្មោះ បាន​​​ទេ​​​ ព្រោះ​​​វា​​​យឺត​​​ពេល​​​ទៅ​​​ហើយ​​​។

នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ លោក សម រង្ស៊ី ដែល​​​នៅ​​​តែ​​​គ្មាន​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​ឬ​​​សូម្បី​​​តែជា​​​អ្នក​​​បោះ​​​ឆ្នោត​​​នោះ​​​ បាន​​​ចុះ​​​ទៅ​​​​​​តាម​​​ការិយាល័យ​​​បោះ​​​ឆ្នោតនានា ហើយ​​​បាន​​​ទាក់​​​ទាញ​​​ក្រុម​​​អ្នក​​​គាំ​​​ទ្រជា​​​ច្រើននៅ​​​តាម​​​ផ្សារ​​​​​​នានា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។ ប៉ុន្តែ ត្រង់​​​ថា តើ លោក សម រង្ស៊ី មាន​​​ឥទ្ធិ​​​ពល​​​ខ្លាំង​​​ប៉ុណ្ណា​​​នៅ​​​ពេល​​​រដ្ឋា​​​ភិបាល​​​អាណត្តិ​​​ក្រោយ​​​ចាប់​​​ផ្តើម​​​នោះ ​​​គឺ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​​​សោះ​​​ឡើយ។

លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អ៊ីម៉េលកាល​​​ពី​​​ម្សិល​​​មិញ​​​ថា “អាច​​​មាន​​​ការ​​​រៀប​​​ចំ​​​តាម​​​ផ្លូវ​​​ច្បាប់​​​ និង​​​តាម​​​លក្ខណៈ​​​បច្ចេក​​​ទេស​​​ឲ្យ​​​ខ្ញុំ​​​បាន​​​ក្លាយ​​​ជា​​​សមាជិក​​​សភា​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មានខែ​​​បន្ទាប់​​​នេះ”។ លោក​​​​​បន្ថែម​​​ថា គណ​​​បក្ស​​​ប្រជា​​​ជនត្រូវ​​​មាន​​​វិធានការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ទ្រង់​​​ទ្រាយ​​​ធំ​​​ដើម្បី​​​ឲ្យ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ពិចារណា​​​ពី​​​ការ​​​ផ្តល់​​​ភាព​​​ស្រប​​​ច្បាប់ឲ្យ​​​រាជរដ្ឋាភិបាល​​​ដឹក​​​នាំ​​​ដោយ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​។

លោក​​​បាន​​​បញ្ជាក់​​​ថា “គណ​​​បក្ស​​​សង្គ្រោះ​​​​​​ជាតិនឹង​​​ចូល​​​រួមនៅ​​​​​​ក្នុង​​​ការ​​​បង្កើត​​​រដ្ឋ​​​សភា​​​នីតិ​​​កាល​​​ថ្មី​​​ដើម្បី​​​អនុញ្ញាតឲ្យ​​​មាន​​​ការ​​​បង្កើត​​​រដ្ឋា​​​ភិបាល​​​ថ្មី​​​ក្រោម​​​ការដឹក​​​នាំ​​​​​​របស់បក្ស​​​ប្រជា​​​ជន​​​​​​តែនៅក្នុង​​​ករណី​​​មានការ​​​ធានា​​​​​​ហ្មត់​​​ចត់​​​ និង​​​គួរ​​​​​​ឲ្យ​​​ជឿ​​​ជាក់​​​ថា កំណែ​​​ទម្រង់​​​ចាំ​​​បាច់​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​គ.ជ.ប. ប្រព័ន្ធ​​​តុលាការ រដ្ឋ​​​សភា រដ្ឋបាល​​​ស៊ីវិល​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ គណៈ​​​កម្មាធិការ​​​សិទ្ធិ​​​មនុស្ស​​​ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​។ល។ ត្រូវ​​​បាន​​​អនុវត្ត​​​ភ្លាមៗ​​​តែ​​​ប៉ុណ្ណោះ”។

ទោះ​​​បីជា​​​លោក សម រង្ស៊ី នៅតែ​​​មាន​​​ក្តី​​​សង្ឃឹម​​​ខ្លះថា លោក​​​អាច​​​ទទួល​​​បាន​​​អាសនៈ​​​មួយ​​​ក្នុង​​​ចំណោម​​​អាសនៈ​​​ទាំង​​​៥៥​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​រដ្ឋ​​​សភា​​​ជាតិ​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​ ជាម យៀ​​ប សមាជិក​​​សភា​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​បញ្ជាក់​​​ច្បាស់​​​ហើយថា លោក សម រង្ស៊ី “គ្មាន​​​ឱកាស​​​” ក្លាយ​​​ជា​​​សមា​​​ជិក​​​សភា​​​សម្រាប់​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​បន្ទាប់​​​ទេ។

លោក ជាម យៀប បានថ្លែងថា “តាមផ្លូវ​​​​​​ច្បាប់​​​ លោក សម រង្ស៊ី គ្មា​​​ន​ឱកាស​​​បាន​​​ធ្វើការ​​​នៅ​​​រដ្ឋ​​​សភា​​​ទេ។ គាត់​​​ដាច់​​​ខាត​​​មិន​​​មែន​​​ជា​​​សមាជិក​​​នៃ​​​គណៈ​​​កម្មការ​​​ណា​​​មួយ​​​នៅ​​​រដ្ឋ​​​សភា​នីតិកាលទី​​​៥ឡើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “វា​​​យឺត​​​ពេល​​​ហើយ​​​ប៉ុន្តែ គាត់​​​នៅមាន​​​ឱកាស ​​​​​​ប្រសិន​​​បើ​​​មាន​​​ការ​​​អាណិត​​​អាសូរ​​​ពី​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នៃ​​​គណ​​​បក្ស​​​ឈ្នះ​​​ឆ្នោត​​​ គឺ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ ឲ្យ​​​គាត់​​​ទទួល​​​បាន​​​ការ​​​ងារ​​​មួយ​​​ក្នុង​​​ជួរ​​​រដ្ឋា​​​ភិបាល”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ មន្ត្រី​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​នៅ​​​គ.ជ.ប. ដែល​​​បាន​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនា​​​មិក ដោយ​​​សារ​​​បញ្ហា​​​នេះគឺ​​​ជា​​​រឿង​​​រសើប​​​​​​ បាន​​​ឲ្យ​​​​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា តាម​​​ពិត ​​​លោក សម រង្ស៊ី មាន​​​សិទ្ធិ​​​ទទួល​​​បាន​​​អាសនៈ​​​សភា​​​នៅ​​​​​​ខែ​​​មករា ឆ្នាំ​​​២០១៤។ លោក​​​​​​មាន​​​ប្រសាសន៍ថា “វា​​​យឺត​​​ពេល​​​ [ក្នុងការ​​​ក្លាយ​​​ជា​​​សមាជិក​​​សភា​​​នៅក្នុងឆ្នាំ​​​នេះ​​​មែន​​​] ព្រោះ​​​ឱសានវាទ​​​សម្រាប់​​​ការ​​​ចុះ​​​ឈ្មោះ​​​បោះឆ្នោត​​​​​​ និង​​​ឈរ​​​ឈ្មោះ​​​ជា​​​តំណាង​​​​​​រាស្ត្រ​​​​​​ បាន​​​កន្លង​​​ផុត​​​ទៅ​​​ហើយ​​​។ តែនៅ​​​មានមធ្យោ​​​បាយ​​​​បច្ចេក​​​ទេស [ក្នុងការ​​​ឲ្យ​​​លោក​​​ចូល​​​សភា​​​]”។

មន្ត្រី​​​ គ.ជ.ប. រូបនេះ​​​បាន​​​បញ្ជាក់​​​ថា “គាត់​​​អាច​​​រង់​​​ចាំ​​​​​​រហូត​​​ដល់​​​ពេល​​​មាន​​​ការ​​​ចុះ​​​ឈ្មោះ​​​ជា​​​ថ្មី​​​។ ឆ្នាំ​​​នេះ​​​អ្នក​​​បោះ​​​ឆ្នោត​​​អា​​ច​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​នៅក្នុ​​ង​​​ខែ​​​តុលា។ ក្រោយ​​​ការចុះ​​​​​​​​​ឈ្មោះ​​​ គណ​​​បក្ស​​​របស់​​​គាត់​​​​​​អាច​​​ស្វះ​​​ស្វែង​​​រក​​​សុពល​​​ភាព​​​សម្រាប់​​​បញ្ជី​​​ឈ្មោះ​​​បេក្ខ​​​ជន​​​ថ្មី​​​នៃ​​​គណ​​​បក្ស​​​របស់ខ្លួន​​​ [នៅ​​​ថ្ងៃ​​​ទី៣១ ខែ​​​ធ្នូ]”។

ដើម្បី​​​បញ្ចូល​​​ឈ្មោះលោក សម រង្ស៊ី ទៅ​​​ក្នុង​​​បញ្ជី​​​ថ្មី​​​នេះ​​​ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​ឲ្យ​​​សមាជិក​​​សភា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​សមាជិក​​​សភា​​​បច្ចុប្បន្ន​​​របស់​​​ខ្លួន​​​លាលែង​​​ពី​​​តួនាទី​​​​​​រួម​​​ជាមួយ​​​នឹង​​​បេក្ខ​​​ជន​​​បម្រុង​​​ទាំង​​​អស់​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​មណ្ឌល​​​ណា​​​មួយ​​​ ហើយ​​​បន្ទាប់ពីនោះ​​​ លោក សម រង្ស៊ី អាច​​​ទទួលយក​​​អាសនៈ​​​សភា​​​ទំនេរ​​​បាន​​​ហើយ​​​។

មន្ត្រី​​​រូប​​​នេះ​​​បាន​​​បន្ត​​​ថា “បន្ទាប់​​​​​​មក​​​ គ.ជ.ប. អាច​​​ផ្ញើ​​​បញ្ជី​​​ឈ្មោះ​​​បេក្ខ​​​ជន​​​មាន​​​សុពល​​​ភាព​​​ថ្មី​​​ទៅ​​​រដ្ឋ​​​សភា​​​ជាតិ។​​​ នេះ​​​ជា​​​មធ្យោបាយ​​​បច្ចេក​​​​ទេស​​​ដែល​​​អាច​​​ជួយ​​​ឲ្យ​​​គាត់​​​ក្លាយ​​​ជា​​​សមាជិក​​​សភា​​​​​​នៅ​​​ត្រឹម​​​ឆ្នាំ​​​២០១៤”។ មិនថាលោក សម រង្ស៊ី មាន​​​តួនាទី​​​អ្វី​​​ក្នុង​​​​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​បន្ទាប់ទេ លោក ឡៅ ម៉ុងហៃ​​​ អ្នក​​​វិភាគ​​​នយោ​​​បាយ​​​ឯករាជ្យ​​​បាន​​​លើក​​​ឡើង​​​ថា លោក សម រង្ស៊ី គួរ​​​តែ​​​ទាញ​​​យក​​​ប្រយោជន៍​​​ពី​​​ប្រជា​​​ប្រិយ​​​ភាព​​​របស់​​​ខ្លួន​​​ ខណៈ​​​ដើរ​​​តួ​​​នាទី​​​ជា​​​មេ​​​ដឹក​​​នាំ​​​នយោ​​​បាយ​​​ដ៏​​​ឆ្លាតវៃ​​​ក្នុង​​​នាម​​​ជា​​​ប្រធាន​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​។

លោក​​​​​ ឡៅ ម៉ុងហៃ បានថ្លែងថា “ឥឡូវ​​​គាត់​​​គួរ​​​តែ​​​​​​ទាញ​​​យក​​​ប្រយោជន៍​​​ពី​​​ប្រជា​​​ប្រិយ​​​ភាព​​​របស់​​​ខ្លួន​​​។ តើ​​​នៅក្នុង​​​ចំណោមមេ​​​ដឹក​​​នាំ​​​ទាំង​​​អស់​​​ មានមេ​​​ដឹក​​​នាំ​​​ប៉ុន្មាន​​​នាក់​​​ក្រៅពី​​​ព្រះ​​​​​​មហា​​​​​​ក្សត្រដែល​​​មាន​​​អ្នក​​​មក​​​ស្វាគមន៍​​​ភ្លូក​​​ទឹក​​​ភ្លូក​​​ដី​​​ ពេល​​​មក​​​ដល់​​​អាកាស​​​យាន​​​ដ្ឋាន​​?”។ លោក​​​បាន​​​បន្ត​​​ថា “ខ្ញុំ​​​លើក​​​ទឹក​​​ចិត្ត​​​គាត់​​​ឲ្យ​​​ទាញយក​​​ប្រយោជន៍​​​ពី​​​ចំណុច​​​នេះ​​​។ រក្សា​​​ការ​​​អត់​​​ធ្មត់​​​ រក្សា​​​ភាព​​​ស្ងប់​​​ស្ងៀម ហើយ​​​ធ្វើ​​​ខ្លួន​​​ឲ្យ​​​សម​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​នយោ​​​បាយ​​​ដែល​​​ឆ្លាត​​​វៃ​​​ជាង​​​នេះ​​​។ គាត់​​​ឆេវ​​​ឆាវ​​​​​​បន្តិ​​​ចហើយ​​​។

​​​ភាព​​​ឆេវ​​​ឆាវ​​​នេះបានធ្វើ​​​ឲ្យ​​​គាត់​​​ជួបបញ្ហា​​​” ​​​ដោយ​​​លោក​​​បានសំដៅ​​​លើ​​​ការ​​​អំពាវ​​​នាវពី​​លោក​​​ សម​​​ រង្ស៊ី តាម​​​ហ្វេសប៊ុក​​​ឲ្យ​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ “ក្រោក​​​ឈរ​​​ឡើង” ជាមួយ​​​អ្នក​​​គាំទ្រ​​​គណ​​​បក្ស​​​​​​ខ្លួន​​​ដើម្បី​​​ផ្លាស់​​​ប្តូរ​​​រដ្ឋា​​​ភិបាល​​​។ លោក​​​ ឡៅ ម៉ុងហៃ បាន​​​បន្ថែមថា “ គេ​​​អាច​​​នាំ​​​គាត់​​​ឡើង​​​តុលាការ​​​ម្តង​​​ទៀត​​​​​​​​​ដោយ​​​សារ​​​ការ​​​ថ្លែង​​​បែបនេះ​​​។ ខ្ញុំ​​​គិត​​​ថា​​​ ពួកគេដូច​​​ជា​​​​​​ខ្លាច​​​គាត់​​​ នេះ​​​​បើ​​​យើង​​​វិភាគ​​​​​​សម្តី​​​របស់​​​ថ្នាក់​​​ដឹក​​​នាំ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ពាក់​​​ព័ន្ធទៅ​​​នឹង​​​ការ​​​គំរាម​​​ធ្វើ​​​បាតុកម្ម​​​ ។ល។ របស់​​​​គាត់”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស