មន្ត្រីជលផលបានឲ្យដឹងថា ត្រីផ្សោតអ៊ីរ៉ាវ៉ាតឌី មួយក្បាលត្រូវគេប្រទះឃើញងាប់កាលពីព្រឹកម្សិលមិញ ដោយជាប់ក្នុងមង និងអណ្តែតលើទន្លេមេគង្គនៅខេត្តក្រចេះ។
លោក ខៀវ គីន ប្រធានមន្ទីរជលផលខេត្ត បានឲ្យដឹងថា ត្រីផ្សោតញីទម្ងន់១០៥ គីឡូក្រាមនិងមានប្រវែង២,០៣ម៉ែត្រនេះ ទំនងជាបានជាប់មងនៅក្បែរភូមិកាំពី ដែលជាជម្រកត្រីផ្សោត និងជាទីពេញនិយមរបស់ភ្ញៀវទេសចរ មុនពេលអណ្តែតតាមទន្លេមេគង្គក្នុងឃុំរកាកណ្តាល ក្រុងក្រចេះ។
លោក គីន បានមានប្រសាសន៍ថា “យើងបានប្រគល់ខ្មោចត្រីនេះទៅឲ្យក្រុមអភិរក្សត្រីផ្សោតនៅក្នុងខេត្តក្រចេះសម្រាប់ការស៊ើបអង្កេតបន្ត និងយកសំណាកហើយ” ដោយលោកបានបន្ថែមថា មងបានរុំជាប់កន្ទុយត្រីផ្សោតនេះ។
មងក្រឡាធំគឺជាគ្រោះគំរាមកំហែងមួយចំពោះត្រីផ្សោត ព្រោះវារសាត់ក្នុងទន្លេពេញមួយយប់ ធ្វើឲ្យត្រីធំៗរុំជាប់នៅក្នុងនោះប្រសិនបើត្រីទាំងនោះហែលចូល។ ក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះត្រីផ្សោតអ៊ីរ៉ាវ៉ាតឌីដែលជិតផុតពូជនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាលពីខែកញ្ញា ដោយហាមមិនឲ្យមានការប្រើមងក្រឡាធំនៅតាមបណ្តោយទន្លេប្រវែង១៨០គីឡូម៉ែត្រ នៅចន្លោះខេត្តក្រចេះនិងព្រំដែនឡាវ ដែលជាកន្លែងត្រីផ្សោត ត្រូវគេប្រទះឃើញជាទូទៅ។
លោក យូ លៃវ៉េង ប្រធានឆ្មាំទន្លេនៅឃុំថ្មគ្រែ២ ក្នុងស្រុកសំបូរ ដែលស្ថិតនៅក្នុងចំណោមប៉ុស្តិ៍ចំនួន១៥ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានឆ្មាំទន្លេចំនួន៧៧នាក់សម្រាប់ឃ្លាំមើលសហគមន៍នេសាទក្នុងមូលដ្ឋានដើម្បីការពារត្រីផ្សោតទឹកសាបសេសសល់ក្នុងតំបន់នេះ បានមានប្រសាសន៍ថា “នេះជាលើកទី១ហើយក្នុងឆ្នាំនេះដែលត្រីផ្សោតក្រោមការអភិរក្សរបស់យើង ត្រូវគេប្រទះឃើញងាប់”។
ដោយសំដៅលើការនេសាទខុសច្បាប់តាមរយៈការឆក់ លោក លៃវ៉េង បានមានប្រសាសន៍ទៀតថា “កន្លងមក យើងមានជោគជ័យក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ដោយប្រើមងក្រឡាធំ និងការប្រើឧបករណ៍ឆក់”។
លោក លៃវ៉េង បានបន្តថា “ក្នុងឆ្នាំ២០១២ ត្រីផ្សោតចំនួនបួនក្បាលនៅក្នុងតំបន់នេះបានងាប់ដោយសារតែការប្រើវិធីនេសាទបែបនេះ ធៀបនឹងចំនួន១២ក្បាលក្នុងឆ្នាំ២០១១ ”។ យោងតាមអង្គការ WW F Cambodia បានឲ្យដឹងថា មានត្រីផ្សោតអ៊ីរ៉ាវ៉ាតឌីចន្លោះពី៧៨ក្បាលទៅ៩១ក្បាលនៅក្នុងទន្លេមគង្គ ប៉ុន្តែលោក ទូច ស៊ាង តាណា ប្រធានគណៈកម្មការសម្រាប់ការអភិរក្សត្រីផ្សោតទន្លេមេគង្គ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ធ្លាប់បានអះអាងក្នុងពេលកន្លងមកថា ត្រីផ្សោតនៅសល់ចំនួន១៨០ក្បាល។ លោក ស៊ាងតាណា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញនេះ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី