29 C
Phnom Penh

ក្រុម​អ្នក​ហែរ​ក្បួន​នាំ​គ្នា​ដើរ​ធម្ម​យា​ត្រា​ដើ​ម្បី​សន្ដិភាព​ក្រោយ​ការ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកហែរក្បួន​រាប់​រយ​នាក់​​រួម​ទាំង​បុគ្គលិក​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​​ និង​ព្រះសង្ឃ​​បាន​​និមិន្ត​​និង​នាំគ្នា​ដើរ​ក្បួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​កាលពី​ម្សិលមិញ​ ដោយ​អំពាវនាវ​កុំ​ឲ្យ​​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទាក់​ទិន​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធ​តែ​អះអាងពី​ជ័យ​ជម្នះរៀងៗ​ខ្លួន​។

បុរស​​​ម្នាក់​​​លើ​​ក​​​បដា​​​​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​រក្សា​​​សន្តិភាព​​​ ក្នុងការ​​​​​​ជួប​​​ជុំគ្នា​​​រាប់រយនាក់នៅ​​​វត្ត​​​ភ្នំ កាលពី​​​ម្សិល​​​មិញ​​​ ដើម្បីជំរុញ​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ និងគណបក្សសង្គ្រោះ​​​ជាតិ​​​ដោះស្រាយ​​​​បញ្ហា​​​​​​ដោយ​​​សន្តិវិធី។ ​​​(ស៊ីវ ច​​​ាន់ណា)
បុរស​​​ម្នាក់​​​លើ​​ក​​​បដា​​​​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​រក្សា​​​សន្តិភាព​​​ ក្នុងការ​​​​​​ជួប​​​ជុំគ្នា​​​រាប់រយនាក់នៅ​​​វត្ត​​​ភ្នំ កាលពី​​​ម្សិល​​​មិញ​​​ ដើម្បីជំរុញ​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ និងគណបក្សសង្គ្រោះ​​​ជាតិ​​​ដោះស្រាយ​​​​បញ្ហា​​​​​​ដោយ​​​សន្តិវិធី។ ​​​(ស៊ីវ ច​​​ាន់ណា)

អ្នក​តវ៉ា​យ៉ាង​តិច​២០០​នាក់​​មក​ពី​សម្ព័ន្ធ​អង្គការ​ដើម្បី​សន្ដិភាព​​បាន​​ជួប​ប្រជុំគ្នា​​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​ ហើយ​បាន​នាំ​គ្នា​ដើរ​ក្បួន​ទៅ​កាន់​​វត្ត​ភ្នំ​​ជាទី​ដែល​ពួក​គេ​បាន​ចូល​រួម​​ជាមួយ​ក្រុម​ប្រមូល​ផ្ដុំ​គ្នា​ស្រដៀង​នេះ​​មួយ​ទៀត​ ដែល​ដឹកនាំ​ដោយ​ព្រះ​តេជ​គុណ​ លួន សុវ៉ាត​ ដែល​ជា​សកម្មជន​មាន​សង្ឃ​ដីកា​​ឥត​សំចៃ​មាត់​។

ដោយ​​​លើ​ក​ទង់​ព្រះ​ពុទ្ធ​សាសនា​ និង​បដា​មួយ​ចំនួន​ ដែល​មាន​សរសេរ​អក្សរ​ថា “ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ចង់​បាន​សន្ដិភាព មិន​មែន​ការ​បង្ក្រាប​​” និង​ “សន្ដិភាព​ គឺ​ជា​ការ​ស្នេហា​ជាតិ​ ​អំពើ​ហិង្សា​គឺ​​ជា​ការ​ក្បត់​ឧត្តម​គតិ​” អ្នក​តវ៉ា​បាន​លើក​ឡើង​ថា ពួក​គេ​បាន​នាំគ្នា​ដើរ​ក្បួន​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​ការ​ប្រើ​ពាក្យ​ដ៏​គឃ្លើន​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។

បន្ទាប់​ពី​ការ​ដឹក​នាំ​ក្រុម​អ្នក​តវ៉ា​ ដែល​​បាន​នាំ​គ្នា​បួង​សួង​ ព្រះតេជគុណ​ លួន សុវ៉ាត​ បាន​រិះគន់​​ការ​ប្រកាស​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ កាលពី​ថ្ងៃ​ទី​២ ខែ​សីហា​ ដែល​ថា រាល់​ការ​​ធ្វើ​បាតុកម្ម​ណាមួយ​​ប្រឆាំង​នឹង​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ នឹង​មាន​ការ​ធ្វើ​បាតុកម្ម​​ពី​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​តប​ត​វិញ​ ហើយ​ភាព​ចលាចល​អាច​នឹង​កើត​មាន​នៅ​តាម​ផ្លូវ​នានា​ ដែល​ធ្វើ​ឲ្យ​ការ​រក​ស៊ី​ទាំង​ឡាយ​ត្រូវ​​បញ្ឈប់​។

ព្រះ​តេជគុណ​ លួន សុវ៉ាត បាន​មាន​សង្ឃ​ដីកា​ថា “គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​បាត​កម្ម​? តើ​ពួក​គេ​ធ្វើ​បាតុ​កម្ម​ដើម្បី​អ្វី​? ពួក​គេ​គ្មាន​យុត្តិ​ធម៌​នោះ​ទេ​។ ពួក​គេ​មាន​អំណាច​ទាំង​អស់​ ស្ថានីយ​ទូរទស្សន៍​ ស្ថានីយ​វិទ្យុ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​​ សុទ្ធ​តែ​ជា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។ ការ​ធ្វើ​បាតុកម្ម​ គឺ​សម្រាប់​ជន​រងគ្រោះ​”។ ព្រះតេជគុណ​បាន​មាន​សង្ឃដីកា​បន្ត​ថា “ពួក​គេ​ចង់​ប្រើ​បាតុកម្ម​ ដើម្បី​បង្ក្រាប​បាតុ​កម្ម។ ពួក​គេ​ចង់​ប្រើ​កម្លាំង​ប្រជាពល​រដ្ឋ​ទៅបង្ក្រាប​ប្រជាពល​រដ្ឋ។ ​នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​នោះ​ទេ”។

លោក​  ព្រាប​ កុល នាយក​ប្រតិបត្តិ​អង្គ​ការ​តម្លាភាព​អន្តរជាតិ​​​នៅ​កម្ពុជា​​បាន​លើក​ឡើង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទុះ​កំហឹង​​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​​ ដែល​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា មហា​បាតុកម្ម​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ជម្រើស​ចុង​ក្រោយ​ ប្រសិន​បើ​គណ​បក្ស​នេះ​មិន​អាច​ទទួល​បាន​ការ​ស៊ើប​អង្កេត​​ដោយ​ឯក​រាជ្យ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោតទេ​នោះ​។​

លោក​ ព្រាប កុល​​ បាន​ថ្លែង​ថា “ភាព​តាន​តឹង​ផ្នែក​នយោបាយ​ហាក់​បី​ដូច​ជា​មាន​ការ​កើន​​ឡើង​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ ​នៅ​ពេល​គណ​បក្ស​ធំៗ​​ទាំង​ពីរ​មិន​បាន​​ឯក​ភាព​គ្នា​​ចំពោះ​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​”។ លោក​បាន​​លើក​ឡើង​ថា “យើង​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ឆាប់​ៗ​នោះ​ទេ​ ​ភាពតាន​តឹង​នេះ​ នឹង​កើន​ឡើង​កាន់​​តែ​ខ្លាំង​ ដែល​អាច​នាំ​ទៅ​រក​ការ​ងើប​ឡើង​បះបោរ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា មហា​បាតុកម្ម​​មិន​អាចព្យាករ​បាន​ឡើយ​។​សមត្ថភាព​អាជ្ញាធរ​ និង​មេដឹកនាំ​គណ​បក្ស​ក្នុង​ការ​គ្រប់គ្រង​ក្រុម​អ្នក​តវ៉ា​ គឺ​មាន​កម្រិត​។ ប្រសិន​បើ​​មហា​បាតុកម្ម​​កើត​ឡើង​​មែន​នោះ​​​យើង​​មិន​អាច​​ព្យាករ​ដឹង​ថា នឹង​មាន​អ្វី​កើ​ត​ឡើង​​នោះ​ឡើយ​”។

អ្នក​ស្រី​​ ប្រាក់​ សុខានី ជា​សមាជិក​​​មួយ​រូប​មក​ពី​អង្គការ​ ដើម្បី​សន្ដិភាព​ ដែល​ជួយ​សម្រប​​សម្រួល​បាតុកម្ម​កាល​ពី​ម្សិលមិញ​បាន​លើក​ឡើង​ថា​ សារ​ស្ដី​ពី​ភាព​គ្មាន​អំពើ​ហិង្សា​​នឹង​ត្រូវ​ជ្រួតជ្រាប​​ដល់​មនុស្ស​គ្រប់​រូបម្ដង​បន្តិច​ៗ។ អ្នក​ស្រី​បាន​មាន​ប្រសាសន៍បន្ត​ថា “ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា នគរបាល​​បាន​មក​ជិត​​អង្គ​ការ​របស់​យើង​ ហើយ​ព្យាយាម​ស្ដាប់​ថា តើ​យើង​កំពុង​តែ​ផ្សព្វផ្សាយ​អំពី​សារ​អ្វី​នៅ​ក្នុង​ថ្ងៃ​នេះ​​។ នគរបាល​មាន​ភាព​រាក់​ទាក់​​ខ្លាំង​ណាស់​ ហេតុដូច្នេះ​ខ្ញុំ​គិត​ថា ពួក​គាត់​យល់​ពី​អ្វី​ដែល​យើង​កំពុង​តែ​និយាយ​”។

អ្នក​ស្រី​បាន​បន្ដ​ថា “ប៉ុន្តែ​ទី​បញ្ចប់​យើង​មិន​អាច​គ្រប់គ្រង​មន្ត្រី​នគរបាល​បាន​ឡើយ​។ សកម្មភាព​របស់​ពួក​គាត់​កើត​ចេញ​ពី​បេះ​ដូង​”។ លោក​ សូត មុន្នី អាយុ​២៧​ឆ្នាំ​ ជា​មន្ត្រី​នគរ​បាល​ចរាចរ​ ដែល​គេ​ឲ្យ​មក​យាម​ទ្វារ​ព្រះ​បរមរាជវាំង​អំឡុង​បាតុកម្ម​​បានបញ្ជាក់​​ពី​ជំ​ហរ​គំាទ្រ​​របស់​ខ្លួន​យ៉ាង​ច្បាស់។ លោក​បាន​និយាយ​ថា “ខ្ញុំ​គឺ​ជា​នគរបាល​ ។​ ខ្ញុំ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ ​មិន​មែន​រដ្ឋាភិ​បាល​នោះ​ទេ​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស