មន្ត្រីមូលដ្ឋានបានឲ្យដឹងកាលពីម្សិលមិញថា នគរបាលបានចាប់ខ្លួនយុវជនអាយុ១៩ឆ្នាំម្នាក់ ដែលត្រូវបានចោទពីបទចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំម្នាក់នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកាលពីយប់ថ្ងៃច័ន្ទ។
លោក ស៊ីវ សាម៉េត នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ បូរី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីឪពុកម្តាយរបស់ក្មេងស្រីរូបនេះបានប្តឹងទៅនគរបាល ហើយអំឡុងពេលសាកសួរ ជននេះបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនេះមែន ។
លោក សាម៉េត បានឲ្យដឹងថា កែវ បុរី ដែលជាកម្មករចម្ការដំឡូងមីនៅក្នុងឃុំស្ទោង បានឃើញក្មេងស្រីរូបនេះងូតទឹក នៅក្រោមផ្ទះសង់ផុតពីដីរបស់នាង ពេលខ្លួនវិលមកដល់ផ្ទះវិញក្រោយពីបានផឹកស៊ីជាមួយមិត្តភក្តិនៅម៉ោងប្រហែល៩យប់។
លោក សាម៉េត បានបន្តថា “ ខណៈដែលជននេះដើរទៅផ្ទះ ហើយឃើញក្មេងស្រីរូបនេះក្បែរជណ្តើរផ្ទះរបស់នាង វាបានដើរសំដៅរកនាង ខ្ទប់មាត់នាងជាប់ និងបាននាំនាងទៅផ្ទះគ្មានមនុស្សនៅមួយ ហើយក៏បានចាប់រំលោភនាងតែម្តង។បន្ទាប់ពីត្រូវបានចាប់ខ្លួន ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរូបនេះមែន”។
ក្នុងរយះពេលប្រាំមួយខែដំបូងនៅក្នុងឆ្នាំនេះ មានការចាប់រំលោភកុមារចំនួន៧៥ករណីហើយនៅទូទាំងប្រទេស នេះបើយោងតាមតួលេខរបស់អង្គការសិទ្ធិមនុស្សអាដហុក៕
ប្រែសម្រួលដោយ ចេវ ប៊ុននី