28 C
Phnom Penh

អង្គការយូនីសេហ្វ​​​ផ្ដល់​សម្ភារ​ដល់​​មណ្ឌល​សុខភាព​​​ដើម្បី​ប្រយុទ្ធ​នឹង​មរណភាព​មាតា​និង​ទារក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​អង្គការ​យូនីសេហ្វ​​ (Unicef) ​និង​អង្គការ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ (GIZ)​បាន​ផ្ដល់​អំណោយ​ជា​សម្ភារ​ដែល​មាន​តម្លៃ​៥០០.០០០​ដុល្លារ​ដល់​មណ្ឌល​សុខភាព​នៅ​តាម​តំបន់​ជន​បទ​​ដើម្បី​លើក​កម្ពស់​សុខុមាល​ភាព​មាតា​ និង​ទារក​។ អង្គការ​យូនីសេហ្វ​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា  ​សម្ភារ​ទាំង​នោះ​រួម​មាន​​​ម៉ាស៊ីន​ស្កេន័រ​​ ​ម៉ាស៊ីន​ពិនិត្យបេះ​ដូង​  និង​ឧបករ​ណ៍​មួយ​ចំនួន​ទៀត​សម្រាប់​វះកាត់ ​នៅ​ពេល​សម្រាល​កូន​ដែល​នឹង​ផ្ដល់​ផល​ប្រយោ​ជន៍​ដល់​ស្ត្រី​ចំនួន​​៣០០.០០០​នាក់​នៅ​ក្នុង​ខេត្ត​កំពង់​ធំ កំពត និង​ខេត្ត​កែប។

​យោង​តាម​តួលេខ​របស់​មូលនិធិ​​ប្រជា​ពលរដ្ឋ​នៃ​​អង្គការ​សហប្រជាជាតិ​ ឲ្យ​ដឹង​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា  ​មាន​ស្ត្រី​ជាង​៣០​ភាគ​រយ​បាន​សម្រាល​កូន​ដោយ​ឆ្មប​មិន​មាន​ជំនាញ​ត្រឹម​ត្រូវ​​​ហើយ​ស្ត្រី​​ចំនួន​២៥០នាក់​ក្នុង​ចំណោម​ស្ត្រី​ចំនួន​១០០.០០០នាក់​បាន​ស្លាប់​អំឡុង​ពេល​សម្រាល​កូន​ហើយ​កុមារ​ចំនួន​​៦៩នាក់​ក្នុង​ចំណោម​កុមារ​ចំនួន​១.០០០​នាក់​បាន​ស្លាប់​នៅ​មុន​អាយុ​៥ឆ្នាំ​។

លោក អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្ដល់​សម្ភារ​នោះ​ថា “ធនធាន​នៅ​មាន​កម្រិត​ទាំង​ធន​ធាន​​មនុស្ស​ និង​ទាំង​ធនធាន​ហិរញ្ញវត្ថុ​បាន​បន្ត​ជា​ឧបសគ្គ​មួយដ៏​ធំ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​​ ដើម្បី​កាត់​បន្ថយ​មរណភាព​មាតា​”។

អង្គការ​យូនីសេហ្វ​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​​ថា “ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​ក្នុង​ការ​កាត់​បន្ថយ​មរណភាព​មាតា និង​ទារក​​ដែល​មាន​ទារក​បី​នាក់​ក្នុង​ចំណោម​ទារក​បួន​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ដំបូង​ ជាពិសេស​នៅ​ថ្ងៃ​កើត​​ដំបូង​របស់​​ពួក​គេ​ដោយ​សារ​មាន​​ជំងឺ​ផ្សេងៗ​ និង​កង្វះ​ការ​ថែទាំ​ក្រោយ​ពេល​សម្រាលកូន​​”។

ក្រុម​អ្នក​ជំនាញ​សុខភាព​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា ក្រៅ​ពី​កង្វះ​សម្ភារ​ ​ឆ្មប​ភាគ​​ច្រើន​មិន​បាន​ទទួល​ការ​បំពាក់​បំប៉ន​ជំនាញ​​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​ហើយ​មណ្ឌល​សុខ​ភាព​នៅ​តាម​តំបន់​ជន​បទច្រើន​តែ​សាង​សង់​ឡើង​​ដោយ​មិន​គិត​ដល់​មាតា​ និង​ទារក​ឡើយ​។

អ្នកស្រី​ ចាន់ ធារី នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​សុខភាព​បន្ត​ពូជ​​និង​សុខភាព​កុមារ​មាន​ប្រសាសន៍​ថា​ “នៅ​ពេល​ក្រសួង​សុខាភិបាល​បាន​បង្កើត​មណ្ឌល​សុខភាព​ពួក​គេ​មិន​បាន​សាង​សង់​​​បន្ទប់​សម្រាប់​ស្ត្រី​ស្នាក់​នៅ​បន្ទាប់​ពី​ពេល​សម្រាល​កូន​ទេ។ ប្រសិន​បើ​មិន​មាន​បន្ទប់​សម្រាប់​ស្នាក់​នៅ​ទេ​ពេល​នោះ​ពួកគេ​បាន​ទៅ​ផ្ទះ​វិញ​ដែលនៅ​​ទីនោះ​​បណ្ដាល​ឲ្យ​ពួក​គេ​ស្លាប់​ដោយ​សារ​ការ​​ធ្លាក់​ឈាម​ច្រើន​ក្រោយ​ពេល​សម្រាល​កូន​​” ការ​ហូរ​ឈាម​នៅ​ខាង​ក្នុង​ក្រោយពេល​​សម្រាល​កូន​គឺ​ជា​មូល​ហេតុ​ចម្បង​​ ដែល​បណ្ដាល​ឲ្យ​ស្លាប់​។ អ្នក​ស្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា​ ជា​ឧទាហរណ៍​នៅ​ខេត្ត​កំពត​​​មាន​​មណ្ឌល​សុខ​ភាព​​ចំនួន​៦០​ និង​​មាន​មន្ទីរ​ពេទ្យ​តែ​មួយ​ប៉ុណ្ណោះ​​ ដូច្នេះ​ហើយ​​ស្ត្រី​ភាគ​ច្រើន​ទំនង​ជា​​ស្វែង​រក​សេវា​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​​ ហើយ​បាន​បន្ថែម​ថា​មណ្ឌល​​សុខភាព​តូច​ៗ​មិន​មាន​លទ្ធភាព​ដោះ​ស្រាយ​ករណី​សង្គ្រោះ​បន្ទាន់​បាន​ទេ​។

អ្នកស្រី ធារី មាន​ប្រសាសន៍​បន្ត​ទៀត​ថា “យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ឆ្មប​ដឹង​ថា ​នៅ​ពេល​ណា​ពួកគេ​ត្រូវ​តែ​បញ្ជូន​ករណី​សង្គ្រោះ​​បន្ទាន់​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​និង​ត្រូវ​ធ្វើ​យ៉ាង​​ណា​  បញ្ជូន​ស្ត្រី​ទាំង​នោះ​ឲ្យ​បាន​ទាន់​ពេល​វេលា​​”។អង្គការ​សម្ព័ន្ធ​សុខភាព​បន្ត​ពូជ និង​សុខភាព​កុមារ​បាន​​ជួល​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​​​​ដែល​មាន​មធ្យោបាយ​​ដឹក​ជញ្ជូន​ផ្ទាល់​ខ្លួន​​ប្រចាំ​ការ​រយៈពេល​២៤​ម៉ោង​​​​សម្រាប់​ដោះ​ស្រាយ​​ស្ថានភាព​បែបនេះ​៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស