27 C
Phnom Penh

រដ្ឋាភិបាល​និយាយថា​ ខ្លួន​នៅ​មានទំនាក់​ទំនង​​ធម្មតា​ជាមួយ​អាមេរិក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ រដ្ឋា​ភិបាល​បាន​បញ្ជាក់​ថា ការ​សម្រេច​របស់​កម្ពុជា​ក្នុង​ការ​ពន្យារ​ពេល​កម្មវិធីផ្តល់​ជំនួយ​យោធា​របស់អាមេរិក​​បន្ទាប់​ពីការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែកក្កដា​នេះ​នឹង​មិនមាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​​លើ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរទេ។

ស្ថាន​ទូត​អាមេរិក​ប្រចាំរាជធានី​ភ្នំពេញ​បាន​បដិសេធមិន​​ប្រាប់​ឲ្យ​​ច្បាស់​ថា តើ​​កម្មវិធី​មួយ​ណា​ក្នុ​ងចំណោម​កម្មវិធីផ្តល់​ជំនួយ​យោធា​​​របស់អាមេរិក​​​ត្រូវ​បាន​ពន្យារ​ពេល​នោះ​ទេ​ ប៉ុន្តែ​ បាន​ឲ្យដឹង​កាល​ពីថ្ងៃអង្គារ​ថា កម្ម​វិធី​ទាំង​នោះ​​ជាប់​ពាក់​ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​។

លោក​ស្រី ម៉ារី ហាហ្វ អ្នក​នាំពាក្យ​ក្រសួង​​​ការ​បរទេសអាមេរិក​ក៏បាន​មាន​ប្រសាសន៍ាល​ពីថ្ងៃអង្គារ​ផង​ដែរថា ការសម្រេច​នេះ​មិន​មែន​ជាអ្វី​ដែល​អាមេរិក​ចង់​បាន​នោះ​ទេ​ ហើយ​បាន​បញ្ជាក់​ថា រឿង​នេះពាក់​ព័ន្ធ​នឹង​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ដែល​បាន​ប្រកាស​លទ្ធ​ផល​បោះ​ឆ្នោត​បឋ​ម​ ព្រោះ​គណបក្សប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​កំពុង​រក​វិធី​ដោះ​ស្រាយ​​​​វិវាទ​ក្នុង​ការ​​បោះ​ឆ្នោត​នេះ​។

អ្នក​វិភាគ​បាន​ឲ្យដឹង​ថា សេចក្តី​សម្រេច​របស់​ក្រសួង​ការ​ពារជាតិ​ក្នុង​ការ​​ពន្យារ​ពេល​កម្មវិធី​មួយ​ចំនួន​ជាមួយ​អាមេរិកនោះ ត្រូវ​បាន​​​ចាត់​ទុក​ថា ជា​បញ្ហា​ការទូត​។

លោក​ កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ការ​ពន្យារពេល​នេះ​មិន​មាន​បញ្ហា​ដល់​ទំនាក់​ទំនង​អន្តរជាតិ​របស់​កម្ពុជា​ ចំពេល​មាន​ទស្សន​លើក​ឡើង​ថា កម្ពុជា​បាន​ធ្វើ​សេចក្តីសម្រេច​នេះ​ បន្ទាប់​ពី​មាន​ការ​អំពាវ​នាវ​​ពី​សមាជិក​សភា​អាមេរិក​ឲ្យកាត់​ជំនួ​យ​យោធា​ដល់​ប្រទេស​កម្ពុជា​ទាំង​អស់​ ប្រសិន​បើ​ការ​បោះឆ្នោត​ជាតិ​នេះ​មិន​មាន​យុត្តិធម៌នោះ​។

លោក​បាន​មាន​ប្រសាសន៍ថា “  ក្រសួង​ការ​ពារជាតិ​បាន​បញ្ជាក់​រួច​ហើយ​អំពី​រឿង​នេះ​”។ លោក​បាន​លើកឡើង​ពី​សម្តី​របស់​ឧត្តម​សេនីយ៍ឯក​ នឹម សុវ៉ាត អគ្គនាយក​​នៃ​អគ្គ​នាយក​ដ្ឋាន​គោល​នយោបាយ​ និង​កិច្ច​ការ​បរទេស​កាល​ពីថ្ងៃ​អង្គារ  ​ដែល​បាន​​​និយាយ​សម្រាល​ការ​ពន្យារ​ពេល​នេះ​។ លោក​ កុយ គួ​ង​ បាន​បន្ថែម​ថា “ ទំនាក់​ទំនង​រវាង​កម្ពុជា និង​អាមេរិក​នៅ​ជា​ធម្មតា​។

លោក​  ស៊ាន  ម៉ាកគីន​តុស អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទេ​កាល​ពីម្សិលមិញ​។ ប៉ុន្តែ លោកឧត្តម​សេនីយ៍​ឯក រស់ឆោម​ ប្រធាន​ខុទ្ទកាល័យ​លោក​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារជាតិ​បានមាន​ប្រសាសន៍ថា ការ​ចូល​រួម​របស់​កម្ពុជា​នៅ​ក្នុងកម្មវិធីផ្តល់​ជំនួយ​យោធា​​របស់អាមេរិក​​​មួយ​ចំនួន​រួម​ទាំង​កម្ម​វិធី​បណ្តុះបណ្តាល​កង​ទ័ពអាកាស​ផង​ដែរ​នោះ​ត្រូវ​បាន​ពន្យារ​ពេល​ហើយ​ “ពីព្រោះ​យើង​កំពុង​បង្កើត​រដ្ឋាភិបាល​” ។

លោក​​ឧត្តម​សេនីយ៍​ឯក ស៊ឹង​ សំណាង​ មេ​បញ្ជាការ​កងទ័ព​អាកាស​កម្ពុជា​បាន​ប្រាប់​ឈ្មោះ​កម្ម​វិធីជាក់​លាក់​មួយ​ដែល​ត្រូវ​បាន​ពន្យារ​ពេល​។ លោក​បាន​មាន​ប្រសាសន៍ថា “កម្ម​វិធី បណ្តុះ​បណ្តាល​មួយ​ដែល​ត្រូវ​បាន​ពន្យារ​ពេល​នោះ គឺ​កម្មវិធី​អ្នក​ការ​ពារមហា​សមុទ្រ​ប៉ាស៊ីហ្វិក (Pacific Defender)”។

យោង​តាម​សេចក្តី​ប្រកាស​មួយ​នៅ​តាម​​គេហទំព័រ​របស់​កង​ទ័ព​អាកាសអាមេរិក​​ប្រចាំ​មហាសមុទ្រប៉ាស៊ីហ្វិក​​​ មន្ត្រីយោធា​បាន​ចូល​រួម​​​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះ​ថា ឯក​ភាព​​មហា​សមុទ្រប៉ាស៊ី​ហ្វិក​  និង​អ្នក​ការ​ពារ​មហា​​សមុទ្រ​ប៉ាស៊ីហ្វិក​ ​(Pacific Unity and Pacific Defender) នៅ​មូល​ដ្ឋាន​ទ័ព​អាកាស អ៊ែន​ឌឺ​សេន​នៅក្នុង​តំបន់​ Guam កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១២។

មន្ត្រី​កម្ពុជា ​រួម​ជាមួយ​​សមភាគី​ហ្វីលីពីន ឡាវ ថៃ ម៉ុង​ហ្គោលី និង​វៀត​ណាម​បាន​ចូល​រួម​​នៅក្នុង​គម្រោង​មួយ​ដែល​ផ្តោ​ត​លើ​ការ​ហ្វឹក​ហាត់​នានាដូចជា​ ការ​ប្រើ​ប្រាស់សព្វាវុធ និង​ការ​ប្រឆាំ​ង​អំពើ​ភេរ​វកម្ម​។ សេចក្តីប្រកាស​នោះបាន​លើក​ឡើង​ថា “ពេញ​មួយ​សប្តាហ៍​នេះ ​​អ្នក​ចូល​រួម​​បាន​ពិភាក្សា​គ្នា​ពីការ​ត្រៀម​លក្ខណៈ​សម្រាប់​ការ​គ្រប់​គ្រង  ​​ការ​សង្គ្រោះ​បន្ទាន់​ សព្វាវុធ​  និង​ការ​​ប្រើ​ប្រាស់​អាវុធ​ កា​រស្ទង់​មតិ​ និង​ការ​ប្រមូល​ទិន្នន័យ​ ព្រម​ទាំង​ការ​ប្រឆាំង​ភេរវកម្ម​ និង​ការ​ពារ​កង​កម្លាំង​”។

រូបភាព​ក្នុង​ការ​ហាត់សម​នោះ​បង្ហាញ​ពី​លោក​វរ​សេនីយ៍​ឯក​កង​ទ័ព​អាកាស​ សាន សាវឿន​ និង​មន្ត្រី​កម្ពុជា​បីនាក់​ទៀត​កំពុង​ទទួល​ការ​បង្ហាញ​ប្រាប់​ពី​​បច្ចេក​ទេស​​ប្រើ​អាវុធ​ស្វ័យ​ប្រវត្តិធំៗ ​និង​បច្ចេកទេស​បោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ និងគ្រឿង​ផ្ទុះ​​ផ្សេង​ៗ​ទៀត​។

គេមិន​ទាន់​ដឹង​ច្បាស់​ថា  តើ​មាន​កម្មវិធី​ផ្សេង​ទៀត​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ពន្យារ​ពេល​នេះ​ ឬអត់​នោះ​ទេ​ ហើយ​​សហ​រដ្ឋ​អាមេរិក​និយាយថា ការ​ពន្យារ​ពេល​នេះ​សម្រេច​ជា​ឯកតោ​ភាគី​ដោយ​ភាគី​កម្ពុជា​   និង​មិន​ទាន់​ដឹង​ថា តើ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​វគ្គ​បណ្តុះ​បណ្តាល​កង​កម្លាំង​​ពិសេស​ប្រឆាំង​ភេរវកម្ម​ ដែល​ដឹកនាំដោយ​លោក​​ឧត្តម​សេនី​យ៍​ឯក ហ៊ុន​ ម៉ាណែត កូន​ប្រុស​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែរ​ឬ​​អត់​នោះទេ​។

កាល​ពីម្សិល​មិញ​ លោក​ឧត្តម​សេនីយ៍​ឯក នឹម សុវ៉ាត បាន​មាន​ប្រសាសន៍​ជាថ្មី​ម្តង​ទៀត​ថា ការ​ពន្យា​រពេល​កម្មវិធី​នេះ គឺដោយ​សារ​បញ្ហា​ធនធាន​។ លោក​បាន​មាន​ប្រសាសន៍​​ដោយ​មិន​ប្រាប់​​លម្អិត​ថែមទៀត​ថា “យើង​បាន​ពន្យារ​ពេល​ជាមួយ​អាមេរិក​ពីព្រោះ​យើង​ត្រូវ​ត្រៀម ​កង​កម្លាំង​ និង​ឧបករណ៍​ [ ​សម្រាប់​ការ​បណ្តុះ​​បណ្តាល​រួម​គ្នា​]”។

​ប៉ុន្តែ អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា ទង្វើ​នេះ​​ហាក់​ដូច​ជា​​ធ្វើ​ឡើង​ទុកជាមុន​របស់​ភាគីកម្ពុជា បន្ទាប់​ពីសមាជិក​សភា​អាមេរិក​កាល​ពីខែមុន​បាន​ពិភាក្សា​គ្នា​អំពីការ​ដក​ជំនួយ​ទាំង​អស់​សម្រាប់​កម្ពុជា​ និង​បន្ទាប់ពី​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ប្រកាន់​គោល​ជំហ​ររឹងមាំ​លើ​ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​អំឡុង​ពេល​បោះឆ្នោត​កាល​ពីថ្ងៃទី​២៨​ខែ​កក្កដា។

លោក ហ៊ុន​ សែន​ បាន​ប្រាប់​អាមេរិក​   ឲ្យ​កាត់​ជំនួយ​​  ហើយ​​ផ្តោត​លើ​​ប្រទេស​ចិន​ ដែល​ជា​​អ្នក​ផ្តល់​ជំនួយ​ដ៏ធំ​របស់​កម្ពុជា​ដើម្បី​​បំពេញ​​តម្រូវការ​​ខ្វះខាតណាមួយ​។

លោក ចន សៀសៀរី  ជាសាស្ត្រាចារ្យ​នៅ​​កម្ពុជា និង​ជាអ្នក​ជំនួយការ​​សាស្ត្រាចារ្យ​នៅ​​មហា​វិទ្យាល័យ​គោល​នយោបាយ​សាធារណៈនៃ​សាកល​វិទ្យា​ល័យ​ Gerald R.Ford  ​បាន​លើក​ឡើង​តាម​អីុម៉េល​ថា “ ការសម្រេច​របស់​កម្ពុជា​​នៅ​ក្នុង​ការ​​ពន្យា​រ​ពេល​​កិច្ច​សហ​ប្រតិបត្តិការ​​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​មិន​មែន​ជា​ការ​ល្អនោះទេ​  ហើយ​មន្ត្រី​​កម្ពុជាបាន​​​និយាយ​សម្រាល​ពីបញ្ហា​នេះ​ចាប់​តាំង​ពីមាន​ការ​​ប្រកាស​ពីការ​ពន្យារ​ពេល​នេះ​មក​­”។

លោក​ ចន សៀ​សៀរី  ​បាន​មាន​ប្រសាសន៍​ថា “រដ្ឋាភិ​បាល​កម្ពុជា​កំពុង​ព្យាយាម​យ៉ាង​ច្បាស់​ដើម្បី​បង្ហាញ​ថា ខ្លួន​មិន​ពឹង​ផ្អែក​លើ​ជំនួយ​​សហ​រដ្ឋ​អាមេរិក​  ហើយ​ក៏មិន​ចង់​បញ្ចប់​កិច្ច​សហ​ប្រតិបត្តិការ​យោ​ធា​ណា​មួយ​ដែរ​”។ លោក​បាន​បន្ថែម​ថា  កម្ពុជា​មិន​ចង់​ពឹង​ផ្អែក​ច្រើន​ពេក​លើ​ប្រទេស​ចិន​នោះ​ទេ​​​។ “ ការ​ពឹង​ផ្អែក​ច្រើន​ពេក​ទៅ​លើ​ប្រភព​ណា​មួយ​សម្រាប់​ជំនួយ​ពីក្រៅ​នោះ​ធ្វើ​ឲ្យ​ប្រទេស​តូច​មួយ​ដូច​ជាប្រទេសកម្ពុជា​ទទួល​រង​ឥទ្ធិពល​​មិន​ល្អ​ពី​បរទេស​”។

លោក​  សៀសៀរី  បាន​លើក​ឡើង​ថា ទោះ​បីជា​ពួក​គេមិន​និយាយ​ពី​រឿង​នេះ​​ជា​សាធារណៈ​ក៏​ដោយ​ ក៏បណ្តា​ប្រទេស​ជិត​ខាង​កម្ពុជា​​មាន​កង្វល់​អំពី​ការ​ដែល​កម្ពុជា​ងាក​ចេញ​ពីលោក​ខាង​លិច​។ លោក​បាន​មាន​ប្រសាសន៍ថា “ ប្រទេស​ជិត​ខាង​កម្ពុជា​ភាគច្រើន​ដែល​ជា​សមាជិក​អាស៊ាន​មិន​ចង់​ឲ្យ​កម្ពុជា​ពឹង​ផ្អែក​ច្រើន​ពេក​លើ​ប្រទេស​ចិន​នោះទេ​ ជាពិសេស​នៅ​ក្នុង​សង្វៀន​​យោធា ​ ហើយ​​ពាក់​ព័ន្ធ​នឹង​ជម្លោះ​កំពុង​បន្ត​​នៅសមុទ្រ​ចិន​ខាង​ត្បូង​”។

លោក​ ខាលីល​ ថៃយ័រ អ្នក​ជំនាញ​ពី​អាសីុ​អាគ្នេយ៍​នៅ​បណ្ឌិត​្យ​សភា​កង​ទ័ព​អូស្ត្រាលី​ក្នុង​ទីក្រុង​កង់​បេរ៉ា បាន​មាន​ប្រសាសន៍ថា កម្ពុជា​មាន​ការ​គាំទ្រ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ពី​ប្រទេស​ដែល​​យល់​ព្រម​តាម​​គោល​ជំហរ​របស់​ខ្លួន​លើ​ការ​មិន​អន្តរាគមន៍​ពីបរទេស​។

លោក​  ថៃយ័រ​  បានថ្លែង​​ថា “ ទង្វើ​របស់​កម្ពុជា​​ស្ថិត​នៅ​ក្នុង​ភាពមិន​ច្បាស់​លាស់​ និង​​មិន​បង្កឲ្យ​មាន​​ជម្លោះ​ដោយ​ផ្ទាល់នោះទេ​”។
“​ ទង្វើ​របស​់់កម្ពុជា​ហាក់​ដូច​ជាមិន​ប្រញាប់​​ប្រញាល់​ ឬមាន​ប្រតិកម្ម​ខ្លាំង​នោះ​ទេ​។​ពួក​គេ​គ្រាន់​តែ​​ព្រមាន​អាមេរិក​​ និង​ប្រទេស​នៅអឺរ៉ុប​អំពីផល​វិបាក​ចំពោះ​ការ​រិះគន់​របស់​ពួក​គេ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជាការ​ជ្រៀត​​​ជ្រែក​​ខ្លាំង​​ពេក​”។

លោក​ក៏បានមាន​ប្រសាសន៍ដែរ​ថា  ការ​ពន្យារ​ពេល​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​​ខ្លាំង​ដល់​ទំនាក់​ទំនង​កម្ពុជា​​នោះទេ​ និង​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ​ជំនួយ​អាមេរិក​ភាគ​ច្រើន​ទំនង​ជានឹង​បន្ត​​វិញ។ “ រហូត​មក​ទល់​ពេល​នេះ​ បញ្ហា​ក្នុង​ស្រុក​នៅ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​ចំណុច​មួយ​​រហូត​ដល់​​អាមេរិក​លុប​ចោល​ជំនួយ​យោធា​ទាំងអស់​នោះទេ​។ អាមេរិក​ទំនង​ជានឹង​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជានៅ​ក្នុង​ការ​បណ្តុះ​បណ្តាល​សម្រាប់​ការ​ថែរក្សា​សន្តិភាព​អន្តរ​ជាតិ​ក្រោម​អង្គការ​សហប្រជាជាតិ​ ហើយ​​កង​ទ័ព​ជើង​ទឹក​អាមេរិក​ទំនង​ជា​នឹង​យក​​កប៉ាល់​ចូល​មក​ធ្វើ​ទស្សនកិច្ច​ជា​ប្រចាំ​​”៕­

ប្រែសម្រួលដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស