32 C
Phnom Penh

សហភាព​អឺរ៉ុប​ផ្ញើ​លិខិត​អប​អរ​សាទរ​​​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បោះឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧត្តម​​​ស្នងការ​​​សហភាព​អឺរ៉ុប​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​លោក សម រង្ស៊ី អប​អរសាទរ​លោក​​ចំពោះ​លទ្ធផលរបស់​គណបក្ស​ប្រឆាំង​ក្នុង​​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែមុន​ ហើយ​​​បាន​លើក​ទឹក​ចិត្ត​ឲ្យ​លោក​ដោះស្រាយ​​​ពាក្យ​បណ្ដឹង​​​ពី​​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​​បោះ​ឆ្នោត​​​​ឲ្យ​បាន​លឿន និង​​ដោយ​​សន្តិវិធី​។

​ប្រតិកម្ម​​លើក​មុន​​របស់​សហភាព​អឺរ៉ុប​ចំពោះ​ការ​បោះ​ឆ្នោត​នេះ ​គឺ​បាន​កើត​មាន​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​​បោះ​ឆ្នោត​​​​នៅ​ពេល​លោកស្រី​ ខាធើរីន អាស្តុន​ ​(Catherine Ashton) បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​លោកស្រី​​ខក​ចិត្ត​​ដោយ​សារ​មិន​មាន​កិច្ច​ប្រឹង​ប្រែង​កែ​លម្អ​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ និង​​មិន​អប​អរ​សាទរ​​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​ចំពោះ​​ជ័យ​ជម្នះ​​របស់​លោក​​ក្នុង​​ការ​បោះ​ឆ្នោត​នោះ​។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​​ចុះ​កាល​បរិច្ឆេទ​ថ្ងៃច័ន្ទ លោកស្រី អាស្តុន​ បាន​អប​អរសាទរ​លោក សម រង្ស៊ី ចំពោះ​​ការ​កើន​ឡើង​នូវ​អាសនៈ​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​​​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ដែល​បើ​យោង​​តាម​លទ្ធផល​បឋម​​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃច័ន្ទ បាន​បង្ហាញ​ថា​គណបក្ស​នេះ​ទទួល​បាន​៥៥អាសនៈ​ហើយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦៨អាសនៈ។

លោកស្រី ខាធើរីន អាស្តុន បាន​សរសេរ​ថា “លទ្ធ​ផល​​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​​រាស្រ្ត​នីតិកាល​ទី​៥​នៅ​​ប្រទេស​កម្ពុជា ​​បាន​បង្ហាញ​ថា​គណបក្ស​របស់​លោក​ទទួល​បាន​កំណើន​​អាសនៈ​គួរឲ្យ​​កត់​សម្គាល់​ ហើយ​ខ្ញុំ​សូម​អបអរ​សាទរ​លោក​ចំពោះ​ជោគ​​ជ័យ​​នេះ​” ដោយ​បន្ថែម​ថា លោកស្រី​ពេញ​ចិត្ត​ចំពោះ​​ការ​បោះ​ឆ្នោត​នេះ​ដែល​ប្រព្រឹត្តិ​ទៅ​​ដោយ​សន្តិវិធី​ទោះ​បី​មាន ​​“ភាព​មិន​ប្រក្រតី​ខ្លះក៏​ដោយ​​”។

លោក​ស្រី​បាន​បន្ថែម​ថា​ “ខ្ញុំ​យល់​ថា​ការ​ចោទ​​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​​ទាំង​ឡាយ​ត្រូវ​ដោះស្រាយ​នៅ​មុន​​ការ​​ប្រកាស​លទ្ធ​ផល​​ឆ្នោត​ចុង​ក្រោយ​​”។ លោកស្រី​បាន​បន្ត​ទៀត​ថា “នៅ​ទី បញ្ចប់​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​គណបក្ស​របស់​លោក​​​​​ឈាន​ដល់​​កិច្ច​ព្រម​ព្រាង​មួយ​ឲ្យ​បាន​ឆាប់​​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​​​ដោយ​មាន​យន្តការ​ត្រឹម​ត្រូវ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​​​ទាំង​នេះ”។

សហភាព​អឺរ៉ុប​បាន​លើក​ឡើង​កាលពី​លើក​មុន​ថា ការ​បោះ​ឆ្នោត​ជាតិ​របស់​ប្រទេស​​កម្ពុជា​កាលពី​ឆ្នាំ​២០០៨ មិន​ស្រប​តាម​​​បទ​ដ្ឋាន​អន្តរជាតិ​ទេ​ ហើយ​​ខ្លួន​បាន​បដិសេធ​មិន​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​មក​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែ​មុន​ឡើយ​។

លោក​ ​ជាម  យៀប  តំណាង​រាស្រ្ត​​ជាន់​ខ្ពស់​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា ទោះ​បី​ជា​គណ​បក្ស​ប្រជាជន​កម្ពុជា​មិន​ត្រូវ​បាន​សហ​ភាព​អឺរ៉ុប​អប​អរ​សាទរ​អំពី​ជ័យ​ជម្នះ​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ក៏​ដោយ​ ក៏​គណបក្ស​នេះ​​​​មិន​ខ្វល់​អំពី​លិខិត​របស់​លោកស្រី​ អាស្តុន ​​ផ្ញើ​ជូន​លោក សម រង្ស៊ី នោះ​ឡើយ​ ដោយ​សារ​គណបក្ស​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ទទួល​លិខិត​អប​អរសាទរ​ជា​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន​រួច​មក​ហើយ​។

លោក​មាន​ប្រសាសន៍​បន្ត​ថា “យើង​មាន​មិត្ត​ជាច្រើន​ និង​រដ្ឋាភិបាល​ផ្សេង​ទៀត​បាន​អប​អរសាទរ​យើង​រួម​ទាំង [អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​]​​ឯកឧត្តម ​បាន​គីមូន (Ban​ Ki-moon)​អង្គការ​សហ​ប្រជាជាតិ​ ស្ថានទូត​អាមេរិក​ ប្រទេស​ចិន វៀត​ណាម ឡាវ​ និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​​អាស៊ាន​”។

ស្ថានទូត​​អាមេរិក​​​បាន​អប​អរសាទរ​ “ប្រជា​ពលរដ្ឋ​ខ្មែរ” ក្នុង​ការ​​បោះ​ឆ្នោត​ប្រកប​ដោយ​សន្តិវិធី។ ប៉ុន្តែ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​មួយ​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​នេះ​​។

ចំណែក​​លោក ​​បាន គីមូន​ វិញ​លោក​​បាន​  “ស្វាគមន៍​”​ ចំ​ពោះ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​​សន្តិវិធីនេះ ​ប៉ុន្តែ​ បាន​​ជំរុញ​​ឲ្យ​អាជ្ញាធរ  “ដោះស្រាយ​ពាក្យ​បណ្ដឹង​ពី​ភាព​មិន​ប្រក្រតី​ទាំង​​អស់​ដោយ​យុត្តិធម៌​​និង​ដោយ​​តម្លាភាព”​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា លិខិត​របស់​លោកស្រី​ អាស្តុន បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​គាំទ្រ​​ក្នុង​ការ​​ស្វែង​រក​យុត្តិធម៌​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ហើយ​ថា​​គណបក្ស​ប្រឆាំង​​ពេញ​ចិត្ត​​ចំពោះ​​លិខិត​របស់​លោក​ស្រី​យ៉ាង​ខ្លាំង​។

លោក​ថ្លែង​បន្ត​ថា “​ការ​ចូល​រួម​​ពី​សហ​គមន៍​អន្តរជាតិ​ដូចជា អង្គការ​សហ​ប្រជាជាតិ​ និង​សហភាព​អឺរ៉ុប​ គឺ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​របស់​យើង​។ យើង​មិន​​អាច​នៅ​ឯកោ​​ទេ​ ហើយ​យើង​ត្រូវ​តែ​មាន​មិត្ត​ល្អ​នៅ​ជុំ​វិញ​ពិភពលោក​ ដើម្បី​អភិ​វឌ្ឍ​​នយោបាយ​ និង​សេដ្ឋកិច្ច​”។

លោក យឹម​ សុវណ្ណ បាន​បន្ត​ថា “ការ​លើក​​ទឹក​ចិត្ត​របស់​លោក​ស្រី អាស្ដុន ឲ្យ​ធ្វើ​ការ​​ស៊ើប​​អង្កេត​​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សន្តិវិធី​​នោះ​ត្រូវ​មាន​ការចូល​រួម​​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​”។

លោក​ថ្លែង​បន្ត​ថា “នេះ​គឺ​ជា​ជំហរ​របស់​សហភាព​អឺរ៉ុប​ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​​ត្រូវ​តែ​គិត​ពី​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ ប្រសិន​បើ​យើង​នៅ​ឯកោ ប្រសិន​បើ​មិន​មានប្រទេស​ផ្សេង​ទៀត​​​គាំទ្រ​ទេគណបក្ស​នេះ​មិន​អាច​ដឹក​នាំ​រដ្ឋាភិបាល​បាន​ឡើយ​​​”។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក​បាន​គិត​អំពី​សេចក្ដី​អំពាវ​នាវ​របស់​លោកស្រី អាស្តុន ឲ្យ​គណបក្ស​ប្រឆាំង​ “ ​ឆាប់​ឈាន​​ដល់​​កិច្ច​​ព្រម​ព្រាង​​មួយ” ​ជាមួយ​គណបក្ស​ប្រជាជន​ និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ចំពោះ​ការ​អះអាង​របស់​ខ្លួន​​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត​នោះ​ គឺ​ជា​ផ្នែក​មួយ​​មាន​​សារ​សំខាន់​បំផុត​​នៃ​លិខិត​របស់​ស្នង​ការ​​​ជាន់​ខ្ពស់​រូប​នេះ​។

លោក​ថ្លែង​បន្ត​ទៀត​ថា “ការ​អបអរ​សាទរ​នេះ​កំពុង​ប្រាប់​លោក​ សម រង្ស៊ី ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​ធ្វើ​ជា​អ្នក​ប្រឆាំង​”។​ លោកបានបញ្ជាក់​ថា មិន​មាន​បញ្ហាអ្វី​ទេ​ដែលសភាព​អឺរ៉ុបមិន​ទាន់​បាន​ស្វាគមន៍​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចំពោះ​ជ័យ​ជម្នះ​​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត​នេះ។ ខ្ញុំ​មិន​មើល​ឃើញ​ថា មាន​អ្វី​​​ខុស​ឡើយ​។ ពួកគេ​អបអរ​សាទរ​ថា ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដូច្នេះ​​មាន​ន័យ​ថា ពួកគេ​បាន​អបអរ​សាទរ​លោក ហ៊ុន សែន រួចទៅ​ហើយ៕

ប្រែសម្រួលដោយ ឃិន ណៃ​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស