30 C
Phnom Penh

ពីរខែ​បន្ទាប់​ពី​ការ​ផ្ដន្ទាទោសលោក​ ឈូក បណ្ឌិត​ នៅ​តែ​មិន​ទាន់​ត្រូវ​ចាប់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​នគរបាល​ជាតិ​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា  លោក ឈូក បណ្ឌិត​អតីត​​អភិបាល​ក្រុង​បាវិត​ ដែល​ត្រូវ​បាន​តុលា​ការ​កាត់​ឲ្យ​ជាប់​ទោស​​កាលពី​ខែ​មិថុនា ពី​បទ​បាញ់​​ប្រហារ​​ទៅ​លើ​​ក្រុម​អ្នក​តវ៉ា​​ និង​​ធ្វើ​ឲ្យ​កម្ម​ការិនី​កាត់​ដេរ​បី​នាក់​រង​របួស ​កំពុង​គេច​ខ្លួន​ដើម្បី​គេច​វេះ​​ទោស​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​១៨​ខែ​។

លោក​ឧត្តមសេនីយ៍​ឯក​ គៀត​ ច័ន្ទ​ថារិទ្ធ​ អ្នក​នាំពាក្យ​នគរបាល​ជាតិ​​បាន​​លើក​ឡើង​ ដោយ​មិន​បាន​ផ្ដល់​ហេតុផល​ថា តើ​ហេតុអ្វី​​បាន​ជា​កន្លែង​​លាក់​ខ្លួន​របស់​លោក​ ឈូក បណ្ឌិត​ លំបាក​នឹង​ស្វែង​រក​ថា “យើង​​បាន​ចេញ​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​របស់យើង​ទាំង​អស់​​តាម​​ស្វែងរក​និង​ចាប់​ខ្លួន​គាត់​​ ហើយ​​ឥឡូវ​នេះ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ និង​រាជធានី​របស់​យើង​​ទាំង​អស់​​កំពុង​តែ​ស្វែង​រក​ចាប់​​ខ្លួន​គាត់​”។

អង្គការ​សិទ្ធិ​មនុស្ស​​បាន​លើក​ឡើង​ថា ការ​មិន​​​ចាប់​ខ្លួន​លោក​​ ឈូក បណ្ឌិត​​ គឺ​ស​បញ្ជាក់​​​ឲ្យ​ឃើញ​ពី​និ​ទណ្ឌភាព​ដែល​កើត​មាន​ច្រើន​ និង​​ប្រព័ន្ធ​តុលាការ​ពុករលួយ​។​​ ការ​បាញ់​ប្រហារ​នេះ​​បាន​កើត​ឡើង​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១២ នៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេសមួយ​​ក្នុង​ក្រុង​បាវិត​ ហើយ​នៅ​ក្នុង​ខែ​មេសា​ ឆ្នាំ​២០១២ លោក ​ ឈូក​  បណ្ឌិត​ ត្រូវ​បាន​​ចោទ​ប្រកាន់​ពី​បទ​បាញ់​ប្រហារ​លើ​​កម្ម​កា​រិនី​ចំនួន​បី​នាក់​ “ ដោយអចេតនា”។

តែ​ទោះ​ជា​យ៉ាង​ណា សាលា​ដំបូង​​ខេត្ត​ស្វាយរៀង​ បាន​លើក​លែង​​ការ​ចោទ​ប្រកាន់​លោក​ ឈូក បណ្ឌិត​ ទាំង​អស់​កាលពី​ខែ​ធ្នូ​ ដោយ​គ្មាន​ពន្យល់​អ្វី​​ឡើយ​។ ប៉ុន្តែ​តុលាការ​បាន​ចោទ​ប្រកាន់​​លោក​ ស ចន្ថា មន្ត្រី​នគរ​បាល​ក្រុង​បាវិត​​​ជំនួស​​វិញ។ លោក​ ស ចន្ថា បាន​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​​គ្មាន​ទោស​ឡើយ​ ដោយ​លើក​ឡើង​ថា លោក​​មិន​បាន​កាន់​អាវុធ​នោះ​ឡើយ​នៅ​ថ្ងៃ​កើត​មាន​ការ​តវ៉ា​នោះ​។

នៅ​ពេល​មាន​ការ​ចាប់​​អារម្មណ៍​ច្រើន​ពី​សាធារណជន​​ចំពោះ​សំណុំ​រឿង​នេះ​ សាលា​ឧទ្ធរណ៍​​បាន​ប្រកាស​​កាលពី​ខែ​មករា​ថា ខ្លួន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​​សាជាថ្មី​​ចំពោះ​​សំណុំ​រឿង​លោក​ ឈូក បណ្ឌិត​ នេះ​​តាម​សេចក្ដី​បង្គាប់​របស់​លោក​ អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។

នៅ​ពេល​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​សាជាថ្មី​ជា​លើក​ចុង​ក្រោយ​ លោក​ ឈូក បណ្ឌិត​ មិន​បាន​បង្ហាញ​ខ្លួន​នោះ​ឡើយ​ តែ​លោក​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​​ពី​បទ​បាញ់​ប្រហារ​​កម្មការិនី​ទាំង​បី​នាក់​នេះ​ដោយ​អចេតនា​។

លោក​ ហ៊ីង ប៊ុន​ជា  ព្រះរាជ​អាជ្ញា​អម​សាលា​​ដំបូង​​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​កាលពី​ម្សិល​មិញ​ថា លោក​មិន​បាន​ដឹង​ថា លោក​ ឈូក​ បណ្ឌិត​​ នៅ​ទី​ណា​នោះ​ទេ​ ប៉ុន្តែ​​នគរ​បាល​ព្រំដែន​​ត្រូវ​បា​ន​​បញ្ជា​ឲ្យ​ចាំ​​ឃ្លាំ​មើល​​នៅ​ចំណុច​ឆែក​ឆេរ​ច្រក​ព្រំដែន​អន្តរ​ជាតិ​នានាហើយ​។

លោក​ ហ៊ីង ប៊ុនជា​ បាន​ថ្លែង​ថា “ប្រសិន​បើ​គាត់​ចាក​ចេញ​តាម​​កុងត្រូល​ជជុះ​ អ៊ីចឹង​​យើង​មិន​អាច​ដឹង​​បាន​នោះ​ឡើយ​​​”។

លោក​ ជិន លីដា មេធាវី​ការ​ពារ​ក្ដី​របស់​ជន​រងគ្រោះ​ទាំង​បី​ ដែល​កាល​ពី​ខែ​មុន​​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ ដើម្បី​ទាម​ទារ​ប្រាក់​សំណង​ជំងឺចិត្ត​​សរុប​ជាង​៩.៥០០​ដុល្លារ​ ដែល​​តុលាការ​សម្រេច​ផ្ដល់​​ឲ្យ​នោះ​បាន​លើក​ឡើងថា លោក​​បាន​ស្នើ​ឲ្យ​អាជ្ញា​ធរ​​តាម​ចាប់​ខ្លួន​​អតីត​អភិបាល​ក្រុង​រូប​នេះ​មក​ដាក់​ពន្ធនាគារ។

លោក​ ម៉ន កែវស៊ីវិន មេធាវី​របស់​លោក​ ស ចន្ថា​ បាន​លើក​ឡើង​ថា កូន​ក្ដី​របស់​លោក​​​បាន​សម្រេច​ចិត្ត​​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទាស់​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រក្សា​ទុក​​អាវុធ​ដោយ​ខុស​ច្បាប់​ដែល​គេ​ទម្លាក់​កំហុស​លើ​រូប​លោក។​ លោក​ កែវ​ស៊ីវិន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា រឿង​នេះ​​ត្រូវ​បានរៀប​ចំ​ឡើង​ដោយ​រដ្ឋាភិបាល​​ ពី​ព្រោះ​ប្រសិន​បើ​គេ​ចង់​ចាប់​ខ្លួន​លោក​ ឈូក​ បណ្ឌិត​ មែន​នោះ ​គេ​អាច​ចាប់​ខ្លួន​គាត់​បាន​”។

លោក​ ស៊ុន ប៊ុនណារិទ្ធ​ មេធាវី​​របស់​លោក​ ឈូក​ បណ្ឌិត​ បាន​មាន​ប្រសាសន៍​​ថា កូន​​ក្ដី​របស់​លោក​​​បាន​ប្ដឹង​ទាស់​ការ​ផ្ដន្ទាទោស​នេះ​ ប៉ុន្តែ​​លោក​មិន​បាន​ធ្វើ​អត្ថាធិ​ប្បាយ​បន្ថែម​ឡើយ​។

លោក​ អំ សំអាត​ អ្នក​គ្រប់គ្រង​បច្ចេក​ទេស​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​​អាដ​ហុក​​បាន​លើ​ក​ឡើង​ថា ការ​មិន​ចាប់​ខ្លួន​លោក​ ឈូក​ បណ្ឌិត នេះ​​មាន​ន័យ​ថា គាត់​ទំនង​ជា​បាន​ចាកចេញ​​ពី​ប្រទេស​កម្ពុជា​​ហើយ​។ លោក​ថ្លែង​ថា “ខ្ញុំ​ជឿ​ជាក់​ថា ការ​ធ្វើ​បែប​នេះ​ គឺ​ជា​ការ​ផ្ដល់​ឱកាស​​ឲ្យ​គាត់​គេច​ខ្លួន​”។

លោក​ អំ សំអាត បាន​ថ្លែង​ថា “[តុលាការ​] មិន​ដែល​មាន​បំណង​​ចង់​ចាប់​ខ្លួន​គាត់​ឡើយ​។ ខ្ញុំ​គិត​ថា អ្នក​មាន​អំណាច​នៅ​តែ​​គ្មាន​ទោស​នៅ​ក្នុង​​ប្រទេស​កម្ពុជា។ ប្រសិន​បើ​គេ​មាន​បំណង​ចង់​​ចាប់​ខ្លួន​គាត់​ គេ​ប្រាកដ​ជា​អាច​ចាប់​ខ្លួន​គាត់​បាន​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស