កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះក្ដីរបស់ស្ត្រីម្ចាស់ហាងម៉ាស្សា ដែលគេចោទប្រកាន់ថា បានបើកកន្លែងបម្រើសេវាកម្មផ្លូវភេទ នៅក្នុងហាងម៉ាស្សា ដែលត្រូវនគរបាលឆ្មក់ចូលបង្ក្រាបកាលពីខែមករា។
អ្នកស្រី ភីន យុទ្ធី ត្រូវបានចោទប្រកាន់កាលពីខែមករា ពីបទផ្ដល់កន្លែងសម្រាប់ផ្ដល់សេវាកម្មផ្លូវភេទ គឺពីរថ្ងៃបន្ទាប់ពីនគរបាលបានឆ្មក់ចូលហាងម៉ាស្សារបស់គាត់។អ្នកស្រី ភីន យុទ្ធី ត្រូវបានចោទប្រកាន់ពីព្រោះអ្នកស្រី គឺជាម្ចាស់ហាងម៉ាស្សានេះ។
លោក ជួន សុរាសី ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះបានលើកឡើងកាលពីម្សិលមិញថា អ្នកស្រី ភីន យុទ្ធី បានប្រាប់តុលាការថា អ្នកម៉ាស្សាម្នាក់ក្នុងចំណោមអ្នកម៉ាស្សាចំនួនប្រាំពីរនាក់បានរួមភេទជាមួយភ្ញៀវរបស់ខ្លួន ប៉ុន្តែអ្នកស្រីបានបដិសេធថា មិនបានបើកកន្លែងផ្ដល់សេវាកម្មផ្លូវភេទឡើយ។
អ្នកស្រី ភីន យុទ្ធី បាននិយាយថា “ខ្ញុំដឹងថា អ្នកម៉ាស្សាម្នាក់បានរួមភេទជាមួយភ្ញៀវនៅក្នុងបន្ទប់ម៉ាស្សា ហើយនៅពេលនគរបាលបានទៅដល់ ពួកគេបានឃើញនាងនៅជាមួយភ្ញៀវ”។
អ្នកស្រីបាននិយាយពីបុគ្គលិករបស់គាត់ថា “ខ្ញុំមិនបានបញ្ជាឲ្យពួកគេរួមភេទជាមួយភ្ញៀវទាល់តែសោះ ប៉ុន្តែពួកគេបានធ្វើរឿងនេះដោយលួចលាក់ ដោយខ្លួនឯង”។ អ្នកស្រីបាននិយាយបន្តថា “ខ្ញុំមិនបានដឹងទេ ហើយខ្ញុំមិនបានទទួលអ្វីទាល់តែសោះពីសេវាកម្មផ្លូវភេទនេះ គឺមានតែប្រាក់ចំណូលពីការម៉ាស្សាប៉ុណ្ណោះ”។
លោក វ៉ា សក្ដា ព្រះរាជអាជ្ញារងបានលើកឡើងថា ការចោទប្រកាន់នេះគឺសមហេតុសមផលហើយ ពីព្រោះបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកទាំងអស់ត្រូវបានចាប់ខ្លួនពេលរួមភេទជាមួយភ្ញៀវ។ អ្នកម៉ាស្សាម្នាក់ឈ្មោះ តេង នារី អាយុ២៣ឆ្នាំ បានប្រាប់តុលាការថា ភ្ញៀវរបស់នាងបានឲ្យលុយ១០ដុល្លារ ឬ២០ដុល្លារសម្រាប់ការរួមភេទ ហើយអ្នកស្រី ភីន យុទ្ធី បានកាត់យកលុយខ្លះ។ លោកចៅក្រម សុរាសី បានមានប្រសាសន៍ថា តុលាការនឹងចេញសាលក្រមនៅថ្ងៃទី១០ ខែកញ្ញា៕
ប្រែសម្រួលដោយ ស៊ា សុ៊យឈាង