មន្ត្រីខេត្តព្រះវិហារបានឲ្យដឹងកាលពីម្សិលមិញថា ការផ្ទុះមីនប្រឆាំងរថក្រោះបានសម្លាប់មនុស្សចំនួនប្រាំមួយនាក់ និងធ្វើឲ្យមនុស្សប្រាំពីរនាក់ផ្សេងទៀតរងរបួសធ្ងន់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីម្សិលមិញ ខណៈជនរងគ្រោះទាំងនេះកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានធ្វើស្រែអស់មួយថ្ងៃ។
លោក សុខ ហៃ អភិបាលស្រុកជាំក្សាន្តបានលើកឡើងថា ជនរងគ្រោះទាំងនេះ ដែលមានអាយុចន្លោះពី២០ឆ្នាំ ដល់៤៩ឆ្នាំបានជិះនៅផ្នែកខាងក្រោយនៃគោយន្ត ដែលធ្វើដំណើរតាមផ្លូវលំមួយក្នុងឃុំយាង នៅម៉ោងប្រហែល៧យប់ ខណៈនោះមីនប្រឆាំងរថក្រោះមួយគ្រាប់បានផ្ទុះឡើងតែម្ដង ដោយបណ្ដាលឲ្យបុរសចំនួនប្រាំមួយនាក់ស្លាប់ ភ្លាមៗ។លោកបានថ្លែងកាលពីម្សិលមិញថា “ បុរសចំនួនប្រាំមួយនាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារមីនប្រឆាំងរថក្រោះ ដែលបានផ្ទុះឡើង រួចធ្វើឲ្យសាកសពជនរងគ្រោះបែកជាបំណែក”។
លោក សាយ ស៊ីន អធិការរងនគរបាលស្រុក បានរៀបរាប់ពីហេតុការណ៍ដ៏គួរឲ្យរន្ធត់នោះថា បំណែកសាកសពរបស់ជនរងគ្រោះបានខ្ទាតចេញឆ្ងាយពីកន្លែងផ្ទុះ។ លោកបានថ្លែងថា “ក្រុមគ្រួសារជនរងគ្រោះបានទៅកន្លែងកើតហេតុនោះ ដើម្បីរើសបំណែកសាកសពយកទៅបូជា… មានឈាមជាច្រើននៅកន្លែងផ្ទុះ”។
យោងតាមតួលេខពីអាជ្ញាធរសកម្មភាពកម្ចាត់មីន និងជួយជនរងគ្រោះនៅកម្ពុជាបានឲ្យដឹងថា កាលពីឆ្នាំមុន មានមនុស្សចំនួន១១៩នាក់បានរងរបួស ដោយសារមីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយមានមនុស្សចំនួន៤៣នាក់បានស្លាប់។ នៅក្នុងចំណោមអ្នកស្លាប់ទាំងនោះមាន២៣នាក់បានស្លាប់ដោយសារមីនប្រឆាំងរថក្រោះ ដែលគេផលិតឡើងដើម្បីកម្ទេចរថពាសដែក និងរថក្រោះ។
យោងតាមតួលេខនេះ បានឲ្យដឹងបន្តថា តាំងពីដើមឆ្នាំរហូតដល់ពេលឥឡូវមានមនុស្ស៤៧នាក់បានរងរបួសដោយសារមីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមានមនុស្សប្រាំមួយនាក់បានស្លាប់។ ការផ្ទុះមីនប្រឆាំងរថក្រោះនេះបានធ្វើឲ្យតួលេខនៃអ្នកស្លាប់បានកើនឡើងដល់១២នាក់។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានលើកឡើងថា ដោយជឿជាក់ថា មានគ្រោះថ្នាក់តិចតួច ហើយផ្លូវធ្វើដំណើរជារឿយៗតែងតែមានសុវត្ថិភាពនោះ កសិករបានដើរ ឬក៏បើកបរជាធម្មតានៅលើផ្លូវលំ ដែលមានមីននេះ។
លោក ហេង រតនា បានថ្លែងថា តែទោះជាយ៉ាងណា អំឡុងរដូវវស្សានៅពេលមានភ្លៀងធ្លាក់ខ្លាំង ហើយមានទឹកជំនន់ម្ដងម្កាលនោះ វាបានធ្វើឲ្យដីជ្រាយ ហើយទម្ងន់គោយន្តនិងអ្នកដំណើរបូករួមចូលគ្នាអាចមានទម្ងន់គ្រប់គ្រាន់ក្នុងការធ្វើឲ្យមីនប្រឆាំងរថក្រោះនេះផ្ទុះបាន។ មីនប្រឆាំងរថក្រោះនេះត្រូវបានគេកប់ក្នុងដីតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០មកម្លេះ នៅពេលខ្មែរក្រហមបានប្រយុទ្ធគ្នាជាមួយកងកម្លាំងរដ្ឋាភិបាលនៅតំបន់នោះ។
លោក ហេង រតនា បានមានប្រសាសន៍កាលពីម្សិលមិញថា “តំបន់នេះ ដែលមានផ្លូវតូច គឺមានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីផ្លូវជាតិ ហេតុដូច្នេះហើយ គេមិនបានដោះមីននៅតំបន់នេះទេ”។ លោកបានបន្ថែមថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងអង្គការដោះមីនផ្សេងៗទៀតបានកាត់បន្ថយជំនួយរបស់ខ្លួនជាបន្តបន្ទាប់ ពីព្រោះម្ចាស់ជំនួយឥឡូវនេះបានផ្ដោតទៅលើតំបន់ដែលកំពុងកើតមានជម្លោះ ដូចជា ប្រទេសលីប៊ី និងប្រទេសអ៊ីរ៉ាក់ច្រើនជាង។ ហើយដោយសារតែការផ្ដល់ជំនួយនេះបានធ្លាក់ចុះ វាបានធ្វើឲ្យក្រុមដោះមីនចំនួនពីរក្រុម ដែលមានសមាជិកសរុបប្រហែល១០០នាក់ នោះមានតែនៅក្នុងខេត្តចំនួនពីរប៉ុណ្ណោះ គឺខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
លោក ហេង រតនា បានថ្លែងថា “យើងដោះមីននៅតំបន់ជុំវិញភូមិដែលមានមនុស្សរស់នៅជាមុន ប៉ុន្តែគ្មានធនធានដើម្បីដោះមីននៅតំបន់ដាច់ស្រយាលនោឡើយ ហើយធនធានសម្រាប់ខេត្តព្រះវិហារក៏មានកំណត់ដែរ”។ លោកបានបន្ថែមថា ដីទំហំ១.៩០០គីឡូម៉ែត្រក្រឡានៅទូទាំងប្រទេសកម្ពុជា គឺនៅមានមីននៅឡើយ។ ចាប់តាំងពីឆ្នាំ១៩៩២មក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបានកម្ទេចមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមាននៅលើដីទំហំ៥០០គីឡូម៉ែត្រក្រឡាបានប្រហែល៣,៥លានគ្រាប់”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង