កាលពីម្សិលមិញ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានចេញផ្សាយលទ្ធផលជំរឿនប្រជាជនពាក់កណ្តាលទី ដែលបានបង្ហាញពីការបន្តកើនឡើងនៃចំនួនប្រជាជន និងនគរូបណីយកម្មនៅក្នុងប្រទេសនេះ។
លទ្ធផលជំរឿនប្រជាជនពាក់កណ្តាលទីចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨នេះដកស្រង់ចេញពីការស្ទង់មតិពីប្រជាជនចំនួន២៨.៦៥០គ្រួសារដែលបានបញ្ចប់ចន្លោះពីថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី៧ ខែមីនា និងបង្ហាញពីកំណើន ល្បាយ និងដង់ស៊ីតេប្រជាជននៅទូទាំង២៤ខេត្តក្រុង។
លោក អាគីហ៊ីកូ អ៊ីតូ ដែលដឹកនាំការស្ទង់មតិនេះក្នុងនាមជាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដែលធ្វើការជាមួយក្រសួងផែនការ និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ(U.N. Population Fund)ផងដែរនោះបានមានប្រសាសន៍ថា “ដើម្បីទទួលបានទិន្នន័យប្រជាជន យើងត្រូវការជំរឿនដែលត្រូវចំណាយលុយច្រើន”។ លោកបានបន្ថែមថា ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពេលវេលានៅចន្លោះការធ្វើជំរឿនអាចជាបញ្ហាសម្រាប់អ្នកធ្វើគោលនយោបាយដែលពឹងផ្អែកលើទិន្នន័យបែបនេះ។
លោក អាគីហ៊ីកូ អ៊ីតូ បានឲ្យដឹងថា “ជាធម្មតាគេធ្វើជំរឿនរៀងរាល់១០ឆ្នាំម្តង។ ប៉ុន្តែ យើងត្រូវការការស្ទង់មតិខ្លះៗនៅចន្លោះពេលនោះដើម្បីធ្វើការប៉ាន់ប្រមាណ”។ លោក អាគីហ៊ីកូ អ៊ីតូ បានបន្ថែមទៀតថា លទ្ធផលនៃការស្ទង់មតិនេះ គឺជាតួលេខមិនទាន់ច្បាស់ និងមិនទាន់បានវិភាគឲ្យបានត្រឹមត្រូវ ប៉ុន្តែ លោកបានមានប្រសាសន៍ថា មានតួលេខមួយចំនួននៅក្នុងការស្ទង់មតិនេះដែលល្អ។
លោក អាគីហ៊ីកូ អ៊ីតូ បានមានប្រសាសន៍ថា “ទំហំគ្រួសារកំពុងថយចុះ ហើយអត្រាកំណើនប្រជាជនឥឡូវនេះកំពុងថយចុះ ដែលជាបាតុភូតធម្មជាតិសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍”។ តាមការស្ទង់មតិនេះបង្ហាញថា ប្រជាជនកម្ពុជាបានកើនឡើង ៩,៥ភាគរយដល់ ចំនួន១៤.៦៧៦.៥៩១នាក់ពីប្រហែល១៣.៣៩៥.៦៨២នាក់នៅក្នុងជំរឿនឆ្នាំ២០០៨ ជាការកើនឡើង៤៨,៧ភាគរយនៃប្រជាជនទាំងអស់ប្រមាណ៩.៨៧០.០០០នាក់នៅក្នុងការធ្វើជំរឿនសេដ្ឋកិច្ចសង្គម ពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៤ដែលត្រូវ បានចេញផ្សាយ បន្ទាប់ពីការដកកងកម្លាំងរបស់អ៊ុនតាក់។
កំណើនប្រជាជនពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣មានការយឺតយ៉ាវ ហើយការស្ទង់មតិប៉ាន់ប្រមាណថា កំណើនប្រជាជនប្រចាំឆ្នាំ ១,៤៦ភាគរយក្នុងរយៈពេលប្រាំឆ្នាំ បើប្រៀបធៀបទៅនឹងការធ្វើជំរឿនចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៨។
វាក៏បង្ហាញពីការធ្លាក់ចុះនៃលទ្ធភាព បង្កកំណើតផងដែរ។ នៅឆ្នាំ១៩៩៨ប្រជាជន៤៣ភាគរយមានអាយុចន្លោះពី០ឆ្មាំដល់១៤ឆ្នាំ ដែលឥឡូវនេះបានធ្លាក់ចុះមកដល់៣៤ភាគរយ ចំណែកឯមនុស្សគ្រប់អាយុធ្វើការនៅក្នុងប្រទេសនេះ គឺអ្នកដែលមានអាយុចន្លោះ១៥ឆ្នាំ ដល់៦៤ឆ្នាំបានកើនឡើងពី៥៤ភាគរយដល់៦២ភាគរយនៅ ក្នុងរយៈពេល១៥ឆ្នាំដូចគ្នា។
ប្រជាជនកម្ពុជានៅតាមតំបន់ក្រុងបានកើនឡើងពី២.៦១៤.០២៧នាក់នៅក្នុង ឆ្នាំ២០០៨ដល់៣.១៤៦.២១២នាក់ គឺកើនឡើងពី១៩,៥ភាគរយដល់២១,៤ភាគរយនៃប្រជាជនទាំងអស់។ ចំណែកឯនគរូបណីយកម្មវិញ ខេត្តកំពង់ចាម គឺជាខេត្តមួយដែលមានប្រជាជនច្រើនជាងគេបំផុតជាយូរមកហើយចំនួន១១,៩៧ភាគរយនៃប្រជាជនទូទាំងប្រទេស និងរាជធានីភ្នំពេញមានចំនួនប្រជាជនច្រើនជាងគេទី២ចំនួន១១,៥ភាគរយនៃប្រជា ជនទាំងអស់។
នៅក្នុងរាជធានីភ្នំពេញចំនួនប្រជាជនបានកើនឡើង ១២,៤ភាគរយចន្លោះ ពី ឆ្នាំ២០០៨ដល់ឆ្នាំ២០១៣ គឺបានកើន ឡើងពីចំនួន១.៥០១.៧២៥នាក់ដល់ចំនួន១.៦៨៨.០៤៤នាក់។ ខេត្តព្រះវិហារដែលមានប្រជាជនចំនួន១៧១.១៣៩នាក់នៅឆ្នាំ២០០៨បានកើនឡើង៣៧,៥ភាគរយដល់២៣៥.៣៧០នាក់នៅឆ្នាំនេះ។ ប្រជាពលរដ្ឋនៅខេត្តព្រៃវែងបានកើនឡើង២២,១ភាគរយពី៩៤៧.៣៧២ នាក់ដល់១.១៥៦.៧៣៩នាក់។ ខេត្តទាំងអស់សុទ្ធតែមានកំណើនប្រជាជន លើកលែងតែខេត្តប៉ៃលិន ដែលមានចំនួនប្រជាជនធ្លាក់ចុះ៦,៧ភាគរយពី៧០.៤៨៦នាក់នៅឆ្នាំ២០០៨មកត្រឹម ចំនួន៦៥.៧៩៥នាក់។
លោក អ៊ីតូ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដល់ប្រជាជនកម្ពុជាដែលបានជួយប្រមូលទិន្នន័យនេះអាចជួយរដ្ឋាភិបាលធ្វើជំរឿនបែបនេះដោយខ្លួនឯងបាននៅពេលអនាគត។ លោកបានមានប្រសាសន៍ថា “នៅពេលនេះរដ្ឋាភិបាលកម្ពុជាមិនអាចធ្វើការងារបែបនេះបានទេ។ ខ្ញុំសង្ឃឹមថា នៅពេលអនាគតរដ្ឋាភិបាលកម្ពុជាអាចធ្វើការងារ នេះដោយខ្លួនឯងបាន”៕
ប្រែសម្រួលដោយ មូល គឹមហឿន