រោងចក្រកាត់ដេរនានានៅក្នុងរាជធានីភ្នំពេញកំពុងដំណើរការដោយខ្វះកម្លាំងកម្មករយ៉ាងច្រើន នៅពេលកម្មករលើកគ្នាវិលត្រឡប់ទៅស្រុកកំណើតនៅតាមខេត្ត ដោយសាររដ្ឋាភិបាលចេញសេចក្ដីសម្រេចបង្កើនវិធានការការពារសន្ដិសុខ បន្ទាប់ពីបក្សប្រឆាំងបានព្រមានថា ពួកគេគ្រោងធ្វើមហាបាតុកម្មជំទាស់នឹងលទ្ធផលបោះឆ្នោត។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍ថា ស្ថានភាពនាពេលបច្ចុប្បន្នដែលកម្មករមកពីរោងចក្រនានាលើកគ្នាឈប់ពីការងារទៅស្រុកកំណើតបែបនេះអាច “ធ្វើឲ្យប៉ះពាល់ខ្លាំង” ដល់ឧស្សាហកម្មកាត់ដេរ។
លោកបានមានប្រសាសន៍ថា “ ជាក់ស្ដែងកត្តានេះ មានសក្ដានុពលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មកាត់ដេរ ប៉ុន្តែរដ្ឋាភិបាល និងសហជីពកំពុងធ្វើអ្វីៗដែលខ្លួនអាចធ្វើបានដើម្បីធ្វើឲ្យកម្មកររក្សាភាពស្ងាត់ស្ងៀម និងធានាអះអាងចំពោះពួកគាត់ថា ពួកគាត់មានសុវត្ថិភាព។ ប៉ុន្តែ នៅទីបំផុតមានតែកម្មករទេដែលអាចសម្រេចចិត្តបានថា ខ្លួនត្រូវធ្វើយ៉ាងណា”។
កាលពីម្សិលមិញបណ្ដារោងចក្រ និងសហជីពរបស់កម្មករកាត់ដេរ បានលើកឡើងថា នៅក្នុងករណីមួយចំនួន កម្មករជិត៨០ភាគរយបានឈប់ពីការងាររបស់ខ្លួនវិលត្រឡប់ទៅស្រុកកំណើតនៅតាមខេត្តវិញ ដោយភាគច្រើនស្ដាប់តាមការព្រមានរបស់គ្រួសារខ្លួនអំពីស្ថានភាពចលាចលក្នុងសង្គម ប្រសិនបើគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង សម្រេចចិត្តធ្វើមហាបាតុកម្មជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតកាលពីខែមុន។ ពេលនេះ ក្រុមហ៊ុនកាត់ដេរក្បាលកោះខូអិលធីឌី ក្នុងខណ្ឌមានជ័យកំពុងដំណើរការដោយមានកម្មករធ្វើការតិចតួចប៉ុណ្ណោះ។
លោក ឃិត វ៉ាន ប្រធានរដ្ឋបាលក្រុមហ៊ុនកាត់ដេរនេះ បានមានប្រសាសន៍ថា “ចំនួនកម្មករជាធម្មតារបស់យើង គឺ៩០០នាក់ ហើយបច្ចុប្បន្នយើងកំពុងដំណើរការដោយមានកម្មករធ្វើការតែ២០០នាក់ប៉ុណ្ណោះ។ អំឡុងពេលបោះឆ្នោត យើងគ្មានការងារធ្វើច្រើនទេ ដូច្នេះយើងក៏បានអនុញ្ញាតឲ្យកម្មករមួយចំនួនរបស់យើងឈប់សម្រាក ប៉ុន្តែកម្មករជាច្រើនបានទៅស្រុកកំណើតកាលពីពីរបីថ្ងៃមុន ពីព្រោះពួកគាត់ភ័យខ្លាចបាតុកម្មផ្ទុះអំពើហិង្សា”។
លោកស្រី មាស វណ្ណី មន្ត្រីផ្នែកច្បាប់នៅសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មកាត់ដេរកម្ពុជា (ស៊ីខៅឌូ) ជាស្ថាប័នសហជីពឯករាជ្យតែមួយគត់ក្នុងប្រទេសកម្ពុជា បានអះអាងថា កម្មករកាត់ដេរកំពុងនាំគ្នាសម្រុកទៅស្រុកកំណើតរបស់ខ្លួននៅតាមខេត្ត ដោយសារតែគិតថា បាតុកម្មដឹកនាំដោយគណបក្សប្រឆាំង នឹងធ្វើឲ្យមានចលាចលក្នុងសង្គម។
លោកស្រីបានមានប្រសាសន៍ថា “ខ្ញុំទទួលបានព័ត៌មានពីតំណាងរបស់យើងនៅក្នុងរោងចក្រនីមួយៗ ហើយពួកគេបានប្រាប់យើងថា ក្នុងមួយថ្ងៃៗ មានកម្មករ យ៉ាងហោចណាស់២០នាក់សុំច្បាប់ឈប់សម្រាកមួយសប្ដាហ៍ដោយសារតែឪពុកម្ដាយអង្វរករកូនប្រុសកូនស្រីរបស់ពួកគាត់ឲ្យត្រឡប់ទៅស្រុកកំណើតវិញ”។
តំណាងរបស់ស៊ីខៅឌូឈ្មោះ កែវ ចិន្តា ប្រចាំនៅរោងចក្រកាត់ដេរ ថប់ វើល ដែលបានបាក់រលំដោយអន្លើកាលពីខែឧសភា បណ្ដាលឲ្យកម្មករចំនួន២៣នាក់រងរបួសនោះ បានលើកឡើងកាលពីម្សិលមិញថា បច្ចុប្បន្នរោងចក្រនេះនៅសល់កម្មករតែ១៥០នាក់ប៉ុណ្ណោះក្នុងចំណោមកម្មករចំនួន៨៥០នាក់ដែលមាននៅមុនការបោះឆ្នោត ប៉ុន្តែ កម្មករមួយចំនួនត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកពីរោងចក្រដែលស្ថិតនៅក្នុងសង្កាត់ក្បាលកោះនេះដោយសារតែការបញ្ជាទិញធ្លាក់ចុះ។
លោក ញឹម ប៊ុនរិទ្ធ នាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនកាត់ដេរអប្សរា ខូអិលធីឌី ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថា រោងចក្ររបស់លោកជួលកម្មករជាង១.០០០នាក់ ក៏ប៉ុន្តែ កម្មករប្រហែល៤០ភាគរយបានវិលត្រឡប់ទៅស្រុកកំណើតនៅក្នុងរយៈពេលបីឬបួនថ្ងៃចុងក្រោយនេះ។
លោកបានមានប្រសាសន៍ថា “វាកំពុងធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់ខ្ញុំយ៉ាងខ្លាំង ពីព្រោះខ្ញុំមានកិច្ចសន្យាជាមួយអ្នកបញ្ជាទិញ ប៉ុន្តែ ទោះបីជាខ្ញុំមិនអាចបំពេញតាមចំនួនកំណត់របស់ពួកគេបានក៏ដោយ ក៏ក្នុងមួយថ្ងៃខ្ញុំនៅតែត្រូវចំណាយ៥.០០០ដុល្លារដដែលសម្រាប់ការចំណាយក្នុងរោងចក្រ”។ លោកបានមានប្រសាសន៍ទៀតថា កម្មករស្ដាប់តាមឪពុកម្ដាយរបស់ខ្លួនដែលចងចាំយ៉ាងច្បាស់នូវព្រឹត្តិការណ៍ផ្ទុះអំពើហិង្សាក្នុងរាជធានីភ្នំពេញក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ និងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍នៅមុននោះ។
ដោយសម្លៀកបំពាក់មានចំនួនស្មើនឹង៨០ភាគរយនៃការនាំចេញសរុប វិស័យនេះកំពុងប្រឈមនឹងកង្វះកម្មកររួចទៅហើយ សូម្បីនៅពេលកម្មករទាំងអស់ក្នុងឧស្សាហកម្មកាត់ដេរមានវត្តមានក៏ដោយ។ គ្រាន់តែនៅក្នុងឆមាសដំបូងនៃឆ្នាំនេះ ការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌមានទំហំទឹកប្រាក់១,៥៥៨ពាន់លានដុល្លារ ពោលគឺកើនឡើង៣២ភាគរយបើធៀបនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។
កាលពីសប្ដាហ៍មុន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានចេញសេចក្ដីថ្លែងការណ៍មួយអំពាវនាវដល់កម្មករនិយោជិត សហជីព និងនិយោជកកុំឲ្យចាប់អារម្មណ៍នឹងពាក្យចចាមអារ៉ាមដែលថា បាតុកម្មរបស់គណបក្សប្រឆាំងនឹងធ្វើឲ្យមានស្ថានភាពចលាចលតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ហើយបានសុំឲ្យផលិតកម្មនៅតាមរោងចក្របន្តដូចធម្មតា។ លោកថ្លែងថា “សូមកុំជឿពាក្យចចាមអារ៉ាម ហើយផ្សព្វផ្សាយវាបន្តអី”។
លោកស្រី ជីល ថាក់ឃើ (Jill Tucker) ទីប្រឹក្សាជាន់ខ្ពស់ផ្នែកបច្ចេកទេសសម្រាប់កម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជា របស់អង្គការពលកម្មអន្តរជាតិ (អាយឡូ) ក៏បានអះអាងដែរថា កម្មករកំពុងឈប់សម្រាកពីរោងចក្រដើម្បីត្រឡប់ទៅស្រុកកំណើតវិញ។
លោកស្រីមានប្រសាសន៍ថា “សំណាកតូចមួយដែលបុគ្គលិករបស់យើងយកពីរោងចក្រចំនួនពីរនៅថ្ងៃនេះ បានបង្ហាញថា កម្មករពី៣០ទៅ៤០ភាគរយបានមកបើកប្រាក់ខែ [ នៅសប្ដាហ៍នេះ] ហើយមិនបានត្រឡប់ទៅធ្វើការវិញទេ”។ លោកស្រីបានមានប្រសាសន៍ទៀតថា ដោយសារតែនៅតាមរោងចក្រភាគច្រើនខ្វះកម្មករស្រាប់ទៅហើយនោះ ស្ថានភាពនេះគឺជាបញ្ហាដ៏ធ្ងន់សម្រាប់ឧស្សាហកម្មកាត់ដេរដែរ។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្ដែងការព្រួយបារម្ភកាលពីម្សិលមិញអំពីនិន្នាការដែលកម្មករលើកគ្នាឈប់ពីរោងចក្រនានាក្នុងរាជធានីភ្នំពេញ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើកម្មករវិលត្រឡប់ទៅស្រុកវិញ រោងចក្រនានានឹងប្រឈមការបិទទ្វារ ដោយសារតែពួកគេមិនអាចបំពេញបានតាមកិច្ចសន្យាហើយប្រសិនបើក្រុមហ៊ុននានាគ្មានទំនិញនាំចេញទេនោះ ពេលនោះក្រសួងពាណិជ្ជកម្មនឹងបាត់បង់ចំណូល។ ដូច្នេះយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្តថា រដ្ឋាភិបាលគ្រាន់តែព្យាយាមការពារសន្ដិសុខរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ នេះគឺជាចំណុចដ៏សំខាន់មួយដែលអ្នកគ្រប់គ្នាត្រូវដឹង”។
ក្រោយពីការបោះឆ្នោតជាតិ រដ្ឋាភិបាលបានចល័តទាហានរាប់រយនាក់នៅក្បែររាជធានីភ្នំពេញ ហើយគេប្រទះឃើញរថក្រោះ និងរថពាសដែកកំពុងធ្វើដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ។ មន្ត្រីបានលើកឡើងថា ទាហាន រថក្រោះ និងរថពាសដែកទាំងនោះ នឹងត្រូវប្រើប្រាស់ដើម្បីទប់ស្កាត់ស្ថានភាពចលាចល ប្រសិនបើគណបក្សប្រឆាំងសម្រេចធ្វើមហាបាតុកម្មមែននោះ។
យុវតី ស៊ី ស្រីណូ អាយុ១៩ឆ្នាំដែលធ្វើការនៅរោងចក្រកាត់ដេរបាយ័ន ក្នុងខណ្ឌឫស្សីកែវ បាននិយាយថា នាងបានវិលត្រឡប់ទៅស្រុកកំណើតរបស់នាង នៅស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃអង្គារ បន្ទាប់ពីបើកប្រាក់ខែរួចនៅមួយថ្ងៃមុននោះ។ នាងបាននិយាយថា “ឪពុករបស់ខ្ញុំបានទូរស័ព្ទមកខ្ញុំព្រមានអំពីបាតុកម្ម ដូច្នេះខ្ញុំក៏សម្រេចចិត្តត្រឡប់ទៅស្រុកវិញ”៕
ប្រែសម្រួលដោយ តែម សុខុម