29 C
Phnom Penh

មនុស្ស​​​បួននាក់ត្រូវចាប់ខ្លួន​​​​​​ពីបទ​​​ប៉ុនប៉ងធ្វើ​​​បដិវត្ត​​​ផ្កាកុលាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​ឲ្យដឹង​​​កាល​​​ពីម្សិលមិញថា ខ្លួន​​​បាន​​​ចាប់​​​មនុស្ស​​​បួននាក់​​​ដែល​​​សង្ស័យ​​​ថា​​​ បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុងការ​​​រួម​​​គំនិត​​​​​​មួយ​​បង្កើត​​​ឡើង​​​ដោយ​​​ក្រុម​​​ប្រឆាំង​​​​​​ដែល​​​ជា​​​ខ្មែរ​​​អាមេរិក​​​មួយ​​​ក្រុម​​​​​​ដែល​​​បាន​​​រៀបចំ​​​​​​ផែន​​​ការ​​​​​​ផ្តួលរំលំ​​​រដ្ឋាភិបាល​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​។

នគរបាល​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ប្រកាសព័ត៌មាន​​​​​​មួយ​​​កាលពីថ្ងៃ​​​សៅរ៍ ថា បុរស​​​ពីរនាក់​​​ និង​​​ស្ត្រី​​​ពីរនាក់​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីថ្ងៃព្រហស្បតិ៍​​​ ជាប់​​​សង្ស័យ​​​ពីបទ​​​ចែក​​​ផ្កាកុលាប​​​លឿង​​​ចំនួន​​​១.០០០ទង​​​ទៅ​​​ឲ្យ​​​ទាហាន​​​ និង​​​នគរបាល​​​នៅ​​​ទូទាំង​​​រាជធានី​​​រួម​​​ជាមួយ​​​នឹង​​​​​​ខិត្តប័ណ្ណ​​​ដែល​​​ជំរុញ​​​ឲ្យ​​​ពួក​​​គេ  ​​​ងាក​​​អាវុធ​​​របស់​​​ខ្លួន​​​ “ប្រឆាំង​​​ជន​​​ផ្តាច់ការ​​​” ។

យុទ្ធនាការ​​​នេះ​​​ត្រូវ​​​បាន​​​រៀបចំឡើង​​​ដោយ​​​ចលនា​​​អំណាចពលរដ្ឋ​​​ខែ្មរ ជាក្រុម​​​មាន​​​​​​មូល​​ដ្ឋាន​​​នៅ​​​អាមេរិក​​​ដូច​​​គ្នា​​​ដែល​​​បាន​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​បោះពុម្ព​​​អាវ​​​យឺត​​​រាប់​​​ពាន់​​ដើម្បី​​​ជំរុញ​​​ប្រជាជន​​​ខ្មែរ​​​កុំ​​​ឲ្យ​​​ទៅ​​​​​​បោះឆ្នោត​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​ពី​​​ខែមុន​​ ហើយ​​​ដោយ​​​សារ​​​ហេតុ​​​ផល​​​នេះ​​​មនុស្ស​​​បីនាក់​​​​​​ផ្សេង​​​ទៀត​​​កំពុង​​​ជាប់​​​ឃុំបណ្តោះ​​​អាសន្ន​​​នៅ​​​ឡើយ​​​។

រដ្ឋាភិបាល​​​តែង​​​តែ​​​ចោទ​​​ក្រុម​​​នេះ​​​ពី​​​បទ​​​ប៉ុនប៉ងបង្កើត​​​កង​​​ទ័ព​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ដើម្បី​​​ផ្តួល​​​រំលំ​​​របប​​​នេះ​​​ ប៉ុន្តែ​​​ រដ្ឋាភិបាល​​​មិន​​​ទាន់​​​បាន​​​ផ្តល់​​​ភ័ស្តុតាង​​​​​​ណាមួយ​​​​​​ទេ​​​​​​។

នគរបាល​​​ជាតិ​​​បាន​​​លើកឡើង​​​​​​ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាននោះថា “កាល​​​ពី​​​ថ្ងៃ​​​ទី​​​​​​១៥​​​ខែសីហា អាជ្ញាធរ​​​មាន​​​សមត្ថកិច្ច​​​បាន​​​ចាប់​​​ខ្លួន​​​ជនសង្ស័យ​​​បួន​​​នាក់​​​ដែល​​​បាន​​​ផលិត​​​ និង​​​ចែក​​​ចាយ​​​ខិត្តប័ណ្ណ​​​ជា​​​ច្រើន​​​រយ​​​សន្លឹក​​​ ដែល​​​មាន​​​ខ្លឹម​​​សារញ៉ុះញង់​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​​​​ប្រដាប់​​​អាវុធ​​​ ដើម្បី​​​ផ្តួល​​​រំលំរាជ​​​រដ្ឋា​​​ភិបាល”។

សេចក្តីប្រកាសព័ត៌មាន​​​នោះ​​​លើកឡើង​​​ទៀត​​​​​​ថា ជនសង្ស័យ​​​ “បាន​​​ចែក​​​ចាយ​​​ខិត្ត​​​ប័ណ្ណ​​​ ​​​តាម​​​​​​បញ្ជា​​​ពីឈ្មោះ សួន​​​ សេរីរដ្ឋា​​​ ដែល​​​​​​ស្ថិត​​​នៅក្រៅ​​​ប្រទេស​​​​​​ជាប្រធាន​​​ចលនា​​​អំណាច​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ហើយ​​​បាន​​​បង្កើត​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធខុសច្បាប់ និង​​​ត្រូវ​​​បាន​​​តុលាការ​​​កោះហៅ​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ញុះ​​​ញង់​​​ឲ្យ​​​ប្រព្រឹត្តបទ​​​ឧក្រិដ្ឋ​​​”។

សេចក្តីប្រកាសព័ត៌មាន​​​នោះ​​​មិន​​​បាន​​​បញ្ចេញ​​​ឈ្មោះជនសង្ស័យ​​​ ឬ​​​បញ្ជាក់​​​ពីបទ​​​ល្មើស​​​ដែល​​​គេ​​​ចោទថា ពួក​​​គេ​​​បាន​​​ប្រព្រឹត្ត​​​នោះទេ​​​​​​។ សេច​​​ក្តីប្រកាសនោះ​​​ក៏មិន​​​បាន​​​បង្ហាញ​​​ភ័ស្តុ​​​តាង​​​ពី​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ខុស​​​ច្បាប់​​​ដែល​​​គេ​​​សន្មតថា បង្កើត​​​ឡើង​​​ដោយ​​​​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខែ្មរ​​​​​​នោះទេ។

នៅ​​​ក្នុង​​​ការ​​​អត្ថាធិប្បាយ​​​ដាច់​​​ដោយ​​​ឡែក​​​ដែល​​​បង្ហោះតាម​​​គេហទំព័រ​​​នគរបាល​​​ជាតិ​​​ លោក​​​ គៀត​​​ ច័ន្ទថារិទ្ធ​​​ អ្នក​​​នាំ​​​ពាក្យ​​​នគរបាល​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍ថា ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​តាម​​​មាត្រា​​​៤៩៥​​​នៃក្រម​​​ព្រហ្មទណ្ឌ ដែល​​​ចែង​​​ពី​​​ការ​​​ញុះ​​​ញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ និង​​​មាន​​​ទោស​​​ជាប់​​​ពន្ធ​​​នាគារ​​​រហូត​​​ដល់​​​ពីរ​​​ឆ្នាំ​​​។ នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពីម្សិល​​​មិញ​​​ លោក​​​ គៀត​​​ ច័ន្ទថារិទ្ធ​​​ បាន​​​បដិសេធមិន​​​ប្រាប់​​​ឈ្មោះជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ទេ​​​ ហើយ​​​បាន​​​បង្វែ​​​រសំណួរ​​​ទៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​។ ក្រុម​​​មន្ត្រី​​​តុលាការ​​​ដែល​​​ដោះស្រាយ​​​រឿង​​​ក្តី​​​នេះ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។

នៅពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​ទៅ​​​អាមេរិក​​​ លោក​​​ សេរីរដ្ឋា បាន​​​ទទួល​​​ស្គាល់​​​ចំពោះ​​​ការ​​​បញ្ជាឲ្យ​​​មាន​​​ការ​​​ចែក​​​ផ្កា និ​​​ងខិត្ត​​​ប័ណ្ណមែន​​​ដោយ​​​សង្ឃឹម​​​ថា នឹង​​​បង្ក​​​ឲ្យមាន​​​​​​ “បដិវត្ត​​​ផ្កា​​​កុលាប” នៅ​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​។

ខិត្តប័ណ្ណ​​ដែល​ផ្ញើ​​​ជូន​​​ “ វី​​​រយុទ្ធជន​​​ទាំ​​​ង​​​អស់​​​​​​” និង​​​មាន​​​ចំណង​​​ជើង​​​ថា “ផ្កាកុលាប​​​អហិង្សា​​​សម្រាប់​​​ការ​​​ផ្លាស់​​​ប្តូរ​​​” មាន​​​ខ្លឹម​​​សា​​​ថា “ សូម​​​ងាក​​​កាំភ្លើង​​​របស់​​​បង​​​ប្អូន​​​ប្រឆាំ​​​ង​​​ជន​​​ផ្តាច់​​​ការ​​​និង​​​លះបង់​​​ជីវិត​​​របស់​​​បង​​​ប្អូន​​​ដើម្បី​​​ការ​​​ពារ​​​ប្រជាជន​​​ ដែល​​​មាន​​​ឈាម​​​ជាខ្មែរ​​​ដូចគ្នា​​​ ពី​​​ព្រោះ​​​ទាហាន​​​ខ្មែរ និង​​​ប្រជាជន​​​ខ្មែរ​​​ គឺជា​​​ខ្មែរ​​​ ហើយ​​​យើង​​​ត្រូវ​​​តែ​​​ការ​​​ពារ​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​” ។ ជន​​​ផ្តាច់ការ​​​ដែល​​​លោក​​​ សេរីរដ្ឋា និយាយ​​​​​​នេះ​​​ គឺលោក​​​ ហ៊ុន​​​ សែន។

​ លោក​​​ សេរីរដ្ឋា​​​ និង​​​ក្រុម​​​របស់​​​​​​លោកបាន​​​ចោទ​​​នាយក​​​រដ្ឋ​​​មន្ត្រីថា បាន​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ក្លែង​​​ក្លាយ​​​រួម​​​ទាំង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពីខែមុន​​​ផង​​​ដែរ​​​​​​ដែល​​​បង្ហាញថា គណ​​​បក្ស​​​​​​កាន់​​​អំណាច​​​របស់​​​លោក​​​ ហ៊ុន​​​ សែន​​​ ជាអ្នក​​​ឈ្នះ ប៉ុន្តែ នៅ​​​មិន​​​ទាន់​​​មាន​​​ការ​​​ដោះ​​​ស្រាយ​​​សេចក្តីរាយការណ៍​​​អំពីភាព​​​មិន​​​ប្រក្រតី​​​ជា​​​ច្រើន​​​នោះ​​​ទេ​​​។

ក្រុមរបស់​​​លោកក៏បាន​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​​​​តុលាការ​​​ឧក្រិដ្ឋ​​​កម្ម​​​អន្តរជាតិ​​​ឲ្យ​​​ផ្តន្ទា​​​ទោស​​​លោក ហ៊ុន សែន ចំពោះបទ​​​ឧក្រិដ្ឋ​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បណ្តេញ​​​ប្រជាជន​​​ចេ​​​ញពីដី​​​ផងដែរ។ លោក​​​ សេរីរដ្ឋា បាន​​​និយាយថា “ជន​​​ផ្តាច់ការ​​​នេះ​​​មិន​​​ធ្លាក់​​​តាម​​​រយៈ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ទេ​​​។ ជន​​​ផ្តាច់​​​ការ​​​រូប​​​នេះ​​​​​​ធ្លាក់​​​ដោយ​​​​សារ​​​​​អំណាច​​​របស់​​​ប្រជាជន​​​” ។

ដោយ​​​បាត់​​​បង់​​​ជំនឿ​​​លើ​​​​​​ការ​​​បោះឆ្នោត​​​នោះ​​​លោក​​​បាន​​​និយាយថា “បដិវត្ត​​​ផ្កាកុលាប​​​” របស់​​​លោក គឺ​​ដូចជា​​​​​បដិវត្ត​​​អារ៉ាប់ស្ព្រីង​​​​​​សម្រាប់ការ​​​លើក​​​ទឹក​​​ចិត្ត​​​។​លោក​​​បាន​​​និយាយ​​​ថា​ “ប្រទេសអារ៉ាប់​​​អាច​​​ក្រោក​​​ឈរ​​​ផ្លាស់​​​ប្តូរ​​​ជន​​​ផ្តាច់​​​ការ​​​ ហេតុ​​​អ្វី​​​ធ្វើ​​​មិន​​​បាន​​​នៅ​​​កម្ពុជា​​​?”។

ប៉ុន្តែ លោក សេរីរដ្ឋា​​​ នៅតែ​​​អះអាង​​​ថា លោក​​​គាំទ្រ​​​ដំណោះស្រាយ​​​អហិង្សា​​​ពីព្រោះ​​​លោក​​​អំពាវ​​​នាវ​​​ឲ្យទាហាន​​​ និង​​​នគរបាល​​​ការ​​​ពារ​​​ប្រជាជន​​​ពីអំពើ​​​ហិង្សា​​​របស់​​​រដ្ឋាភិបាល​​​។ លោក​​​បាន​​​និយាយ​​​ថា “នេះ​​​មិន​​​មែន​​​ជា​​​អំពើ​​​ហិង្សា​​​ទេ​​​ពីព្រោះ​​​ពួក​​​គេ​​ស្នើ​​​ឲ្យ​​​​​​ការ​​​ពារ​​​ប្រជាជន​​​។ តើ​​​នរណា​​​ជាប្រជាជន​​​?​​​ពួក​​​​​​គេ​​​គឺជា​​​មនុស្ស​​​ស្លូតត្រង់​​​។​​​ យើង​​​ស្នើ​​​ឲ្យ​​​​​​មាន​​​អាវុធ​​​អហិង្សា​​​ ហើយ​​​អាវុធ​​​អហិង្សា​​​នោះ​​​គឺ​​​ផ្កា​​​ និង​​​ប៊ិច​​​”។

លោក​​​ សេរីរដ្ឋា បាន​​​ផ្កោល​​​ទោលចំពោះ​​​ការ​​​ចាប់​​​ខ្លួនមនុស្ស​​​ទាំង​​​បួន​​​នាក់​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យបណ្តា​​​​​​ប្រទេស​​​​​​ផ្តល់​​​ជំនួយ​​​បរទេស​​​ដល់​​​កម្ពុជា​​​គាប​​​សង្កត់​​​រដ្ឋា​​​ភិបាល​​​ឲ្យ​​​ដោះលែង​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​វិញ​​​។

កាល​​​ពីដើម​​​ខែ​​​នេះ លោក​​​ សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​បាន​​​សរសេរ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់លោក​​​អំពាវ​​​នាវ​​​ឲ្យ​​​នគរបាល​​​ និង​​​ទាហាន​​​ក្រោក​​​ឈរ​​​ឡើង​​​ជា​​​មួយ​​​ប្រជាជន​​​​​​ ដើម្បីទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​រដ្ឋាភិបាល​​​។

ដោយ​​​អាចប្រឈម​​​នឹងការ​​​ចោទ​​​ប្រកាន់​​​ពី​​​រដ្ឋាភិបាល​​​ពីបទ​​​ព្យាយាម​​​ញុះញង់​​​ឲ្យមាន​​​រដ្ឋ​​​ប្រហារ​​​នោះ​​​ លោក សម រង្ស៊ី បាន​​​បដិសេធ​​​ថា មិន​​​មាន​​​គោល​​​បំណង​​​ហិង្សា​​​ណាមួយ​​​នោះ​​​ទេ​​​។​​​ លោក​​​​​​បាន​​​សរសេរសារនេះ​​​នៅ​​​តាម​​​ហ្វេស​​​ប៊ុក​​​ បន្ទាប់​​​ពីមាន​​​ការ​​​បង្កើន​​​ទ័ព​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ត្រៀម​​​លក្ខណៈ​​​សម្រាប់​​​​​​​​​​​​មហា​​​បាតុ​​​កម្ម​​​ ែដល​​​គណ​​​បក្ស​​​​​​សង្គ្រោះជាតិ​​​​​​​​មា​​​ន​​​គម្រោង​​​ធ្វើ​​​ប្រសិន​​​បើ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មិន​​​ព្រមទទួល​​​ស្គាល់​​​ការ​​​ចុះចាញ់ទេ​​​​​​នោះ​​​ ព្រោះ​​​គណ​​​បក្ស​​​​​​សង្គ្រោះជាតិ​​​​​​ក៏​​​អះ​​​អាង​​​​​​ថា បាន​​​ឈ្នះ​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​កាល​​​​​​​​​ពីខែមុន​​​នេះដែរ​​​។

នៅ​​​ក្នុង​​​សេចក្តីថ្លែងការណ៍​​​មួយ​​​កាល​​​ពី​​​ម្សិល​​​មិញ គណ​​​បក្ស​​​​​​សង្គ្រោះជាតិ​​​​​​​​​បាន​​​ផ្កោល​​​ទោស​​​ចំពោះ​​​ការចាប់​​​ខ្លួន​​​ក្រុម​​​ចលនា​​​អំណាច​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​កាល​​​ពីថ្ងៃព្រហស្បតិ៍ ហើយ​​​ក៏​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដោះលែង​​​ជន​​​សង្ស័យ​​​​​​ទាំង​​​នោះ​​​ផង​​​ដែរ​​​។សេចក្តីថ្លែង​​​ការណ៍​​​នោះ​​​​​​លើក​​​ឡើង​​​ថា ​​​“ទង្វើ​​​នេះ​​​​​​បំពាន​​​យ៉ាង​​​ខ្លាំង​​​ដល់​​​​​​សិទ្ធិ​​​ឯកជន​​​ និង​​​សេរីភាព​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ​​​របស់​​​ប្រជា​​​ជន​​​ដែល​​​ធានា​​​ដោយ​​​ច្បាប់​​​ និង​​​រដ្ឋ​​​ធម្មនុញ្ញ​​​នៃ​​​ព្រះរាជាណាចក្រក​​​ម្ពុជា​​​”។

ទោះបីជា​​​នគរបាល​​​ជាតិ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​ក៏ដោយ​​​ ក៏​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ សាច់ញាតិ និង​​​នគរបាលសង្កាត់​​​ប្រាប់​​​ថា ពួក​​​គេ​​​មាន​​​ឈ្មោះ ហ៊ីវ​​​ បូរិន​​​ អាយុ​​​៣៣​​​ឆ្នាំ​​​ ទុត ច័ន្ទ​​​បញ្ញា​​​ អាយុ​​​៣០ឆ្នាំ សុខ ដាលីស អាយុ​​​២៨ឆ្នាំ​​​ និង​​​ លឹម​​​ លីផេង​​​ អាយុ​​​៣២​​​ឆ្នាំ​​​។

អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ​​​ ដែល​​​កំពុង​​​ផ្តល់​​​មេធាវី​​​ដល់​​​លោក​​​ ច័ន្ទ​​​បញ្ញា និង​​​កញ្ញា ដាលីស បាន​​​ឲ្យដឹងថា ជន​​​សង្ស័យ​​​ទាំង​​​បួន​​​នាក់​​​ត្រូវ​​​បាន​​​តុលាការ​​​សាក​​​សួរ​​​កាល​​​ពីថ្ងៃ​​​សៅរ៍ និង​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​នៅ​​​ថ្ងៃ​​​តែ​​​មួយ​​​តាម​​​មាត្រា​​​៤៩៤ និង​​​មាត្រា​​​៤៩៥​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​។

លោក​​​ អំ សំអាត​​​ អ្នក​​​គ្រប់​​​គ្រង​​​ផ្នែក​​​បច្ចេក​​​​​​ទេស​​​នៅ​​​អង្គការ​​​លីកាដូ​​​ បាន​​​មាន​​​​​​ប្រសាសន៍​​​ថា លោក​​​ ច័ន្ទបញ្ញា និង​​​កញ្ញា ដាលីស មិន​​​បាន​​​​​​​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ទេ​​​។ លោក​​​​​​មាន​​​ប្រសាសន៍ថា ពួកគេ​​​ចូល​​​រួម​​​ជា​​​មួយ​​​មិត្ត​​​ភក្តិ​​​មួយ​​​ក្រុម​​​បង្កើត​​​ផែនការ​​​ដោយ​​​​​​ខ្លួន​​​ឯង​​​នៅតាម​​​​​ហ្វេសប៊ុក​​​ដើម្បី​​​ចែក​​​ផ្កា​​​ទៅ​​​ឲ្យទាហាន​​​ និង​​​នគរបាល​​​រួម​​​ជាមួយ​​​នឹង​​​ខិត្ត​​​ប័ណ្ណ​​​មួយ​​​​​​នៅពេល​ដែលលោក​​​ សេរីរដ្ឋា ​​​ផ្គត់​​​​​​ផ្គង់​​​ផ្កា​​​ ប៉ុន្តែ​​​ មិន​​​និយាយ​​​​​​ពី​​​ខ្លួន​​​លោកទេ​​​ ដោយ​​​មាន​​​​​​​តែខិត្ត​​​ប័ណ្ណ​​​ដាក់​​​ទៅ​​​ជា​​​មួយ​​​ផ្កា​​​ទាំងនោះ​​​។

លោក​​​ អំ សំអាត ក៏បាន​​​និយាយ​​​ដែរ​​​ថា លោក​​​ ច័ន្ទ​​​បញ្ញា និង​​​កញ្ញា ដាលីស ទាំង​​​ពីរ​​​នាក់​​​ត្រូវ​​​​​​បាន​​​ចាប់​​​ខ្លួន​​​នៅពេលទៅ​​​យក​​​​​ផ្កា​​​ទាំង​​​នោះ​​​ ហើយ​​​​​​មិន​​​មាន​ខិត្ត​​ប័ណ្ណ​​​ភ្ជាប់​​​ជាមួយ​​​ផ្កាទេ​​​នៅ​​​ពេល​​​នោះ​​​។

លោក​​​ អំ សំអាត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ទៅ​​​​​​យក​​​ផ្កា​​​ ហើយ​​​ពួក​​​គេ​​​មិន​​​ជាប់​​​ពាក់​​​​​​ព័ន្ធ​​​នឹង​​​ខិត្តប័ណ្ណ​​​នោះទេ​​​ ហើយ​​​នៅ​​​ពេល​​​​​​ដែល​​​ពួកគេ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ពួក​​​គេ​​​មិន​​​បាន​​​​​​កាន់ខិត្ត​​​ប័ណ្ណនៅក្នុង​​​ដៃ​​​ទេ​​​។ ពួកគេគ្រាន់​​​តែ​​​ចង់់​​​ចែក​​​ផ្កា​​ជាមួយ​​​នឹង​​​សារ​​​សូម​​​សន្តិភាព​​​សម្រាប់​​​ប្រទេស​​​ជាតិ​​​តែ​​​ប៉ុណ្ណោះ​​​។ ពួក​​​គេ​​​  ​​​មិ​​​ន​​​បាន​​​ញុះ​​​ញង់​​​ទេ​​​។ ពួក​​​គេ​​​គ្រាន់តែ​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​សន្តិភាព​​​ប៉ុណ្ណោះ​​​”។

ប្តីរបស់​​​អ្នក​​​ស្រី  លី ផេង​​​ ឈ្មោះ កែវ សុខជា​​​ ​​​ ​​​ដែល​​​បើក​​​ហាង​​​បោះពុម្ពជាមួយ​​​ប្រពន្ធ​​​លោកបាន​​​ប្រាប់​​​ថា ប្រពន្ធ​​​របស់​​​លោក​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​​​​ទេ​​​​​​​កាល​​​ពីម្សិលមិញ​​​។ និយាយ​​​នៅ​​​ក្នុង​​​ហាង​​​តូច​​​មួយ​​​របស់​​​ពួក​​​គាត់​​​នៅ​​​តាម​​​ផ្លូវ​​​លេខ​​​១៦៩​​​ លោក សុខជា បាន​​​និយាយ​​​ថា  លោក​​​មិន​​​បាន​​​នៅ​​​ទី​​​នោះ​​​ទេ​​​កាល​​​ពីថ្ងៃពុធ  នៅ​​​ពេល​​​ដែល​​​បុរស​​​ម្នាក់​​​ដែល​​​ជា​​​អតិថិជន​​​ជាប្រចាំ​​​ដែល​​​គាត់​​​អះអាង​​​ថា មិន​​​ស្គាល់ឈ្មោះនោះបា​​​ន​​​មក​​​កុម្ម៉ង់​​​​​​​​​ខិត្ត​​​ប័ណ្ណ​​​​​​​​​ពីប្រពន្ធ​​​លោក។ លោក​​​បានបន្ថែម​​​ថា ប្រពន្ធ​​​​​​របស់​​​លោក​​​ត្រូវ​​​បាន​​​ហៅ​​​ទៅសាក​​​សួរ​​​នៅ​​​ប៉ុស្តិ៍​​​នគរបាល​​​សង្កាត់​​​មួយ​​​ថ្ងៃ​​​ក្រោយ​​​មក​​​ ហើយ​​​ត្រូវ​​​​​​បាន​​​ចាប់​​​ខ្លួន​​​តែ​​​ម្តង​​​។

លោក​​​បាន​​មានប្រសាសន៍ថា “វា​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​​​​ពីព្រោះ​​​ប្រពន្ធ​​​របស់​​​ខ្ញុំ​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សម​​​គំនិត​​​ណាមួយ​​​ឡើយ​​​។ ហាង​​​របស់​​​ខ្ញុំ​​​មិន​​​បាន​​​រចនា​​​ខិត្ត​ប័ណ្ណ​​​នោះទេ​​​​​​។ ខ្ញុំទុកចិត្ត​​​គាត់​​ [ បុរស​​​ដែលមក​​​កុម្ម៉ង់នោះ​​​​​​​​​]  ហើយ​​​មិន​​​បាន​​​អានខិត្ត​​​ប័ណ្ណ​​​នោះទេ​​​ ពីព្រោះគាត់​​​ជា​​​ម៉ូយ​​​យូរ​​​ហើយ​​​”៕

ប្រែសម្រួល​​​ដោយ មូល គឹមហឿន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស