គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ ( គ .ជ .ប.) បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនឈប់ពាក់ព័ន្ធក្នុងការសម្របសម្រួលជម្លោះរវាងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងជុំវិញលទ្ធផលនៃការបោះឆ្នោតជាតិកាលពីខែមុនទៀតហើយ។
សេចក្ដីប្រកាសនេះ បានកើតឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីចុងសប្ដាហ៍មុនបានច្រានចោលពាក្យបណ្ដឹងចំនួន១៧ករណីពាក់ព័ន្ធនឹងការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត និងការបន្លំពេលបោះឆ្នោតដែលគណបក្សសង្គ្រោះជាតិបានប្ដឹងកាលពីសប្ដាហ៍មុន។
លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ពាក្យបណ្ដឹងជុំវិញលទ្ធផលនៃការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដានោះ ឥឡូវនេះគួរតែបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាជាស្ថានប័នដែលនឹងធ្វើសេចក្តីសម្រេចចុងក្រោយស្តីពីភាពស្រប ច្បាប់នៃលទ្ធផលបោះឆ្នោតរបស់ គ.ជ.ប.ដែលផ្ដល់ឲ្យគណបក្សប្រជាជនកម្ពុជានូវសំឡេងភាគច្រើនដាច់ខាតក្នុងសភា។
នៅពេលសួរថា តើ គ.ជ.ប.អាចពិចារណាពីកិច្ចសហការក្នុងការស៊ើបអង្កេតពីភាព មិនប្រក្រតីនៃការបោះឆ្នោតបន្ថែមទៀតឬយ៉ាងណានោះ លោក អ៊ឹម សួស្តី បានមានប្រសាសន៍ថា “អ្វីៗទាំងអស់គឺផុតពីដៃរបស់ខ្ញុំហើយ។ឥឡូវនេះ វាជាការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាធម្មនុញ្ញ”។
យោងតាមលោក ហឿ រុង នាយកប្រតិបត្តិនៃនាយកដ្ឋានសហប្រតិបត្តិការនៃ គ.ជ.ប. បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានច្រានចោលនូវរាល់ពាក្យបណ្ដឹងរបស់គណបក្សប្រឆាំងទាំងអស់ដែលបានប្ដឹងកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដោយសារពាក្យបណ្ដឹងទាំងនោះមិនមានភ័ស្តុតាងគ្រប់គ្រាន់។
លោក ហឿ រុង បានមានប្រសាសន៍ថា “គ.ជ.ប. បានច្រានចោលនូវពាក្យបណ្ដឹងរបស់គណបក្សប្រឆាំងទាំងអស់ដោយសារមិនមានភ័ស្តុតាងបញ្ជាក់ពីការចោទប្រកាន់ណាមួយរបស់ពួកគេប្រឆាំងនឹងគ.ជ.ប.ឡើយ”។
គណបក្សសង្គ្រោះជាតិនៅតែលើកឡើងថា គ.ជ.ប. បានសហការជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការរៀបចំការលួចបន្លំសន្លឹកឆ្នោតអំឡុងពេលបោះឆ្នោត និងបានលុបឈ្មោះប្រជាពលរដ្ឋគាំទ្រគណបក្សប្រឆាំងចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅមុនថ្ងៃបោះឆ្នោត។
លទ្ធផលបឋមដែលចេញដោយ គ.ជ.ប. បានគាំទ្រនូវការអះអាងរបស់គណបក្សប្រជាជនកម្ពុជាដែលថា ខ្លួនទទួលបាន៦៨អាសនៈ ហើយគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ ប៉ុន្តែ ទោះជាយ៉ាងណាគណបក្សសង្គ្រោះជាតិបានអះអាងថា ខ្លួនជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះដោយទទួលបាន៦៣អាសនៈ ហើយគណបក្សប្រជាជនទទួលបាន៦០អាសនៈ នេះបើយោងតាមទិន្នន័យប្រមូលបានដោយសមាជិកគណបក្សបក្សរបស់ខ្លួននៅតាមការិយាល័យបោះឆ្នោត។
ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃសុក្រ បានចេញសេចក្តីថ្លែងការណ៍មួយស្វាគមន៍រាល់ពាក្យបណ្ដឹងពីបណ្តាគណបក្សនយោបាយទាំងអស់ ហើយលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រឆាំងបានដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ រួចហើយកាលពីថ្ងៃសៅរ៍។
លោក អ៊ុត ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធមិនធ្វើសេចក្ដីអត្ថាធិប្បាយទេកាលពីម្សិលមិញ។
គណបក្សសង្គ្រោះជាតិបានធ្វើសន្និសីទមួយកាលពីម្សិលមិញដែលនៅក្នុងនោះ ប្រធានគណបក្សនេះបានបង្ហាញភ័ស្តុតាងអំពីអ្វីដែលខ្លួនបានចោទថា ជាការលួចបន្លំក្រោយការបោះឆ្នោតក្នុងការរាប់សន្លឹកឆ្នោតដោយ គ.ជ.ប. ការលួចបន្លំក្នុងការប្រើប្រាស់ទម្រង់ឯកសារមិនផ្លូវការនៅថ្ងៃបោះឆ្នោត និងករណីជាច្រើនទៀតដែលមានអ្នកបោះឆ្នោតត្រូវបានចុះឈ្មោះនៅការិយាល័យបោះឆ្នោតជាច្រើនកន្លែង។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវឲ្យ គ.ជ.ប. ផ្ដល់ទម្រង់១១០២ច្បាប់ដើមដែលត្រូវបានចុះហត្ថលេខាដោយតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនានា ហើយបន្ទាប់មកបានដាក់ក្នុងកញ្ចប់សុវត្ថិភាពដើម្បីធ្វើការប្រៀបធៀបជាមួយទម្រង់១១០៨ ដែល គ.ជ.ប.បានប្រើប្រាស់ក្នុងការគាំទ្រលទ្ធផលរបស់ខ្លួននោះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងកំពុងស្នើឲ្យ គ.ជ.ប. បើកប្រអប់សុវត្ថិភាព “ក” [ដែលទម្រង់១១០២ត្រូវបានគេទុកក្នុងប្រអប់សុវត្ថិភាពនេះ]ដូច្នេះយើងអាចពិនិត្យមើលទម្រង់១១០៨[ជាទម្រង់មិនផ្លូវការសម្រាប់កត់ត្រាសន្លឹកឆ្នោតនៅពេលរាប់សន្លឹកឆ្នោតនៅតាមការិយាល័យនីមួយៗ]។ ប្រសិនបើយើងផ្ទៀងផ្ទាត់ទម្រង់នេះ ហើយយើងពិតជារកឃើញនូវការពិតមិនខាន ហើយយើងអាចផ្ដល់យុត្តិធម៌ជូនដល់ម្ចាស់ឆ្នោតបាន”។
ប៉ុន្តែ លោក ហឿ រុង បានមានប្រសាសន៍នៅឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថាមិនមានភ័ស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីបទល្មើស ដើម្បីឲ្យ គ.ជ.ប. បើកកញ្ចប់សុវត្ថិភាពផ្ទៀងផ្ទាត់ទម្រង់១១០២នោះឡើយ។ លោកថ្លែងបន្តថា “ យើងអាចបើកប្រអប់សុវត្ថិភាព “ក” បានប្រសិនបើមានភ័ស្តុតាងត្រឹមត្រូវបញ្ជាក់ពីករណីទាំងនេះ។ គេមិនអាចធ្វើការបើកប្រអប់សុវត្ថិភាពដោយគ្រាន់តែពួកគេចង់ផ្ទៀងផ្ទាត់លទ្ធផលនោះឡើយ”។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍ថា ក្នុងរយៈពេលបីសប្ដាហ៍បន្ទាប់ពីការបោះឆ្នោតជាតិកន្លងមក គ.ជ.ប. ប ច្ចុប្បន្ននេះបានបញ្ចប់ការស៊ើបអង្កេតពីភាពមិនប្រក្រតី ហើយបានដកខ្លួនចេញពីវិបត្តិនយោបាយដោយមិនមានកិច្ចប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលជម្លោះដែលកើតចេញពីការបោះឆ្នោតទេ។
លោកមានប្រសាសន៍បន្តថា “ពួកគេមិនបានប្រឹងប្រែងដើម្បីធ្វើឲ្យអ្នកបោះឆ្នោតពេញចិត្តក្នុងការដោះស្រាយករណីទាំងនេះទេ។ពួកគេបានព្យាយាមជំរុញឲ្យអ្វីៗគ្រប់យ៉ាងបានលឿនទៅមុខក្នុងការដោះស្រាយជម្លោះនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបានផ្ដល់អ្វីៗទាំងអស់ទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញវិញ” ដោយបន្ថែមថា ក្រុមប្រឹក្សាធម្មនុញ្ញច្បាស់ជាគាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកថ្លែងបន្ថែមថា “គ.ជ.ប. មិនមានកិច្ចប្រឹងប្រែង និងស្ដាប់គណបក្សនយោបាយដែលមានកង្វល់អំពីភាពខុសគ្នានៃលទ្ធផលបោះឆ្នោត ឬភាពមិនប្រក្រតីក្នុងការបោះឆ្នោតឡើយ”។ ដោយគណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា គ.ជ.ប. ដឹកនាំការស៊ើបអង្កេតណាមួយលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតនោះ ការចរចារវាងគណបក្សប្រជាជន និងគណបក្សប្រឆាំងជុំវិញការបង្កើតគណៈកម្មការរួមមួយដើម្បីពិនិត្យមើលពាក្យបណ្ដឹងរបស់គណបក្សប្រឆាំងនោះបានទទួលបរាជ័យ។
លោក ជាម យៀប អ្នកដឹកនាំប្រតិភូរបស់គណបក្សប្រជាជននៅក្នុងការចរចាជាមួយ គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកនៅតែបើកចំហក្នុងការជជែកគ្នាថែមទៀត ប៉ុន្តែ ត្រូវស្ថិតនៅក្រោមអាជ្ញាធរនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកបានថ្លែងថា គណបក្សអាចជួុបគ្នាពេលណាក៏បាន ពេលថ្ងៃ ឬពេលយប់ ប៉ុន្តែ សូមអនុញ្ញាតឲ្យ គ.ជ.ប. ដឹកនាំកិច្ចប្រជុំនេះពីព្រោះច្បាប់បានផ្ដល់អំណាចឲ្យ គ.ជ.ប. ដោះស្រាយនូវភាពមិនប្រក្រតីទាំងអស់”។
ចំណែក គ.ជ.ប. បានរក្សាគោលជំហររបស់ខ្លួនក្នុងការប្រកាសលទ្ធផលចុងក្រោយតាមគម្រោងរបស់ខ្លួនដែលនឹងត្រូវចេញនៅថ្ងៃទី៨ ខែកញ្ញា ស្របពេលគណបក្សប្រជាជនកម្ពុជាបានចល័តកម្លាំង និងរថពាសដែកនៅទូទាំងប្រទេសក្នុងអ្វីដែលលោក ជាម យៀប មានប្រសាសន៍ថា គឺជាការស្របច្បាប់ក្នុងការចល័តកម្លាំងនេះដើម្បីការពារសន្តិសុខជាតិក្នុងករណីប្រឈមនឹងការគំរាមកំហែងធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតរបស់គណបក្សសង្គ្រោះជាតិ។
លោក ជាម យៀប បានថ្លែងបន្តថា “ការដាក់ពង្រាយកម្លាំងយោធា និងរថពាសដែកនៅពេលនេះគឺជាសិទ្ធិស្របច្បាប់របស់រដ្ឋាភិបាលដើម្បីធានាសន្តិសុខសាធារណៈ។ ពីព្រោះគណបក្សសង្គ្រោះជាតិបានចាញ់ឆ្នោត ហើយគណបក្សនេះបានលើកឡើងពីលទ្ធភាពក្នុងការធ្វើមហាបាតុកម្មដូច្នេះយើងចង់ការពារកុំឲ្យមានភាពចលាចលនៅក្នុងសង្គម”។
ទោះជាយ៉ាងណា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីម្សិលមិញបានអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជា “ឈប់លេងល្បែងដោយគំរាមកំហែងប្រជាពលរដ្ឋដោយប្រើប្រាស់រថក្រោះ ការចាប់ខ្លួនប្រជាពលរដ្ឋ ការបំភិតភ័យ និងការគំរាមកំហែងសកម្មជនគណបក្សសង្គ្រោះជាតិនៅតាមតំបន់ជនបទ”។
លោក កឹម សុខា មានប្រសាសន៍បន្ទាប់ពីសន្និសីទកាសែតកាលពីម្សិលមិញថា ជិតអស់ពេលវេលាសម្រាប់គណបក្សប្រជាជនកម្ពុជាអង្គុយជាមួយគណបក្សសង្គ្រោះជាតិដើម្បីស្វែងរកដំណោះដែលអាចធ្វើឲ្យអ្នកគាំទ្រគណបក្សប្រឆាំងទទួលយកបាន និងធ្វើឲ្យគណបក្សប្រឆាំងចូលរួមក្នុងកិច្ចប្រជុំសភានៅខែក្រោយ និងបង្កើតរដ្ឋាភិបាលថ្មីមួយដោយស្របច្បាប់ហើយ។
លោកថ្លែងបន្តទៀតថា “ពេលវេលាគឺស្ថិតនៅខាងយើង។ ពេលវេលាកាន់តែខ្លីទៅហើយសម្រាប់គណបក្សប្រជាជន។ ការពិតដែលថា គណបក្សប្រជាជនកម្ពុជាមិនទទួលខុសត្រូវបានបញ្ជាក់ច្បាស់ចំពោះសហគមន៍អន្តរជាតិ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋថា ពួកគេគ្មានឆន្ទៈឆ្លើយតបទៅនឹងស្ថានការណ៍បែបនេះឡើយ”៕
ប្រែសម្រួលដោយ ឃិន ណៃ