យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់លោក សុរិយា ស៊ូបេឌី ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្ដីពីកម្ពុជាបានឲ្យដឹងថា ប្រទេសកម្ពុជាគ្មានលទ្ធិប្រជាធិបតេយ្យពេញលេញ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនទេ ដោយរដ្ឋាភិបាលកាន់តែលែងអត់ឱនចំពោះការរិះគន់ដើម្បីស្ថាបនា ចំណែកឯកំណែទម្រង់ប្រព័ន្ធតុលាការ រដ្ឋសភា និងប្រព័ន្ធបោះឆ្នោតមានការយឺតយ៉ាវ។
របាយការណ៍ដ៏វែងផ្ញើជូនក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងទីក្រុងហ្សឺណែវ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលចុះថ្ងៃទី៥ ខែសីហា ប៉ុន្តែដែលត្រូវបានព្រាងឡើងនៅមុនថ្ងៃបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនោះ ធ្វើឡើងបន្ទាប់ពីបេសកកម្មលើកទី៨របស់លោកមកកាន់ប្រទេសកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១២ ដែលអំឡុងពេលនោះលោកត្រូវបានមន្ត្រីរដ្ឋាភិបាលព្រងើយកន្ដើយដាក់ ចំណែកឯបេសកកម្មលើកទី៩របស់លោក កាលពីខែឧសភា លោក សុរិយា ស៊ូបេឌី ចាត់ទុកថា “ មិនល្អ”។
របាយការណ៍នេះ ដែលជារបាយការណ៍ទី៥របស់លោកចាប់តាំងពីលោកចូលកាន់តំណែងនេះកាលពីខែមីនា ឆ្នាំ២០០៩មកនោះ មានលទ្ធផលនៃបេសកកម្មស្វែងរកការពិតលើកមុនៗទាំងអស់របស់លោក ដែលបានផ្ដោតលើកំណែទម្រង់ប្រព័ន្ធតុលាការ រដ្ឋសភា និងប្រព័ន្ធបោះឆ្នោត និងគោលនយោបាយរបស់ប្រទេសកម្ពុជាពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច។
លោក សុរិយា ស៊ូបេឌី បានលើកឡើងនៅក្នុងរបាយការណ៍របស់លោកដោយសំដៅលើរូបលោកផ្ទាល់ជាជនទី៣ថា “ការទទួលស្វាគមន៍របស់រដ្ឋាភិបាលចំពោះអ្នកធ្វើរបាយការណ៍ពិសេសអំឡុងបេសកកម្មរបស់លោកមកកាន់ប្រទេសនេះកាលពីខែធ្នូ ឆ្នាំ២០១២ គឺជាការស្វាគមន៍សោះកក្រោះដែលអំឡុងពេលនោះ គ្មានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ណាម្នាក់ជួបជាមួយលោកឡើយ។
ក្រោយពីការចេញផ្សាយរបាយការណ៍សំខាន់ពីរដោយអ្នកធ្វើរបាយការណ៍ពិសេសរូបនេះ របាយការណ៍មួយស្ដីពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងមួយទៀតស្ដីពីសម្បទានដីធ្លីផ្សេងៗទៀតនោះ លោកបានទទួលរងពាក្យសម្ដីមិនសមរម្យមួយចំនួន។ នេះជារឿងគួរឲ្យសោកស្ដាយយ៉ាងខ្លាំង នៅពេលដែលការផ្ដោតលើកិច្ចពិភាក្សារវាងអ្នកធ្វើរបាយការណ៍ពិសេសរូបនេះ និងរដ្ឋាភិបាលផ្ដោតខ្លាំងតែទៅលើកិច្ចការ ដែលអង្គការសហប្រជាជាតិប្រាប់ឲ្យលោកធ្វើ និងមិនមែនផ្ដោតលើរូបលោកក្នុងនាមលោកជាមនុស្សម្នាក់”។
លោក សុរិយា ស៊ូបេឌី ទំនងជាសំដៅដល់ពាក្យសម្ដីរបស់លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល កាលពីខែកញ្ញាឆ្នាំមុន ដែលបានចោទប្រកាន់លោក សុរិយា ស៊ូបេឌី ថា ធ្វើការឲ្យគណបក្សប្រឆាំង។ មួយខែក្រោយមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍អំឡុងសុន្ទរកថា ក្នុងពិធីប្រគល់សញ្ញាបត្រមួយថា របាយការណ៍របស់លោក សុរិយា ស៊ូបេឌី “ មិនគួរឲ្យជឿ” ហើយបានមានប្រសាសន៍ថា លោក “សោកស្ដាយ” ដែលអ្នកធ្វើរបាយការណ៍ពិសេសរូបនេះគិតថា ចំាបាច់ត្រូវធ្វើរបាយការណ៍បែបនេះ។
បុពា្វធិការី (អ្នកកាន់តំណែងមុន) របស់លោកក៏ធ្លាប់ជួបរឿងបែបនេះដែរ។ លោក យ៉ាស ហ្គាយ សាស្ត្រាចារ្យច្បាប់កេនយ៉ា បានអត់ទ្រាំនឹងពាក្យបៀតបៀនយ៉ាងច្រើនពីសំណាក់មន្ត្រីរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តងអំឡុងរយៈពេលបីឆ្នាំ ដែលលោកកាន់តំណែងជាអ្នកធ្វើរបាយការណ៍ពិសេស ហើយលោកបានលាឈប់ពីតំណែងកាលពីឆ្នាំ២០០៨ ដោយលើកឡើងពីកង្វះការគាំទ្រពីអង្គការសហប្រជាជាតិ។
លោក ភីតធើ ឡឺព្រិច សាស្ត្រាចារ្យច្បាប់អូស្ត្រាលី ដែលជាបុពា្វធិការីរបស់លោក យ៉ាស ហ្គាយ បានចុះចេញពីតំណែងបន្ទាប់ពីកាន់តំណែងបានប្រាំឆ្នាំ និងមានជម្លោះជាច្រើនជាមួយរដ្ឋាភិបាល។
បន្ទាប់ពីត្រូវរដ្ឋាភិបាលព្រងើយកន្ដើយដាក់កាលពីខែធ្នូ ឆ្នាំ២០១២ លោក សុរិយា ស៊ូបេឌី បានលើកឡើងនៅក្នុងរបាយការណ៍ចុងក្រោយរបស់លោកថា “ឱកាសខកខានសម្រាប់ការពិភាក្សាជាមួយរដ្ឋាភិបាលគឺជាឱកាសសំខាន់”។
ទោះបីជាលោក សុរិយា ស៊ូបេឌី អាចជួបជាមួយមន្ត្រីរដ្ឋាភិបាលសំខាន់ៗបាន នៅពេលលោកវិលត្រឡប់មកវិញ កាលពីខែឧសភាក៏ដោយ ក៏បេសកកម្មនេះត្រូវបានធ្វើឲ្យខូចជាថ្មីម្ដងទៀតដោយសារតែពាក្យសម្ដីមិនពិរោះស្តាប់របស់រដ្ឋាភិបាល ការចោទប្រកាន់ចំពោះបម្រាមមិនឲ្យប្រព័ន្ធផ្សព្វផ្សាយផ្សាយពីសកម្មភាពរបស់លោក និងការតវ៉ារបស់និស្សិតម្នាក់ អំឡុងពេលលោកធ្វើបាឋកថា ស្ដីពីការវិនិយោគ ដែលជាការរៀបចំឡើងដោយចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច និងបានអំពាវនាវឲ្យលោកបញ្ចប់អាណត្តិរបស់ខ្លួនក្នុងការឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
របាយការណ៍របស់លោកបានលើកឡើងថា “អ្នកធ្វើរបាយការណ៍ពិសេសសោកស្ដាយដែលលោកត្រូវជួបហេតុការណ៍មិនល្អមួយចំនួនអំឡុងបេសកកម្មនេះ។ការតវ៉ាទាំងនេះគឺជាការតវ៉ារៀបចំឡើងក្នុងបំណងបំភិតបំភ័យនិងបៀតបៀនអ្នកធ្វើរបាយការណ៍ពិសេសរូបនេះ ដើម្បីបង្វែរការចាប់អារម្មណ៍របស់លោកលើបញ្ហាសំខាន់ៗ។ លោកក៏បានរងការចោទប្រកាន់គ្មានមូលដ្ឋានថា ប្រឆាំងរដ្ឋាភិបាលទាំងលម្អៀងផងដែរ”។ របាយការណ៍នេះបានបន្តថា “នេះជាបទពិសោធដ៏អាក្រក់”។
ទោះជាយ៉ាងណា លោក សុរិយា ស៊ូបេឌី បានមានប្រសាសន៍ថា ហេតុការណ៍ទាំងនេះបានធ្វើឲ្យការប្ដេជ្ញាចិត្តរបស់លោកកាន់តែរឹងមាំទៅវិញទេ ហើយលោកត្រូវបានជំរុញលើកទឹកចិត្តដោយសារគាំទ្រចំពោះអាណត្តិរបស់លោក។
នៅក្នុងរបាយការណ៍របស់លោក សុរិយា ស៊ូបេឌី បានថ្លែងថា លោកក៏ត្រូវបានជំរុញលើកទឹកចិត្តដែរ ដោយសារការដោះលែងលោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំចេញពីពន្ធនាគារកាលពីខែមីនា បន្ទាប់ពីលោកត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទបង្កចលនាអបគមន៍តាមការចោទប្រកាន់ ដែលមជ្ឈដ្ឋានជាច្រើនជឿថា ត្រូវបានប្រឌិតឡើង។
លោកក៏បានស្វាគមន៍ដែរ ចំពោះសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកាលពីពាក់កណ្ដាលខែកក្កដា ដើម្បីអនុញ្ញាតឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមនៅក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតជាតិ។
លោកបានមានប្រសាសន៍ថា ទោះជាយ៉ាងណា “ប្រទេសកម្ពុជានៅតែមានចំណុចមួយចំនួនដែលត្រូវបំពេញនៅក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស ការពង្រឹងអភិបាលកិច្ចល្អ ពង្រឹងឯករាជភាពនិងសមត្ថភាពរបស់ស្ថាប័នដ្ឋ ដែលទទួលខុសត្រូវចំពោះការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ”។
លោក សុរិយា ស៊ូបេឌី បានមានប្រសាសន៍ថា ខណៈពេលរដ្ឋាភិបាលទទួលស្គាល់បញ្ហាទាំងនេះ ជាអ្វីដែលលោកចាត់ទុកជា “សញ្ញារីកចម្រើន” នោះ រដ្ឋាភិបាលនៅតែចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងនូវស្ថានភាពមួយចំនួនដើម្បីធ្វើឲ្យប្រាកដថា ប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពេញលេញ។
លោកបានមានប្រសាសន៍ថា “ ខណៈរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាចែងអំពីលទ្ធិប្រជាធិបតេយ្យសេរីនិយមនោះ ជាក់ស្តែងស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅទីនេះនៅមានកម្រិតនៅឡើយ។ ស្របពេលដែលដំណើរការនៃការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ សភា និងប្រព័ន្ធបោះឆ្នោតមានការយឺតយ៉ាវនោះ រដ្ឋាភិបាលនៅមិនទាន់អនុវត្តតាមអនុសាសន៍ភាគច្រើនពាក់ព័ន្ធនឹងការផ្ដល់ និងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដីសម្បទានផ្សេងៗទៀត នៅឡើយទេ”។
នៅក្នុងអនុសាសន៍របស់លោក លោក សុរិយា ស៊ូបេឌី បានផ្ដោតលើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការបង្រាបការរិះគន់ដើម្បីស្ថាបនា ដែលលោកបានមានប្រសាសន៍ថា កំពុងធ្លាក់ចុះ។ លោកបានមានប្រសាសន៍ថា “សម្រាប់ប្រជាធិបតេយ្យដំណើរការបានល្អនៅក្នុងប្រទេសកម្ពុជា និងសម្រាប់វប្បធម៌ប្រជាធិបតេយ្យចាក់ប្ញសនៅក្នុងសង្គម អ្នកដែលកាន់មុខងារសាធារណៈត្រូវតែមានឆន្ទៈក្នុងការទទួលស្គាល់គុណវិបត្តិ ពេលនោះទើបអាចរកដំណោះស្រាយឃើញ ដែលអ្នកគ្រប់គ្នាអាចទទួលយកបាន។ ការយល់ដឹងនេះ ហាក់ដូចជាមិនទាន់ទូលំទូលាយទេនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
ក្នុងនាមជាអ្នកធ្វើរបាយការណ៍ពិសេសយល់ថា ការរិះគន់មិនមែនជាបទល្មើសទេ ប៉ុន្តែគឺជាការប្រើប្រាស់សេរីភាពនៃមនសិការ ជាទង្វើឆ្លាតវ័យ។ ទាំងនេះគឺជាគុណសម្បត្តិមិនអាចកាត់ផ្ដាច់ពីគ្នាបាននៃលទ្ធិប្រជាធិបតេយ្យ។ អវត្តមានរបស់វាជាហេតុផលមួយ ដែលធ្វើឲ្យកម្ពុជាខ្វះលទ្ធិប្រជាធិបតេយ្យពេញលេញ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៅប្រទេសនេះ”។
លោកបានមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលចាំបាច់ត្រូវអនុវត្តច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញស្ដីពីការគ្រប់គ្រងប្រព័ន្ធតុលាការដើម្បីធ្វើឲ្យវាស្ថិតនៅលើមាគ៌ាឆ្ពោះទៅឯករាជភាព ខណៈដែល “ត្រូវចាត់វិធានការសមស្រប ដើម្បីពង្រឹងឯករាជភាពនិងសមត្ថភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីធ្វើឲ្យស្ថាប័នទទួលបានការជឿទុកចិត្តទាំងស្រុងពីអ្នកបោះឆ្នោតទំាងអស់នៅក្នុងប្រទេសកម្ពុជានៅក្នុងការបោះឆ្នោតលើកក្រោយៗ”។
លោក សុរិយា សូ៊បេឌី បានមានប្រសាសន៍កាលពីលើកមុនថា ការមិនអនុវត្តកំណែទម្រង់សមស្របលើគ.ជ.ប. ធ្វើឲ្យអ្នកបោះឆ្នោតមិនជឿទុកចិត្ត ហើយអាចឈានទៅការផ្ទុះអំពើហិង្សា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកយល់ស្របនឹងការវាយតម្លៃរបស់លោក សុរិយា ស៊ូបេឌី ដែលថា លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានៅមានកម្រិត ប៉ុន្តែបានមានប្រសាសន៍ថា “ខ្ញុំគិតថា អ្នកគ្រប់គ្នាដែលយល់ពីលទ្ធិប្រជាធិបតេយ្យនៅក្នុងពិភពលោកនេះដឹងថា លើលោកនេះគ្មាននរណាម្នាក់ល្អឥតខ្ចោះទេ។ [ លោក ស៊ូបេឌី] មកទីនេះក្នុងឋានៈជាដៃគូ មិនមែនជានគរបាលឡើយ។គាត់មិនមែនជាសាស្ត្រាចារ្យ ដែលមានជំនាញខាងកម្ពុជាទេ គាត់មកទីនេះដើម្បីជួយកម្ពុជា ឆ្ពោះទៅរកចំណុចមួយដែលអ្នកគ្រប់គ្នាចង់បាន។ ជាការពិតពួកគេនិយាយថា លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានៅមានកម្រិត ខ្ញុំយល់ស្រប។ នោះជាមូលហេតុដែលយើងចាំបាច់ត្រូវចាប់ដៃគូជាមួយគ្នា ដើម្បីធ្វើឲ្យវាប្រសើរឡើង។ អ្នកគ្រប់គ្នាកំពុងស្វែងរកស្ថិរភាព និងសន្ដិភាពក្រោយពីសង្គ្រាម”។
នៅពេលនិយាយដល់ចំណុចថា តើទំនាក់ទំនងរវាងរដ្ឋាភិបាលនិងលោក សុរិយា ស៊ូបេឌី បន្តឆ្ពោះទៅមុខដោយរបៀបណានោះ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “យើងគិតថា គាត់ត្រូវតែសាងទំនុកចិត្ត និងការជឿជាក់រវាងរូបគាត់ និងប្រទេសកម្ពុជាដើម្បីធ្វើការរួមគ្នា”៕
ប្រែសម្រួលដោយ តែម សុខុម