លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានត្រឡប់មកប្រទេសកម្ពុជាវិញកាលពីថ្ងៃសុក្រ បន្ទាប់ពីបានធ្វើទស្សនកិច្ចរយៈពេល១១ថ្ងៃ នៅសហរដ្ឋអាមេរិក ហើយបានចោទប្រកាន់គណបក្សកាន់អំណាយថា កំសាក និងបានលួចសន្លឹកឆ្នោតក្នុងការបោះឆ្នោតជាតិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ខែកក្កដា ពីគណបក្សរបស់លោក។

អ្នកគាំទ្រពីរបីរយនាក់បានតម្រង់ជួរគ្នានៅតាមដងផ្លូវខាងក្រៅច្រកមកដល់វីអាយភី នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួលស្វាគមន៍លោក សម រង្ស៊ី ដែលបានវិលត្រឡប់មកវិញ បន្ទាប់ពីបានបំពេញដំណើរទស្សនកិច្ចរបស់លោក។ អំឡុងដំណើរទស្សនកិច្ចនោះ លោកបានចូលរួមពិធីអាពាហ៌ពិពាហ៌កូនស្រីរបស់លោក និងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់ការិយាល័យកិច្ចការនយោបាយ នៃអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក។
លោក សម រង្ស៊ី ត្រូវបានអ្នកគាំទ្រឡោមព័ទ្ធជុំវិញ នៅពេលលោកមកដល់ទីក្រុងភ្នំពេញភ្លាមហើយបានធ្វើដំណើរដោយថ្មើរជើង ដើម្បីស្វាគមន៍អ្នកគាំទ្រទាំងឡាយ ជាហេតុបណ្តាលឲ្យចរាចរណ៍ត្រូវស្ទះនៅតាមផ្លូវ នៅពេលប្រជាជនឈរ និងស្រែកឲ្យមានការផ្លាស់ប្តូរ ដោយលើកម្រាមដៃប្រាំពីរឡើង ដើម្បីជាសញ្ញាតំណាងឲ្យលេខរៀងរបស់គណបក្សនៅលើសន្លឹកឆ្នោត។ បន្ទាប់មក លោកបានធ្វើដំណើរដោយរថយន្ត ទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅក្នុងសង្កាត់ចាក់អង្រែក្រោម។
លោកបានមានប្រសាសន៍នៅពេលលោកចាកចេញពីថ្លោងទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា “ពួកគេការពារជោគជ័យរបស់ប្រជាជនកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជាបានប្លន់ពីយើង។ យើងត្រូវតែរៀបចំវិធានការនានា និងផ្តួចផ្តើមអ្វីគ្រប់យ៉ាង ដើម្បីទាមទារយុត្តិធម៌ សម្រាប់ប្រជាជនកម្ពុជា”។
ថ្លែងពីតុកិត្តិយស ទៅកាន់ប្រជាជនប្រហែល២០០នាក់ នៅខាងក្រៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានរៀបរាប់អំពីជំនួបទាំងឡាយដែលលោកបានធ្វើឡើង ជាមួយមន្ត្រីអង្គការសហប្រជាជាតិ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ហើយលោកបានលើកឡើងថា “ពួកគេបានឃើញច្បាស់ណាស់ថាគណបក្សសង្គ្រោះជាតិ ទទួលបានសម្លេងភាគច្រើន។ ដូច្នេះហេតុអ្វីបានជាគណបក្សផ្សេងហ៊ាននិយាយថា ខ្លួនឈ្នះ? គ្មានអ្នកណាគេជឿទេ”។
លោកបានថ្លែងបន្ថែមទៀតថា គណបក្សកាន់អំណាច ដែលកំពុងអះអាងថា ខ្លួនទទួលបាន៦៨អាសនៈ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចូលដៃចូលជើង ជាមួយគណបក្សប្រជាជនកម្ពុជា បានស៊ុមគ្រលំគ្នាលួចឈ្មោះអ្នកបោះឆ្នោត១,៣លាននាក់ ពីគណបក្សសង្គ្រោះជាតិ។
លោកបានមានប្រសាសន៍បន្តថា “តាមលទ្ធផលប៉ះបឋម គ.ជ.ប. និងគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ពួកគេទទួលបាន៣,២លានសម្លេង ហើយគណបក្សសង្គ្រោះជាតិទទួលបាន២,៩លានសម្លេង”។ លោកបានអះអាងថា ឈ្មោះ “ខ្មោច” ចំនួនមួយលាន ដែលមាននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ក៏ត្រូវបានប្រើប្រាស់ដើម្បីបង្កើនចំនួនសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
អំឡុងអវត្តមានរបស់លោក សម រង្ស៊ី រដ្ឋាភិបាលបានចាប់ផ្តើមបង្ហាញសាច់ដុំផ្នែកយោធាកាន់តែធំឡើងៗ ដោយបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ នៅតាមតំបន់ជាយរាជធានីភ្នំពេញ និងរបាំងបន្លាលួសកាន់តែច្រើន។ មន្ត្រីនានាបាននិយាយថា ការបង្ហាញភាពខ្លាំងបែបនេះ គឺជាផ្នែកមួយនៃការត្រៀមទប់ទល់បាតុកម្មតវ៉ាប្រឆាំងលទ្ធផលនៃការបោះឆ្នោត។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “គណបក្សប្រជាជនកំសាកណាស់។ គេចាញ់ការបោះឆ្នោតហើយ ប៉ុន្តែ ឥឡូវពួកគេកំពុងតែប្រើប្រាស់កម្លាំងប្រដាបអាវុធ មកគំរាមកំហែងប្រជាជនកម្ពុជា។ ថោកណាស់ កំសាកណាស់”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “កម្លាំងប្រដាប់អាវុធ និងរថពាសដែក គួរតែត្រូវបានយកទៅព្រំដែនថៃ និងវៀតណាម ដើម្បីការពារពួកយើង ពីព្រោះប្រទេសថៃ និងប្រទេសវៀតណាម ចង់លួចទឹកដីរបស់ប្រទេសកម្ពុជា”។ លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍បន្តទៀតថា “ពួកគេមិនគួរប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងរថពាសដែក មកបំភិតបំភ័យប្រជាជននៅកណ្តាលទីក្រុងភ្នំពេញទេ”។
គណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពនេះ បានឲ្យដឹងតាំងពីពេលបោះឆ្នោតថា បាតុកម្មដោយសន្តិវិធីអាចជាជម្រើសចុងក្រោយ ហើយកាលពីថ្ងៃព្រហស្បតិ៍ លោក កឹម សុខា អនុប្រធានគណបក្សនេះ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ធ្វើមហាបាតុកម្មនិងធ្វើពហិការសភា។ កាលពីម្សិលមិញផងដែរ លោក សម រង្ស៊ី បានលើកឡើងអំពីរឿងនេះដែរ ក៏ប៉ុន្តែ មិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់ទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំជំរាបប្រជាជនទាំងអស់ថា ដោយចាប់ផ្តើមពេលឥឡូវនេះទៅ យើងនឹងរៀបចំព្រឹត្តិការណ៍ជាច្រើន ទៅតាមដំណាក់កាល ដើម្បីការពារជ័យជម្នះរបស់យើង និងដើម្បីសង្គ្រោះជាតិរបស់យើង ពីព្រោះប្រជាជនកម្ពុជា ដាច់ខាតទាមទារឲ្យមានការផ្លាស់ប្តូរ”។
នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ អ្នកស្រី សេង គឹមស្រ៊ុន អាយុ៤០ឆ្នាំ បានលើកឡើងថា អ្នកស្រីបាន ត្រៀមខ្លួនរួចជាសម្រេច និងមានហ៊ានលះបង់ជីវិតរបស់អ្នកស្រីដើម្បីគណបក្ស ប្រសិនបើមានវាយប្រហារដោយកម្លាំងយោធាណាមួយចេញពីរដ្ឋាភិបាល ទៅលើបាតុកម្ម។ អ្នកស្រីបានបញ្ជាក់ថា “ខ្ញុំមិនអាចទទួលយក [លទ្ធផលនេះ] បានទេ។ ប្រសិនបើមានបាតុកម្ម ខ្ញុំនឹងចូលរួម។ ខ្ញុំមិនខ្លាចទេ ហើយខ្ញុំហ៊ានលះបង់ជីវិតរបស់ខ្ញុំ”៕
(រាយការណ៍បន្ថែមដោយ Lauren Crothers)
ប្រែសម្រួលដោយ កង សុធា