មន្ត្រីរដ្ឋាភិបាលបានលើកឡើងកាលពីថ្ងៃសុក្រថា រថពាសដែក និងរថយន្តមានជើងទម្រសម្រាប់បាញ់គ្រាប់រ៉ុកកែតដែលបានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានទិញពីប្រទេសចិន កាលពីឆ្នាំមុន ហើយមិនមានជាប់ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការបង្កើនសន្ដិសុខជុំវិញក្ដីព្រួយបារម្ភខ្លាចក្រែងគណបក្សប្រឆាំង នឹងធ្វើមហាបាតុកម្មជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតកាលពីខែមុននោះឡើយ។
លោក ជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ពេលវេលា ដែលត្រូវដឹកយកមក គឺវាចំពេលនេះតែម្ដង ហើយប្រទេសកម្ពុជាបានទិញបរិក្ខារយោធានេះ ដោយប្រើថវិកាជាតិ តែលោកមិនបាននិយាយថា តើបរិក្ខារយោធាទាំងនេះត្រូវចំណាយថវិកាអស់ប៉ុន្មាននោះទេ។
លោក ជាន យៀប បានមានប្រសាសន៍ថា “បរិក្ខារយោធាទាំងនេះត្រូវបានទិញពីប្រទេសចិនកាលពីឆ្នាំមុន”។ លោកបានថ្លែងដោយសំដៅទៅលើពេលវេលានៃការដឹកជញ្ជូនថា “វាគ្រាន់តែជាការគាប់ជួនគ្នាប៉ុណ្ណោះ”។ លោកមិនបានលើកឡើងថា តើរថពាសដែក និងរថយន្តមានជើងទម្រសម្រាប់បាញ់គ្រាប់រ៉ុកកែត ដែលត្រូវបានដឹកទៅភាគខាងជើងតាមផ្លូវជាតិលេខបួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នឹងត្រូវយកទៅទីណានោះទេ។
សាក្សីនៅក្នុងខេត្តព្រះសីហនុបាននិយាយថា ពួកគេបានឃើញរថពាសដែកជាង២០គ្រឿងរួមទាំង BM-21 ជាប្រភេទរថយន្តមានជើងទម្រសម្រាប់បាញ់គ្រាប់រ៉ុកកែតច្រើនកាណុង និងរថក្រោះយ៉ាងតិចណាស់ចំនួន១៦គ្រឿងបានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ការដឹកជញ្ជូនបរិក្ខារយោធាទាំងនេះបានកើតឡើងមិនដល់បីសប្ដាហ៍ផង បន្ទាប់ពីការបោះឆ្នោតជាតិ ដែលមានជម្លោះ កាលពីថ្ងៃទី២៨ ខែកក្កដា ហើយវាបានកើតឡើងស្របពេលដែលមានការបង្កើនសន្ដិសុខនៅក្នុងនិងជុំវិញរាជធានីភ្នំពេញ។ កាលពីសប្ដាហ៍មុន រថពាសដែកជាច្រើនគ្រឿងត្រូវបានបញ្ជូនពីព្រំដែនថៃទៅកាន់កន្លែងនានានៅខាងក្រៅរាជធានីភ្នំពេញ ហើយទាហានរាប់រយនាក់ក៏ត្រូវបានផ្លាស់ទីពីខេត្តនានាដែលខ្លួនឈរជើងមកក្បែររាជធានីផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានលើកឡើងកាលពីថ្ងៃសុក្រដែរថា កិច្ចព្រមព្រៀងទិញបរិក្ខារយោធាទាំងនេះត្រូវបានចុះហត្ថលេខានៅមុនថ្ងៃបោះឆ្នោតជាតិ។ លោក ផៃ ស៊ីផាន បានថ្លែងថា “ការទិញនេះត្រូវបានគ្រោងទុកជាយូរមកហើយ ហើយពេលវេលាដែលត្រូវដឹក គឺអំឡុងពេលនេះ។ យើងមានសិទ្ធិទិញបរិក្ខារយោធាទាំងនេះ”។ លោកបានបន្ថែមថា រថក្រោះ និងរថយន្តមានជើងទម្រសម្រាប់បាញ់គ្រាប់រ៉ុកកែត នឹងជួយពង្រឹងបន្ថែមលើបរិក្ខារយោធា ដែលប្រទេសកម្ពុជាមានសព្វថ្ងៃ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃព្រហស្បតិ៍បានថ្លែងថា រថពាសដែកទាំងនេះនឹងត្រូវយកមកប្រើ ដើម្បីការពារជាតិ និងដើម្បី “បង្រាបជនណាដែលព្យាយាមបំផ្លាញជាតិ”។ នៅពេលសួរថា តើការគំរាមកំហែងអ្វី ដែលប្រទេសកម្ពុជាត្រូវការការពារ លោក ផៃ ស៊ីផាន កាលពីថ្ងៃសុក្របានសំដៅទៅលើជម្លោះកាលពីអតីតកាលជាមួយប្រទេសជិតខាង។
លោក ផៃ ស៊ីផាន បានថ្លែងថា “យើងដឹងអំពីជម្លោះរវាង [ប្រទេសកម្ពុជា] និងប្រទេសថៃព្រមទាំងប្រទេសផ្សេងៗទៀតផងដែរ ហេតុដូច្នេះហើយយើងត្រូវតែពង្រឹងសមត្ថភាពយោធារបស់យើង”៕
ប្រែសម្រួលដោយ ស៊ា សុ៊យឈាង