ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា កាលពីថ្ងៃសៅរ៍ កងរាជអាវុធហត្ថជាង១.០០០នាក់បានចូលរួមក្នុងការហ្វឹកហ្វឺនស្របតាមស្ថានការណ៍ ដើម្បីត្រៀមទប់ទល់ករណីដែលបាតុកម្មតវ៉ាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែមុនដ៏ចម្រូងចម្រាសកើតឡើង។កងរាជអាវុធហត្ថពាក់អាវក្រោះត្រូវបានហ្វឹកហ្វឺនពីរបៀបគ្រប់គ្រងក្រុមមនុស្សនិងពីការទប់ទល់កុបកម្ម តាមរយៈការហ្វឹកហាត់សម្តែងជាឈុតបញ្ចេញប្រតិកម្មចំពោះមហាបាតុកម្ម រាប់ទាំងការប្រើខែលនិងដំបងឆក់ផងដែរ។

លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានមានប្រសាសន៍កាលពីម្សិលមិញអំពីការហ្វឹកហ្វឺននៅពហុកីឡាដ្ឋានអូរឡាំពិកក្នុងរាជធានីភ្នំពេញថា “យើងបានហ្វឹកហ្វឺនពួកគេតាមយុទ្ធសាស្ត្ររបស់យើងដើម្បីទប់ទល់មហាបាតុកម្ម។ ប្រសិនបាតុករប្រើអំពើហិង្សា យើងនឹងបង្ក្រាបពួកគេ លែងតែគ្មានអាវុធ។ប្រសិនពួកគេប្រើអាវុធ យើងនឹងប្រើអាវុធរបស់យើងទប់ទល់ពួកគេវិញ”។
ខ្សែវីដេអូអំពីវគ្គហ្វឹកហ្វឺននេះ ដែលបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុក បង្ហាញក្រុមបុរសគ្មានអាវុធស្លៀកពាក់ឯកសណ្ឋាន ធ្វើជាអ្នកតវ៉ាព្យាយាមរុញច្រានជញ្ជាំងកម្លាំងកងរាជអាវធហត្ថ ដែលកាន់ខែលធំៗ និងដំបងឆក់។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងបានគំរាមធ្វើការតវ៉ាម្តងហើយម្តងទៀត ចាប់តាំងពីគណបក្សទាំងពីរបានអះអាងរៀងៗខ្លួនថា ខ្លួនបានឈ្នះការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ដោយគណបក្សសង្គ្រោះជាតិចោទថា មានការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើន។ ទោះជាយ៉ាងណា ពួកគេថា ការអំពាវនាវធ្វើបាតុកម្ម គឺជាជម្រើសចុងក្រោយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងម្តងទៀតកាលពីម្សិលមិញថា នឹងមានការអំពាវនាវធ្វើមហាបាតុកម្ម ប្រសិនបើការចរចាអំពីការស៊ើបអង្កេតឯករាជ្យមួយចំពោះភាពមិនប្រក្រតី ទទួលបរាជ័យ។
លោក សុវណ្ណ បានមានប្រសាសន៍ថា “មិនទាន់មានកាលបរិច្ឆេទសម្រាប់ការធ្វើបាតុកម្មទេ វាជាជម្រើសចុងក្រោយ ហើយសម្រាប់ពេលនេះ យើងនៅតែមានឱកាសរកដំណោះស្រាយដោយសន្តិវិធី”។ លោកបានបន្ថែមថា បាតុកម្មណាមួយ ដែលដឹកនាំដោយគណបក្សនេះ នឹងប្រព្រឹត្តទៅប្រកបដោយសន្តិវិធី។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា វាជាភារកិច្ចរបស់រដ្ឋាភិបាលដើម្បីធានាថា យោធាត្រូវបានហ្វឹកហាត់ដើម្បីបញ្ចេញប្រតិកម្មដោយសមស្របចំពោះការតវ៉ា។ លោកបានមានប្រសាសន៍ថា “ យើងត្រូវធានាថា អ្វីៗស្ថិតក្រោមការគ្រប់គ្រង”។
លោក ផៃ ស៊ីផាន បន្ថែមថា ដោយសំដៅទៅលើប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិថា “ខ្ញុំមិនដឹងថា កុបកម្មនឹងកើតឡើងនៅពេលណាទេ មានតែលោក សម រង្ស៊ី និងលោក កឹម សុខា ទេ ទើបដឹង”។
ការហ្វឹកហ្វឺនកងរាជអាវុធហត្ថធ្វើឡើងចំពេលមានការបង្កើនសន្តិសុខទូទៅក្រោយការបោះឆ្នោត ដែលគេឃើញមានរថពាសដែកត្រូវបានដាក់ពង្រាយនៅក្រៅរាជធានីភ្នំពេញ និងរបាំងលួសបន្លាដឹកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី។ កាលពីសប្តាហ៍មុន រថក្រោះ និងជើងទម្រគ្រាប់រ៉ុកកែតបានមកដល់កំពង់ផែស្វយ័តខេត្តព្រះសីហនុ ប៉ុន្តែរដ្ឋាភិបាលបានឲ្យដឹងថា ការដឹកជញ្ជូននេះគ្រោងធ្វើនៅពេលណាក៏បានដែរ ហើយវាមិនទាក់ទងនឹងការបោះឆ្នោតឡើយ។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងកាលពីម្សិលមិញថា ការហ្វឹកហាត់ស្របតាមស្ថានការណ៍នេះមិនមែនសុទ្ធតែអាក្រក់នោះទេ។ លោកស្រីបានបន្តថា “បាតុករ និងនគរបាលចាំបាច់ត្រូវតែហ្វឹកហាត់ពីរបៀបធ្វើបាតុកម្មដោយសន្តិវិធី។ប្រសិនពួកគេមិនហ្វឹកហាត់ទេ ពេលនោះវាអាចគ្រប់គ្រងលែងបាន ហើយវាអាចបង្កឲ្យមានគ្រោះថ្នាក់”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី