29 C
Phnom Penh

​ក្រុម​ហ៊ុន​ ប៊ីអេជ​ភី ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​យុត្តិធម៌​ ​និ​ង​ស្ថាប័ន​និយតកម្ម​ហិរញ្ញ​វត្ថុ​សហរដ្ឋ​អាមេរិក​​ បាន​ជូន​ដំណឹង​ដល់​ក្រុម​ហ៊ុន​ ប៊ីអេជ​ភី ប៊ីលីតុន (BHP Bil​lit​on​) ​ដែល​ជា​ក្រុម​ហ៊ុន​រុករក​រ៉ែ​ដ៏​ធំមួយ​មា​ន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលីថា ក្រុម​ហ៊ុន​នេះ​នៅតែស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់ថា ​បាន​សូក​ប៉ាន់​មន្ត្រី​នៅ​ក្រៅប្រ​ទេ​ស​។​​ ​ការ​ចោទ​ប្រកាន់​នោះក៏មានការ​អះ​អាង​​ថា ក្រុម​ហ៊ុន​នេះ​បង់​ប្រាក់​មិន​សម​ស្រប​ ឲ្យ​មន្ត្រី​រដ្ឋាភិ​បាល​កម្ពុជាផង​ដែរ​។​

​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ពិនិត្យ​មើល​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០​០​៦​ដោ​យ​ផ្ទា​ល់។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ប​ង្កើត​ឡើង​ សម្រាប់​ឲ្យ​ក្រុម​ហ៊ុន ប៊ីអេជ​ភី ប៊ីលីតុន ​រុក​រក​រ៉ែ​បុកស៊ីត​ នៅ​លើ​ដី​ទំហំ​១​០​០.០០​០​ ក្នុងខេត្ត​រតនគិរី​។ ​ក្រុម​ហ៊ុន​នេះបាន​ដក​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​២០០៩ ​នៅ​ពេល​គណៈ​កម្មាធិការ​មូល​បត្រ​សហរដ្ឋ​អាមេរិក បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ផ្តល់​ភ័ស្តុ​តាង​ពាក់​ព័ន្ធ​នឹងការ​ទូទាត់​​​ដែល​​​​​​ប្រហែល​​​ជា​​​ល្មើស​​​ច្បាប់​​​ប្រឆាំង​​​អំពើពុក​​​រលួយ​​​នៅ​​​ក្រៅ​​​ប្រទេស​​​របស់​​​សហ​​​រដ្ឋអាមេរិក។

ព័ត៌មាន​​​ទាក់ទង​​​ទៅ​​​នឹង​​​ប្រតិបត្តិការ​​​ស៊ើប​​​អង្កេត​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ បាន​​​លេច​​​ឡើង​​​កាលពីខែ​​​មេសា ឆ្នាំ​​​២០១០ ក៏ប៉ុន្តែ​​​តាំង​​​ពី​ពេល​​​នោះ​​​មក មាន​​​វឌ្ឍនភាព​​​បន្តិច​​​បន្តួច​​​​​​ត្រូវ​​​បាន​​​រាយការណ៍​​​។ ក្រុម​​​នគរ​​​បាល​​​សហព័ន្ធ​​​អូស្ត្រាលី (AFP) បាន​​​ចាប់​​​ផ្ដើមប្រតិបត្តិការ​​​ស៊ើប​​​អង្កេត​​​របស់​​​ខ្លួន​​​ផ្ទាល់​​​កាលពី​​​ខែ​​​កុម្ភៈ​​​បន្ទាប់​​​ពី​​​អង្គការ​​​សម្រាប់​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​ និង​​​អភិវឌ្ឍន៍​​​សេដ្ឋកិច្ច​​​ (OECD) បាន​​​រិះគន់​​​នៅ​​​ក្នុង​​​របាយការណ៍​​​របស់ខ្លួន​​​ទៅ​​​លើ​​​ការ​​​អនុវត្ត​​​របស់​​​ប្រទេស​​​អូស្ត្រាលី លើ​​​វិធាន​​​ប្រឆាំង​​​​នឹង​​​ការ​​​សូក​​​ប៉ាន់​​​របស់​​​អង្គការ​​​ OECD ដោយ​​​បាន​​​លើក​​​ឡើង​​​នូវ​​​គំរូមួយ ​​​ដែល​​​ជា​​​ករណី​​​ក្រុម​​​ហ៊ុន​​​មិន​​​ត្រូវ​​​បាន​​​បញ្ចេញ​​​ឈ្មោះ ក៏​​​ប៉ុន្តែ​​​គេ​​​ជឿ​​​ថា ជាក្រុម​​​ហ៊ុន ​ប៊ីអេជភី ​ប៊ីលី​តុន។

នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែងការណ៍​​​កាលពី​​​ថ្ងៃ​​​សុក្រ ក្រុមហ៊ុន​ ប៊ីអេជភី ប៊ីលីតុន បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​បញ្ជូន​ភ័ស្តុតាង​​​ឲ្យ​​​ក្រសួង​​​យុត្តិ​ធម៌​​​សហរដ្ឋអាមេរិក​​​ពិនិត្យ​​​រួច​​​ហើយ ហើយ​​​បាន​​​និង​​​កំពុង​​​សហការ​​​ជាមួយ​​​អាជ្ញាធរ​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​ផង​​​ដែរ​​​។​ សេចក្ដីថ្លែងការណ៍​​​នោះមាន​​​ខ្លឹម​​​សារ​​​ថា  “ជា​​​ផ្នែក​​​មួយ​​​នៃ​​​នីតិ​​​វិធី​​​សហរដ្ឋ​​​អាមេរិក ​គណៈ​កម្មាធិការ​​​មូល​​​បត្រ​​​សហ​​​រដ្ឋ​​​អាមេរិក និង​​​ក្រសួង​​​​យុត្តិ​​​ធម៌​​​សហរដ្ឋ​​​អាមេរិក កាលពី​​​ពេល​​​ថ្មីៗ​​​នេះបាន​​​ធ្វើ​​​ការ​​​កត់​​​សម្គាល់​​​ទៅ​​​លើ​​​ក្រុម​​​ហ៊ុន​​​នេះ​​​ ជុំវិញ​​​បញ្ហា​​​នានា​​​ ដែល​​​ស្ថាប័ន​​​ទាំង​​​ពីរ​​​យល់​​​ឃើញ​​​ថា ប្រហែល​​​ជា​​​អាច​​​បង្កើត​​​មូល​​​ដ្ឋាន​​​នៃ​​​ចំណាត់ការ​​​ផ្នែក​​​ច្បាប់ ​​​ហើយ​​​កិច្ច​​​ពិភាក្សា​​​​កំពុង​​​តែ​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​”។​​​

​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​នេះ​​​​​​មិន​​​បាន​​​ប​​​ញ្ជា​​​ក់​​​ពី​​​ប្រទេស​​​កម្ពុជា​​​ទេ​​​ ក៏ប៉ុន្តែ ​​​បាន​​​បង្ហាញ​​​ខ្លឹម​​​សារ​​​ទាក់​​​ទង​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​នៅ​​​ប្រទេស​​​ចិន​​​និង​​​នៅ​​​ប្រទេស​​​ផ្សេងៗ​​​ទៀត។ សេចក្ដី​ថ្លែង​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ទៀត​​​ថា “បញ្ហា​​​នានា​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​បញ្ហា​​​ទាក់​​​ទិន​​​នឹង​​​ការ​​​រុក​​​រក​​​រ៉ែ​​​ និង​​​ការ​​​អភិវឌ្ឍ​​​ដែល​​​បាន​​​បញ្ចប់​​​កាលពី​​​ពេល​​​កន្លង​​​មក​​​ ព្រម​​​ទាំង​​​ទាក់​​​ទង​​​នឹង​​​បដិ​សណ្ឋារ​កិច្ច​​​ដែល​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ការ​​​ឧបត្ថម្ភ​​​របស់​​​ក្រុម​ហ៊ុន​​​នេះ​​​សម្រាប់ព្រឹត្តិការណ៍​​​ប្រកួត​​​កីឡា​អូឡាំ​ពិក​​​នៅ​​​ទីក្រុង​​​ប៉េកាំង​​​ ឆ្នាំ២០០៨”។

សេចក្តីថ្លែង​​​ការ​​​ណ៍​​​ដដែល​​​មានខ្លឹម​​​សា​​​រ​បន្ត​​​ទៀតថា “ស្ថិត​​​ក្នុងស្ថានភាព​​​មាន​​​ព​​​ន្លឺនៃ​ការ​​​បន្ត​​​ប្រតិបត្តិការ​​​ស៊ើបអង្កេត​​​នេះ នេះ​​​មិន​មាន​​​ជា​​​ដំណាក់​​​កាល​​​សមស្រប​​​ស​​​ម្រាប់​​​ក្រុម​​​ហ៊ុន ប៊ីអេជ​​​ភី ប៊ីលីតុន ក្នុង​​​ការ​​​ធ្វើ​​​សេចក្តី​អត្ថា​ធិប្បាយ​​​បន្ថែម ឬក៏​​​ទស្ស​​​ន៍​​​ទាយ​​​លទ្ធផល​​​ទេ​​​”។​​​ តួលេខ​​​ការទូត​​​ចេញ​​​ផ្សាយ​​​កាលពី​​​ខែ​​​មីនា​ ក្រោម​​​ច្បាប់​​​សេរីភាព​​​ទទួល​​​បាន​​​ព័ត៌មាន​​​នៃ​​​ប្រទេស​​​​អូស្ត្រាលី បាន​​​លាត​​​ត្រដាង​​​អំពី​​​ការ​​​ពាក់​​​ព័ន្ធយ៉ាង​​​សកម្ម​​​របស់ស្ថានទូត​​​អូស្ត្រា​លី​ប្រចាំ​​​ទីក្រុង​​​ភ្នំពេញនិង​​​លោក ​ហ៊ុន ​សែន ​នៅ​​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​រ៉ែបុក​​​ស៊ីត ក្នុង​​​ខេត្ត​​​មណ្ឌល​​​​​គិរី។

នៅ​​​ពេល​​​លោក ហ៊ុន សែន បាន​​​ស្ថិត​​​នៅ​​​​ប្រទេស​​​អូស្ត្រាលី ដើម្បី​​​ចុះហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ លោក ​លឹម ​គាន​ហោ ​​រដ្ឋមន្ត្រីក្រសួង​​​ធនធាន​​​ទឹក និងឧតុនិយម បាន​​​ប្រាប់​​​រដ្ឋសភាថា លោក​​​នាយក​​​រដ្ឋមន្ត្រី ​ហ៊ុន ​សែន បាន​​​ទូរស័ព្ទ​​​មក​​​លោក​​​ ​ហើយ​​​និយាយ​​​ថា ក្រុម​​​ហ៊ុន ប៊ីអេជភី ប៊ីលីតុន បាន​​​យល់​​​ព្រម​​​ផ្ដល់​​​ប្រាក់​​​ទឹក​​​តែ​​​ចំនួន​​​២,៥លាន​​​ដុល្លារ។ ពាក្យ​​​ថា “ប្រាក់​​​ទឹកតែ” ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​​យ៉ាង​​​ទូលំទូលាយ​​​ ដើម្បី​​​សំដៅ​​​ទៅ​​​លើ​​​ប្រាក់​​​សូក​​​ប៉ាន់​​​។

រដ្ឋា​​​ភិបាល​​​បាន​​​អះអាងថា ប្រាក់​​​ដែល​​​ក្រុម​​​ហ៊ុន​​​ ប៊ីអេជភី ប៊ីលីតុន យល់​​​ព្រម​​​ផ្ដល់​​​ឲ្យ​​​ក្រៅ​​​ពី​​​ប្រាក់​​​១លាន​​​ដុល្លារ សម្រាប់​​​អាជ្ញា​ប័ណ្ណ​​​រុក​​​រក​​​រ៉ែ​​​បុក​​​ស៊ីតទំាង​​​នេះ​​​ត្រូវ​​​បាន​​​ដាក់​​​បញ្ចូល​​​ទៅ​​​ក្នុង​​​ “មូលនិធិសង្គម”។​

កាលពីខែ​​​មីនា អង្គភាព​​​ព័ត៌មាន​​​ និង​​​ប្រតិ​កម្ម​​​រហ័សនៃ​​​​​​ទីស្ដីការ​​​គណៈ​​​រដ្ឋមន្ត្រី​​​បាន​​​វាយ​​​បក​​​ទៅ​​​នឹង​​​អ្វី​​​ដែល​​​ខ្លួន​​​ហៅថា ​​​សេ​​​ចក្តីរាយ​​​​​​​​ការណ៍​​​មាន​​​បំណង​​​អាក្រក់​​​ រប​​​ស់​​​សារ​​​ព័ត៌មាន​​​អូស្ត្រាលី ដែល​​​លើក​​​ឡើង​​​ពី​​​ការ​​​ពាក់​​​ព័ន្ធ​របស់​​​លោក​​​ ហ៊ុ​​​ន សែន​​​ ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​កាលពីឆ្នាំ​​​២០០៦​​​។

ប្រតិកម្ម​​​តប​​​នេះ​​​បាន​​​បញ្ជាក់​​​ថា  ​​​តួនាទី​​​បែប​​​នេះ​​​គឺជា​​​ផ្នែកជា​​​ប្រចាំ​​​មួយនៃ​​​ការងារ​​​របស់​​​នាយករដ្ឋ​​​មន្ត្រី ហើយ​​​អង្គភាព​​​នេះបានអះ​​​អាង​​​ថា ​​​មានប្រាក់តែ​​​១,៣​​​លា​​​ន​​​ដុល្លារ​​​​ប៉ុណ្ណោះ ដែល​​​ធ្លាប់​​​ត្រូវ​​​បាន​​​បង់​​​ឲ្យ​​​រដ្ឋាភិ​បាល តាំង​​​ពី​​​គម្រោង​​​នេះ​​​លែង​​​ដំ​​​ណើរ​​​ការ​​​។ ​​​កាល​ពី​​​ខែ​​​មិថុនា ​​​ក្រុម​​​នគរ​​​បា​​​ល​​​សហព័ន្ធអូស្ត្រាលី ​​​បាន​​​ឲ្យដឹងថា កាលពី​​​ដំបូង ខ្លួន​​​បា​​​នបញ្ឈប់​​​ការ​​​ស៊ើប​​​អង្កេត​​​ករ​​​ណីកិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ ដោយ​​​សារ​​​តែអា​​​ជ្ញាធរ​​​សហរដ្ឋអាមេរិក​​​ បាន​​​ដាក់​​​ចេញ​​​នូវ​​​ប្រតិ​​​បត្តិការ​​​ស៊ើប​​​អង្កេត​​​របស់​ខ្លួន​​​ផ្ទាល់។

​​​ស្ត្រីអ្នកនាំពាក្យក្រុម​​​នគរបាល​​​សហ​​​ព័​​​​​​ន្ធ​​​អូស្ត្រាលី ​​​បាន​​​និយាយថា “នៅ​​​ក្នុង​​​កិច្ច​​​ពិ​​​ភាក្សា​​​ជាមួយ​​​អាជ្ញាធរ​​​ កាលពីខែ​​​កុម្ភៈ​​​ឆ្នាំ​​​២​​​០១៣​​​ ក្រុម​​​នគរ​​​បាល​​​សហព័ន្ធអូស្ត្រាលី បាន​​​ស៊ើប​​​អង្កេត​​​ជន​​​ជាតិអូស្ត្រាលី ដែ​​​ល​​​បា​​​ន​​​កំណត់​​​អត្តសញ្ញាណ​​​ អំ​​​ឡុង​​​ប្រតិបត្តិ​​​ការ​​​ស៊ើប​​​អង្កេត​​​របស់សហរដ្ឋ​​​អាមេរិក​​​”៕

ប្រែ​​​សម្រួលដោយ កង សុធា​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស