មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងកាលពីម្សិលមិញថា គេហទំព័ររបស់រដ្ឋាភិបាលដែលត្រូវបានក្រុមអ្នកលុកលុយគេហទំព័រឥណ្ឌូណេស៊ីមួយក្រុមលួចចូល កាលពីជាងមួយសប្តាហ៍មុន មិនទាន់ជួសជុលរួចនៅឡើយទេ។
គេហទំព័ររបស់នាយកដ្ឋានជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្មត្រូវបានលួចកម្ទេចដោយពួកអ្នកលុកលុយគេហទំព័រមួយក្រុមឈ្មោះ ណាតស៊ុ ០០៧ (Natsu 007) ដែលជាសមាជិករបស់ក្រុមវាយលុកគេហទំព័រ (Muslim Fighter 007)។
គេហទំព័រនេះនៅតែបើកមិនចេញ ដោយគ្រាន់តែបង្ហាញរូបភាពបុរសគ្មានក្បាលស្លៀកពាក់ឯកសណ្ឋានសម្គាល់ក្រុមអ្នកវាយលុកគេហទំព័រមិនស្គាល់អត្តសញ្ញាណ ដែលត្រូវបានគេបង្កើតឡើងក្នុងពណ៌មួយផ្សេងពីទង់ជាតិឥណ្ឌូណេស៊ី និងមានពាក្យស្លោកថា “យើងមិនភ្លេចទេ យើងមិនលើកលែងទេ”។ ក្រុមអ្នកវាយលុកគេហទំព័រនេះក៏បានបិទសេចក្ដីប្រកាសឯករាជ្យឥណ្ឌូណេស៊ី ដែលទទួលបានពីការគ្រប់គ្រងរបស់ប្រទេសហូឡង់ ក្នុងពិធីរំឭកខួប៦៨ឆ្នាំ តាំងពីប្រទេសនេះទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៥។
លោក គិត ធារ៉ា ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មបានលើកឡើងថា មូលហេតុដែលគេហទំព័រនេះត្រូវបានកំណត់យកជាគោលដៅគឺមិនទាន់ច្បាស់នៅឡើយទេ។ លោកមានប្រសាសន៍ថា ខ្ញុំបានឃើញខ្មោចនៅលើគេហទំព័រនៅពេលដែលខ្ញុំបានបើកវា។ ខ្ញុំមិនមានជំនាញ [ក្នុងការដោះស្រាយបញ្ហានេះទេ] ហើយខ្ញុំមិនដឹងពីមូលហេតុឬក៏របៀបដែលពួកគេលួចកម្ទេចវាទេ”។
គេហទំព័រនេះក៏ធ្លាប់ត្រូវបានគេចូលកម្ទេចកាលពីប្រាំខែមុនផងដែរ ក៏ប៉ុន្តែត្រូវបានជួសជុលឲ្យដំណើរការឡើងវិញក្នុងរយៈពេលមួយសប្ដាហ៍។ សន្តិសុខគេហទំព័រមិនល្អនាំឲ្យគេហទំព័ររដ្ឋាភិបាលកម្ពុជាត្រូវបានគេលួចកម្ទេចជាប្រចាំ៕
ប្រែសម្រួលដោយ កង សុធា