31 C
Phnom Penh

ប្រេសិតសិទ្ធិមនុស្ស​​ថា ការកែទម្រង់ប្រព័ន្ធ​​​បោះ​​​ឆ្នោតនៅ​​​កម្ពុជា​​​​​​មិន​​​ទាន់​​​គ្រប់គ្រាន់ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ទើ​​​រតែ​​​គ្រប់​​​អនុសាសន៍​​​ទាក់​​​ទង​​​នឹង​​​កំណែ​​​ ទម្រង់​​​ការ​​​បោះឆ្នោត​​​របស់ លោក សុរិយា ស៊ូបេឌី (Surya Subedi) ​​​ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហប្រជាជាតិ​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា ​​​មិន​​​ត្រូវ​​​បាន​​​គេយកមក​​​អនុវត្ត​​​នៅ​​​មុន​​​ការ​​​បោះឆ្នោត​​​ជាតិ​​​​​​កាល​​​ពីខែ​​​មុន​​​ឡើយ​​​។

នៅក្នុង​​​របាយការណ៍​​​ថ្មី​​​បំផុត​​​របស់​​​លោក​​​ផ្ញើ​​​ជូន​​​​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិមនុស្ស​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​នៅ​​​ក្នុង​​​ទីក្រុង​​​ហ្សឺ​​​ណែវ  ​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពីសប្តាហ៍​​​មុន​​​ លោក សុរិយា ស៊ូបេឌី បាន​​​មាន​​​ប្រសាសន៍ថា  បន្ថែម​​​ពី​លើ​​​​ក្តី​​​បារម្ភ​​​យ៉ាងច្រើន​​​ពាក់​​​ព័ន្ធការ​​​ពង្រឹង​​​ប្រព័ន្ធ​​​តុលាការ​​​និង​​​សភា​នោះ គឺកង្វល់​​​ “ទាក់ទង​​​នឹង​​​​បរិបទ​​​ក្នុង​ការ​រៀប​ចំការ​​​បោះ​​​ឆ្នោត​​​ ដែល​​​​នៅ​​​ក្នុង​​​នោះការ​​​បោះឆ្នោត​​​​​​មួយ​​​ចំនួន​​​មិន​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​ឡើង​​​​​​​ដោយ​​​សេរី​​​  និង​​​យុត្តិធម៌​​​នោះ​​​ឡើយ​​​។

របាយការណ៍​​​ដែល​​​ត្រូវ​​​បាន​​​សរសេរ​​​ឡើង​​​បន្ទាប់​​​ពីការ​មក​​បំពេញ​​​បេសកកម្ម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពីខែ​​​ធ្នូ​​​ឆ្នាំ​​២០១២​​​ និង​​​​​​នៅ​​​​​​ក្នុ​​​ងខែ​​​ឧសភា​​​ឆ្នាំនេះ ក៏បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា  លោក ស៊ូបេឌី បាន​​​សម្តែង​​​ការ​​​សោក​​​ស្តាយ​​​ថា “អនុសាសន៍​​​ភាគច្រើន​​​របស់​​​លោក​​​ពាក់​​​ព័ន្ធ​​​ទៅនឹង​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​មិន​​​ត្រូវ​​​បាន​​​គេ​​​យក​​​មក​​​អនុវត្ត​​​ឡើយ​​​”​​​ ហើយ​​​ថា ជំនឿ​​​ទុក​​​ចិត្ត​​​របស់​​​សាធារណ​​​ជន​​​​លើ​​​ដំណើរការ​​​បោះ​​​ឆ្នោត​​​ និង​​​លទ្ធ​​​​​​ផល​​​​​​បោះឆ្នោត​​​ទំនង​​​ជា​​​មាន​​​ការ​​​​​​ប៉ះពាល់​។​​​

ដោយ​​​សំដៅ​​​លើ​​​រូប​​​លោក​​​ផ្ទាល់​​​ក្នុង​​​នាម​​​ជាបុគ្គល​​​ទី៣នោះ​​​ លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “ជាពិសេស​​​អ្នក​​​ធ្វើ​​​របាយការ​​​ណ៍​​​ពិសេស​​​រូប​​​នេះ​​​នៅ​​​តែ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ជុំវិញ​​​ឯក​​​រាជ​​​ភាព​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំការ​​​បោះឆ្នោត​​​ (គ.ជ.ប.) សេរីភាព​​​នៃការ​​​បញ្ចេញ​​​​​​​​​មតិ​​​…​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ភាព​​​ត្រឹម​​​ត្រូវ​​​នៃ​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត​​​ របាយការណ៍​​​ស្តីពីការ​​​បំភិត​​​បំភ័យ​​​អ្នក​​​បោះឆ្នោត​​​ និង​​​កង្វះ​​​តម្លា​​​ភាព​​​ទូទៅ​​​នៅក្នុង​​​ដំណើរការ​​​បោះឆ្នោត​​​”។

រាល់​​​ការ​​​ព្រមានរបស់​​​លោក ស៊ូបេឌី បាន​​​បង្ហាញ​ពី​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​រវាង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ និ​​​ងគណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ជាគណបក្ស​​​ប្រឆាំង​​​ចាប់​​​តាំង​​​ពី​​​ការ​​​បោះឆ្នោត​​​ដែល​​​បាន​​​ធ្វើ​​​ឡើង​​​កាល​​​ពីថ្ងៃ​​​ទី ២៨​​​ខែកក្កដា​​​។ បើ​​​ទោះជា គ.ជ.ប. បាន​​​ប្រកាស​​​លទ្ធ​​​ផល​​​បឋម​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទទួល​​​បាន​​​៦៨អាសនៈ​​​ ហើយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទទួល​​​បាន​​​៥៥អាសនៈ​​​ក៏ដោយ​​​ ក៏​​​គណ​​​បក្ស​​​ប្រឆាំ​​​ងបាន​​​អះអាងថា លទ្ធផល​​​នេះនៅ​​​មាន​​​គុណវិបត្តិនៅ​​​ឡើយ​​​ដោយ​​​សារ​​​មាន​​​​​​ការ​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​ជា​ច្រើន​។

កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ គ.ជ.ប. បាន​​​ប្រកាស​​​ថា គ.ជ.ប. នឹង​​​មិន​​​ធ្វើ​​​ការ​​​ស៊ើបអង្កេត​​​អំពី​​​ភាពមិន​​​ប្រក្រតី​​​ ឬសម្រប​​​សម្រួល​​​ការ​​​ប្រឈម​​​​​​​​​​​​មុខ​​​គ្នា​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរនេះ​​​ទៀត​​​ទេ​​​ ពី​​​ព្រោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​បាន​​​ដាក់​​​ជូន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ឡើយ។

ចំណុច​​​មួយ​​​ក្នុ​​​ងចំណោម​​​ចំណុច​​​ពាក់​​​ព័ន្ធ ​​​​​​ថ្ងៃ​​​បោះឆ្នោត​​​ដែល​​​ត្រូវ​​​បាន​​​រិះគន់យ៉ាង​​​ខ្លាំ​​​ង​​​នោះ​​​ គឺ​​​ថា​​​ប្រជាពល​​​រដ្ឋមួយចំនួនធំ​​​មិន​​​អាច​​​បោះ​​​ឆ្នោត​​​បាន​​​ អ្វីដែល​​​​សំខាន់​​​ទៀត​នោះ ​គឺ​​​​ឈ្មោះ​​​​​​របស់​​​​​​ពួក​​​គាត់​​​មិន​​​មាន​​​នៅ​​​ក្នុង​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ ឬ​​​អ្នក​​​ផ្សេង​​​បាន​​​ប្រើ​​​ឈ្មោះ​​​​​​របស់​​​គាត់​​​បោះរួច​​​ហើយ​​​។

លទ្ធភាពបែបនេះ​​​ត្រូវបាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយការណ៍​​​របស់​​​លោក ​​​ ស៊ូបេឌី​​​ ​​​ដែល​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​លោក​​​បាន​​​ជួប​​​ប្រជំុ​​​សម្ងាត់​​​ជាមួយ​​​លោក អឹុម​​​ សួស្តី ប្រធា​​​ន​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀបចំការ​​​បោះឆ្នោត​​​​​​កាល​​​ពី​​​ខែ​​​ឧសភា។

លោក ស៊ូបេឌី​​​ បាន​​​មាន​​​ប្រសាសន៍បន្ត​​​ថា “ការព្រួយ​​​បារម្ភ​​​ជាសំខាន់​​​នោះ​​​គឺ​​​ពាក់​​​ព័ន្ធ​​​ភាព​​​ត្រឹម​​​ត្រូវ​​​នៃ​​​ដំណើរ​​​ការ​​​ចុះឈ្មោះ​​​បោះ​​​ឆ្នោត​​​និង​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត​​​” ដោយ​​​លោក​​​សំដៅ​​​ដល់់សវនកម្ម​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ដាច់​​​ដោយ​​​ឡែក​​​ពីគ្នា​​​ចំនួន​​​ពីរ​​​លើក​​​របស់​​​គណៈ​​​កម្មាធិការ​​​ដើម្បី​​​ការ​​​បោះឆ្នោត​​​សេរី​​​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា (ខុម​​​ហ្វ្រែល​​​) និង​​​វិទ្យា​​​ស្ថាន​​​ជាតិប្រជាធិប តេយ្យ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ទីក្រុង​​​វ៉ាស៊ីន​​​តោន​​​ ដែល​​​ “បង្ហាញ​​​អំពី​​​គុណ​​​វិបត្តិ​​​​​​ដែល​​​ប៉ះពាល់​​​ដោយ​​​ផ្ទាល់​​​ដល់​​​ការ​​​បោះឆ្នោត​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “អ្នក​​​ធ្វើ​​​របាយការ​​​ណ៍​​​ពិសេស​​​រូប​​​នេះ​​​បាន​​​សម្តែង​​​ការ​​​សោក​​​ស្តាយ​​ដោយសារ​ថា ​ផ្អែក​​​ទៅលើ​​​លទ្ធ​​​ផល​​​សវនកម្ម​​​ដំបូង​​​ ការ​​​កែតម្រូវបញ្ជី​​​ឈ្មោះ​​​បោះឆ្នោតគួរ​​បាន​​ធ្វើ​​​តាំង​​ពីដំបូង ​​ដើម្បី​​​​​​​អនុញ្ញាត​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​មួយ​​​ចំនួ​​​ន​​​ធំ​​​ប្រើ​​​ប្រាស់​​​សិទ្ធិ​​​របស់​​​ខ្លួន​​​​​​​​​ក្នុ​​​ងការ​​​បោះឆ្នោត​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “លោក​​​បាន​​​​​​អះអាង​​​ថា មាន​​​តែ​​​ការ​​​ពិនិត្យ​​​មើលបញ្ជី​​​​​​ឈ្មោះ​​​បោះឆ្នោត​​​ប្រកប​​​ដោយ​​​តម្លាភាព​​​ដែល​​​​​​ធ្វើ​​​ឡើង​​​តាម​​​រយៈដំណើរការ​​​ ដែល​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​កែតម្រូវក្នុង​​​ករណីមាន​​​កំហុស​​​​​​ប៉ុណ្ណោះ​​​ នឹង​​​កំណត់​​​​យ៉ាង​ច្បាស់​​​ថា ​​​ការ​​​បាត់​ឈ្មោះ​ពី​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត​​​​​​នឹង​​​មិន​​​បណ្តាលឲ្យអ្នក​​​ដែល​​​មាន​​​សិទ្ធិ​​​បោះឆ្នោត​​​មួយ​​​ចំនួន​​​​មិន​​​អាច​​​បោះឆ្នោត​​​បាននោះទេ​​​។ មាន​​​កង្វល់​​​ថា  ជំនឿ​​​ទុក​​​ចិត្ត​​​ពី​​​សាធារណជន​​លើ​​​​ដំណើរ​​​​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​​​​នឹង​​​ត្រូវ​​​​ប៉ះពាល់”។

ប្រេសិត​​​សិទ្ធិមនុស្ស​​​រូប​​​នេះ ក៏​​​បាន​​​សម្តែង​​​ការ​​​ព្រួយ​​​បារម្ភ​​​របស់​​​លោក​​​ផង​​​ដែរ​​​ថា “មាន​​​សន្លឹក​​​ឆ្នោត​​​លើស​​​យ៉ាង​​​ច្រើន​​​ត្រូវ​​​បាន​​​បោះ​​​ពុម្ព គឺមានចំនួន​​​​​​ជាង​​​ ២,៥​​​លាន​​​សន្លឹក​​​ច្រើន​​​ជាង​​​អ្នក​​​​​​ដែល​​​បាន​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​” ហើយ​​​ថា លោក​​​សង្ឃឹម​​​ថា សន្លឹក​​​ឆ្នោត​​​ទាំង​​​នេះនឹង​​​ត្រូវ​​​គេប្រើប្រាស់​​​តែ​​​នៅ​​​​​​ក្នុង​​​ករណី​​​ចាំ​​​បាច់​​​តែ​​​ប៉ុណ្ណោះ​​​។

លោក​​​ ទេព នីថា អគ្គលេខាធិការ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​​​​រៀប​​​ចំ​​ការ​​​បោះឆ្នោត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​​​មិញថា លោក​​​បាន​​​​​​ឮ​​​អំពីរបាយការណ៍​​​នេះ​​​ ហើយ​​​មន្ត្រីរបស់​​​លោក​​​​​​បាន​​​ផ្តល់​​​យោបល់​​​ពាក់​​​ព័ន្ធខ្លឹម​​​សារ​​​នៃ​​​របាយការណ៍​​​នេះដែរ។​ លោក​​​មាន​​​ប្រសាសន៍ថា   ប៉ុន្តែអនុ​​​សាសន៍​​​​​​របស់​​​លោក  ស៊ូបេឌី  ពាក់​​​ព័ន្ធ​​​តែ​​​អំពី​​​ការ​​​ផ្លាស់​​​ប្តូរ​​​ចំពោះ​​​ច្បាប់​​​បោះឆ្នោត​តែ​​​ប៉ុណ្ណោះ​​​។ លោក​​​បានមាន​​​ប្រសាសន៍ថា “អនុ​​​សាសន៍​​​ ​​​និង​​​កង្វល់​​​របស់​​​លោក​​​ ស៊ូបេឌី គឺ​​​ហួស​​​ពី​​​សមត្ថ​​​កិច្ច​​​ គ.ជ.ប. ហើយ​​​។ ប្រសិន​​​បើ​​​លោក​​​ ស៊ូបេឌី ចង់​​​ឲ្យ​​​ គ.ជ.ប.​​​ អនុវត្ត​​​តាម​​​អនុសាសន៍​​​របស់​​​លោក​​​នោះ​​​  គេត្រូវ​​​កែ​​​ច្បាប់​​​បោះឆ្នោត​​​ជា​​​មុន​​​សិន​​​ ហើយបន្ទាប់មក គ.ជ.ប. នឹង​​​អនុវត្ត​​​តាម​​​ច្បាប់​​​នោះ​​​”៕

រាយការណ៍បន្ថែម​​​​​​ដោយ អ៊ាង ម៉េងឡេង
ប្រែ​​​សម្រួល​​​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស