ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជានឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃនេះដើម្បីពិភាក្សាលើពាក្យបណ្ដឹងពាក់ព័ន្ធនឹងការចោទប្រកាន់ពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតយ៉ាងហោចណាស់ចំនួន១៩ករណី រួមទាំងពាក្យបណ្ដឹងជាច្រើនករណីទៀតជុំវិញលទ្ធផលនៃការបោះឆ្នោតដែលទទួលបានបន្ទាប់ពីមានការសម្រេចពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។
ក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងក្នុងសេចក្តីថ្លេងការណ៍មួយដែលទទួលបានកាលពីម្សិលមិញថា “ក្រុមប្រឹក្សាធម្មនុញ្ញកំពុងដោះស្រាយពាក្យបណ្ដឹងទាំង១៩ករណីនេះដែលពាក្យបណ្ដឹងចំនួន៩បានប្ដឹងកាលពីថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៣ ប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានច្រានចោលនូវពាក្យបណ្ដឹងប្រឆាំងនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥នេះ”។
លោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញដែលមានសមាជិកប្រាំបួនរូបនេះ នឹងកោះប្រជុំនៅថ្ងៃនេះ ដើម្បីពិនិត្យមើលពាក្យបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោត ប៉ុន្តែ បានបង្វែរសំណួរទៅអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញគឺ លោក អ៊ុត ឈន ដែលមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោក គួយ ប៊ុនរឿន តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សប្រឆាំងបានដាក់ពាក្យបណ្ដឹងចំនួន១៥ទៅក្រុមប្រឹក្សាធម្មនុញ្ញរួចហើយ ហើយមានគម្រោងដាក់ពាក្យបណ្ដឹងចំនួនពីរទៀតនៅព្រឹកនេះ នៅមុនពេលក្រុមប្រឹក្សាធម្មនុញ្ញធ្វើការកោះប្រជុំ។
លោកមានប្រសាសន៍បន្តថា ពាក្យបណ្ដឹងមួយក្នុងចំណោមពាក្យបណ្ដឹងទាំងនោះគឺប្តឹងទាមទារឲ្យមានការបោះឆ្នោតឡើងវិញនៅការិយាល័យបោះឆ្នោតមួយកន្លែងនៅក្នុងឃុំស្អាងភ្នំ ក្នុងខេត្តកណ្ដាលដែលនៅទីនោះការិយាល័យនេះបានបិទមុនពេលកំណត់ ហើយធ្វើឲ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតរាប់រយនាក់មិនបានបោះឆ្នោត។
នៅខេត្តកណ្ដាល គណបក្សសង្គ្រោះជាតិត្រូវការសំឡេងបន្ថែមត្រឹមតែ១៦៨សំឡេងទៀតប៉ុណ្ណោះ ដើម្បីទទួលបាន៧អាសនៈនៅក្នុងខេត្តនេះ ដែលលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថា គណបក្សសង្គ្រោះជាតិទទួលបាន៦អាសនៈក្នុងចំណោមអាសនៈចំនួន១១។
លោក ប៊ុនរឿន បានមានប្រសាសន៍បន្តថា “នៅខេត្តសៀមរាប យើងស្នើឲ្យមានការស៊ើបអង្កេតមួយឲ្យបានល្អិតល្អន់នៅតាមការិយាល័យបោះឆ្នោតមួយចំនួន ដែលកងយោធពលខេមរភូមិន្ទជាច្រើននាក់ស្លៀកពាក់ស៊ីវិល ត្រូវបានគេដឹកតាមរថយន្តយោធាទៅបោះឆ្នោតនៅក្នុងឃុំទាំងនោះ”។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា គណបក្សប្រឆាំងមិនរំពឹងថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងធ្វើការពិចារណាឲ្យបានហ្មត់ចត់លើពាក្យបណ្ដឹងរបស់ខ្លួនឡើយ ប៉ុន្តែ ស្ថាប័ននេះកំពុងតែអនុវត្តតាមនីតិវិធីត្រឹមត្រូវដើម្បីបង្ហាញពីភាពលម្អៀងទៅរកស្ថាប័នរដ្ឋ ដែលទទួលបន្ទុកពិនិត្យមើលដំណើរការបោះឆ្នោតក្នុងប្រទេសកម្ពុជា។
លោក សុន ឆ័យ ថ្លែងបន្តថា “ក្រុមប្រឹក្សាធម្មនុញ្ញគឺនៅតែជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដដែល។ យើងមិនដែលឃើញក្រុមប្រឹក្សាធម្មនុញ្ញសម្រេចខុសពីគោលបំណងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬ ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ។ដូច្នេះហើយ យើងគ្មានសង្ឃឹមឡើយ”។ លោកថ្លែងបន្ថែមថា “ប៉ុន្តែ យើងត្រូវតែដើរតាមប្រព័ន្ធដ៏អន់សម្រាប់រឿងនេះ ហើយទុកឲ្យសហគមន៍អន្តរជាតិនិងប្រជាពលរដ្ឋវិនិច្ឆ័យលើអាកប្បកិរិយារបស់ពួកគេចុះ”។
ទោះជាយ៉ាងណាលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងកាលពីថ្ងៃអាទិត្យថា បើយល់ព្រមចូលរួមក្នុងការបោះឆ្នោតដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកសម្រេចចុងក្រោយនោះ គណបក្សសង្គ្រោះជាតិត្រូវតែទទួលយកនូវរាល់ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ លោក ថ្លែងបន្តថា “ប្រសិនបើពួកគេ [គណបក្សសង្គ្រោះជាតិ]មិនទុកចិត្តប្រព័ន្ធនេះទេនោះ ហេតុអ្វីបានជាពួកគេចូលរួមក្នុងការបោះឆ្នោត? នៅពេលពួកគេចូលរួមក្នុងការបោះឆ្នោត ពួកគេត្រូវតែគោរពតាមច្បាប់បោះឆ្នោត”៕
(រាយការណ៍បន្ថែម ដោយ Colin Meyn)
ប្រែសម្រួលដោយ ឃិន ណៃ