40.3 C
Phnom Penh

អង្គការ​៖ ការ​ចោទ​ប្រកាន់ការ​​ធ្វើ​​​បដិវត្ត​ន៍​​​ផ្កា​កុលាប​​​គឺ​គ្មាន​​មូលដ្ឋាន​ច្បាស់​លាស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​អង្គការ​សិទ្ធិ​មនុស្ស​​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​​លើក​លែង​ការ​ចោទ​ប្រកាន់​​ពី​បទ​ញុះញង់របស់​ខ្លួន​លើ​​​បុរស​បួន​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​សប្ដាហ៍​​មុន​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រៀប​ចំ​ផែន​ការ​​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ដោយ​សារ​​​ការ​​​​​​ចែក​ផ្កា​កុលាប​លឿង​ទៅ​ឲ្យ​កង​កម្លាំងការពារ​សន្ដិសុខ​ ហើយ​បាន​ជំរុញ​ពួក​គេ​ឲ្យ​ងាក​អាវុធ​របស់​ខ្លួន​ប្រឆាំង​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​​កាល  ​ពី​ម្សិល​មិញ​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​​បាន​លើក​​ឡើង​ថា រដ្ឋាភិបាល​គ្មាន​ភ័ស្ដុតាង​​គួរ​ឲ្យទុក​ចិត្ត​ប្រឆាំ​ង​នឹង​ជន​សង្ស័យ​ទាំង​នោះ​ឡើយ​។

នគរបាល​​បាន​ចាប់​ខ្លួន​និស្សិត​ ទុត ច័ន្ទ​​បញ្ញា និង​ កញ្ញា សុខ ដាលីស កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ នៅ​ពេល​​ពួក​គេ​ទៅ​យក​ផ្កា​កុលាប​ចំនួន​១.០០០​​ទង ដែល​ពួក​គេ​បាន​រៀប​ចំ​ ដើម្បី​ចែក​ទៅ​ឲ្យ​ទាហាន​ និង​នគរបាល​នៅ​ទូទាំងរាជធានី​ភ្នំពេញ ​អំឡុង​ភាព​តាន​តឹង​កំពុង​តែ​កើន​ឡើង​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​ ដែល​មាន​ជម្លោះ​ កាល​ពី​ខែ​មុន​។

នៅ​ថ្ងៃ​ដដែល​នោះ​​នគរបាល​​ក៏​បាន​ចាប់​ខ្លួន​​អ្នក​ស្រី​ លឹម លីផេង ម្ចាស់​ហាង​​បោះ​ពុម្ព​ និង​លោក​ ហ៊ី បូរិន បុគ្គលិក​ផ្នែក​ព័ត៌មាន​វិទ្យា​ពី​បទ​រៀប​ចំ​ខិត្ត​ប័ណ្ណ​តូច​ៗ ដើម្បី​បិទ​ភ្ជាប់​ទៅ​​នឹង​ផ្កា​កូលាប​ទាំង​នោះ​ ដោយ​ជំរុញ​ឲ្យ​នគរ​បាល​ និង​ទាហាន​ “ងាក​អាវុធ​របស់​ខ្លួន​ប្រឆាំង​​ជន​ផ្ដាច់​ការ​”។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ បន្ទាប់​មក​បាន​​ចោទ​ប្រកាន់​ពួក​គេ​​ទាំង​បួន​រូប​ពី​បទ​ ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ដែល​​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធ​នាគារ​ក្នុង​ម្នាក់ៗរហូត​ដល់​ទៅ​ពីរ​ឆ្នាំ​​។

អង្គការ​លីកាដូ និង​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​​បាន​លើក​ឡើង​ថា លោក​ ច័ន្ទបញ្ញា និង​កញ្ញា ដាលីស ដែល​ករណី​​របស់​ពួក​គេ​កំពុង​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​​មេធាវី​របស់​អង្គការ​លីកាដូ មិន​បាន​ដឹង​អំពី​ខិត្តប័ណ្ណ​ ដែល​​ត្រូវ​ប្រើ​ដើម្បី​ភ្ជាប់​ជាមួយ​ផ្កា​កុលាប​ទាំង​​នោះ​ឡើយ​។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គ​ការ​លីកាដូបាន​លើក​ឡើង​ថា “ការ​សាកសួរ​នៅ​តុលាការ​បង្ហាញ​ថា មិន​មាន​ការ​សង្ស័យ​ណាមួយ​ឡើយ​ ហើយ​លោក​ ទុត ច័ន្ទ​បញ្ញា និង​កញ្ញា ដាលីស គ្រាន់​តែ​មាន​បំណង​ចែ​ក​ផ្កា​កុលាប​​ទៅ​ឲ្យ​យោធា​ ដែល​ជា​សកម្ម​ភាព​នៃ​យុទ្ធនាការ​ដ៏​សាមញ្ញ​មួយ​ដែល​ត្រូវ​បាន​​ប្រើ​ទូទាំង​​ពិភពលោក​ ដើម្បី​លើក​កម្ពស់​សន្ដិភាព​តែ​ប៉ុណ្ណោះ​។ ពួក​គេ​គ្មាន​​ការ​ជាប់​ពាក់​ព័ន្ធ​ណាមួយ​​ជាមួយ​អ្នក​ស្រី​ លីផេង និង​លោក​ បូរិន​ ឬ​ក៏​ខិត្តប័ណ្ណ​ញុះញង់ឲ្យ​ប្រឆាំង​រដ្ឋាភិបាល​នោះ​​​ទេ​”។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​បន្ត​ថា “នៅ​ក្នុង​ករណី​ណា​មួយបែប​នេះ​​ ​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​នៃការ​​ញុះ​ញង់​បាន​ធ្វើ​ឲ្យ​មាន​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​លើ​សេរី​ភាព​នៃ​ការ​បញ្ចេញ​​មតិ​ ហេតុដូច្នេះ​​ហើយ​វា​ចាំ​បាច់​​​ត្រូវ​តែ​មាន​ការ​ប្រមូល​ភ័ស្ដុ​តាង​ឲ្យ​បាន​ច្បាស់​លាស់​ ដើម្បី​បញ្ជាក់​ពីការ​ប៉ុនប៉ង​​ផ្ដួល​រលំ​​រដ្ឋាភិបាល​​នេះ​។ ហើយ​ការ​បោះ​ពុម្ព​​ខិត្តប័ណ្ណ​ ដែល​រង​ការ​ចោទ​ប្រកាន់​នេះ​​មិន​គ្រប់​គ្រាន់​​ជា​ភ័ស្ដុតាង​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​សម្រាប់​​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​នេះ​បាន​​ឡើយ​”។

លោក​ មឿន​ តុលា ប្រធាន​កម្មវិធី​ការងារ​​នៅ​មជ្ឈមណ្ឌល​អប់​រំ​ច្បាស់​សម្រាប់​សហ​គមន៍​បាន​លើក​ឡើង​ថា ​ការ​ចាប់​ខ្លួន​និស្សិត​ទាំង​ពីរ​រូប​​ជាពិសេស​នេះ​គឺ​ជា​មធ្យោបាយ​មួយ​​ ដើម្បី​បន្លាច​យុវជន​ខ្មែរ​មិន​ឲ្យ​ចូល​រួម​ពាក់​ព័ន្ធ​ជា​មួយ​នយោបាយ​ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ និង​គណ​បក្ស​ប្រឆាំង​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​​កំពុង​តែ​ព្យាយា​ម​ស្វែង​រក​​កិច្ច​ព្រម​ព្រៀង​មួយ​ សម្រាប់​​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ដែ​ល​ភាគី​ទាំង​ពីរ​សុទ្ធ​តែ​អះអាង​​ពី​ជ័យ​ជម្នះ​រៀង​ៗ​ខ្លួន​នោះ​។

យុវជន​ខ្មែរ​ ដែល​បាន​ទាក់​ទង​គ្នា​តា​ម​រយៈ​​គេហទំព័រ​​​ភ្ជាប់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ដូចជា ហ្វេសបុ៊ក​ជាដើម​ ត្រូវ​បាន​គេ​ជឿ​ជាក់​ថា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​​នៅ​ក្នុង​ការ​​ជួយ​ឲ្យ​គណបក្ស​ប្រឆាំង​​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​លើក​នេះ។

លោក​ មឿន តុលា បាន​មាន​ប្រសាសន៍​ថា “ តើ​មូល​ដ្ឋានណា​​ ដែល​បង្ហាញ​ថា និស្សិត​ទាំង​នេះ​​ដែល​បាន​រៀប​ផែនការ​ចែក​ផ្កា​កុលាប​ មាន​បំណង​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​នោះ​​?”។ លោក​បាន​​បន្ថែម​ថា “នេះ​​គឺ​ជា​ការ​ប៉ុនប៉ង​មួយ​​ដើម្បី​បំភ័យ​យុវជន​ខ្មែរ​​មិន​ឲ្យ​​​​​ចូល​រួម​ពាក់ព័ន្ធ​​នឹង​សកម្ម​ភាព​នយោបាយ​”។

ផ្កា​កុលាប​ និង​ខិត្តប័ណ្ណ​គឺ​ត្រូវ​បាន​បញ្ជា​ទិញ​ដោយ​ចលនា​អំណាច​ពលរ​ដ្ឋ​ខ្មែរ​ ជា​ក្រុម​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ដែល​​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​​របប​ដឹក​​នាំ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ​។ រដ្ឋា​ភិ​បាល​បាន​ចាត់​​ទុក​ចលនា​នេះ​ថា ជាអង្គការ​​ភេរវ​​កម្ម​មួយ​ ដែល​បាន​រៀប​ចំ​ផែនការ​​ផ្ដួល​រំលំ​រដ្ឋាភិបាល​​ដោយ​ប្រើ​អាវុធ​​ផ្ទាល់​ខ្លួន​​ ប៉ុន្តែ​មិន​បាន​​ផ្ដល់​ភ័ស្ដុតាង​ណា​មួយ​ ដើម្បី​គំាទ្រ​ការ​អះអាង​របស់​ខ្លួន​ឡើយ​។

រីឯ​លោក​ សុក សំអឿន មេធាវី​​ការ​ពារ​សិទ្ធិមនុស្ស​ដ៏​លេច​ធ្លោ ដែល​ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់​​ការ​ពារ​សិទ្ធិ​កម្ពុជា​ ជា​អង្គការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​​ ក៏បាន​យល់​ស្រប​ជាមួយ​មជ្ឈ​​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​ និង​អង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូដែរ​ ដែល​ថា បុគ្គល​​ទាំង​បួន​​រូប​ ដែល​ត្រូវ​គេ​ចាប់​ខ្លួន​​មិន​គួរ​ទទួល​រង​ការ​ចោទ​ប្រកាន់​ឡើយ​។

នៅ​ពេល​ខិត្តប័ណ្ណ​​​​ប្រហែល​ជា​និយាយ​អំពី​​កាំភ្លើង​ លោក​ សុក សំអឿន​បាន​មាន​ប្រសា​សន៍​ថា “ អាវុធ​” ដែល​ចលនា​អំណាច​​​ពល​រដ្ឋ​ខ្មែរ​​បាន​លើក​យក​មក​និយាយ​ជា​ហូរ​ហែរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ និង​គេហ​ទំព័រ​របស់​ខ្លួន​ គឺ​ជា​ផ្កា​កុលាប​ និងដប​​​ទឹក​សុទ្ធ​ ដែល​ខ្លួន​​មាន​បំណង​ចង់​ចែក​ទៅ​ឲ្យ​ទាហាន​ និង​នគរបាល​។​ លោក​បាន​មាន​ប្រសាសន៍​ថា “ហេតុ​ដូច្នេះ​ហើយ​​ខ្ញុំ​គិត​ថា នេះ​មិន​មែន​ជា​ការ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​នោះ​ឡើយ​”។

លោក​ ធន សារាយ​​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​​អាដ​ហុក​​បាន​លើក​ឡើង​ពី​ការ​ចោ​ទ​ប្រកាន់​នេះ​ថា វា​ពិត​ជា​អយុ​ត្តិធម៌​ណាស់​ពីព្រោះ​​ពួក​គេ​គ្មាន​ភ័ស្ដុតាង​គ្រប់​គ្រាន់​​សម្រាប់​​​ការ​ចោទ​ប្រកាន់​នេះ​ឡើយ​។

ក៏​ដូចជា​​លោក​ មឿន តុលា​ ដែរ​​ លោក​បាន​មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​នេះ​​គួរ​តែ​ត្រូ​វ​បាន​លើក​លែង​ ហើយ​ទំនង​ជា​មធ្យោ​​បាយ​ដើម្បី​បំភិត​បំភ័យ​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​​កុំ​ឲ្យ​ចូល​រួម​​នៅ​ក្នុង​មហា​បាតុកម្ម​ ដែល​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​អំពាវនាវ​​ឲ្យ​ធ្វើ​ ប្រសិន​បើ​លោក​ ហ៊ុន​ សែន និង​គណ​បក្ស​របស់​លោក​​មិន​ព្រម​​ទទួល​ស្គាល់​​បរាជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នោះ​។

លោ​ក​បាន​មាន​ប្រសាសន៍​ថា ម្យ៉ាង​ពួក​គេ​ចង់​បន្លាច​ប្រជាពល​រដ្ឋ​កុំ​ឲ្យ​ធ្វើ​ការ​តវ៉ា​ ហើយ​ម្យ៉ាង​វិញ​ទៀត​ពួក​គេចង់​បំភិត​បំភ័យ​​កុំ​ឲ្យ​ចូល​រួមជាមួយ​​អំណាច​​ពលរ​ដ្ឋ​ខ្មែរ​​។

សាច់​ញាតិរបស់​ជន​សង្ស័យ​ទាំង​បួន​​រូប​ ដែល​បាន​ទៅ​​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​​សង្ឃឹម​ថា ពួក​គេ​នឹង​ទទួល​បាន​ការ​ដោះ​លែង​ជា​បណ្ដោះ​អាសន្ន​។ ប៉ុន្តែ​បើ​យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​វិញ​ ចៅ​ក្រម​​ស៊ើប​សួរ​បាន​ពន្យារ​​ការ​សម្រេ​ច​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​នេះ​។​ ទាំង​ចៅ​ក្រម​ស៊ើប​សួរ​ និង​ក្រឡា​បញ្ជី​ ដែល​កំពុង​ដោះស្រាយ​សំណុំ​រឿង​របស់​ជន​សង្ស័យ​ទាំង​បួន​នាក់​នេះ​​មិន​អាច​ទាក់​ទង​​សុំ​អត្ថាធិ​ប្បាយ​បាន​ឡើយ​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស