29 C
Phnom Penh

កសិករ​វ័យ​ក្មេង​ដាច់​ជើង​ទាំង​ពីរ​ក្នុងករណី​ផ្ទុះ​គ្រាប់​មីន​នៅ​ខេត្ត​ប៉ៃលិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​មូលដ្ឋាន​បាន​ឲ្យដឹង​​ថា កសិករ​អាយុ​១៩​ឆ្នាំ​ម្នាក់ នៅ​ក្នុង​ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃ​លិន បាន​បាត់​បង់​ជើង​ទាំង​ពីរ​​នៅ​ពេល​ដែល​ខ្លួន​បាន​ជាន់​គ្រាប់​មីន​ផលិត​នៅ​ប្រទេស​ប៊ុលហ្គារី​មួយគ្រាប់​ កាល​ពី​ម្សិល​​មិញ ខណៈ​ដែល​យុវជន​វ័យ​ក្មេង​រូប​នេះ​ដើរ​បេះ​បន្លែ​ក្នុងព្រៃ។

យោង​តាម​លោក ប៊ូ សារិន ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​ឲ្យ​​ដឹងថា ជន​រង​គ្រោះ​​បាន​​និង​កំពុង​តែ​ជីក​ត្រពាំង​ជាមួយ​​ម្តាយ​របស់​ខ្លួន​ស្រាប់​តែ​ពេល​នោះ​ក៏​បាន​ជាន់​មីន​ប្រឆាំង​មនុស្ស​មួយ​គ្រាប់។ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់​ដំបង ជាទី​ដែល​​ជើង​របស់​គាត់​ត្រូវ​បានកាត់​ឲ្យ​នៅ​សល់ត្រឹម​លើ​ជង្គង់​។

លោក សារិន បាន​ថ្លែង​ថា “យុវជន​រូប​នេះ​បាន​ជាន់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ ដែល​ធ្វើ​ឲ្យ​ជើង​របស់​គាត់​ទាំង​ពីរ​ត្រូវ​ដាច់” ។ ​លោក​​បន្ថែម​ថា មាន​ស្លាក​សញ្ញា​ព្រមាន​អំពី​គ្រាប់​មីន​នៅ​ក្នុង​តំបន់​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ មាន​គ្រាប់​​មីន​ជា​ច្រើន​កប់​នៅក្នុង​ដី ហើយ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់មីន​កម្ពុជា បាន​ដាក់​សញ្ញា​គ្រោះ​ថ្នាក់​ ក៏​ប៉ុន្តែ អ្ន​កភូមិ​របស់​យើង​នៅ​តែ​បរបាញ់​សត្វ​ព្រៃ​ ឬ​ដើរ​បេះ​បន្លែ​ព្រៃ​នៅ​លើ​ភ្នំ​ដោះ​ក្រមុំដដែល”។

លោក ហេង រតនា អគ្គនាយក​មជ្ឈ​មណ្ឌល​​សកម្មភាព​កម្ចាត់មីន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​​​មិន​សូវ​អើ​ពើ​នឹង​ស្លាក​សញ្ញា​ព្រមាន​នេះ​ទេ។ លោក រតនា បាន​មាន​ប្រសាសន៍ថា “ពួក​​គេ​មិន​អើ​ពើ និង​ស្លាក​សញ្ញា​ទេ ពី​ព្រោះ​វា​ជា​​ផ្លូវ​កាត់​សម្រាប់​ការ​ធ្វើ​ដំណើរ​ ឬ​ព្រោះ​តែ​មាន​​បញ្ហា​ជីវភាព​ ដូច្នេះ​ពួក​គេ​ត្រូវ​ប្រថុយ​​នឹង​​គ្រោះ​ថ្នាក់​” ។ ​លោក​​បន្ថែម​ទៀត​ថា តំបន់​មាន​មីន​ទាំង​អស់​ មាន​ស្លាក​សញ្ញា​ព្រមាន​។

លោក​បានមាន​ប្រសាសន៍​​បន្ត​ទៀត​ថា “យើង​​ស្គាល់តំបន់​ភាគ​ច្រើន​បំផុត​ដែលទទួល​រង​នូវ​ផល​​ប៉ះ​ពាល់​ដោយ​សារ​គ្រាប់​មីន​ ប៉ុន្តែ យើង​មិន​អាច​ដៅ​សញ្ញា​កំណត់​តំបន់​ទាំង​នោះអស់​ទេ ពីព្រោះ​វា​ត្រូវ​ចំណាយ​ប្រាក់​ និង​ពេលវេលា​ ព្រម​ទាំង​ធនធាន​របស់​យើង​ដែល​មាន​កំណត់​”។

បើ​គិត​មក​ដល់​ពេល​នេះ ឆ្នាំនេះ មនុស្ស​ចំនួន​១២​នាក់​ហើយបាន​ស្លាប់​ដោយ​សារ​គ្រាប់​​​មីន ឬ​គ្រាប់​យុទ្ធ​ភណ្ឌ​សល់​ពី​សង្គ្រាម​ផ្សេង​ទៀត ១៦​នាក់​បានបាត់បង់​អវ​យវៈ​លើ​​រាង្គកាយ​ និង​៤៧​នាក់​ទៀត​រង​របួស នេះ​​បើ​យោង​តាម​អាជ្ញាធរ​​មីន និងជំនួយ​ជន​រង​គ្រោះ​កម្ពុជា។

ក្នុង​ចំណោម​ករណី​ស្លាប់​ទាំង​អស់ ​មាន​ប្រាំ​មួយ​ករណី​កើត​ឡើង​​ដោយ​សារ​តែ​ការ​ផ្ទុះ​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​ កាលពី​សប្តាហ៍​​មុន ​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស