មន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ទីភ្នាក់ងារប្រមូលពន្ធដារសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ ផ្តល់ការបណ្ដុះបណ្ដាលដល់បុគ្គលិកធនាគារកម្ពុជា ព្រមទាំងមន្ត្រីប្រឆាំងអំពើពុករលួយ នគរបាល ចៅក្រម និងព្រះរាជអាជ្ញាផងដែរពីរបៀបស៊ើបអង្កេតសកម្មភាពហិរញ្ញវត្ថុដើម្បីរកឲ្យឃើញនូវការប្រព្រឹត្តខុសច្បាប់។
លោក ស៊ាន ម៉ាកគីនតូស (Sean McItosh) អ្នកនាំពាក្យស្ថានទូតអាមេរិក មានប្រសាសន៍ថា កម្មវិធីដែលមានឈ្មោះថា ការបណ្ដុះបណ្ដាលអំពីការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតមធ្យម (Intermediate Financial Investigation Training) នេះធ្វើឡើងដោយទីភ្នាក់ងារប្រមូលពន្ធ Internal Revenue Service ឬហៅថា IRS។
លោក ស៊ាន ម៉ាគីនតូស បានលើកឡើងនៅក្នុងអ៊ីម៉េលមួយថា “មន្ត្រី IRS កំពុងផ្ដល់វគ្គបណ្ដុះបណ្ដាលរយៈពេលមួយសប្ដាហ៍សម្រាប់មន្ត្រីមកពីបណ្ដាធនាគារឯកជន អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌ នគរបាលជាតិ និងគណៈកម្មាធិការមូលបត្រកម្ពុជា ដើម្បីធ្វើការរួមគ្នារកឲ្យឃើញនិងស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ”។
លោកបានមានប្រសាសន៍ថា ទីភ្នាក់ងារពន្ធដារដែលជាផ្នែកនៃក្រសួងរតនាគារសហរដ្ឋអាមេរិក នេះបានធ្វើការបណ្ដុះបណ្ដាលបែបនេះ ចាប់តាំងពីឆ្នាំ២០១០មក។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានអះអាងថា មន្ត្រីនគរបាលធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ដែលលោកមានប្រសាសន៍ថា បានជួយពួកគេក្នុងការស្វែងស៊ើបអង្កេតការលាងលុយកខ្វក់។ លោកបានមានប្រសាសន៍ថា “ នគរបាលនៅមានកម្រិតពាក់ព័ន្ធនឹងបច្ចេកទេស និងការតាមដានព័ត៌មាន។ ពួកគេត្រូវសិក្សាបន្ថែមទៀត”។
លោក សំ ប្រជាមានិត ប្រធានខុទ្ទកាល័យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ចៅក្រម និងព្រះរាជអាជ្ញាមួយចំនួនត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលនេះដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងការស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ និងសំណុំរឿងនានា។
លោកបានមានប្រសាសន៍ថា “ពួកគេធ្លាប់បានទទួលការបណ្ដុះបណ្ដាលក្នុងវគ្គនេះពីមុនមក ប៉ុន្តែ ពួកគេទទួលការបណ្ដុះបណ្ដាលបន្ថែមទៀតដើម្បីពង្រឹងធនធានមនុស្សរបស់យើង។ ឧក្រិដ្ឋជនមានបច្ចេកទេសថ្មីៗ ដូច្នេះយើងត្រូវសិក្សាដើម្បីតាមចាប់ពួកគេ”។
កាលពីខែមីនា មន្ត្រីដែលរួមមានបុគ្គលិកមកពីអង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុនៃធនាគារជាតិនៃកម្ពុជា បានទទួលការបណ្ដុះបណ្ដាលស្រដៀងគ្នាស្ដីពីការស្រាវជ្រាវការលាងលុយកខ្វក់ ដែលទទួលបានមូលនិធិពីស្ថានទូតអង់គ្លេស និងដែលផ្ដល់ការបណ្តុះបណ្តាលដោយវិទ្យាស្ថានអភិបាលកិច្ច និងហានិភ័យអន្តរជាតិ (International Governance and Risk Institute) ឬហៅថា GovRisk របស់អង់គ្លេស។
GovRisk បានក្រើនរំឭកនៅពេលនោះថា កំណើនសេដ្ឋកិច្ចឆាប់រហ័សក្នុងប្រទេសកម្ពុជា ធ្វើឲ្យអ្នកលាងលុយកខ្វក់កាន់តែមានការចាប់អារម្មណ៍លើប្រទេសនេះ។ របាយការណ៍មួយរបស់ក្រសួងការបរទេសអាមេរិកក្នុងខែមីនាដដែលបានលើកឡើងថា អំពើពុករលួយ និងភាពកម្សោយនៃប្រព័ន្ធតុលាការកម្ពុជា ធ្វើឲ្យប្រទេសនេះងាយរងគ្រោះដោយសារឧក្រិដ្ឋជនដែលព្យាយាមលាងលុយបានពីប្រភពខុសច្បាប់។
របាយការណ៍នោះបានលើកឡើងថា “ប្រាក់ដែលបានពីបទល្មើស ត្រូវបានបង្វែរទៅលើដីធ្លី ផ្ទះសំបែង ទំនិញប្រណីតៗ និងអចលនទ្រព្យផ្សេងៗទៀតដោយមិនបានឆ្លងកាត់វិស័យធនាគារផ្លូវការ”។ របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលគួរតែ “ បង្កើនសមត្ថភាពអង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុដែលទើបចាប់កំណើតនិងដែលមានបុគ្គលិកមិនគ្រប់គ្រាន់”៕
ប្រែសម្រួលដោយ តែម សុខុម