30 C
Phnom Penh

អាមេរិក​ និង​អូស្ត្រាលី​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតគួរ​ឲ្យ​ទុក​ចិត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) បាន​ប្រកាស​ថា ខ្លួន​បាន​បញ្ចប់​ការ​ស៊ើ​បអង្កេត​លើ​ភាព​មិន​ប្រក្រ​តី​នៃការ​បោះឆ្នោត​មក​ ស្ថាន​ទូ​ត​អាមេរិក​​ ​និង​ស្ថាន​ទូ​តអូស្ត្រាលីប្រចាំ​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ បាន​អំពាវ​នាវ​ឲ្យមាន​ការ​សើុប​អង្កេត​ដោយ​ឯករាជ្យ​ និង​មាន​តម្លា​ភាព​លើ​លទ្ធផល​នៃការ​បោះឆ្នោត​កាល​ពីថ្ងៃ​ទី​២៨ ខែកក្កដា​នេះ​។

លោក​ ស៊ាន  ម៉ាកគីនតុស អ្នក​នាំពាក្យ​ស្ថាន​​​​ទូត​អាមេរិក​បាន​មាន​ប្រសាសន៍ថា “យើង​​​​នៅ​តែ​និយាយ​ថា ត្រូវ​មាន​ការ​សើុប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​។​ លទ្ធផល​ដែល​​​កើត​​​ចេញ​​​ពី​​​ការ​​​ដោះ​​​ស្រាយ​​​​ជម្លោះក្នុង​ការ​បោះ​​​ឆ្នោត​នេះ​​ត្រូវ​តែ​ជា​លទ្ធផល​​​​ដែល​ប្រជាជន​ខ្មែរ​ទាំង​អស់គ្នា​ពេញ​ចិត្ត​”។

ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​រាជធានី​ភ្នំពេញ​ក៏​បា​ន​លើកឡើង​ផង​ដែរថា ខ្លួន​គាំទ្រ​ឲ្យ​មាន​​ការ​ស៊ើប​អង្កេត​ថែម​ទៀត​លើ​ភាព​មិន​ប្រក្រតី​ដែល​គេ​អះអាង​ថា បាន​កើត​មាន​ឡើង​អំឡុង​ពេល​បោះឆ្នោត​នោះ។

អ្នកនាំពាក្យស្ថានទូត​អូស្ត្រាលី​បាន​លើក​ឡើង​តាម​អ៊ីម៉េល​ថា “ស្ថាន​ទូត​ស្នើឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នៅ​កម្ពុជា​ជួយ​ធានា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ឲ្យ​បាន​ច្បាស់​លាស់​លើ​ភាព​មិន​ប្រក្រតី ដែល​ត្រូវ​បាន​រាយការណ៍​”។

លោក​ ហ្សង់ ហ្វ្រង់​ស័រ កូ​តាំង​ ឯកអគ្គ​រដ្ឋ​​​ទូត​សហភាព​អឺរ៉ុប​ប្រចាំកម្ពុជា​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តើ​សហ​ភាព​អឺរ៉ុប​គាំទ្រ​ឲ្យ​​មាន​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត​លើ​ភាព​មិន​​ប្រក្រតី​ ឬអត់​នោះទេ ​កាល​ពីម្សិលមិញ​។

ទោះជាយ៉ាង​ណា ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​កាល​ពីសប្តាហ៍មុន លោក​ស្រី ខាធើ​រីន អាស្តុន​ ​ស្នងការ​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​​បាន​លើក​ឡើង​ថា “ភាព​មិន​ប្រក្រតី​ដែ​ល​ត្រូវ​បាន​គេ​ចោទ​ឡើង​នោះ ​ត្រូវ​ដោះស្រាយ​មុន​ពេល​ប្រកាស​​លទ្ធផល​ចុង​ក្រោយ​”។

លោក​ស្រីបាន​បន្ថែមថា “ ដើម្បីបញ្ចប់​បញ្ហា​នេះ ​ខ្ញុំ​សូម​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​គណបក្ស​របស់​លោក​​ព្រម​ព្រៀង​គ្នា​ឲ្យ​បាន​ឆាប់​ជា​មួយ​​អ្នក​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់​លើយន្ត​ការ​ណា​មួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ​”។

អ្នកឃ្លាំមើល​ការ​បោះឆ្នោត​បាន​និយាយ​ថា ឥឡូវ​នេះ គ.ជ.ប. បាន​ដក​ខ្លួន​ចេញ​ទាំង​ស្រុង​ពី​ជម្លោះនយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​​ដោយ​គ្មាន​ការ​ខិត​ខំប្រឹង​ប្រែង​ឲ្យ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​តួនាទីរបស់​ខ្លួន​ក្នុង​នាម​ជាអ្នក​សម្រប​សម្រួលនៅ​​​ក្នុង​ជម្លោះ​នៃការ​បោះ​​​ឆ្នោត​នោះ​ទេ​​។

អ្នក​វិភាគ​និយាយថា ប៉ុន្តែ ការ​អំពាវ​នាវ​ពី​ប្រទេស​ផ្តល់​ជំនួយ​អន្តរជាតិ​ឲ្យ​មា​នការ​ស៊ើប​អង្កេតគួរ​ឲ្យ​ទុក​ចិត្ត​នោះ​ទំនង​ជាមិន​មាន​ឥទ្ធិ​ពល​ដល់​រដ្ឋាភិបាល​ទេ​ លុះត្រា​តែ​ពួកគេ​កាត់​ផ្តាច់​ជំនួយ​បរទេស​។

យោងតាម​លោក​ ចន  សៀសៀរី អ្នក​ជំនាញ​អំពីកម្ពុជា​នៅ​មហាវិទ្យាល័យ​គោល​នយោបាយ​សាធារណៈ​នៃសាកល​វិទ្យាល័យ Gerald R. Ford នៅ​រដ្ឋ​​ Michigan បាន​ឲ្យដឹង​ ថា ​​​ប្រទេស​ផ្តល់​ជំនួយ​អន្តរជាតិ​មិន​ហ៊ាន​ប្រថុយ​​​​នឹង​ការ​បាត់បង់​ទំនាក់​ទំនងរបស់​ខ្លួន​​ជាមួយ​កម្ពុជា​​ដោយសារ​រដ្ឋាភិបាល​មិន​សហ​ការ​ក្នុង​ការ​ស៊ើបអង្កេត​បញ្ហា​បោះឆ្នោត​នោះទេ​។

លោក​ សៀសៀរី បាន​មាន​ប្រសាសន៍ថា “ក្រៅពី​ការ​ជំរុញ​ជាសាធារណៈ​ និង​ជា​លក្ខណៈ​ឯកជន​ ឥទ្ធិពល​ដ៏ធំ​របស់​​​​សហ​​​រដ្ឋ​​​អាមេរិក​ និង​សហភាព​អឺរ៉ុប​គឺការ​កាត់​ផ្តាច់​​​ជំនួយ​បរទេស​។ នោះគឺជាបៀដែល​សហ​​​រដ្ឋ​​​អាមេរិក​ និង​សហភាពអឺរ៉ុប​មិនចង់​លេង​ទេ​ លុះត្រា​តែ​ពួក​គេ​ជឿថា ការ​កាត់​ផ្តាច់​ជំនួយ​​​​នឹង​ធ្វើ​ឲ្យមាន​ការ​ស៊ើបអង្កេត​ហ្មត់ចត់​បានលឿន​ និង​អាច​នាំឲ្យមាន​ការ​ធ្វើ​សម្ប​ទាន​ដ៏សំខាន់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ ការ​បោះឆ្នោត​ឡើង​វិញ ដែល​អាចនាំ​ឲ្យ​​​មាន​​​​ការ​ផ្លាស់​ប្តូរ​អំណាច”។

លោក​បាន​បន្ថែម​ថា  “ប្រសិន​បើ​ [ ប្រទេស​​ផ្តល់​ជំនួយ​] រំពឹង​ថា ការ​កាត់​ផ្តាច់​ជំនួយ​គ្រាន់​តែ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច​ដល់​អ្នក​ដឹកនាំ​បច្ចុប្បន្ន​ ហើយ​មិន​ធ្វើ​ឲ្យមាន​សម្បទាន​ពេញ​លេញ​នោះ​ ពួកគេ​ទំនង​ជាដឹងថា យុទ្ធសាស្ត្រ​បែប​នេះ​មិន​សូវ​ជាល្អ​ប៉ុន្មាន​​ទេ​។ សម្ពាធ​ពី​អន្តរ​​​ជាតិ​អាច​នាំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​មែន​ ប៉ុន្តែ វា​ហាក់​ដូចជាមិន​គ្រប់​គ្រាន់​ទេ​”។

ទោះបីជា ការធ្វើ​មិន​ដឹង​មិន​ឮចំពោះ​​ការ​រិះ​គន់​ពី​បរទេស​​បាន​ក្លាយ​ជា​​​ទម្លាប់​​ក្រោយ​ការ​បោះឆ្នោត​សម្រាប់​គណបក្ស​ប្រជា​ជន​កម្ពុជា​ក៏ដោយ​ ក៏ការ​ឈ្នះ​ប្រផិត​ប្រផើយ​នៅ​ឆ្នាំ​នេះ​រួម​ជាមួយ​នឹង​សេចក្តី​រាយការណ៍​ជាច្រើន​ពីភាព​មិន​ប្រក្រតីនោះ​មានសក្តា​នុ​​​ពល​ក្នុង​ការ​ផ្លាស់​ប្តូរ​​អំណាច​ដែរ​ នេះ​បើ​យោង​តាម​លោក​ ខាលីល ថៃយ័រ អ្នក​ជំនាញ​នៅ​អាស៊ើ​អាគ្នេយ៍​​មក​ពី​​បណ្ឌិត្យ​សភា​​កង​ទ័ព​​​ការ​ពារ​ជាតិ​អូស្ត្រាលី​។

លោក​បាន​មាន​ប្រសាសន៍ថា “ការ​អំពាវ​នាវឲ្យ​មាន​ការ​ស៊ើបអង្កេត​ពីសំណាក់​​អន្តរ​​​ជាតិ​​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ម្តងៗ​ ប៉ុន្តែ បើ​តាម​ខ្ញុំ​ដឹង​ គ.ជ.ប.​ បាន​ច្រាន​ចោល​​​​ភ្លាម​ៗនូវពាក្យ​បណ្តឹង​ទាំង​នោះ​និង​មិន​បាន​ផ្លាស់​ប្តូរ​លទ្ធ​ផល​ណាមួយ​​ឡើយ​។​ឆ្នាំនេះ​ខុស​ពី​ពេល​មុនៗ​”។ លោក​បាន​បន្ថែម​ថា ឥឡូវ​នេះការ​បង្ហាញ​​ភ័ស្តុ​តាង​ស្ថិតនៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​បង្ហាញឲ្យ​ច្បាស់​​ថា ពួកគេ​បាន​ឈ្នះ​ឆ្នោត​ប្រសិន​បើ​មិន​​មាន​ភាពមិន​ប្រក្រតី​ដែល​បង្ក​ឡើង​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​​​ទេ​នោះ។

លោក​ ខាលីល ថៃយ័រ បាន​មាន​ប្រសាសន៍​​​ថា “ប្រសិន​បើ​មើលទៅ​ហាក់ដូចជា​របប​នេះ​​​​កំពុង​រារាំង​ និង​មិន​ធ្វើការ​ស៊ើប​អង្កេត​​ឲ្យ​បាន​ហ្មត់​ចត់ ​ទៅលើការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជាច្រើន​នោះ​ទេ​ ដូច្នេះ​ហើយ​ ​​អំណាច​​​​ពី​ខាង​​​ក្រៅ​មាន​ឥទ្ធិពល​ក្នុង​ការ​កាត់​ផ្តាច់​ជំនួយ​ ឬ​ការ​ដាក់​ទោស​ប្រសិន​បើ​​ទង្វើ​នោះ​​​ធ្វើ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​អ្វីមួយ​” ។

លោក​បាន​ថ្លែង​​​បន្ថែម​ទៀត​​​ថា “ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​​ ពូកែ​ខាង​​ប្រើ​ឥទ្ធិ​​​ពល​នៃ​អំណាច​របស់​ខ្លួន​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យមាន​ការ​កែប្រែ​លទ្ធផល​បោះឆ្នោត​។ ពួកគេ​នឹង​ធ្វើ​រឿង​នេះ​ដោយ​មាន​ភាព​ស្រប​ច្បាប់​តិច​តូច​​ដែល​ធ្វើ​ឲ្យមាន​ការ​ពិបាក​សម្រាប់​ប្រទេស​​​​ផ្សេង​[ ក្នុងការ​ចាត់​វិធាន​​​ការដាក់​ទោស​]”។

ថ្វីបើ​មាន​ការ​អំពាវ​នាវឲ្យ​មាន​ការ​ស៊ើប​អង្កេតគួរឲ្យ​ទុក​ចិត្តក៏ដោយ ក៏លោក​ ទេព​ នីថា ​​​អគ្គលេខាធិការ​ គ.ជ.ប. បាន​មាន​ប្រសាសន៍​​​ថា  គ.ជ.ប. ​​​បាន​ដោះស្រាយ​ពាក្យ​បណ្តឹង​ចំនួន​​​​១៧​ករណីរួចហើយ ពាក់​ព័ន្ធ​នឹង​លទ្ធ​​​ផល​បោះឆ្នោត​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ប្តឹង​​ ប៉ុន្តែ ទីបំផុត​ពាក្យ​បណ្តឹង​ទាំង​នោះ​ត្រូវ​បាន​ច្រាន​ចោល​អស់​។

លោក​ ទេព នីថា បាន​មាន​ប្រសាសន៍ថា “គ.ជ.ប. បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​រួច​ហើយ​ ហើយ​យើង​បាន​ដោះស្រាយ​បណ្តឹង​ទាំង​នោះ​ដោយ​សមស្រប​និង​​ត្រឹម​ត្រូវ​។ យើង​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​ត្រឹម​ត្រូវ​ ដើម្បី​បញ្ជាក់​ពី​ការ​រាប់​សន្លឹក​ឆ្នោត​​”។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​​ថ្លែងពី​ការ​សម្រប​សម្រួល​នៅ​ក្នុង​​សុន្ទ​រកថា​ជាលើក​ដំបូង​របស់​លោក បន្ទាប់​ពីការ​បោះ​​​ឆ្នោត​ ដោយ​មាន​ប្រសាសន៍ថា គណ​បក្ស​ប្រជាជន​កម្ពុជា​ព្រម​សហ​ការ​ជាមួយ​គណ​​​បក្ស​សង្គ្រោះជាតិ​ក្នុង​ការ​បង្កើត​គណៈ​កម្មការ​ចម្រុះមួយ​​ ដើម្បីស៊ើបអង្កេត​ការ​បោះ​ឆ្នោត​នេះ​។ ប៉ុន្តែ ការ​ចរចារវាង​គណ​បក្ស​ទាំង​ពីរ​បា​ន​ជាប់​គាំង​ចាប់​តាំង​ពីពេល​នោះ​មក​។

នៅ​ក្នុង​ការ​ចរចា​លើក​ទី១​រវាងគណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីថ្ងៃទី​៩ ខែសីហា ​ គណបក្ស​ទាំង​ពី​រ​បាន​​ព្រម​ព្រៀង​ជាគោល​ការណ៍​ចំពោះការ​បង្កើត​​គណៈកម្មការ​ឲ្យស៊ើប​អង្កេត​ភាព​មិន​ប្រ​ក្រតី​ក្នុងការ​បោះឆ្នោ​តនោះ​។ ទោះជាយ៉ាង​ណា​គណបក្ស​ទាំង​ពីរ​នៅ​ខ្វែង​គំនិត​គ្នា​អំពី​អ្នក​ដឹក​នាំ​ការ​ស៊ើប​អង្កេត​នោះ​។

គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់ថា ខ្លួន​​នឹង​ចូល​រួ​ម​ប្រសិន​បើ​ដំណើរការ​នោះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត រីឯគណបក្ស​សង្គ្រោះ​ជាតិ​ទាម​ទារ​ឲ្យ​ស្ថាប័ន​​ឯករាជ្យ​មួយ​ជាអ្នក​ស៊ើប​អង្កេត​ ពី​​​ព្រោះ​ខ្លួន​ចោទថា គណបក្ស​ប្រជា​ជន​កម្ពុជា និង​ គ.ជ.ប.​ បាន​សហការ​គ្នា​ប្រើ​ល្បិច​ក្នុងការ​បោះ​ឆ្នោត​ និង​លួ​ច​បន្លំ​សន្លឹក​ឆ្នោត​។

លោក​ ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​នយោ​បាយ​​ឯករាជ្យ​បាន​មាន​ប្រសាសន៍ថា គ.ជ.ប. និង​គណ​បក្ស​ប្រជាជន​កម្ពុជា​មិន​បាន​បង្ហាញថា ខ្លួន​ចង់​ពន្យារ​ពេល​​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ឲ្យ​ហួស​ពីចុង​ខែ​កញ្ញា​នោះទេ​។​ លោក​បាន​មាន​ប្រសាសន៍ថា “ វា​ហាក់​ដូចជា​គណបក្ស​កាន់​អំណាច​ចង់​បើក​សម័យ​ប្រជុំ​រដ្ឋ​សភា​ និង​បង្កើត​រដ្ឋាភិបាល​ថ្មី​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”៕

រាយការណ៍​បន្ថែម​ដោយ គុច ណារ៉េន
ប្រែ​​​សម្រួល​​​ដោយ មូល គឹមហឿន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស