បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសថា ខ្លួនបានបញ្ចប់ការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោតមក ស្ថានទូតអាមេរិក និងស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញកាលពីម្សិលមិញ បានអំពាវនាវឲ្យមានការសើុបអង្កេតដោយឯករាជ្យ និងមានតម្លាភាពលើលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដានេះ។
លោក ស៊ាន ម៉ាកគីនតុស អ្នកនាំពាក្យស្ថានទូតអាមេរិកបានមានប្រសាសន៍ថា “យើងនៅតែនិយាយថា ត្រូវមានការសើុបអង្កេតលើភាពមិនប្រក្រតី។ លទ្ធផលដែលកើតចេញពីការដោះស្រាយជម្លោះក្នុងការបោះឆ្នោតនេះត្រូវតែជាលទ្ធផលដែលប្រជាជនខ្មែរទាំងអស់គ្នាពេញចិត្ត”។
ស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញក៏បានលើកឡើងផងដែរថា ខ្លួនគាំទ្រឲ្យមានការស៊ើបអង្កេតថែមទៀតលើភាពមិនប្រក្រតីដែលគេអះអាងថា បានកើតមានឡើងអំឡុងពេលបោះឆ្នោតនោះ។
អ្នកនាំពាក្យស្ថានទូតអូស្ត្រាលីបានលើកឡើងតាមអ៊ីម៉េលថា “ស្ថានទូតស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជាជួយធានាឲ្យមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់លើភាពមិនប្រក្រតី ដែលត្រូវបានរាយការណ៍”។
លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើសហភាពអឺរ៉ុបគាំទ្រឲ្យមានការស៊ើបអង្កេតបន្ថែមទៀតលើភាពមិនប្រក្រតី ឬអត់នោះទេ កាលពីម្សិលមិញ។
ទោះជាយ៉ាងណា ក្នុងលិខិតមួយផ្ញើជូនលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងកាលពីសប្តាហ៍មុន លោកស្រី ខាធើរីន អាស្តុន ស្នងការជាន់ខ្ពស់សហភាពអឺរ៉ុបបានលើកឡើងថា “ភាពមិនប្រក្រតីដែលត្រូវបានគេចោទឡើងនោះ ត្រូវដោះស្រាយមុនពេលប្រកាសលទ្ធផលចុងក្រោយ”។
លោកស្រីបានបន្ថែមថា “ ដើម្បីបញ្ចប់បញ្ហានេះ ខ្ញុំសូមជំរុញយ៉ាងខ្លាំងឲ្យគណបក្សរបស់លោកព្រមព្រៀងគ្នាឲ្យបានឆាប់ជាមួយអ្នកជាប់ពាក់ព័ន្ធទាំងអស់លើយន្តការណាមួយ ដើម្បីដោះស្រាយបញ្ហាទាំងនោះ”។
អ្នកឃ្លាំមើលការបោះឆ្នោតបាននិយាយថា ឥឡូវនេះ គ.ជ.ប. បានដកខ្លួនចេញទាំងស្រុងពីជម្លោះនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដោយគ្មានការខិតខំប្រឹងប្រែងឲ្យគ្រប់គ្រាន់ដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាអ្នកសម្របសម្រួលនៅក្នុងជម្លោះនៃការបោះឆ្នោតនោះទេ។
អ្នកវិភាគនិយាយថា ប៉ុន្តែ ការអំពាវនាវពីប្រទេសផ្តល់ជំនួយអន្តរជាតិឲ្យមានការស៊ើបអង្កេតគួរឲ្យទុកចិត្តនោះទំនងជាមិនមានឥទ្ធិពលដល់រដ្ឋាភិបាលទេ លុះត្រាតែពួកគេកាត់ផ្តាច់ជំនួយបរទេស។
យោងតាមលោក ចន សៀសៀរី អ្នកជំនាញអំពីកម្ពុជានៅមហាវិទ្យាល័យគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Gerald R. Ford នៅរដ្ឋ Michigan បានឲ្យដឹង ថា ប្រទេសផ្តល់ជំនួយអន្តរជាតិមិនហ៊ានប្រថុយនឹងការបាត់បង់ទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជាដោយសាររដ្ឋាភិបាលមិនសហការក្នុងការស៊ើបអង្កេតបញ្ហាបោះឆ្នោតនោះទេ។
លោក សៀសៀរី បានមានប្រសាសន៍ថា “ក្រៅពីការជំរុញជាសាធារណៈ និងជាលក្ខណៈឯកជន ឥទ្ធិពលដ៏ធំរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគឺការកាត់ផ្តាច់ជំនួយបរទេស។ នោះគឺជាបៀដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិនចង់លេងទេ លុះត្រាតែពួកគេជឿថា ការកាត់ផ្តាច់ជំនួយនឹងធ្វើឲ្យមានការស៊ើបអង្កេតហ្មត់ចត់បានលឿន និងអាចនាំឲ្យមានការធ្វើសម្បទានដ៏សំខាន់ពីគណបក្សប្រជាជនកម្ពុជា ឬ ការបោះឆ្នោតឡើងវិញ ដែលអាចនាំឲ្យមានការផ្លាស់ប្តូរអំណាច”។
លោកបានបន្ថែមថា “ប្រសិនបើ [ ប្រទេសផ្តល់ជំនួយ] រំពឹងថា ការកាត់ផ្តាច់ជំនួយគ្រាន់តែធ្វើឲ្យភ័យខ្លាចដល់អ្នកដឹកនាំបច្ចុប្បន្ន ហើយមិនធ្វើឲ្យមានសម្បទានពេញលេញនោះ ពួកគេទំនងជាដឹងថា យុទ្ធសាស្ត្របែបនេះមិនសូវជាល្អប៉ុន្មានទេ។ សម្ពាធពីអន្តរជាតិអាចនាំឲ្យមានការស៊ើបអង្កេតមែន ប៉ុន្តែ វាហាក់ដូចជាមិនគ្រប់គ្រាន់ទេ”។
ទោះបីជា ការធ្វើមិនដឹងមិនឮចំពោះការរិះគន់ពីបរទេសបានក្លាយជាទម្លាប់ក្រោយការបោះឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ការឈ្នះប្រផិតប្រផើយនៅឆ្នាំនេះរួមជាមួយនឹងសេចក្តីរាយការណ៍ជាច្រើនពីភាពមិនប្រក្រតីនោះមានសក្តានុពលក្នុងការផ្លាស់ប្តូរអំណាចដែរ នេះបើយោងតាមលោក ខាលីល ថៃយ័រ អ្នកជំនាញនៅអាស៊ើអាគ្នេយ៍មកពីបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី។
លោកបានមានប្រសាសន៍ថា “ការអំពាវនាវឲ្យមានការស៊ើបអង្កេតពីសំណាក់អន្តរជាតិកើតមានឡើងបន្ទាប់ពីការបោះឆ្នោតម្តងៗ ប៉ុន្តែ បើតាមខ្ញុំដឹង គ.ជ.ប. បានច្រានចោលភ្លាមៗនូវពាក្យបណ្តឹងទាំងនោះនិងមិនបានផ្លាស់ប្តូរលទ្ធផលណាមួយឡើយ។ឆ្នាំនេះខុសពីពេលមុនៗ”។ លោកបានបន្ថែមថា ឥឡូវនេះការបង្ហាញភ័ស្តុតាងស្ថិតនៅលើគណបក្សសង្គ្រោះជាតិ ដើម្បីបង្ហាញឲ្យច្បាស់ថា ពួកគេបានឈ្នះឆ្នោតប្រសិនបើមិនមានភាពមិនប្រក្រតីដែលបង្កឡើងដោយគណបក្សប្រជាជនកម្ពុជាទេនោះ។
លោក ខាលីល ថៃយ័រ បានមានប្រសាសន៍ថា “ប្រសិនបើមើលទៅហាក់ដូចជារបបនេះកំពុងរារាំង និងមិនធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ទៅលើការលួចបន្លំសន្លឹកឆ្នោតជាច្រើននោះទេ ដូច្នេះហើយ អំណាចពីខាងក្រៅមានឥទ្ធិពលក្នុងការកាត់ផ្តាច់ជំនួយ ឬការដាក់ទោសប្រសិនបើទង្វើនោះធ្វើឲ្យមានការផ្លាស់ប្តូរអ្វីមួយ” ។
លោកបានថ្លែងបន្ថែមទៀតថា “ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា ពូកែខាងប្រើឥទ្ធិពលនៃអំណាចរបស់ខ្លួនដើម្បីទប់ស្កាត់មិនឲ្យមានការកែប្រែលទ្ធផលបោះឆ្នោត។ ពួកគេនឹងធ្វើរឿងនេះដោយមានភាពស្របច្បាប់តិចតូចដែលធ្វើឲ្យមានការពិបាកសម្រាប់ប្រទេសផ្សេង[ ក្នុងការចាត់វិធានការដាក់ទោស]”។
ថ្វីបើមានការអំពាវនាវឲ្យមានការស៊ើបអង្កេតគួរឲ្យទុកចិត្តក៏ដោយ ក៏លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍ថា គ.ជ.ប. បានដោះស្រាយពាក្យបណ្តឹងចំនួន១៧ករណីរួចហើយ ពាក់ព័ន្ធនឹងលទ្ធផលបោះឆ្នោតដែលគណបក្សសង្គ្រោះជាតិបានប្តឹង ប៉ុន្តែ ទីបំផុតពាក្យបណ្តឹងទាំងនោះត្រូវបានច្រានចោលអស់។
លោក ទេព នីថា បានមានប្រសាសន៍ថា “គ.ជ.ប. បានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចហើយ ហើយយើងបានដោះស្រាយបណ្តឹងទាំងនោះដោយសមស្របនិងត្រឹមត្រូវ។ យើងបានធ្វើការស៊ើបអង្កេតដោយត្រឹមត្រូវ ដើម្បីបញ្ជាក់ពីការរាប់សន្លឹកឆ្នោត”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីការសម្របសម្រួលនៅក្នុងសុន្ទរកថាជាលើកដំបូងរបស់លោក បន្ទាប់ពីការបោះឆ្នោត ដោយមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាព្រមសហការជាមួយគណបក្សសង្គ្រោះជាតិក្នុងការបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីស៊ើបអង្កេតការបោះឆ្នោតនេះ។ ប៉ុន្តែ ការចរចារវាងគណបក្សទាំងពីរបានជាប់គាំងចាប់តាំងពីពេលនោះមក។
នៅក្នុងការចរចាលើកទី១រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៩ ខែសីហា គណបក្សទាំងពីរបានព្រមព្រៀងជាគោលការណ៍ចំពោះការបង្កើតគណៈកម្មការឲ្យស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការបោះឆ្នោតនោះ។ ទោះជាយ៉ាងណាគណបក្សទាំងពីរនៅខ្វែងគំនិតគ្នាអំពីអ្នកដឹកនាំការស៊ើបអង្កេតនោះ។
គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា ខ្លួននឹងចូលរួមប្រសិនបើដំណើរការនោះដឹកនាំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រីឯគណបក្សសង្គ្រោះជាតិទាមទារឲ្យស្ថាប័នឯករាជ្យមួយជាអ្នកស៊ើបអង្កេត ពីព្រោះខ្លួនចោទថា គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. បានសហការគ្នាប្រើល្បិចក្នុងការបោះឆ្នោត និងលួចបន្លំសន្លឹកឆ្នោត។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា គ.ជ.ប. និងគណបក្សប្រជាជនកម្ពុជាមិនបានបង្ហាញថា ខ្លួនចង់ពន្យារពេលការបង្កើតរដ្ឋាភិបាលថ្មីឲ្យហួសពីចុងខែកញ្ញានោះទេ។ លោកបានមានប្រសាសន៍ថា “ វាហាក់ដូចជាគណបក្សកាន់អំណាចចង់បើកសម័យប្រជុំរដ្ឋសភា និងបង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕
រាយការណ៍បន្ថែមដោយ គុច ណារ៉េន ប្រែសម្រួលដោយ មូល គឹមហឿន