33 C
Phnom Penh

ក្រុម​ហ៊ុន​សិង្ហ​បុរី​នឹងដាក់​​ភ្លើង​បំភ្លឺ​តាម​ផ្លូវ​នៅ​ជន​បទដាច់​ស្រយាលក្នុង​​ខេត្តកំ​ពង់​ឆ្នាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​សិង្ហបុរី​មួយ​កំពុង​តែរៀបចំ​ផែន​ការ​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​ក្នុង​ភូមិ​ចំនួន​បី​ក្នុង​ខេត្ត​កំពង់​ឆ្នាំងនា​ចុង​ឆ្នាំ​នេះ ដើម្បី​បង្កើន​សុវត្ថិ​ភាព​សម្រាប់​ប្រជា​ពល​​រដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​នៅ​ពេល​យប់​។

លោក រ៉ូបឺត ហ៊ានឌែល (Robert Haendel) ប្រធាន​នាយក​ប្រតិបត្តិ​ និង​ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Fosera Lightning ដែលជា​បុត្រ​សម្ព័ន្ធ​របស់​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ថាម​ពលពន្លឺ​ព្រះ​អាទិត្យ ​នៅប្រទេស​សិង្ហបុរី​ បានឲ្យដឹង​ថា ក្រុម​ហ៊ុន​ Fosera Lightning កំពុង​តែ​រៃ​អង្គាស​ប្រាក់​តាម​រយៈ​យុទ្ធនាការ​តាម​ប្រព័ន្ធ​​អីុន​ធើ​ណិត​ ដើម្បី​ដាក់​​​អំ​​​ពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ ដោយ​ប្រើ​​ថាមពល​ពន្លឺព្រះ​អាទិត្យ​នៅ​តាម​ផ្លូវ​ងងឹត​ក្នុង​​ភូមិ​​ក្រាំង​លាវ ទឹកល្អក់​ និង​ភូមិ​ត្រ​ពាំង​ក្រវ៉ាន់​។

លោក​បាន​មាន​ប្រសាសន៍ថា “នៅ​ពេល​កម្មករ​រោង​ចក្រ​​វិល​ត្រឡប់​ពី​ធ្វើ​ការ​ងារ​មក​ផ្ទះ​ ហើយ​គ្មាន​ភ្លើង​នៅ​ក្នុង​ភូមិ​របស់​ពួក​គេ វា​អាច​មា​ន​គ្រោះ​ថ្នាក់​ ដូច្នេះ​ភ្លើង​អាច​ជួយ​ពួក​គេ​បា​ន​” ។ ​លោកបាន​មាន​ប្រសាសន៍​បន្ថែមទៀត​ថា ភ្លើង​​បំភ្លឺ​ផ្លូវ​នឹង​ត្រូវ​ដាក់​​នៅ​តាម​ផ្លូវ​ទៅ​កាន់​មណ្ឌល​សុខ​ភាព សាលា​រៀន អណ្តូង​ទឹក និង​វត្ត​នៅ​ក្នុង​ភូមិ។

ក្រុម​ហ៊ុន​ Fosera Lightning គ្រោង​នឹងដាក់​អំពូល​ភ្លើង​ចំនួន​១៩​ដើមនៅ​ក្នុង​ភូមិ​ក្រាំង​លាវ​ អំពូល​ភ្លើង​ចំនួន​២៦ដើម​នៅ​ភូមិទឹក​ល្អក់ និង​៣០ដើម​នៅ​ភូមិ​ត្រពាំង​ក្រវ៉ាន់​។

លោក ហ៊ានឌែល បាន​មាន​ប្រសាសន៍​ថា ​ក្រុម​ហ៊ុន​នេះ​នឹងសហកា​រ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ World Toilet Organization និង​អង្គការ​ BoP Hup ជា​អង្គការ​ដែល​ផ្តោត​លើ​ការ​បង្កើត​​សេវា​កម្ម​តម្លៃសម​រម្យ​សម្រាប់​​សហ​គមន៍​ក្រី​ក្រ​ ដើម្បី​ជ្រើស​រើស​​​ភូមិ​ត្រូ​វ​​ដាក់​អំ​ពូ​ល​ភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នេះគឺ​ជា​គម្រោង​​ដំបូងហើយរបស់​ក្រុម​ហ៊ុន Fosera​ ក្នុង​ការ​ផលិត​ប្រព័ន្ធ​អំពូល​ភ្លើង​ឯក​រាជ្យ​​ដោយ​បង់​ថ្លៃ​​​ឈ្មោះ​ថា Commlight​។ អំពូល​ភ្លើង​នេះ​មាន​ថាម​ពល​តាម​រយៈ​អាគុយ​​ហ្វូស្វាត​សាក​​ដោយ​ពន្លឺ​ព្រះ​អាទិត្យ ហើយ​អាច​​បើក​-បិទ​ស្វ័យ​ប្រវត្តិ​ដោយ​ឧបករណ៍​ចាប់​សញ្ញា​ នៅ​ពេល​ដែល​ព្រះ​អាទិត្យ​រះ​ ឬ​លិច​។​ អំពូល​ភ្លើង​នីមួយៗ​ប្រើ​​បាន​១០​ឆ្នាំ​។

លោក ហ៊ានឌែល បាន​បន្ត​ថា “ យើង​ទើប​​តែ​ចាប់​ផ្តើម​ដំណើរ​ការរក​​ជំនួយ​​នៅ​ក្នុង​ខែ​សីហា សម្រាប់​ប្រទេស​កម្ពុជា​។ ដំណើរ​ការ​នេះ​បញ្ចប់​នៅ​ក្នុង​ខែ​កញ្ញា។ បន្ទាប់​មក យើង​នឹង​ផលិត​អំពូល​ភ្លើង​ ហើយដឹកអំពូល​នេះ​មក​ក្នុង​ខែ​តុលា​ ហើយ​នឹងដាក់​​អំពូល​ភ្លើង​នេះ​ឲ្យ​ចប់​ត្រឹម​ខែ​វិច្ឆិកា”។

តាម​រយៈ​គេហទំព័រ​រៃ​អង្គាស​មូលនិធិ​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ ក្រុម​ហ៊ុន​ Fosera បានឲ្យ​ដឹងទៀតថា ខ្លួន​រៃ​អង្គាស​ប្រាក់​បា​ន​ប្រហែល​៣.៥០០​ដុល្លារ ឬក៏ជា​ចំនួន​ទឹក​ប្រាក់គ្រប់​គ្រាន់​នឹង​ដាក់​អំពូល​បាន​ចំនួន​១០។​ចំនួន​ទឹក​ប្រាក់​​ដែល​​ក្រុម​ហ៊ុន​នេះ​ត្រូវ​ការ ​គឺ​៣៣.៥០០​​ដុល្លារ។ អំពូល​ភ្លើង​មួយ​តម្លៃ​៣៦០​ដុល្លារ​។

លោក ហ៊ានឌែល បានមានប្រសាសន៍​ថា ទោះ​បីជា​ មាន​ផែន​ការ​ដំឡើង​អំពូល​ភ្លើង​​ចំនួន​៧៥ក៏ដោយ​ ក៏ក្រុម​ហ៊ុន Fosera ​នឹង​ដាក់​​ចំនួន​អំពូល​ភ្លើង​ទៅ​តាម​ប្រាក់​ដែល​ខ្លួន​រៃ​អង្គាស​បាន​ប៉ុណ្ណោះ។ លោក​ ហ៊ាន​ឌែល បាន​មានប្រសាសន៍​បន្តថា “[កម្ពុជា​]​ គឺជា​គំរូ​មួយ​សម្រាប់​​បង្ហាញ​វិនិយោគិន​ទាំង​ឡាយ​”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស