35 C
Phnom Penh

បក្ស​ប្រជា​ជន​គំរាម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​គំរាម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណ​បក្ស​នេះ​មិន​​​បញ្ឈប់​​​ការ​​​ប្រើ​​​ “វោហារសាស្ត្រ​បង្ខូច​កេរ្តិ៍​ឈ្មោះ” ពាក់ព័ន្ធ​​​នឹង​​​​​​​ទំនាក់​ទំនងរវាង​​​​គណ​បក្ស​កាន់​អំណាច​និង​​​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ដែល​គណ​បក្ស​ប្រឆាំង​ចោទ​ថា បាន​​​លួច​​​បន្លំ​​​​សន្លឹក​​​ឆ្នោត​​​ក្នុង​​​ការ​បោះ​ឆ្នោត​កាលពី​​​​ក្នុងខែ​កក្កដា​ ដើម្បី​​ឲ្យ​គណ​បក្ស​ប្រជា​ជនកម្ពុជាអាច​​​បន្ត​​​កាន់​អំណាច​​​ទេ​​​នោះ​​​​។

កាលពី​ថ្ងៃ​ច័ន្ទ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ការឃុបឃិត​ជាមួយ​ គ.ជ.ប. ហើយ​លោក ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​អះអាង​​​ថា មាន​ផ្លូវ​​​​ច្បាប់​​​សម្រាប់​​​គណបក្ស​កាន់​អំណាចក្នុង​​​ការ​បញ្ឈប់​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ពី​​​ការ​​​ចោទប្រកាន់​​​បែប​​​នេះ​​​។

លោក ស៊ីផាន បាន​មាន​ប្រសាសន៍ថា “ការ​​​​អត់ធ្មត់​​​របស់​​​​​​មនុស្ស​​​ម្នាក់ៗ​​​មាន​​​ដែន​​​កំណត់​​​​ ហើយ​យើង​ត្រូវ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដឹង​ថា ដែន​​​កំណត់​​​របស់​យើងស្ថិត​​​នៅ​​​ត្រង់​ណា​​​។​​​យើង​មិន​អាច​ទទួល​យក​ការ​​ចោទ​ប្រកាន់​​​​​​បែប​​​បង្ខូច​កេរ្តិ៍​ឈ្មោះ​​​ដូច្នេះ​​​​​​​ទៀតបាន​​​​ទេ។យើង​គោរព​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ ក៏​ប៉ុន្តែ នេះ​មិន​មែន​ជា​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ទេ។មាន​ច្បាប់​​ជាធរមាន​សម្រាប់​​​​​ការ​ពារ​ស្ថាប័ន​​​ណា​​​មួយ ​​​​ពីការ​​​​បង្ខូច​កេរ្តិ៍​ឈ្មោះ​​​បែប​នេះ។ ប្រហែល​ជាអាច​​​​មាន​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​”។

ការ​​​ប្រកាស​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កាល​ពី​ថ្ងៃ​ច័ន្ទ​​​​នេះ​​​ធ្វើ​ឡើង ​បន្ទាប់​ពី​ការ​​​ចរចា​​​រវាង​គណ​បក្ស​​ទាំងពីរ​​​ស្តីពី​​​​ការ​បង្កើត​អនុ​គណៈ​កម្ម​ការ​មួយ​​​​ដើម្បី​សើុប​អង្កេត​ពាក្យ​បណ្តឹង​​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ថ្ងៃ​បោះ​ឆ្នោត​​បាន​​​​ជាប់គាំង​​​​ ដោយ​គណ​បក្ស​ប្រជា​ជន និង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ឈានដល់​​​ការ​​​​ព្រម​ព្រៀង​​​គ្នា​​​ស្តីពី​​​​តួនាទី​របស់​គ.ជ.ប. ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ។

សេចក្តី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា “ការ​ចោទ​ប្រកាន់​ដែល​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​បាន​​​​សម​គំនិត​ជាមួយ​គ.ជ.ប. ក្នុងការ​​​លួច​បន្លំ​សន្លឹក​ឆ្នោត​ គឺ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋានក្នុង​​​បំណង​​​​ធ្វើ​ឲ្យ​​​​សាធារណ​​​​ជន​​​មាន​​​ការ​​​ភាន់​​​ច្រឡំអំពី​​​​ដំណើរ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា។គណ​បក្ស​ប្រជាជន​កម្ពុជា​សូម​បដិសេធ​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ”។

គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​មួយ​ពី​​​សេចក្តី​​​រាយការណ៍​ស្តី​ពី​ភាព​មិន​ប្រក្រតី​​​ជា​​​ទូទៅ ​​​ក្នុង​ការ​បោះ​ឆ្នោត ដោយ​អះអាង​​​ថា គ.ជ.ប. គឺ​ជា​ឧបករណ៍​មួយ​របស់​គណ​បក្ស​កាន់​អំណាច​ ​ដែល​​​កង្វល់​​​នេះ​​​ក៏​​​ធ្លាប់​​​ត្រូវបាន​​​​លើក​ឡើង​ដោយ​លោក សុរិយា ស៊ូបេឌី អ្នក​ធ្វើ​របាយ​ការណ៍​ពិសេស​​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា និង​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិ​ធម៌​នៅ​​កម្ពុជា (ខុមហ្វ្រែល​​​)។

កាល​ពី​ម្សិល​មិញ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​​​សាជាថ្មី​​​ពីមន្ទិល​សង្ស័យ​របស់​គណបក្ស​ប្រឆាំង​ចំពោះ​​​​អព្យាក្រឹត​​​ភាព​​​របស់​​ គ.ជ.ប. និង​បាន​ចោទ​សួរ​អំពី​ការ​គំរាម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​របស់​លោក ផៃ ស៊ីផាន។​ លោក​បាន​មា​ន​ប្រ​សាសន៍​​ថា“ វា​ស្តែង​​​ឲ្យ​​​ពិភព​លោក​​ទាំង​មូល​​ឃើញ​ថា គ.ជ.ប. ត្រូវ​បាន​រៀបចំ​​​ជា​ប្រព័ន្ធ​ដោយ​គណបក្ស​ប្រជា​ជន។អ្នក​បោះ​ឆ្នោត​ដឹង​រឿង​នេះ​ អង្គការ​សហ​ប្រជា​ជាតិ​ក៏​ដឹង​ ហើយ​សហគមន៍​​​អន្តរ​ជាតិ​ក៏​ដឹង​រឿង​នេះ​ដែរ​​​”៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស