អាជ្ញាធរកាលពីម្សិលមិញបានដោះលែងជនសង្ស័យចំនួនបួននាក់ ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងញុះញង់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកម្ពុជាឲ្យផ្ដួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យនៅក្រៅឃុំ តែទោះជាយ៉ាងណាអង្គការសិទ្ធិមនុស្សបានលើកឡើងថា ការចោទប្រកាន់លើជនសង្ស័យទាំងបួននាក់នេះគួរតែត្រូវបានលើកលែងទាំងអស់ ដោយសារតែខ្វះភ័ស្ដុតាង។

លោក ហ៊ី បូរិន លោក ទុត ច័ន្ទបញ្ញា កញ្ញា សុខ ដាលីស និងអ្នកស្រី លឹម លីផេង សុទ្ធតែត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍និងត្រូវសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់នៅពីរថ្ងៃក្រោយ ពីបទញុះញង់ដោយបានរៀបផែនការចែកផ្កាកុលាបលឿង ដែលមានអមដោយខិត្តប័ណ្ណទៅឲ្យយោធា និងនគរបាល ដោយជំរុញឲ្យពួកគេ “ងាកអាវុធរបស់ខ្លួនប្រឆាំងនឹងជនផ្ដាច់ការ”។ ពួកគេទាំងបួននាក់នេះ សុទ្ធតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំពីពន្ធនាគារព្រៃស កាលពីរសៀលម្សិលមិញ។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ ដែលជាអង្គការផ្ដល់មេធាវីទៅឲ្យលោក ច័ន្ទបញ្ញា និងកញ្ញា ដាលីស បានលើកឡើងថា “យើងស្វាគមន៍ការដោះលែងអ្នកទាំងបួននាក់នេះ ប៉ុន្តែយើងមានការសោកស្ដាយណាស់ ពីព្រោះពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយមានការរឹតបន្ដឹងពីតុលាការ”។ លោកបានមានប្រសាសន៍ថា “យើង អង្គការសង្គមស៊ីវិល សូមស្នើឲ្យតុលាការលើកលែងការចោទប្រកាន់លើពួកគេ”។
អង្គការសិទ្ធិមនុស្ស លីកាដូ បានលើកឡើងថា លោក ច័ន្ទបញ្ញា និងកញ្ញ ដាលីស មិនដឹងថា ខិត្តប័ណ្ណនេះ នឹងត្រូវយកទៅភ្ជាប់ជាមួយផ្កាកុលាបលឿងនោះទេ ហើយសារនៅក្នុងខិត្តប័ណ្ណនោះ គឺមិនមែនជាសារញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋនោះឡើយ។
លោក បូរិន និងអ្នកស្រី លីផេង ដែលមានមេធាវីរៀងៗខ្លួនបានចាកចេញពីពន្ធនាគារ ដោយគ្មាននិយាយទៅរកអ្នកយកព័ត៌មានឡើយ។ នៅឯការិយាអង្គការសិទ្ធិមនុស្សលីកាដូ លោក ច័ន្ទបញ្ញា និងកញ្ញា ដាលីស រីករាយយ៉ាងខ្លាំងចំពោះការដោះលែងនេះ ហើយបានលើកឡើងថា ខ្លួនគ្មានទោសនោះទេ។
លោក ច័ន្ទបញ្ញា បាននិយាយដោយគ្មានរៀបរាប់ច្រើនថា “ខ្ញុំមិនបានធ្វើអ្វីខុសឡើយ”។ លោក កែវ សាម៉ាឌី មិត្តភក្តិរបស់លោក ច័ន្ទបញ្ញា និងកញ្ញា ដាលីស ដែលបានទៅសួរសុខទុក្ខពួកគេនៅការិយាល័យរបស់អង្គការលីកាដូបាននិយាយថា មិត្តភក្តិទាំងពីរនាក់របស់ខ្លួនគ្មានផ្លូវប្រព្រឹត្តអំពើញុះញង់បែបនេះនោះទេ។ លោកបាននិយាយថា “ខ្ញុំជឿជាក់ថា ពួកគេគ្មានទោសនោះទេ ពីព្រោះនៅក្នុងប្រទេសប្រជាធិបតេយ្យ យុវជនមានសិទ្ធិចូលរួមក្នុងនយោបាយ”។
លោកបាននិយាយបន្តថា “ខ្ញុំបានស្គាល់កញ្ញា ដាលីស និងលោក ច័ន្ទបញ្ញា ជាយូរមកហើយ។ ពួកគេមិនមែនសមាជិកគណបក្សប្រឆាំងឡើយ ហើយពួកគេមិនដែលធ្វើកិច្ចការមនុស្សធម៌បែបនេះនោះទេ គឺទើបតែលើកនេះប៉ុណ្ណោះ។ យើងធ្លាប់ទិញអាវជជុះយកទៅចែកប្រជាពលរដ្ឋក្រីក្រ ហើយយើងធ្លាប់ដើរប្រមូលសំរាមនៅតាមឆ្នេរក្រុងព្រះសីហនុ”។
លោក កែវ សុខជា ប្ដីរបស់អ្នកស្រី លីផេង ក៏បានស្វាគមន៍ការដោះលែងភរិយាលោកដែរ ប៉ុន្តែបាននិយាយថា ពួកគេមិនបានជួបគ្នាឡើយ ចាប់តាំងពីអ្នកស្រីចាកចេញពីពន្ធនាគារមក។ លោកបានបន្តថា “គាត់បានទៅសម្រាកលំហែកាយនៅតាមខេត្ត បាត់ហើយ ពីព្រោះគាត់មានការរន្ធត់ចិត្តខ្លាំងណាស់ ហើយមិនដែលជួបរឿងបែបនេះពីមុនមកទេ”។
ប្ដីប្រពន្ធមួយគូនេះបើករោងពុម្ពមួយកន្លែង ជាទីដែលលោក បូរិន បានឲ្យជួយបោះពុម្ពខិត្តប័ណ្ណ មុនពេលពួកគេត្រូវចាប់ខ្លួន។ លោក សុខជា បាននិយាយថា ប្រពន្ធរបស់លោកមិនបានដឹងថា ខិត្តប័ណ្ណនោះនិយាយអំពីអ្វីឡើយ។
ផ្កាកុលាបនិងខិត្តប័ណ្ណគឺត្រូវបានបញ្ជាទិញ និងរៀបចំដោយចលនាអំណាចពលរដ្ឋខ្មែរ ជាចលនារបស់ប្រជាពលរដ្ឋខ្មែរមួយក្រុមរស់នៅសហរដ្ឋអាមេរិក ដែលបានអំពាវនាវឲ្យមានការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយនោះ។
ចលនានេះសង្ឃឹមថា នឹងយកផ្កាកុលាប និងខិត្តប័ណ្ណទាំងនេះទៅចែកឲ្យយោធា និងនគរបាលអំឡុងការដាក់ពង្រាយយោធានៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមទប់ទល់នឹងមហាបាតុកម្ម ដែលគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិគំរាមធ្វើ ប្រសិនបើគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច មិនព្រមទទួលស្គាល់ការពិតនោះ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិសុទ្ធតែអះអាងពីជ័យជម្នះនៅក្នុងការបោះឆ្នោតជាកាលពីខែមុនរៀងៗខ្លួន ទោះបីជាលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសភាភាគច្រើនក៏ដោយ។ រដ្ឋាភិបាលបានចាត់់ទុកចលនាអំណាចពលរដ្ឋខ្មែរថា ជាតិក្រុមភេរវករ ដោយមានកងទ័ពផ្ទាល់ខ្លួន ប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់បង្ហាញភ័ស្ដុតាងណាមួយ ដែលអាចគាំទ្រការអះអាងរបស់ខ្លួននៅឡើយទេ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង