33 C
Phnom Penh

ការ​​​ចរចា​​​​​​​​​​​​​​​​​​​​​​​​​​​​​​រវាង​​​គណបក្សនយោបាយទំាងពីរ​​​មិន​​​ទទួល​​​បាន​​​ផ្លែ​​​ផ្កា​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​​​​បន្ទាប់​​​ពី​​​ការជួប​​​ចរចា​​​​​​រយៈ​​​ពេល​​​បី​​​ម៉ោង​​​នៅ​​​រដ្ឋ​​​សភា​​​ថា ​​​ការ​​​ចរចា​​​​​បង្កើត​​​គណៈកម្មាធិការ​​​​​​មួយ​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​ភាព​​​មិន​​​ប្រក្រតី​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​មិន​​​មាន​​​ការ​​​វិវឌ្ឍ​​​ទេ​​​។

ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​បន្ទាប់​​​ពី​​​កិច្ច​​​​​ចរចា​​​នោះ​​​ លោក សុន ឆ័យ ប្រធាន​​​​​​ក្រុម​​​​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​​​​ប្រសាសន៍​​​ថា លោក​​​មាន​​​មន្ទិល​​​ថា គណៈ​​​​​​កម្មាធិការ​​​​​​នេះ​​​នឹង​​​មិន​​​អាច​​​​​​បង្កើត​​​​​​ឡើង​​​​បាន​​​មុន​​​ថ្ងៃ​​​ទី៨​​​ ខែ​​​កញ្ញា​​​ ជា​​​ពេលចេញ​​​ផ្សាយ​​​​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​ចុង​​​​​​ក្រោយ​​​នោះ​​​ឡើយ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​សង្ឃឹម​​​ថា យើង​​​នឹង​​​ទទួល​​​បានព័ត៌មាន​​​​​​ស្ដីពី​​​ក្រុម​​​ណា​​​មួយដែល​​​ [ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​] ចង់​​​ជ្រើ​​​ស​​​រើស​​​” ឲ្យ​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​។ លោក​​​បន្ត​​​ទៀត​​​ថា តំណាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ​​​ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​កិច្ច​​​​ចរចា​​​​​នោះ​​​បាន​​​លើកឡើង​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​ថា ពួក​​​គេ​​​ត្រូវ​​​ជួបជាមួយ​​​មេ​​​ដឹក​​​នាំ​​​របស់​​​ខ្លួន​​​សិន​​​​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​លក្ខខណ្ឌ​របស់គណៈកម្មាធិការ​​​រួម​​​នេះ មុន​​​ពេល​​​​​​អាច​​​បង្កើត​​​វា​​ឡើង។ លោក សុន ឆ័យ បាន​​​ថ្លែង​​​​​​ថា “វា​​​អាស្រ័យ​​​​​​លើ​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​ក​​​ម្ពុជា​​​ក្នុង​​​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​”។

តែ​​​ទោះ​​ជា​​​យ៉ាង​​​ណា​​​ លោក ព្រំ​​​ សុខា រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​មហា​​ផ្ទៃ ​​​ដែល​​​បាន​​​ដឹក​​​នាំ​​​គណៈ​​​ប្រតិភូ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ចំណុច​​​ដែលកិច្ច​​​​ចរចា​​​នេះ​​​កើត​​​ឡើង​​​​​​ទៅ​​​បាន​​​ បង្ហាញ​​​ពី​​​ការ​​​វិវឌ្ឍ​​​នៅ​​​​​​​​​​​​ក្នុង​​​កិច្ច​​​​​​ប្រឹង​​​ប្រែង​​​របស់​​​គណបក្ស​​​ទាំង​​​ពី​​​រ​​​ដើម្បី​​​បំបែក​​​​​​ភាព​​​​​​ទាល់​​​ច្រក​​​ផ្នែក​​​នយោបាយ​​​នា​​​ពេល​​​​​​បច្ចុប្បន្ន​​​។

លោក​​​​​ថ្លែង​​​​ថា “រឿង​​​សំខាន់​​​​​​គឺ​​​ថា ក្រុម​​​ការ​​​ងារ​​​នៃ​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​មក​​​ជួប​​​គ្នា​​​នៅ​​​ថ្ងៃនេះ​​​។វា​​​បង្ហាញ​​​ថា យើង​​​មាន​​​ឆន្ទៈ​​​ដូច​​​គ្នា​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​សកល​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​កក្កដា”។ លោក​​​​​​បន្ត​ថា “ក្រុម​​​ការ​​​ងារ​​​នៃ​​​គណបក្ស​​​ទាំង​​​ពីរ​​​នឹង​​​ជូន​​​ដំណឹង​​​ទៅ​​​មេដឹក​​​នាំ​​​នៃ​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​ដើម្បី​​​សុំ​​​យោបល់​​​ និង​​​សិក្សា​​​ពី​​​លទ្ធភាព​​​ជួប​​​ចរចាគ្នា​ជា​​​ថ្មី​​ម្ដង​​​ទៀត​​​”។

អំឡុង​​​ជុំ​​​ទី​​​១​​​នៃ​​​កិច្ច​​​ចរចា​​​នៅ​​​​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៩ ខែ​​​សីហា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ព្រម​​​ព្រៀង​​​ជា​​​គោល​​​ការណ៍​​​ដើម្បី​​​បង្កើត​​​គណៈ​​​កម្មា​​​ធិការ​​​នេះ​​​ឡើង និង​​​​​ឲ្យ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​ឃ្លាំ​​​មើល​​​ការស៊ើប​​​អង្កេត​​​នេះ ប៉ុន្តែ ​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​នឹង​​​ពិភាក្សា​​​ជាមួយ​​​មេ​​​ដឹក​​​នាំបក្ស​​​អំពី​​​ក្រុម​​​ណាមួយ​​​ឲ្យ​​​ពិត​​​ប្រាកដ​​​ដែល​​​​​​ត្រូវ​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ។

គណបក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​អះអាង​​​ថា ការ​​​បន្លំ​​​ក្នុង​​​ពេល​​​បោះ​​​ឆ្នោតដែល​​​​​កើត​​​មាន​​​គ្រប់​​​ទីកន្លែង​​​ និង​​​ការ​​​លួចបន្លំ​​​​​​សន្លឹក​​​ឆ្នោត​ ​​ត្រូវ​​​បាន​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​រៀប​​​ចំ​​​ឡើង​​​​​​ដោយ​​​ឃុប​​​ឃិត​​​ជា​​​មួ​​​យ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត (គ.ជ.ប.) ហើយ​​​បាន​​​បដិសេធ​​​មិន​​​ទទួល​​​ស្គាល់​​​លទ្ធផល​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ណា​​​មួយ​​​ធ្វើ​​​ឡើង ឬ​​​ដឹក​​​នាំ​​​ដោយ​​​​​​​​​ គ.ជ.ប. ដែ​​​ល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និយាយ​​​ថា ជា​​​ស្ថាប័ន​​​តែ​​​មួយ​​​គត់​ដែល​​​មាន​​​អំណាច​​​ស្រប​​ច្បាប់​​​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​វិវាទ​​​បោះ​​​ឆ្នោតនោះឡើយ។

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ហើយថា ខ្លួន​​​នឹង​​​ពិចារណា​​​អំពី​​​សមាសភាព​​​​​អ្នក​​​សង្កេត​​​ការណ៍​​​បោះ​​​ឆ្នោតឯករាជ្យ​​​ និង​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​​​​ឲ្យ​​​ដឹក​​​នាំ​​​ការ​​​ស៊ើប​​​អង្កេត​​​ ខណៈ​​​ដែលគណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ធ្លាប់​​​បាន​​​លើក​​​ឡើង​​​រួច​​​មក​​​ហើយ​​​​​ថា ខ្លួន​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​ណាមួយ​​​​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​គ.ជ.ប.​​​ តែប៉ុណ្ណោះ។

លោក ព្រំ​​​ សុខា ថ្លែង​​​កាល​​​ពីម្សិល​​​មិញ​​​​​​ថា “គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ជឿ​​​ជាក់​​​​​​យ៉ាង​​​ខ្លាំង​​​ថា យើង​​​អាច​​​ឈាន​​​ដល់​​​ដំណោះ​​​ស្រាយ​​​នយោបាយ ប៉ុន្តែ​​​ដំណោះ​​​ស្រាយ​​​នយោ​​​បាយ​​​​​​ណាមួយ​​​ត្រូវ​​​ដោះ​​​ស្រាយ​​​​​​តាម​​​​​​ច្បាប់​​​ដែល​​​មាន​​​ស្រាប់​​​ និង​​​ក្រោម​​​រដ្ឋ​​​ធម្មនុញ្ញ” ក៏ប៉ុន្តែ​​​ លោក​​​បាន​​​បដិសេធ​​​មិន​​​មាន​​​ប្រសាសន៍​​​លម្អិត​​​​​​ថា តើ​​​ដំណោះ​​​ស្រាយ​​​នេះ​​​ជា​​​អ្វីទេ។

ដោយ​​​មិ​​ន​​​ដល់​​បី​​​​​សប្ដាហ៍​​​ទៀត​ផង​​​​​​នឹង​​​ត្រូវ​​​ដល់​​​ពេល​​​​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​ចុង​​​ក្រោយ​​​ និង​​​នៅ​​​សល់​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​ខែ​​​ទៀត មុន​​​ពេល​​​រដ្ឋាភិបាល​​​ថ្មី​​​​​ត្រូវ​​​បង្កើត​​​ឡើង​​​នោះ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​ ​​​មិន​​​បាន​​​ផ្តល់​​​សញ្ញា​​​ណាមួយ​​​បង្ហាញ​​​ថា ខ្លួន​​​មាន​​​ឆន្ទៈ​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​បក្ស​​​សង្គ្រោះ​​​ជាតិ​ ​​ឲ្យក្រុម​​​មិន​​​លម្អៀង​​ណាមួយ​​​​​​ស៊ើប​​​អង្កេត​​​​​​ប្រកប​​​ដោយ​​​​​តម្លា​​​ភាព​​​លើ​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ពេល​​​បោះ​​​ឆ្នោត​​​ឡើយ​​​​​​។

គ.ជ.ប.បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា ខ្លួន​​​បាន​​​ច្រាន​​​ចោល​​​ពាក្យ​​​បណ្ដឹង​​​ចំនួន​​​១៧​​​ទាក់​​​ទិន​​​នឹង​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ពេល​​​បោះ​​​ឆ្នោត​​​ ដែល​​​​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ដាក់ ហើយ​​​លោក អ៊ឹម សួស្ដី ប្រធាន ​​​គ.ជ.ប.​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គ.ជ.ប.​​​នឹង​​​លែង​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​សម្រុះ​​​សម្រួល​​​រវាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទៀត​​​ហើយ​​​ជុំ​​​វិញ​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​ការ​​​ប្រទាញ​​​ប្រទង់គ្នា​​​នេះ​​​។

ទោះ​​​បី​​​ជាទាំងលោក សុន ឆ័យ និង​​​លោក​​​ ​​​ព្រំ​​​ សុខា ថ្លែង​​​ថា ពួក​​​លោកនឹង​​​បន្ត​​​ធ្វើ​​​ការ​​​ឆ្ពោះ​​​ទៅ​​​​​​រក​​​ដំណោះ​​​ស្រាយ​​​នយោបាយ​​​ក៏​​​ដោយ ក៏​​​គណបក្ស​​​ទាំង​​​ពីរ​​​នៅតែ​​​បង្ហាញ​​ពី​​​ជម្រើសរៀង​​​ៗ​​​​​​ខ្លួន​​​ ​​​​​​បើ​​​ការ​​​ចរចា​​​បរាជ័យ​​​។ នៅ​​​ក្នុង​​​សុន្ទរកថា​​​ជា​​​សាធារណៈ​​​លើក​​​ចុង​​​ក្រោយ​​​របស់​​​លោកកាល​​​ពី​​​​​ថ្ងៃ​​​ទី​​​២ ខែ​​សីហា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បានថ្លែង​​​ថា ប្រសិន​​​បើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​​​​រដ្ឋ​​​សភា​​​ដើម្បី​​​ជំទាស់​​​នឹង​​​លទ្ធផល​​​ការ​​​បោះ​​​ឆ្នោត​​​នោះ អាសនៈ​​​របស់​​​ពួក​​​គេ​​​នឹង​​​បាន​​​ទៅ​​​លើ​​​គណ​​​បក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជា ជា​​​គណបក្ស​​​តែ​​​មួយ​​​ផ្សេង​​​ទៀត​​​ដែល​​​បាន​​​ជាប់​​​ឆ្នោត​​​ក្នុង​​​សភាដោយស្រប​​​ច្បាប់​​​។

ប្រសិន​​​បើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​សម្រេច​​​មិន​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង និង​​​ធ្វើ​​​ឲ្យ​​​រដ្ឋ​​​សភា​​​មាន​​​សុពលភាព​​​ នៅ​​​ពេ​​​ល​​​រដ្ឋ​​​សភា​​​កោះ​​​ប្រជុំ​​​នៅ​​​ខែ​​​ក្រោយ​​​នោះ លោក ហ៊ុន សែន បាន​​​​​​សន្យា​​​ថា នឹង​​​បន្ត​​​បង្កើត​​​​​​រចនា​​​សម្ព័ន្ធ​ដឹក​​​នាំ​​​នៅ​​​រដ្ឋ​​​សភា និង​​​អនុម័ត​​​បង្កើត​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​។

លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ពី​​​កិច្ចចរចា​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អំឡុង​​​ពេល​​​ចរចានោះ​​​ យ៉ាង​​​ហោច​​​ណាស់​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ឱកាស​​​បង្ហាញ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ថា គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​គ្មាន​​​បំណង​​​ដក​​​ការ​​​ទាម​​​ទារ​​​របស់​​​ខ្លួន​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ឯករាជ្យ​​​នោះ​​​ឡើយ ហើយ​​​សង្ឃឹម​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ នឹង​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ពិត​​​ប្រាកដ​​​ដើម្បី​​​​​ធ្វើ​​​សហ​​​ប្រតិបត្តិ​​​ការ​​​នៅ​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​អាច​​​ទទួ​​​ល​​​យក​​​បាន​​​ មុន​​​ពេល​​​ប្រជា​​​ពល​​​រដ្ឋ​​​ “បាត់​​​បង់​​​ក្ដីសង្ឃឹម ហើយ​​​នាំ​​​គ្នា​​​ចេញ​​​ទៅ​​​តវ៉ា​​​តាម​​ដង​​​ផ្លូវ​​​”។

លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា “សព្វ​​​ថ្ងៃ​​​ប្រជា​​​ពល​​​រដ្ឋ​​​មិនខ្លាច​​​​​​ការ​​​បំភិត​​​បំភ័យ​​​ឡើយ​​​។ ពួក​​​គាត់​​​ហ៊ាន​​​ក្រោកឈរ​​​ឡើង​​​គ្រប់​​​ពេល ប៉ុន្តែ​​​ យើង​​​កំពុង​​​ជួយ​​​សង្គ្រោះ​​​ប្រទេស​​​​​​តាម​​​រយៈ​​​ការ​​​​​សុំ​​​ឲ្យ​​​ពួក​​​គាត់​​​រង់​​​ចាំ​​​រហូត​​​ដល់​​​អ្វី​ៗ​​​ធ្វើ​​​ឡើង​​​តាម​​​នីតិ​​​វិធី។ ហើយ​​​យើង​​​នៅ​​​តែ​​​បើក​​​ចំហរង់ចាំ​​ទទួល​​​ដំណឹង​​​ពី​​​គណ​​​ប្រជា​​​ជន​​​កម្ពុជា ប្រសិនបើ​​​ពួក​​​គេ​​​ផ្លាស់​​​ប្ដូរ​​​ឥរិយាបថ​​​នៅ​​​រយៈ​​​ពេល​​​ពីរបី​​​សប្ដាហ៍​​​ក្រោយ​​​នេះ​​​”៕

ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស