28 C
Phnom Penh

ប្តីប្រពន្ធជនជាតិ​ភាគតិច​ចារ៉ាយត្រូវបាន​បណ្តេញចេញ​ពីភូមិដោយ​ចោទថាចេះ​អំពើ​អាប​ធ្មប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​ជន​ជាតិ​ភាគតិច​ចារ៉ាយ​ពីរ​នាក់​នៅ​ក្នុង​ខេត្ត​រតនគិរី​បាន​ស្វែង​រក​ការ​ជ្រក​កោន​ជាមួយ​អង្គការសិទ្ធិ​មនុស្ស​អាដ​ហុក កាល​ពីម្សិលមិញ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បង្ខំ​ឲ្យចាក​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន​ បន្ទាប់​ពីមាន​​ការ​គំរាម​កំហែង​ពី​អ្នក​ជិត​ខាង​ដែល​បាន​ចោទ​ប្រកាន់​ពួ​កគាត់​ថា ចេះ​អំពើ​អាប​ធ្មប់មក​។​

យោង​តាម​លោក រម៉ាស ឈឿន ជា​ចៅ​​របស់​ប្តីប្រពន្ធ​ទាំង​ពីរនាក់​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ រម៉ាស វេម អាយុ​៨០​ឆ្នាំ​ និង​អ្ន​កស្រី  សេវ សយ​ អាយុ​៥០​ឆ្នាំ​​ត្រូវជា​ប្រពន្ធ​របស់​គាត់​​ត្រូវ​បាន​អ្នកភូមិ​រស់​នៅ​ក្នុង​ភូមិ​សោម​ត្រកចាស់ និង​ភូមិ​សោមត្រក​ថ្មី​នៅ​ក្នុង​ស្រុក​អូរយ៉ា​ដាវ ចោទ​ប្រកាន់​ថា បាន​ធ្វើ​អំពើ​អាប​ធ្មប់ឲ្យអ្ន​ក​ភូមិ​ជាច្រើន​នាក់​ធ្លាក់​ខ្លួន​ឈឺ។ លោក​ រម៉ាស ឈឿន និយាយ​ថា “ប្រសិន​​​បើ​ពួក​គាត់​មិន​ចាកចេញ​ពីភូមិ​នេះទេ​នោះពួ​ក​គាត់​នឹង​ត្រូវ​អ្នក​ភូមិ​សម្លាប់​មិន​ខានឡើយ”។

លោក​ ឆាយ​ ធី អ្នក​សម្រប​សម្រួល​របស់​​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​ បាន​មាន​ប្រសាសន៍ថា ប្តី​ប្រពន្ធ​ទាំង​ពីរនាក់​នេះ គឺជា​ជន​រងគ្រោះ​ដោយ​រងការ​គំរាម​កំហែង​ជាច្រើន​ថ្ងៃមក​ហើយ​ ដោយ​អ្នក​ភូមិ​បាន​​ទទូច​ឲ្យ​ពួក​គាត់​ចាក​ចេញ​ម្តង​ហើយ​ម្តង​ទៀត​ ហើយ​បាន​បំផ្លាញ​ដំណាំ របស់​ពួក​គាត់​ចោលកាល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា ។

លោក ឆាយ​ ធី បានបន្ថែម​​ថា “ ការ​ជួប​ប្រជុំ​​រវាង​មនុស្ស​ចាស់​ៗ​នៅ​ក្នុង​ភូមិ​ និង​ប្តី​ប្រពន្ធ​ទាំង​ពីរនាក់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​​ពីថ្ងៃ​សុក្រ​ ហើយ​អំឡុង​កិច្ច​ប្រជុំ​នោះប្តី​ប្រពន្ធ​​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​បង្ខំ​ឲ្យផ្តិត​មេដៃ​​លើ​ឯក​សារ​ដោយ​សន្យា​ថា នឹង​ចាក​ចេញ​ពី​ភូមិ​នេះ​​​​”។ លោក​បាន​ពន្យល់​ថា ប្តី​ប្រពន្ធ​ដែល​រង​ការ​​ចោទ​ប្រកាន់​នេះត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​យក​ប្រទាល​មក​ប្រសិទ្ធី​ដើម្បី​ប្រើ​ប្រាស់​ជាមន្តអាគម។

លិខិត​ដែ​ល​លោក​ រម៉ាស​ វេម បាន​​ផ្តិ​ត​មេដៃ​នោះ​មាន​ខ្លឹម​សារ​ថា “យើង​ជា​អ្នក​ភូមិ​មក​ពីភូមិ​សោម​ត្រក​ថ្មី​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​​លោក​ រម៉ាស វេម ពីព្រោះលោក​មាន​ប្រទាល​​ដើម្បីធ្វើ​​ឲ្យ​អ្នក​ភូមិ​ធ្លាក់​ខ្លួន​ឈឺ​”។

លិខិត​ដដែល​នេះ​បាន​លើក​ឡើង​ទៀត​ថា ​“ប្រសិន​បើ​យើង​មិន​ព្យាបាល​​អ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ​ទេនោះ ពួក​គាត់​នឹង​ស្លាប់​មិន​ខាន​។​ហេតុ​ដូច្នោះ​ហើយ​យើង​ត្រូវ​តែ​បណ្តេញ​គាត់​ចេញ​ពីភូមិ​របស់​យើង​”។

ឃាតកម្មឬការ​បណ្តេញ​ប្រជាជន​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​ធ្វើអំពើ​អាបធ្មប់ ចេញ​ពី​ភូមិ​នោះ​មិន​មែន​ជា​រឿង​ប្លែក​ទេនៅ​តាម​​តំបន់​ជន​បទ​​ក្នុ​ងប្រទេស​កម្ពុជា​ ដោយ​អ្នក​ដែល​ត្រូវគេ​​ចោទ​ថា ចេះ​អំពើ​អាប​ធ្មប់​នោះ​តាម​ធម្មតា​គឺជាអ្នក​ដែល​ត្រូវ​គេ​ទម្លាក់​កំហុស​ចំពោះ​ការ​​កើត​មាន​ជំងឺផ្សេងៗ​ និង​ដោយសារ​ប្រទាល​។

លោក ម៉ា វិចិត្រ អធិការ​នគរបាល​ស្រុក​ អូរយ៉ាដាវ​បាន​មាន​ប្រសាសន៍ថា លោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​របស់​លោក​រៀបចំកិច្ច​ប្រជុំ​មួយ​ជា​មួយ​អ្នក​ភូមិ​ដើម្បី​ពន្យល់​ប្រាប់​ពួកគាត់​ថា ការ​បណ្តេញ​មនុស្ស​ចេញ​នោះគឺ​ផ្ទុយ​នឹង​ច្បាប់ហើយ។ លោក​ ម៉ា វិចិត្រ បាន​មាន​ប្រសាសន៍​ថា “ក្រោយមកមិន​មាន​ការ​ចោទ​ប្រកាន់​ច្រើន​ពី​អំពើ​អាបធ្មប់ច្រើន​នោះ​ទេ​ ប៉ុន្តែ ឥឡូវ​នេះ​ការ​ចោទ​ប្រកាន់​ទាំង​នេះកើត​​មាន​ជាថ្មី​​ទៀតហើយ​”។

លោក​បាន​បន្ថែម​ថា  កាល​ពីពេល​មុន​នគរបាល​បាន​រៀបចំកិច្ច​ប្រជុំ​មួយ​ដោយ​មានការ​ចូល​រួម​ពី​អ្នក​ភូមិ​ជនជាតិ​ភាគតិច​រាប់រយ​នាក់​ ហើយ​អំឡុង​កិច្ច​ប្រជុំ​​នោះ​នគរ​បាល​បាន​ប្រាប់​ពួ​កគាត់​ថា ការសម្លាប់​នរណា​ម្នាក់​ដោយ​ចោទ​ប្រកាន់​ថា ចេះ​អំពើ​អាប​ធ្មប់​នោះ​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​​ច្បាប់​”។​លោក​បាន​មាន​ប្រសាសន៍ថា ប៉ុន្តែ “ជំនឿ​​​របស់​អ្នក​ភូមិ​ពិបាក​ផ្លាស់​ប្តូរ​ណាស់​​”៕

ប្រែសម្រួលដោយ​ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស