34 C
Phnom Penh

​​រូប​ថត​ថ្មី​នៃ​របប​ខ្មែរក្រហម​​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​រស់​នៅ​យ៉ាង​ស្រួល​របស់​កម្មាភិបាល​ថ្នាក់​ដឹក​នាំ​របប​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និយាយ​ពី​ពាក្យ​ “ ខ្មែរក្រហម” គេ​​ទំនង​ជា​នឹកឃើញ​ដល់​រូប​ភាព​​នៃ​ក្រុម​មនុស្ស​​ប្រុស​ ស្រី​​​ដែល​​ស្លៀក​ពាក់​​ខ្មៅ​ មុខ​មាំ​ ពាក់​ស្បែក​ជើង​កង់​ឡាន​ ហើយ​នៅ​​ពី​ក្រោយ​រូប​ភាព​នេះ​​គឺ​ការ​អត់​ឃ្លាន​ និង​ការ​ស្លាប់​។

រូប​ភាព​បែប​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​​ដ៏​ឃោរឃៅ​យង់​ឃ្នង​​នៃ​របប​នេះ​ ដែល​បាន​ដឹក​នាំ​ប្រទេស​កម្ពុជាចាប់​​ពី​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥​ រហូត​ដល់​ថ្ងៃទី៧ ខែ​មករា  ឆ្នាំ​១៩៧៩។ ​ប៉ុន្តែ រូប​ថត​ថ្មី​មួយ​ចំនួន​ដែល​​បាន​ផ្ដល់​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ពី​ស្ត្រី​ម្នាក់​មក​ពី​ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់​នោះ​ បាន​ផ្ដល់​នូវ​ទស្សន​​មួយ​ផ្សេង​ទៀត​ ឆ្លុះ​បញ្ចាំង​ពី​ជីវិត​របស់​​កម្មាភិបាល​ខ្មែរ​ក្រហម​​ និង​​គ្រួសារ​របស់​ពួកគេ​។

ប​ថត​ថ្មី​មួយ​ដុំ​មាន​ចំនួន​៣៨សន្លឹក​ដែល​ត្រូវ​បាន​ថតជា​ពណ៌​ធម្មជាតិ​នោះ​បង្ហាញ​ពី​ជីវិត​របស់​អតីត​ប្រធាន​មន្ទីរពេទ្យ​ខ្មែរក្រហម​ ប្រចាំ​តំបន់​៤១​ឈ្មោះ​ តូ សែម​ និង​មិត្ត​ភក្តិ​ ព្រម​ទាំង​​គ្រួសារ​​របស់​គាត់​។

ជា​ទូទៅ​រូប​ថត​ទាំង​នេះ​បង្ហាញ​ពី​អារម្មណ៍​​រីករាយ​។ រូប​ថត​ខ្លះ​​បាន​បង្ហាញ​ពី​មនុស្ស​មួយ​ក្រុម​ជួប​ជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ​នៅ​លើ​កន្ទេល​ដ៏​វែង​មួយ​​ដោយ​មាន​​ម្ហូប​អាហារ​​យ៉ាង​​ត្រៀប​ត្រា​​មើល​ទៅ​ដូច​ជា​ពិធី​ជប់​លៀង​​មួយ​អ៊ី​ចឹង​។ ឪពុក​ម្តាយ​បាន​ថត​រូប​ជាមួយ​កូន​ៗ​របស់​ខ្លួន​ដែល​ស្លៀក​​សម្លៀក​បំពាក់​យ៉ាង​ស្អាត​។ ខ្លះ​សើច​យ៉ាង​សប្បាយ​​ ហើយ​​ទំនាក់​ទំនង​គ្រួសារ​​យ៉ាង​រឹង​មាំ​​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​រូប​ថត​ទាំង​នេះ​។​រូប​ថត​​​ខ្លះ​ទៀត​បាន​បង្ហាញ​ពី​បុរស​មួយ​ក្រុម​ ពាក់​ស្បែក​ជើង​    លេង​​កីឡា​វាយ​កូន​បាល់​​ថត​ជា​មួយ​មន្ត្រី​ខ្មែរ​ក្រហម​​នៅ​ក្នុង​ព្រៃ​។ បុរស​ទាំង​នោះ​ត្រូវ​បាន​​​គេ​ជឿ​ថា​ជា​ក្រុម​​គណៈប្រតិភូ​​​ចិន​ ប៉ុន្តែ ​រឿង​​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​មជ្ឈ​មណ្ឌល​​ឯកសារ​កម្ពុជា​នៅ​ឡើយ​ទេ​។

យោង​តាម​លោក ឆាំង យុ​ ប្រ​ធាន​មជ្ឈ​មណ្ឌល​​ឯកសារ​កម្ពុជា (​DC-Cam) ​ឲ្យ​ដឹង​ថា​សារៈសំខាន់​នៃ​​​រូបថត​ទាំង​នេះ​គឺ​​​​បង្ហាញ​ពី​​ជីវិត​​រីករាយ​​របស់​​កម្មាភិបាល​ខ្មែរ​ក្រហម​ ដែល​ផ្ទុយ​គ្នា​ស្រឡះ​ នឹង​ជីវិត​របស់​ប្រជា​ពល​រដ្ឋ​រាប់​លាន​នាក់​​ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់​នៅ​តាម​វាល​ស្រែ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក ឆាំង យុ មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​​ថា “ពួកគេ​បំផ្លាញ​យើង ប៉ុន្តែ ​ពួក​គេ​បម្រើ​គ្រួសារ​របស់​ពួកគេ​ផ្ទាល់​។ ​ពួកគេ​បង្ខំ​យើង​ឲ្យ​ធ្វើការ​ ប៉ុន្តែពួកគេ​សម្រាក​។ ​ពួក​យើង​អត់​ឃ្លាន​ ប៉ុន្តែ ពួកគេ​មាន​អាហារ​បរិភោគ​”។ លោក​ថ្លែង​បន្ត​ថា “ នេះ​ជា​អ្វី​ដែល​បាន​បាត់​បង់​​នៅ​​របប​ខ្មែរ​ក្រហម​។ នោះ​គឺ​​ជា​ការ​ពិត​។ យើង​បាន​បាត់​បង់​លក្ខណៈ​ជា​មនុស្ស​។ យើង​បាន​រក​ឃើញ​ពី​ភាព​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរ​ក្រហម​។ វា​មិន​មាន​ន័យ​ថា ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ក្នុង​របប​នេះ​អាច​លើក​លែង​ទោស​​​បាន​ឡើយ​ ប៉ុន្តែ របប​នេះ​បាន​ពន្យល់​យើង​ថា ពួក​គេ​ក៏​​ជា​មនុស្ស​ដែរ​​ ប៉ុន្តែ​ពួក​គេ​ស្អប់​យើង​ ហើយ​​ខឹង​​យើង​ និង​​​បាន​សម្លាប់​យើង​ ហើយ​យើង​​មិន​ដឹង​ថា​​មក​ពី​មូល​ហេតុ​អ្វី​ទេ? ដូច្នេះ​យើង​ត្រូវ​តែ​​សួរ​ពួក​គេ​​ថា​វា​មក​ពី​ហេតុ​​អ្វី?​”។

ក្នុង​ចំណោម​រូប​ថត​ដ៏​មាន​តម្លៃ​ចុង​ក្រោយ​​បំផុត​នេះ​ ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នោះ​លោក ឡុង ដានី ​អ្នក​សិក្សា​​ស្រាវ​ជ្រាវ​​អំពី​របប​ខ្មែរ​ក្រហម​ ឲ្យ​ដឹង​ថា​ រូប​ថត​មួយ​​មិន​ដូច​រូប​​ថត​​ផ្សេងៗ​​ទៀត​ទេ​នោះ​គឺ​ រូបថត​របស់​​ តា អាន ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤​ បុរស​នេះ​មាន​មាឌ​តូច​ល្អិត​ឈរ​ថត​ជាមួយ​កម្មាភិបាល​ខ្មែរ​ក្រហម​ពីរ​នាក់​ផ្សេង​ទៀត​ដែល​គេ​មិន​ស្គាល់​នៅ​ខាង​ស្ដាំ​ដៃ​​របស់​គាត់​។ ​ទឹក​មុខរបស់​គាត់​ហាក់​​ដូច​ជា​ចង់​ញញឹម​អ៊ីចឹង​។

ប្តី​របស់​អ្នក​ស្រី​ សែម ជា​បុរស​ម្នាក់​​ដែល​គេ​ហៅ​ថា អ៊ុំ ស៊ីម​ នោះ គឺ​ជា​អនុ​ប្រធាន​របស់​ ​តា អាន។ លោក ឆាំង ​យុ បាន​មានប្រ​សាសន៍​​ថា ​ព័ត៌មាន​​ទាំង​នេះ​​ជួយ​​ឲ្យ​មាន​ការ​ស្វែង​យល់​​បាន​ច្រើនថែម​​ទៀត។ ពេល​ចង្អុល​ទៅ​រូប​ថត​មួយ​សន្លឹក​របស់​អ្នក​ស្រី​ សែម និង​កូន​ៗ​របស់​គាត់​មុន​ពេល​បង្ហាញ​ពី​រូប​ថត​របស់​ តា អាន ដែល​ជា​ជន​ជាប់​​ចោទ​​ពី​បទ​ឧក្រិដ្ឋ​កម្ម​​ ប៉ុន្តែ មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការនោះ ​លោក ឆាំង យុ ​មាន​ប្រសាសន៍​ថា “ នៅ​ក្នុង​រូប​ថត​នេះ​ យើង​​​អាច​មើល​ឃើញ​ថា​វា​​ជា​គ្រួសារ​មួយ​”។

លោក ឆាំង យុ បាន​ថ្លែង​​អំពី​រូប​ថត​របស់​តា  អាន  ប៉ុន្តែ រូប​ថត​មួយ​នេះ​​​បង្ហាញ​ច្បាស់​​ ដូច្នេះហើយ​ ​វា​អាច​ប្តូរ​ទស្សន​របស់​យើង​អំពី​រូប​ថត​នេះ​ [​នៅ​ពេល​យើង​ដឹង​ថា វា​ជា​រូប​ថត​របស់​អ្នក​ណា​នោះ​]។ដូច្នេះ​ហើយ យើង​បាន​​ដឹង​​ថា​​គាត់​​គឺ​ជា​ជន​សង្ស័យ​ម្នាក់ ហើយ​​ បន្ទាប់​ទៀត​គឺ​​ប្តី​របស់​​អ្នក​ស្រី សែម ដែល​​ជា​អនុ​ប្រធាន​របស់​គាត់​។ ជា​ទូទៅ​យើង​នឹង​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​រូប​ថត​ តា អាន ជាង​គេ​៕

ប្រែសម្រួល​ដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស