កាលពីម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញ បានតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលបានច្រានចោលពាក្យបណ្តឹងចំនួនបួនរបស់គណបក្សសង្គ្រោះជាតិអំពីភាពមិនប្រក្រតីដែលកើតឡើងអំឡុងការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា។
ក្រុមប្រឹក្សាធម្មនុញ្ញបានផ្ញើលិខិតចំនួន បួនច្បាប់ដាច់ដោយឡែកពីគ្នាទៅលោក នូ ចំរើន និងលោក រស់ សួ តំណាងគណបក្សសង្គ្រោះជាតិថា ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំកាលពីម្សិលមិញ ហើយបានច្រានចោលពាក្យបណ្តឹងទាំងបួនរបស់គណបក្សប្រឆាំងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គ.ជ.ប.ដែលបានច្រានចោលពាក្យបណ្តឹងនេះកាលពីដើមខែនេះ។
លិខិតនីមួយៗលើកឡើងយោងតាមលិខិតរបស់ គ.ជ.ប. កាលពីពេលមុន ដែលបានច្រានចោលពាក្យបណ្តឹងទាំងនេះថា “ក្រុមប្រឹក្សាធម្មនុញ្ញគិតថា លិខិតចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុវត្តត្រឹមត្រូវតាមច្បាប់ហើយ”។ លិខិតទាំងនេះមិនបានសរសេរលម្អិតពីការចោទប្រកាន់ពាក់ព័ន្ធភាពមិនប្រក្រតីទេ ប៉ុន្តែបានសំដៅដល់ករណីចំនួនពីរកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងពីរករណីទៀតកើតឡើងនៅក្នុងខេត្តសៀមរាប។
ពាក្យបណ្តឹងទាំងនេះមិនទាក់ទងនឹងការប្រកាសលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទទួលបានចំនួន៦៨អាសនៈនិងគណបក្សសង្គ្រោះជាតិទទួលបានចំនួន៥៥អាសនៈទេ ប៉ុន្តែ ផ្ទុយទៅវិញគឺលើកឡើង ពីបញ្ហាដែលកើតឡើងនៅថ្ងៃបោះឆ្នោតតែប៉ុណ្ណោះ។
លោក អ៊ុត ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ថា “កិច្ចប្រជុំនៅថ្ងៃនេះគឺមិនមែនដើម្បីដោះស្រាយពាក្យបណ្តឹងដែលជំទាស់នឹងការប្រកាសលទ្ធផលបោះឆ្នោតបឋមឡើយ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញប្រាំបីរូបក្នុងចំណោមសមាជិកប្រាំបួនរូបបានចូលរួមក្នុងកិច្ចប្រជុំកាលពីម្សិលមិញ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ពាក្យបណ្តឹងទាំងបួនដែលក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោលនោះ គឺជាពាក្យបណ្តឹងតូចតាចតែប៉ុណ្ណោះ ហើយថា ពាក្យបណ្តឹងពាក់ព័ន្ធភាពមិនប្រក្រតីដែលរឹតតែធ្ងន់ធ្ងរជាងនេះនោះមិនទាន់ត្រូវបានធ្វើការដោះស្រាយនៅឡើយទេ។
លោកបានមានប្រសាសន៍ថា “សម្រាប់ពាក្យបណ្តឹងដែលធ្ងន់ធ្ងរបំផុតនោះ យើងមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ ប៉ុន្តែ យើងមានភ័ស្តុតាងគ្រប់គ្រាន់ពាក់ព័ន្ធភាពមិនប្រក្រតីទាំងនោះ”។ លោកបានបន្ថែមថាគណបក្សសង្គ្រោះជាតិដែលនិយាយថា គេបានលួចបន្លំសន្លឹកឆ្នោតរបស់ខ្លួននោះ នឹងនៅតែជំរុញឲ្យមានការស៊ើបអង្កេតដោយឯករាជ្យអំពីភាពមិនប្រក្រតីពាក់ព័ន្ធការបោះឆ្នោតដដែលក្រៅពី គ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញ។
លោក គល់ បញ្ញា នាយកគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា សេចក្តីសម្រេចដ៏ឆាប់រហ័សរបស់ក្រុមប្រឹក្សានេះនៅថ្ងៃដំបូងនៃការពិនិត្យសើរើលើពាក្យបណ្តឹងទាំងនេះ បានចាត់ទុកស្ថាប័ននេះថា ជាស្ថាប័នប្រថាប់ត្រាលើសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “ចាំបាច់ត្រូវមានដំណើរការត្រឹមត្រូវមួយចំនួន។ ពួកគេមិនអាចគ្រាន់តែច្រានចោលពាក្យបណ្តឹងទាំងនេះ ហើយមិនអនុញ្ញាតឲ្យនរណាម្នាក់ដឹងពីមូលហេតុដែលខ្លួនច្រានចោលពាក្យបណ្តឹងទាំងនោះឡើយ”។
“វានឹងប៉ះពាល់ដល់ជំនឿទុកចិត្តលើក្រុមប្រឹក្សានេះទៅវិញទេ ពីព្រោះឥឡូវនេះការបោះឆ្នោតបានធ្វើឡើងជាសាធារណៈ ហើយសហគមន៍អន្តរជាតិកំពុងឃ្លាំមើលដំណើរការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងក្រុមប្រឹក្សាធម្មនុញ្ញក្នុងការដោះស្រាយរាល់ពាក្យបណ្តឹង ហើយវាហាក់ដូចជាពួកគេមិនបានចាត់វិធានការឲ្យបានហ្មត់ចត់អ៊ីចឹង”។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលបានពាក្យបណ្តឹងសរុបចំនួន១២៥បណ្តឹងពាក់ព័ន្ធការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា រួមមានបណ្តឹងចំនួន៩០ត្រូវបានដាក់ជូនដោយគណបក្សសង្គ្រោះជាតិ បណ្តឹងចំនួន១៥ត្រូវបានដាក់ជូនដោយគណបក្សប្រជាជនកម្ពុជា បណ្តឹងចំនួន១២ត្រូវបានដាក់ជូនដោយប្រជាពលរដ្ឋនិងបណ្តឹងដែលនៅសេសសល់ពីនោះត្រូវបានដាក់ជូនដោយអ្នកសង្កេតការបោះឆ្នោតមន្ត្រីក្នុងមូលដ្ឋាន និងគណបក្សនយោបាយតូចៗ។
ក្នុងចំណោមពាក្យបណ្តឹងទាំង១២៥ដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលបាននោះ បណ្តឹងចំនួន២៥ត្រូវបានដោះស្រាយរួចហើយ ហើយបណ្តឹងចំនួន ២៤ត្រូវបានច្រានចោល និងបណ្តឹងចំនួន៣២ទៀតត្រូវបានបដិសេធមិនធ្វើការដោះស្រាយដោយសារគ្មានការជូនដំណឹងឲ្យបានមុនពេលបិទការទទួលរបាយការណ៍ស្តីពីភាពមិនប្រក្រតីនៅថ្ងៃទី៦ខែសីហានោះឡើយ៕
(រាយការណ៍បន្ថែមដោយ Alex Willemyns)
ប្រែសម្រួលដោយ សោម សារុន