35 C
Phnom Penh

ក្មេង​​​ជំទង់​​​​ម្នាក់លង់​ទឹក​ស្លាប់​​​នៅក្នុងខេត្ត​​បន្ទាយ​មា​​ន​ជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រី​មូល​ដ្ឋាន​បានឲ្យ​​​ដឹង​​​​ថា សាក​សព​ក្មេង​​ប្រុស​ជំទង់​ដែល​បាត់​ខ្លួន​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រឡាយ​ទឹក​មួយ​​​កន្លែង​​​ដែល​​​បាន​​​លិចលង់​​​ដោយ​​​ទឹក​​​ជំនន់​​​​​​​​កាល​ពី​ថ្ងៃ​ច័ន្ទ ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ការ​​​លង់​ទឹក​នៅ​ក្នុង​ខេត្ត​​​​​បន្ទាយ​​​មានជ័យ​​​​​​​ក្នុង​​​ឆ្នាំ​នេះ​កើន​​​​ដល់​ប្រាំបួន​នាក់​ហើយ។

ក្មេង​ប្រុស​ឈ្មោះ ឈួយ​ តុលា អាយុ​១៣​ឆ្នាំ​ ដែល​រស់​នៅ​ជាមួយ​ម្តាយ​មីង​របស់​ខ្លួន​ក្នុង​ឃុំម៉ាឡៃ ស្រុក​ម៉ាឡៃ បាន​​​​ទៅ​​​ហែល​​​ទឹក​​​លេង​​​តែ​​​ម្នាក់​​​ឯង​​​កាល​ពី​ថ្ងៃ​អាទិត្យ​​​ហើយ​​​បាន​​​​បាត់​​​ដំណឹង​​​តាំង​​​ពីពេល​​​នោះ​​​មក​​​ នេះ​​​​​​បើ​​​យោងតាម​​​លោក សៀង សុផាត មេឃុំឫស្សី​​​ក្រោក ​​​នៅ​ក្នុង​ស្រុក​មង្គល​បុរី​​ក្បែរ​ខាង ។

លោក​បាន​មាន​ប្រសាសន៍ថា “ប្រជា​ជន​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​ មិន​អាច​ជួយ​ជន​រង​គ្រោះ​បាន​ទេ ​​​ព្រោះ​​​ទឹក​ជំនន់​​​​នៅ​​​ហូរ​ខ្លាំង​​​​នៅ​​​ឡើយ​​​​។ ប្រឡាយ​នេះ​មាន​ជម្រៅ​​ជាង​បួន​ម៉ែត្រ​ក្នុង​ទឹក​ជំនន់”។ លោក​បាន​បន្ថែម​ថា សាក​សព​ក្មេង​ប្រុស​​រូប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញនៅ​ខ្សែរ​ទឹក​ខាង​ក្រោម ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​កន្លែង​​​ដែល​ក្មេង​នេះ​ទៅ​​​ហែល​ទឹក​​​លេង​។

លោក កែវ វី អនុ​ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​នៅ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយបានឲ្យ​​​ដឹង​​​ថា មនុស្ស​ប្រាំ​នាក់​ក្នុង​ចំណោម​ប្រាំបួន​នាក់​ដែល​​​បាន​​​លង់​ទឹក​ស្លាប់​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​នា​ឆ្នាំ​នេះ គឺជា​កុមារ​។ ក្មេង​ពីរ​នាក់​ទៀត​បាន​លង់​ទឹក​ស្លាប់​នៅ​ក្នុង​​ខេត្ត​កំពង់​ធំ​ ដែល​តំបន់​​​មួយ​​​ចំនួន​​​បាន​លិចលង់​​​ ខណៈ​ស្ទឹង​សែន​បាន​ឡើង​​​​ដល់​កម្រិត​​ប្រកាស​អាសន្ន​កាលពី​សប្តាហ៍​មុន៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស