អំឡុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ការខ្វែងគំនិតរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យបរិយាកាសនយោបាយមានភាពតានតឹងកាន់តែខ្លាំងឡើង។
ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺភាពស្ងៀមស្ងាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហាញខ្លួនជាសាធារណៈកាលពី១៨ថ្ងៃមុន នៅពេលលោកថ្លែងទៅកាន់ប្រជាកសិករនៅក្នុងខេត្តកណ្តាល ហើយបានព្រមានគណបក្សប្រឆាំងថា ការមិនទទួលយកអាសនៈរបស់ខ្លួននៅសភាអាចធ្វើឲ្យអាសនៈទាំងនោះបានមកលើគណបក្សប្រជាជនកម្ពុជា។
ផ្ទុយពីសព្វដង ពេលលោកថ្លែងសុន្ទរកថាដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ស្ទើររាល់ថ្ងៃ លោកនាយករដ្ឋមន្ត្រីបានបាត់មុខពីសាធារណជនតាំងពីថ្ងៃទី២ ខែសីហាមក។
លោកនាយករដ្ឋមន្ត្រីបានរក្សាភាពស្ងៀមស្ងាត់អំឡុងពេលមានការពង្រឹងសន្តិសុខជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានសន្យារៀបចំមហាបាតុកម្ម ប្រសិនបើគណបក្សប្រជាជនមិនផ្ទេរអំណាច និងប្តេជ្ញាធ្វើការស៊ើបអង្កេតដោយឯករាជ្យមួយអំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតទេនោះ។
ភាពស្ងៀមស្ងាត់នេះក៏ត្រូវគេកត់សម្គាល់ឃើញថាបន្ទាប់ពីគណបក្សប្រជាជនបានទទួលលទ្ធផលអាក្រក់បំផុតនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគិតចាប់តាំងពីឆ្នាំ១៩៩៨មក គឺរយៈពេលត្រឹមតែមួយឆ្នាំតែប៉ុណ្ណោះ បន្ទាប់ពីលោក ហ៊ុន សែន បានទម្លាក់អតីតនាយករដ្ឋមន្ត្រី នរោត្តម រណឫទ្ធិ ពីអំណាចក្នុងការប្រយុទ្ធគ្នានៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។
ទោះជាយ៉ាងណា មន្ត្រីគណបក្សប្រជាជនបានអះអាងកាលពីម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រក្សាភាពស្ងៀមស្ងាត់ព្រោះតែចង់ទុកឱកាសឲ្យគណបក្សទាំងពីរបង្កើតរដ្ឋាភិបាល និងរៀបចំផែនការសម្រាប់ការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជារយៈពេលប្រាំឆ្នាំបន្ទាប់នេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងនាមជាប្រមុខរដ្ឋាភិបាលអំឡុងពេលមានភាពជាប់គាំងផ្នែកនយោបាយ និងអំឡុងពេលដែលអាចកើតមានអស្ថិរភាពសង្គម វាជារឿងសំខាន់សម្រាប់នាយករដ្ឋមន្ត្រីក្នុងការដកឃ្លាពីរឿងនយោបាយ។ លោកមានប្រសាសន៍ថា “គាត់ [លោក ហ៊ុន សែន] តែងរក្សាភាពស្ងៀមស្ងាត់អំឡុងពេលមានភាពតានតឹងកើនឡើង។ សម្តេចនាយករដ្ឋមន្ត្រីបន្តរក្សាអព្យាក្រឹតភាព និងទុកឲ្យគណបក្សទាំងពីររួមគ្នាដោះស្រាយបញ្ហា”។
ចាប់តាំងពីមានកិច្ចចរចានៅថ្ងៃទី៩ ខែសីហា ស្តីពីការបង្កើតគណៈកម្មាធិការរួមមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការបោះឆ្នោត កិច្ចសហការរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ បានជាប់គាំង។ លោក ផៃ ស៊ីផាន បានឲ្យដឹងថា ប្រសិនបើការចរចានៅតែបន្តជាប់គាំងទៀត លោកហ៊ុន សែន ប្រហែលជាលូកដៃហើយចរចាជាមួយលោក សម រង្ស៊ី តែម្តង។ លោកបានមានប្រសាសន៍ថា “ប្រសិនបើគណៈកម្មាធិការ [រួមរវាងគណបក្សប្រជាជន កម្ពុជា និងគណបក្សសង្គ្រោះជាតិ] មិនអាចដោះស្រាយបញ្ហានេះបានទេនោះ លោក សម រង្ស៊ី និងសម្តេច នឹងជួបពិភាក្សាគ្នា”។
លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់គណបក្សប្រជាជន បានអះអាងថា លោក ហ៊ុន សែន បានរក្សាភាពស្ងៀមស្ងាត់ចាប់តាំងពីថ្ងៃបោះឆ្នោតមក ពីព្រោះគាត់ជាប់រវល់ត្រៀមខ្លួនសម្រាប់ការដឹកនាំប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីរយៈពេលប្រាំឆ្នាំទៀត។ លោកបានមានប្រសាសន៍ថា “គាត់ជាប់រវល់ត្រៀមខ្លួនអនុវត្តគោលនយោបាយបក្ស ដើម្បីធានាថា ការអនុវត្តនេះស្របតាមអ្វីដែលបានសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត” ដោយលោកបានបន្ថែមថា គណបក្សនេះក៏កំពុងតែព្យាយាមស្វែងយល់អំពីមូលហេតុដែលធ្វើឲ្យប្រជាប្រិយភាពរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ លោកបានថ្លែងថា “យើងកំពុងតែស្វែងយល់ពីមូលហេតុដែលធ្វើឲ្យយើងបាត់បង់ការគាំទ្រ”។
ក្រុមអ្នកវិភាគនយោបាយបានលើកឡើងកាលពីម្សិលមិញថា ការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គណបក្សមួយដែលបានបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំង រួមជាមួយនឹងការប្រុងប្រយ័ត្នក្នុងការដោះស្រាយបញ្ហាជាមួយបក្សប្រឆាំង គឺទំនងជាមូលហេតុដែលធ្វើឲ្យនាយករដ្ឋមន្ត្រីរូបនេះរក្សាភាពស្ងៀមស្ងាត់។
លោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យ បានមានប្រសាសន៍ថា “នាយករដ្ឋមន្ត្រីរូបនេះតែងទុកឲ្យគេពិភាក្សាអំពីបញ្ហាទាំងប៉ុន្មាន រួចហើយទើបគាត់វិភាគ និងស្វែងរកយុទ្ធសាស្ត្រវាយបកវិញ” ដោយបន្ថែមថា មានផ្លូវពីរដែលលោក ហ៊ុន សែន អាចជ្រើសយកដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិឲ្យមានការធ្វើកំណែទម្រង់។
លោកបានថ្លែងថា “ផ្លូវល្អ គឺលោក ហ៊ុន សែន មានឱកាសដ៏ប្រសើរមួយក្នុងការធ្វើជាមនុស្សឆ្លាតវៃតាមរយៈការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ចំណែកឯផ្លូវអាក្រក់វិញគឺការបង្ក្រាបគណបក្សផ្សេងៗទៀតដើម្បីយកឈ្នះ”។
អ្នកវិភាគនយោបាយម្នាក់ទៀត គឺលោក ឡៅ ម៉ុងហៃ បានលើកឡើងថា ការគិតគូរឡើងវិញបន្ទាប់ពីមានការធ្លាក់ចុះប្រជាប្រិយភាពបែបនេះ អាចជាមូលហេតុដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសូវជានិយាយស្តីជាសាធារណៈក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោកមានប្រសាសន៍បន្តថា “យើងសង្កេតឃើញថា ក្រៅពីលោក ស ខេង ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនមិនបានថ្លែងជាសាធារណៈសោះ។ វាស្តែងឲ្យឃើញថា ប្រហែលជាមានការលំបាកក្នុងការកំណត់តួនាទីនៅក្នុងបក្ស ហើយបញ្ហានេះចាំបាច់គឺត្រូវមានការដោះស្រាយ”។
លោកបានមានប្រសាសន៍ថា “សមាជិកបក្សនេះ គឺសុទ្ធតែមានវ័យចំណាស់អស់ហើយ ហើយពួកគេចាំបាច់ត្រូវផ្លាស់ប្តូរ។គណបក្សប្រជាជនចាំបាច់ត្រូវផ្លាស់ប្តូរដើម្បីទទួលបានប្រជាប្រិយភាពមកវិញ។ ប៉ុន្តែ ការផ្លាស់ប្តូរមិនមែនជារឿងងាយស្រួលទេ” ដោយបានបន្ថែមថា គណបក្សកាន់អំណាចនៅតែត្រូវពន្យល់ពីសកម្មភាពជាសាធារណៈ ដូចជាការចល័តកងទ័ព និងរថក្រោះជាដើម។ លោកបានថ្លែងថា “អំឡុងពេលបែបនេះ គួរតែមាននរណាម្នាក់ដែលមានឋានៈស្មើរដ្ឋមន្ត្រីចេញមុខពន្យល់ប្រាប់សាធារណជនថា ការធ្វើបែបនេះគឺដើម្បីអ្វី”៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ