ប្រជាពលរដ្ឋខ្មែរ និងខ្មែរសញ្ជាតិអាមេរិករាប់ពាន់នាក់បាននាំគ្នាធ្វើការតវ៉ានៅក្នុងទីក្រុងមួយចំនួននៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ ដើម្បីគំាទ្រការអះអាងរបស់គណបក្សប្រឆាំង ដែលថាការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ត្រូវបានលួចបន្លំដើម្បីជួយឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក បន្តការដឹកនាំប្រទេសតទៅទៀត។
លទ្ធផលបឋមនៃការបោះឆ្នោតបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ រីឯគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ ប៉ុន្តែគណបក្សប្រឆាំងបានលើកឡើងថា ការបោះឆ្នោតនេះ គឺមានការលួចបន្លំសន្លឹកឆ្នោត ហើយក៏បានអះអាងពីជ័យជម្នះនៃការបោះឆ្នោតផងដែរ។ គណបក្សប្រឆាំងបានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយលើភាពមិនប្រក្រតីទាំងនេះ។
ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលរស់នៅក្នុងទីក្រុងឡុងប៊ិច ទីក្រុងសានហ្វ្រានស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា ទីក្រុងស៊ីអាថល និងទីក្រុងវ៉ាស៊ីនតោន សុទ្ធតែបាននាំគ្នាចេញមកធ្វើការតវ៉ា រីឯនៅក្នុងទីក្រុងញូវយ៉កឯណោះវិញ មានប្រជាពលរដ្ឋខ្មែរប្រមាណ១.៥០០នាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ ដើម្បី អំពាវនាវឲ្យអង្គការនេះជួយជំរុញឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ លើភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិកន្លងមក។
លោក សម រង្ស៊ី ដែលបានត្រឡប់ពីសហរដ្ឋអាមេរិកវិញកាលពីថ្ងៃសុក្រ បន្ទាប់ពីបានទៅចូលរួមពិធីមង្គលការរបស់កូនស្រីលោក បានលើកឡើងថា “ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកចង់បានអ្វីដូចដែលប្រជាពលរដ្ឋខ្មែរនៅកម្ពុជាអ៊ីចឹងដែរ”។ លោកបានថ្លែងថា “វាជារឿងធម្មតាទេ ដែលប្រជាពលរដ្ឋចង់បង្ហាញពីការពិត ដែលគណបក្សប្រជាជនកម្ពុជាកំពុងលាក់បាំង។ ប្រជាពលរដ្ឋទាមទារឲ្យយើងរកមធ្យោបាយដោះស្រាយបញ្ហានេះ ហើយស៊ើបអង្កេតលើភាពមិនប្រក្រតី និងទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បង្ហាញឯកសារទាំងអស់”។
វីដេអូនៅលើគេហទំព័រយូធ្យូបកាលពីម្សិលមិញបានបង្ហាញថា អ្នកតវ៉ាបាននាំគ្នាលើកបដា ដោយទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ហើយនាំគ្នានិយាយថា “ លោក ហ៊ុន សែន ត្រូវតែចុះចេញ”។
មួយខែមុនការបោះឆ្នោត មូលនិធិសង្គ្រោះជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាមូលនិធិផ្ដល់ជំនួយដល់គណបក្សសង្គ្រោះជាតិ បានរៀបចំការតវ៉ាទ្រង់ទ្រាយធំមួយនៅខាងមុខសេតវិមានរបស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយស្នើឲ្យលោក បារ៉ាក់ អូបាម៉ា ដាក់សម្ពាធលើគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យគោរពលទ្ធិប្រជាធិបតេយ្យ និងធានាថា ការបោះឆ្នោតពិតជាប្រព្រឹត្តទៅប្រកបដោយសេរី និងយុត្តិធម៌។
ហើយឥឡូវនេះ អ្នកឃ្លាំមើលការបោះឆ្នោតដូចជាគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានលើកឡើងថា មានភាព មិនប្រក្រតីយ៉ាងខ្លាំង រីឯសកម្មជនរបស់គណប្រឆំាងនៅក្នុងសហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្តធ្វើឲ្យសាធារណជនដឹងឮពីរឿងនេះ។
នៅក្នុងការតវ៉ាក្នុងទីក្រុងឡុងប៊ិច អតីតសមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់បានលើកឡើងថា លោកបានដឹងយ៉ាងច្បាស់ពីដំណោះស្រាយដ៏សមស្របចំពោះការប្រឈមមុខដាក់គ្នាផ្នែកនយោបាយសព្វថ្ងៃ។
លោក សូ ណារ៉ូ អតីតជំនួយការផ្ទាល់របស់លោក ហ៊ុន សែន ត្រូវបានដកស្រង់សម្ដីដោយកាសែតមួយនៅសហរដ្ឋអាមេរីកថា “គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺពោរពេញទៅដោយមនុស្សមកពីគណបក្សកាន់អំណាច។ នេះគឺ ជាបញ្ហាដ៏ធំ ដែលតម្លាភាពចាំបាច់ត្រូវតែធ្វើឲ្យមាន ហើយការស៊ើបអង្កេតដែលយុត្តិធម៌មិនត្រូវធ្វើឡើង គ.ជ.ប.នោះឡើយ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង