29 C
Phnom Penh

ក្រុម​ហ៊ុនថៃ​លុប​ចោល​គម្រោងវិនិយោគ​ថាម​ពល​អគ្គិសនី​នៅ​ខេត្ត​កោះកុង 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាសែត​ថៃ​មួយ​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​ថៃ​មួយ​ដែល​​​បាន​ប្រកាស​ពី​​​គម្រោង​​​​​សាង​សង់​រោង​ចក្រ​ផលិត​​​ថាម​ពល​អគ្គិសនីដើរ​​​ដោយ​​​ថាមពល​​​ធ្យូង​ថ្ម​​​​ក្នុង​​​រង្វង់​​​​ទឹក​ប្រាក់​៣.០០០​លាន​ដុល្លារ​​ក្នុង​ខេត្ត​កោះ​កុង​​​ជាមួយ​ក្រុមហ៊ុន​​របស់​លោក លី យ៉ុងផាត់ សមា​ជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជា​ជន​កាល​ពី​ឆ្នាំ​​​មុន​​​​​​​នោះ​​​បាន​ដក​​​ខ្លួន​​​ចេញ​​​ពី​​​​គម្រោង​​​​នេះ​​​ហើយ​​​​។

កាសែត​ ឌឹ ណេសិន ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​​​ទីក្រុង​បាង​កក​​​ ​បាន​ធ្វើ​​​សេចក្តី​​​រាយ​ការណ៍​​ថា ក្រុមហ៊ុន​អគ្គិសនី​ Ratchaburi Electricity Generating Holding បាន​លប់​ចោល​គម្រោង​​​​រក​ស៊ី​រួម​គ្នា​​​​ជាមួយ​ក្រុមហ៊ុន​អគ្គិសនី​ KK របស់​លោក ​លី យ៉ុង​ផាត់ ដោយ​សារ​កង្វះ​​​​​តម្រូវ​ការ​​​​​ទាំង​​​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ប្រទេស​​កម្ពុជា​។

លោក ប៉ុងឌិត ពុតចាណា នាយក​ប្រតិបត្តិ​​​​ក្រុមហ៊ុន​​​ Ratchaburi Electricity ត្រូវ​បាន​ដក​ស្រង់​សម្ដី​ថា ដោយសារ​​​​តែ​ពេល​នេះ​​​​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​ថៃ​បាន​​​​ទទួល​​​ការ​​​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​គ្រប់​គ្រាន់​ពី​ក្រុម​ហ៊ុនផលិត​​​​ថាម​ពល​អគ្គិសនី​ក្នុង​ស្រុក​ទៅ​​​ហើយ​​​នោះ​​​​ អាជ្ញាធរ​អគ្គិសនី​ជាតិ​នៃ​​​​ប្រទេស​​ថៃ​ ទំនង​ជា​នឹង​មិន​សាង​សង់​បណ្ដាញ​អគ្គិសនី​​រវាង​ខេត្ត​​​កោះកុង​និង​ប្រទេស​ថៃ​ឡើយ​។

លោក ប៉ុងឌិត ​មាន​ប្រសាសន៍​ថា “យើង​ជឿ​ថា អាជ្ញាធរ​អគ្គិសនី​នៃ​ប្រទេស​ថៃ​ (Egad) ​នឹង​មិន​ដំឡើង​បណ្ដាញ​អគ្គិសនី​សម្រាប់​​​ត​ភ្ជាប់ជាមួយ​រោង​ចក្រ​អគ្គិសនី ​ដែល​បាន​គ្រោង​ទុក​​​​នៅ​​​កោះ​កុង​ដើម្បី​ទិញ​អគ្គិសនី​​​​ទៅ​​​ផ្គត់​ផ្គង់​​តំបន់​នោះ​​​ ​ពេល​​វាបាន​​​ទទួល​​​ការ​ផ្គត់​ផ្គង់​អគ្គិ​សនី​​គ្រប់​គ្រាន់​​​​ទៅ​​​ហើយ​​​ទេ​​​”។

ក្រុមហ៊ុន​​​ Ratchaburi Electricity ដែល​កាន់​កាប់​​​មួយ​​​​ផ្នែក​​​ដោយ​​​​​​អាជ្ញាធរ​​​អគ្គិសនី​​​ Egad បាន​ប្រកាស​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​ថា ខ្លួន​បាន​ទិញ​ភាគហ៊ុន​៥០​ភាគរយ​​ក្នុង​ក្រុមហ៊ុន​អគ្គិ​សនី​ ​KK Power Company ដើម្បី​ចាប់​ផ្ដើម​សាង​សង់​រោង​ចក្រ​​​​​ផលិត​​​ថាមពល​​​អគ្គិសនី​មួយ​​ដែល​អាច​ផលិតថាមពល​អគ្គិសនី​​​​បាន​​​១,៨​​​ជីហ្គា​វ៉ាត់​ ​ក្នុង​នោះ​១,៦​ជីហ្គាវ៉ាត់​នឹង​ត្រូវ​លក់​ឲ្យ​​ថៃ​វិញ​។

ទោះ​ជាយ៉ាង​ណា​ យោង​តាម​សេចក្ដី​រាយ​ការណ៍​របស់​កាសែត​ ឌឹ ណេសិន បាន​ឲ្យ​ដឹង​ថា ប្រសិន​​​បើ​គ្មាន​បណ្ដាញ​តភ្ជាប់​ទៅ​ប្រទេស​ថៃ​ទេនោះ​​​ រោង​ចក្រ​ផលិត​​​ថាមពល​អគ្គិសនី​​​​នេះ​​​នឹង​ផលិត​​អគ្គិសនី​លើសពី​​​តម្រូវ​ការ​​​​នៅ​ក្នុង​ប្រទេ​សកម្ពុជា​​​​​​។ អត្ថបទ​កាសែត​នេះ​បាន​​​ឲ្យ​ដឹង​ថា “រោង​ចក្រ​អគ្គិសនី​​​​នៅ​​​កោះកុង​​​​​នេះ​​​នឹង​​ផ្គត់ផ្គង់​​​តម្រូវការ​​​នៅ​​​កម្ពុជា​ជាចម្បង​​​​ ក៏​ប៉ុន្តែ តាម​​​ការ​វាយ​តម្លៃ​របស់​ក្រុមហ៊ុន​​​ឃើញ​​​ថា​​​​ តម្រូវ​ការ​នៅ​ទី​នោះ​​គឺ​​​ប្រហែល​ជា​មិន​ខ្ពស់​​​ល្មម​​​សម្រាប់​​​​ការ​បង្កើត​​​រោង​ចក្រ​​​​ផលិត​​​អគ្គិសនី​​​កម្លាំង​១,៨​ជីហ្គាវ៉ាត់​ទេ​”។

លោក ស៊ុន ដារ៉ា អភិបាល​រង​ខេត្ត​កោះកុង​ បានឲ្យ​​​ដឹង​​​ថា ការ​សាង​សង់​រោង​ចក្រ​ថាម​ពល​​អគ្គិសនី​​​​នេះ​​​នៅ​​​មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ ហើយ​លោក​មិន​ដឹង​​​ច្បាស់​អំពី​អនាគត​របស់​រោង​ចក្រ​នេះ​ឡើយ​។ លោក​មាន​ប្រសាសន៍​ថា “យើង​ត្រូវ​​បាន​គេ​​​ជូន​ដំណឹង​ថា មាន​ផែនការ​សាងសង់​រោង​ចក្រ​​​ផលិត​​​អគ្គិសនី​​​ដើរ​​​ដោយ​​​​ថាម​ពល​ធ្យូង​ថ្ម​នៅ​ទី​នេះ ប៉ុន្តែ នៅ​​​មិន​​​ទាន់​​​ដឹង​​​​ច្បាស់​ថា តើ​មាន​​​ការ​សិក្សា​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ ​និង​ផល​​ប៉ះពាល់​សង្គម​ហើយ​​​ឬ​​​នៅ​​​ទេ​” ដោយ​​​​លោក​​​បន្ថែម​ថា លោក​មិន​បាន​​​ដឹង​ពី​សេចក្ដី​​រាយ​ការណ៍​ពី​ការ​លប់​ចោល​គម្រោង​​​​រក​​ស៊ី​រួមគ្នា​​​​របស់​ក្រុមហ៊ុន​ Ratchaburi Electricity ឡើយ​​​​។

លោក ស៊ុយហ្ស៊ុយគី ហ៊ីរ៉ូស៊ី នាយក​​​​ប្រតិ​បត្តិ​​​វិទ្យាស្ថាន​ស្រាវជ្រាវ​ធុរកិច្ច​សម្រាប់​កម្ពុជា​ ​បាន​​ឲ្យ​​​ដឹង​​​ថា ខេត្ត​កោះកុង​មិន​ទាន់​ភ្ជាប់​បណ្ដាញ​​​អគ្គិសនី​ជាតិ​ដែល​នឹង​តភ្ជាប់​រោង​ចក្រ​​​​ផលិត​​​ថាម​ពល​អគ្គិសនី​ក្នុង​​​រង្វង់​​​​ទឹក​ប្រាក់​៣.០០០​ពាន់​លាន​ដុល្លារ​​​​នេះ​​​មក​រាជ​ធានី​ភ្នំពេញ ​ដែល​​មាន​​​ការ​​​ប្រើ​​​អគ្គិសនី​​​ច្រើន​​​បំផុត​​​ទេ​។
លោក ហ៊ីរ៉ូស៊ី បាន​ថ្លែងបន្ត​ថា “ពី​ខេត្ត​កោះកុង​​មក​​រាជ​ធានី​ភ្នំពេញ​ ការ​​​ភ្ជាប់​​​បណ្ដាញ​មិនទាន់​បាន​​​បញ្ចប់​​​នៅ​ឡើយ​ទេ​” ដោយ​លោក​​​​បាន​​​បន្ថែម​ថា រាជ​ធានី​​​​ភ្នំពេញ​​​ត្រូវ​ការ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ប្រហែល​៤០០​មេហ្គាវ៉ាត់។ ប្រហែល​៧០​ភាគរយ​នៃ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​រាជ​ធានី​ភ្នំពេញ​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​នេះ​គឺ​​​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម​។

លោក លី យ៉ុងផាត់ និង​តំណាង​ក្រុមហ៊ុន​ Ratchaburi Electricity មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ​៕
ប្រែសម្រួល​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស