កាលពីម្សិលមិញបណ្ដាអង្គការសិទ្ធិមនុស្សបានអំពាវនាវឲ្យអាជ្ញាធរឈប់ផ្សព្វផ្សាយញត្តិស្នើសុំឲ្យប្រជាពលរដ្ឋគាំទ្រលទ្ធផលបឋមនៃការបោះឆ្នោតជាតិកាលពីខែមុន ដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទទួលជ័យជម្នះ និងដែលឲ្យប្រជាពលរដ្ឋសន្យាមិនចូលរួមក្នុងបាតុកម្មណាមួយធ្វើឡើងដោយបក្សប្រឆាំង។
ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិសុទ្ធតែអះអាងពីជ័យជម្នះរៀងៗខ្លួនចំពេលមានការអះអាងអំពីភាពមិនប្រក្រតីកើតមានគ្រប់ទីកន្លែងដែលមិនទាន់មានការដោះស្រាយ និងកំពុងរង់ចាំលទ្ធផលចុងក្រោយនៅឡើយនោះ បណ្ដាអង្គការសិទ្ធិមនុស្សកំពុងចោទប្រកាន់ថា អាជ្ញាធរគាបសង្កត់ប្រជាពលរដ្ឋឲ្យផ្តិតមេដៃគាំទ្រញត្តិ និងរំលោភបំពានសេរីភាពបញ្ចេញមតិរបស់ពួកគាត់។
អង្គការក្រៅរដ្ឋាភិបាលទាំងនោះ ដែលរួមមានអង្គការអាដហុក អង្គការលីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានលើកឡើងថា “ទង្វើនេះគឺជាទម្រង់ថ្មីមួយនៃការបំភិតបំភ័យ ក្រោយការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ហើយវារំលោភយ៉ាងធ្ងន់លើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសរំលោភសិទ្ធិសេរីភាពបញ្ចេញមតិរបស់អ្នកបោះឆ្នោត”។
អង្គការទាំងនេះបានលើកឡើងបន្ថែមទៀតថា “ទង្វើនេះបានគំរាមកំហែង និងរំលោភសិទ្ធិរក្សាការសម្ងាត់របស់អ្នកបោះឆ្នោតយ៉ាងច្បាស់ ហើយទង្វើនេះក៏បានធ្វើឲ្យមានភាពតានតឹងនិងការភ័យខ្លាចកាន់តែខ្លាំងឡើងផងដែរ ដែលបច្ចុប្បន្នកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា”។
កាលពីម្សិលមិញ អាជីវករ អ្នករត់ម៉ូតូឌុប និងអ្នកធាក់ស៊ីក្លូនៅជុំវិញផ្សារអូរឫស្សី បាននិយាយថា អាជ្ញាធរផ្សារបានដើរប្រមូលស្នាមផ្តិតមេដៃកាលពីថ្ងៃច័ន្ទ។
លោក ថូ ថុល អ្នកធាក់ស៊ីក្លូម្នាក់ដែលរត់ឌុបជាប្រចាំនៅតាមផ្លូវជុំវិញផ្សារដែលមានមនុស្សយ៉ាងច្រើនកុះករនេះ បាននិយាយថា ពេលគាត់កំពុងចតស៊ីក្លូនៅខាងក្រៅផ្សារ សន្ដិសុខផ្សារក៏បានដើរចូលទៅជិតគាត់។ គាត់និយាយថា “គាត់បានមកសុំឲ្យខ្ញុំគាំទ្រលទ្ធផល និងកុំចូលរួមធ្វើបាតុកម្ម”។
លោក ថូ ថុល និយាយថា គាត់មិនបានបោះឆ្នោតទេនៅអាណត្តិនេះ ពីព្រោះគាត់គ្មានសោហ៊ុយធ្វើដំណើរត្រឡប់ទៅខេត្តព្រៃវែង កន្លែងដែលគាត់បានចុះឈ្មោះបោះឆ្នោត។ គាត់និយាយថា ប្រសិនបើគាត់មានសោហ៊ុយអាចធ្វើដំណើរទៅស្រុកបាននោះ គាត់មុខជាបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិមិនខាន។
លោក ថូ ថុល ដែលបានគាំទ្រផែនការរបស់គណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្ម ប្រសិនបើគណបក្សប្រជាជនកម្ពុជា បន្តរារាំងការអំពាវនាវរបស់គណបក្សនេះឲ្យមានការស៊ើបអង្កេតឯករាជ្យលើលទ្ធផលបោះឆ្នោតនោះ បាននិយាយថា “ខ្ញុំចង់ឃើញគោលនយោបាយថ្មី និងកម្មវិធីថ្មី”។
ប៉ុន្តែលោក ថូ ថុល ដែលមិនចេះអានអក្សរបាននិយាយថា ទោះជាយ៉ាងណាគាត់បានផ្ដិតមេដៃគាំទ្រញត្តិនោះទៅហើយ។ ទោះបីជាអាជ្ញាធរផ្សារមិនបានគំរាមកំហែងក៏ដោយ ក៏គាត់និយាយថា “ខ្ញុំបានផ្ដិតមេដៃលើញត្តិនោះដោយសារតែខ្ញុំភ័យខ្លាច”។ នៅពេលបុរសម្នាក់ចូលទៅសាកសួរអ្នកយកព័ត៌មានថា តើពួកគេកំពុងធ្វើអ្វីនៅផ្សារនេះ លោក ថូ ថុល បានយកម្រាមដៃដាក់លើបបូរមាត់របស់គាត់ ជាសញ្ញាទូទៅឲ្យរក្សាភាពស្ងៀមស្ងាត់ ហើយក៏ដើរចេញទៅយ៉ាងប្រញាប់។
អារម្មណ៍ភ័យខ្លាចបែបនេះបានកើតមានជាទូទៅនៅជុំវិញផ្សារនេះ។ លោក ប៉ោ ណយ ដែលជាអ្នករត់ម៉ូតូឌុប បាននិយាយថា អាជ្ញាធរផ្សារក៏បានទៅជួបគាត់ដែរនៅក្នុងថ្ងៃនោះ។ គាត់និយាយថា “ពួកគេនិយាយថា ប្រធានផ្សារចង់ឃើញខ្ញុំផ្ដិតមេដៃគាំទ្រលទ្ធផលបោះឆ្នោត។ ពួកគេមិនបានពន្យល់មូលហេតុបន្ថែមទេ”។ គាត់បានលើកឡើងទៀតថា គាត់បានបដិសេធមិនផ្តិតមេដៃទេ ប៉ុន្តែ គាត់បានឮថា អ្នកផ្សេងៗទៀតនៅជុំវិញផ្សារនេះដែលរងការគាបសង្កត់ បានផ្ដិតមេដៃ។ គាត់និយាយថា “អាជីវករលក់ដូរតាមចិញ្ចើមផ្លូវត្រូវតែផ្ដិតមេដៃ ប្រសិនបើពួកគេមិនផ្ដិតទេ ពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យលក់ដូរនៅទីនោះឡើយ”។
អាជីវករម្នាក់អង្គុយជាប់តូបលក់ស្បង់ចីពរ និងទេយ្យវត្ថុផ្សេងៗទៀត បាននិយាយថា គាត់ក៏បដិសេធមិនផ្ដិតមេដៃដែរ នៅពេលគេប្រាប់ឲ្យគាត់ទៅការិយាល័យប្រធានផ្សារដើម្បីផ្ដិតមេដៃ។ គាត់បានបដិសេធមិនប្រាប់ថាគាត់បោះឆ្នោតឲ្យនរណានោះទេ។ គាត់និយាយថា “ខ្ញុំធ្វើការនៅទីនេះដូច្នេះខ្ញុំមិនអាចនិយាយអ្វីបានទេ អ្នកដែលស្គាល់ខុសស្គាល់ត្រូវគេមិនទៅទេ។ប៉ុន្តែ មានអ្នកផ្សេងៗទៀតបានទៅផ្ដិតមេដៃ”។
លោក គាង លក្ខណ៍ ប្រធានផ្សារអូរឫស្សីបានបដិសេធថា លោកមិនបានគាបសង្កត់នរណាម្នាក់ឲ្យផ្ដិតមេដៃលើញត្តិនោះទេ ហើយបានមានប្រសាសន៍ថា គំនិតនេះចេញពីអាជីវករខ្លួនឯង។ ប្រធានផ្សាររូបនេះបានមានប្រសាសន៍ថា “យើងមិនបានទទួលបញ្ជាពីមន្ត្រីណាម្នាក់ទេ។ ប្រជាពលរដ្ឋឮថា យើងមានញត្តិគាំទ្រលទ្ធផលនៃការបោះឆ្នោត ពួកគាត់ក៏ស្ម័គ្រចិត្តផ្ដិតមេដៃ ពីព្រោះការបោះឆ្នោតនេះមានភាពសេរី និងយុត្តិធម៌។គ្មាននរណាម្នាក់ត្រូវបានចាប់បង្ខំទេ”។
លោក គាង លក្ខណ៍ មានប្រសាសន៍ទៀតថា រហូតមកទល់ពេលនេះ ពួកគេប្រមូលឈ្មោះបានប្រហែល១.០០០នាក់នៅជុំវិញផ្សារនេះ ហើយនឹងប្រមូលបន្ថែមទៀតមុនពេលប្រគល់ញត្តិទាំងនោះឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយសង្ឃឹមថា ពួកគេនឹងផ្សាយព័ត៌មាននេះ។ លោកបានមានប្រសាសន៍ថា ផ្សារផ្សេងៗទៀតនៅទូទាំងរាជធានីភ្នំពេញក៏ធ្វើដូច្នេះដែរ ប៉ុន្តែ បានបដិសេធមិនលើកឡើងថា ផ្សារណាខ្លះទេ។
បណ្ដាអង្គការសិទ្ធិមនុស្សបានលើកឡើងថា ខ្លួនឮថាប្រជាពលរដ្ឋនៅក្នុងសង្កាត់មួយចំនួនផ្សេងទៀតនៅទូទាំងរាជធានីភ្នំពេញបានត្អូញត្អែរចំពោះការគាបសង្កត់ពួកគាត់ឲ្យផ្ដិតមេដៃគាំទ្រញត្តិស្រដៀងគ្នានេះ និងសូម្បីនៅក្រៅរាជធានីភ្នំពេញ ក៏មានរឿងដូចនេះដែរ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចេញសេចក្ដីថ្លែងការណ៍រិះគន់ញត្តិទាំងនេះ កាលពីថ្ងៃអង្គារ ក៏បានមានប្រសាសន៍ដែរថា “ក្នុងចំណោមសេចក្ដីរាយការណ៍នានាស្តីអំពីភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត ឥរិយាបថបែបនេះរបស់អាជ្ញាធរមូលដា្ឋន ដែលបំបិទមាត់អ្នកបោះឆ្នោត និងបង្ខំឲ្យពួកគាត់ក្រោកឈរឡើងគាំទ្រលទ្ធផលបោះឆ្នោតដែលមានការប្រទាញប្រទង់គា្ននោះ មិនអាចជួយអ្វីបានទេក្រៅតែពីចាក់សាំងបន្ថែមលើភ្លើង។ ប្រជាពលរដ្ឋមានសិទ្ធិមិនយល់ស្របនឹងលទ្ធផលបោះឆ្នោត និងមានសិទ្ធិគាំទ្រគណបក្សនយោបាយណាមួយដែល ពួកគាត់ស្រឡាញ់ចូលចិត្ត” ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទទួលបានច្បាប់ចម្លងមួយនៃញត្តិបែបនេះពីខណ្ឌទួលគោក។
ក្រៅពីគាំទ្រលទ្ធបឋមដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ញត្តិនោះបានច្រានចោលបាតុកម្មណាមួយជំទាស់នឹងលទ្ធផល។
ញត្តិនោះមានខ្លឹមសារ “យើងជំទាស់ដាច់អហង្ការចំពោះគណបក្សនយោបាយ និងអ្នកនយោបាយណាដែលអំពាវនាវឲ្យមានមហាបាតុកម្ម និងដែលមិនទទួលស្គាល់លទ្ធផលបឋម ដែលអាចនាំឲ្យមានភាពចលាចល អស្ថិរភាព និងដែលមិនធ្វើអ្វីទាំងអស់ក្រៅតែពីបំផ្លាញសន្ដិភាពរបស់ប្រជាពលរដ្ឋខ្លួនឯង”។
ភាសាបែបនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសាររបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាដែលបានផ្សព្វផ្សាយចាប់តាំងពីការបោះឆ្នោតមក។ ប៉ុន្តែ លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធថា គណបក្សរបស់លោកមិនជាប់ពាក់ព័ន្ធនឹងញត្តិទាំងនេះទេ និងថែមទាំងមិនដឹងពីវាទៀតផង។
លោកមានប្រសាសន៍សំដៅដល់លទ្ធផលបឋមដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញផ្សាយកាលពីដើមខែនេះថា “ មន្ត្រីជាន់ខ្ពស់របស់យើងមិនបានបញ្ជាឲ្យមន្ត្រីមូលដ្ឋានប្រមូលស្នាមផ្តិតមេដៃទេ។ ហេតុអ្វីយើងត្រូវប្រមូលស្នាមផ្តិតមេដៃ ពីព្រោះយើងទទួលបាន៦៨អាសនៈនិងគណបក្សសង្គ្រោះជាតិទទួលបានតែ៥៥អាសនៈរួចទៅហើយនោះ”៕
ប្រែសម្រួលដោយ តែម សុខុម