គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យក្រុមអ្នកគាំទ្ររបស់ខ្លួនធ្វើការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញនៅថ្ងៃច័ន្ទខាងមុខនេះ ប៉ុន្តែថ្នាក់ដឹកនាំគណបក្សនេះបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅដោយសន្តិវិធី និងមិនត្រូវបានចាត់ទុកថា ជាបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតទេ។
ក្នុងសេចក្តីជូនដំណឹងមួយដែលចុះហត្ថលេខាដោយលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញថា គណបក្សនេះបានអំពាវនាវឲ្យ “ជនរួមជាតិ ជាពិសេសយុវជន យុវតី ចូលរួមក្នុងពិធីសំណេះសំណាលនេះឲ្យបានច្រើនកុះករ”។
ទោះបីជាសេចក្តីជូនដំណឹងនេះពុំមានការបញ្ជាក់ច្បាស់ពីមូលហេតុពិតប្រាកដនៃការរៀបចំពិធីជួបជុំនេះក៏ដោយ ប៉ុន្តែលោក យឹម សុវណ្ណ បានលើកឡើងកាលពីម្សិលមិញថា លោក សង្ឃឹមថា នឹងមានមនុស្សច្រើនចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោក សម រង្ស៊ី និង លោក កឹម សុខា ដែលពិធីនេះនឹងត្រូវបានផ្សព្វផ្សាយតាមហ្វេសប៊ុក វិទ្យុ និងតាមរយៈសកម្មជនគណបក្សនៅតាមមូលដ្ឋាន។
សេចក្តីជូនដំណឹងនេះក៏បានឲ្យដឹងផងដែរថា លោក សម រង្ស៊ី និង លោក កឹម សុខា នឹងចំណាយពេលបីថ្ងៃសម្រាប់ពិធីជួបជំុនៅក្នុងខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប មុនពេលមានពិធីជួបជុំនៅក្នុងរាជធានីភ្នំពេញ។
លោក សម រង្ស៊ី បានឲ្យដឹងកាលពីម្សិលមិញថា ពិធីជួបជុំនៅក្នុងរាជធានីភ្នំពេញនេះ ត្រូវបានរៀបចំឡើងដើម្បីជូនដំណឹងដល់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិអំពីស្ថានភាពនយោបាយបច្ចុប្បន្ន និងដើម្បីពន្យល់ពីផែនការរបស់បក្សក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់មកនេះ។
លោក សម រង្ស៊ី បានថ្លែងថា “យើងគ្រាន់តែចង់ជូនដំណឹងប្រាប់ម្ចាស់ឆ្នោតថា ស្ថានភាព [នយោបាយ] បានជាប់គាំង ហើយថា គណបក្សប្រជាជនកម្ពុជាពុំមានឆន្ទៈល្អក្នុងការជំរុញ គ.ជ.ប. ឬធានាថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបង្គាប់ឲ្យ គ.ជ.ប.” ធ្វើកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតឲ្យមានតម្លាភាពឡើយ។
ក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានរំពឹងថា នឹងចេញសេចក្តីសម្រេចលើលទ្ធផលបឋមនៃការបោះឆ្នោតដែលចេញដោយ គ.ជ.ប. មុនថ្ងៃទី៨ ខែកញ្ញា ពេលមានលទ្ធផលជាស្ថាពរ។ រដ្ឋសភាជាតិនីតិកាលថ្មីគ្រោងបើកសម័យប្រជុំ នៅមុន ឬត្រឹមដំណាច់ខែកញ្ញា គឺរយៈពេលពីរខែក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
លោក សម រង្ស៊ី បានលើកឡើងថា ពិធីជួបជុំនៅថ្ងៃច័ន្ទ គឺមិនមែនជា “បាតុកម្ម” ទេ ប៉ុន្តែជាពិធី “ជួបជុំ” ព្រោះគណបក្សប្រឆាំងនៅតែសង្ឃឹមថា គណបក្សប្រជាជននឹងបោះជំហានទៅមុខជាមួយគណបក្សសង្គ្រោះជាតិក្នុងការស៊ីបអង្កេតប្រកបដោយតម្លាភាពពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា។
លោកបានថ្លែងថា “នេះមិនមែនជាការដង្ហែក្បួនទេ។ ការដង្ហែក្បួនគឺជាប្រភេទមួយនៃបាតុកម្ម ពោលគឺការតវ៉ាដែលអាចបង្កផលលំបាកមួយចំនួនហួសពីការរំពឹងទុក។ក៏ ប៉ុន្តែ នេះជាការជួបជុំនៅមួយកន្លែង យើងដឹងថា ត្រូវធ្វើយ៉ាងណាហើយ។ អាជ្ញាធរដឹងថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅដោយសន្តិវិធីទាំងស្រុង វាមិនបង្កហានិភ័យ [នៃការកើតមានអំពើហិង្សា] សោះឡើយ”។
ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោក ស ខេង បានព្រមានពីភាពចលាចល និងបញ្ហាប្រសិនបើការជួបជុំរបស់គណបក្សប្រឆាំងប្រែក្លាយជាហិង្សានោះ នគរបាល និងក្រុមមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីម្សិលមិញថា ពិធីជួបជុំដែលបានគ្រោងទុករបស់គណបក្សសង្គ្រោះជាតិគឺមិនល្មើសនឹងច្បាប់ទេ។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានថ្លែងថា “ខ្ញុំយល់ថា ប្រជាពលរដ្ឋគួរមានលទ្ធភាពបញ្ចេញមតិយោបល់របស់ខ្លួន ប៉ុន្តែ កុំប្រើអំពើហិង្សា។ ប្រសិនបើមានការតវ៉ា សូមតវ៉ាដោយសន្តិវិធី និងកុំធ្វើឲ្យមានអំពើហិង្សា”។ ឧត្តមសេនីយ៍ត្រី ខេង ទីតូ បានបញ្ជាក់ថា ប្រសិនបើអំពើហិង្សាកើតមានមែននោះ កងកម្លាំងសន្តិសុខត្រៀមរួចជាស្រេចក្នុងការស្តារសណ្តាប់ធ្នាប់ឡើងវិញ។
លោកបានមានប្រសាសន៍ថា “យើងបានត្រៀមឧបករណ៍ដែលរួមមានទាំងរថយន្តពន្លត់អគ្គិភ័យ គ្រឿងចក្រ និងកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថរាប់ពាន់នាក់ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយយើងបានត្រៀមរួចជាស្រេចក្នុងការបង្ក្រាប ប្រសិនបើមានអំពើហិង្សាណាមួយកើតឡើង”។
ឧត្តមសេនីយ៍ឯក សុខ ផល អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា លោកមិនបារម្ភពីជម្លោះផ្តើមចេញពីការជួបជុំនេះទេ។ លោកបានមានប្រសាសន៍ថា “ដូចជាមិនទំនងថា នឹងមានរឿងអ្វីកើតឡើងទេ។ ខ្ញុំគិតថា វាគឺជាការជួបជុំថ្នាក់ក្រុង”។
បន្ទាប់ពីមានការគំរាមធ្វើមហាបាតុកម្ម ប្រសិនបើពុំមានការធ្វើតាមការទាមទារឲ្យមានការស៊ើបអង្កេតពីការបោះឆ្នោតនោះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឆ្លើយតបថា ការជួបជុំរបស់គណបក្សសង្គ្រោះជាតិត្រូវតែធ្វើឡើងនៅឯទីលានប្រជាធិបតេយ្យជាកំហិត ហើយក៏បានព្រមានថា អ្នកដឹកនាំការតវ៉ាដែលប្រែក្លាយជាហិង្សា នឹងប្រឈមនឹងបញ្ហាតាមផ្លូវច្បាប់។
ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងកាលពីម្សិលមិញថា ដរាបណាការជួបជុំរបស់គណបក្សសង្គ្រោះជាតិមានលក្ខណៈស្របច្បាប់នោះ វាអាចប្រព្រឹត្តទៅបាន។ លោកបានថ្លែងថា “ប្រសិនបើបាតុកម្ម គោរពតាមច្បាប់នោះវាមិនអីទេ ប៉ុន្តែ យើងសង្ឃឹមថា នឹងពុំមានការប្រើអំពើហិង្សាទេ។ គ្រប់គ្នាត្រូវតែគោរពច្បាប់ដែលក៏ផ្តល់សុវត្ថិភាពសម្រាប់ពួកគេខ្លួនឯង”។
លោក សម រង្ស៊ី បានបញ្ជាក់សាជាថ្មីកាលពីម្សិលមិញថា គណបក្សប្រឆាំងនឹងអំពាវនាវឲ្យមានការធ្វើមហាបាតុកម្មតែក្នុងករណីវាជាជម្រើសចុងក្រោយប៉ុណ្ណោះ ពោលគឺប្រសិនបើ “ស្ពានទាំងប៉ុន្មានទៀតត្រូវបានកាត់ផ្តាច់” ធ្វើឲ្យរាំងស្ទះដល់កិច្ចប្រឹងប្រែងរបស់គណបក្សសង្គ្រោះជាតិក្នុងការស៊ើបអង្កេតពីអ្វីដែលខ្លួនចោទថា ជាការលួចបន្លំសន្លឹកឆ្នោតជាទូទៅដោយគណបក្សប្រជាជនកម្ពុជាក្រោមការសហការជាមួយ គ.ជ.ប.។
លោកបានមានប្រសាសន៍ថា “ឧបមាថា ពុំមានអ្វីកើតឡើងសោះ។ ក្នុងរយៈពេល២០ថ្ងៃ ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសលទ្ធផលដូចគ្នាទាំងស្រុងទៅនឹងអ្វីដែល គ.ជ.ប. បានប្រកាស គឺដូចគ្នាទាំងស្រុងទៅនឹងអ្វីដែលគណបក្សប្រជាជនបានប្រកាសដែរ ហើយពុំមានជម្រើសណាផ្សេងសោះ។ ពុំមានការចរចាអ្វីទាំងអស់ ហើយស្ពានទាំងអស់ត្រូវបានកាត់ផ្តាច់។ បើដូច្នេះមែនវាជាជម្រើសចុងក្រោយហើយ”៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ