34 C
Phnom Penh

ក្រុម​ប្រឹក្សា​ធម្មនុញ្ញច្រាន​ចោល​បណ្ដឹងចំនួន​ពីរ​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ បាន​ផ្ញើ​លិខិត​ពីរ​ច្បាប់​ទៅ​​បក្ស​សង្គ្រោះ​ជាតិ​ ស្តីពី​​​ការ​​​តម្កល់​ការ​ច្រានចោល​​​​របស់​គណៈ​​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គជ.ប.) ​នូវ​​​បណ្តឹង​ចំនួន​ពីរ​របស់​គណ​បក្ស​ប្រឆាំង ដែល​បណ្តឹង​មួយ​ក្នុង​ចំណោម​នោះ​ ត្រូវ​​​​ក្រុម​​​ប្រឹក្សា​​​​នេះ​​​​​បញ្ជាក់​​​ថា​​​ ត្រូវបាន​ច្រាន​ចោល ដោយ​​​សារ​​​វា​ត្រូវ​បាន​ដាក់​ជូន​ដោយ​មិន​ត្រឹម​​ត្រូវ។

លិខិត​ទីពីរ ដែល​​​​ក្រុម​ប្រឹក្សា​នេះ​​​ផ្ញើ​​​ជូន​លោក រស់ ស៊ូ ​តំណាង​គណ​បក្ស​សង្គ្រោះ​ជាតិ​​ប្រចាំ​រាជ​ធានី​ភ្នំ​ពេញមាន​ខ្លឹមសារ​ថា ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​យល់​ស្រប​ចំពោះ​ការ​ច្រាន​ចោលរបស់​ គ.ជ.ប. កាលពី​​​ថ្ងៃ​ទី​១០ ខែ​សីហា ​នូវ​​​ពាក្យ​បណ្តឹង​មួយរបស់​​​​គណ​បក្ស​សង្គ្រោះ​ជាតិ​​​​​ស្តីពី​ភាព​មិន​ប្រក្រតី​​​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ ដោយ​បាន​​​លើក​ឡើង​ថា “ សេចក្តី​សម្រេច​នេះ​គឺ​​​ស្រប​តាម​នីតិវិធីច្បាប់​ត្រឹម​ត្រូវ”។

កាល​ពី​ថ្ងៃ​អង្គារ ​​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​បាន​ច្រាន​ចោល​បណ្តឹង​បួន​ទៀត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។​ តំណាង​ម្នាក់​របស់​អគ្គលេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ ដែល​បាន​​​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​​ដោយ​សារ​ខ្លួន​​​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​​​​ផ្សព្វផ្សាយ​​​ បាន​បញ្ជាក់​កាល​ពី​ម្សិលមិញថា ក្រុម​​​ប្រឹក្សា​​​នេះ​​​បានទទួល​ពាក្យ​បណ្តឹង​ចំនួន​១៥​ករណី​ស្តីពី​​​ភាព​មិន​ប្រក្រតី​អំឡុង​ពេល​​​បោះ​ឆ្នោត​ដែល​បក្ស​សង្គ្រោះ​ជាតិ​​​​​បាន​​​ដាក់​ប្តឹងកាលពី​​​​ដើម​សប្តាហ៍​នេះ គឺ​មុន​កាល​កំណត់​​សម្រាប់​​​ការ​ដាក់​ពាក្យ​បណ្តឹង​​​ពី​​​​គណ​បក្ស​នយោ​បាយ​នានា​​​នៅ​​​ថ្ងៃ​នេះ​​​​បន្តិច​​​ប៉ុណ្ណោះ​​​​​។

មន្ត្រី​រូប​នេះ​បាន​ឲ្យ​​​ដឹង​​​ថា “ពាក្យ​បណ្តឹង​​​ប្រឆាំង​​​នឹង​​​លទ្ធ​ផល​​​​បណ្តោះ​អាសន្ន​​​​នៃ​​​ការ​​​បោះឆ្នោត​គឺ​​​ធ្វើ​​​ឡើង​​​​ដោយ​បក្ស​សង្គ្រោះ​​ជាតិ​​​​តែ​​​មួយ​​​ប៉ុណ្ណោះ” ដោយ​​​​​​​បន្ថែម​ថា កាល​​​បរិច្ឆេទ​​​សម្រាប់​​​ការ​​​ដោះស្រាយ​​​ពាក្យ​​​​បណ្តឹង​​​​គឺ​​​មិន​ទាន់​ត្រូវ​បាន​កំណត់​​​​នៅ​ឡើយ​ទេ៕

ប្រែសម្រួល​ដោយ ចេវ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស