កាលពីម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានផ្ញើលិខិតពីរច្បាប់ទៅបក្សសង្គ្រោះជាតិ ស្តីពីការតម្កល់ការច្រានចោលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប.) នូវបណ្តឹងចំនួនពីររបស់គណបក្សប្រឆាំង ដែលបណ្តឹងមួយក្នុងចំណោមនោះ ត្រូវក្រុមប្រឹក្សានេះបញ្ជាក់ថា ត្រូវបានច្រានចោល ដោយសារវាត្រូវបានដាក់ជូនដោយមិនត្រឹមត្រូវ។
លិខិតទីពីរ ដែលក្រុមប្រឹក្សានេះផ្ញើជូនលោក រស់ ស៊ូ តំណាងគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញមានខ្លឹមសារថា ក្រុមប្រឹក្សាធម្មនុញ្ញយល់ស្របចំពោះការច្រានចោលរបស់ គ.ជ.ប. កាលពីថ្ងៃទី១០ ខែសីហា នូវពាក្យបណ្តឹងមួយរបស់គណបក្សសង្គ្រោះជាតិស្តីពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត ដោយបានលើកឡើងថា “ សេចក្តីសម្រេចនេះគឺស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវ”។
កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោលបណ្តឹងបួនទៀតរបស់គណបក្សសង្គ្រោះជាតិ។ តំណាងម្នាក់របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានបដិសេធមិនបញ្ចេញឈ្មោះដោយសារខ្លួនមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ បានបញ្ជាក់កាលពីម្សិលមិញថា ក្រុមប្រឹក្សានេះបានទទួលពាក្យបណ្តឹងចំនួន១៥ករណីស្តីពីភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោតដែលបក្សសង្គ្រោះជាតិបានដាក់ប្តឹងកាលពីដើមសប្តាហ៍នេះ គឺមុនកាលកំណត់សម្រាប់ការដាក់ពាក្យបណ្តឹងពីគណបក្សនយោបាយនានានៅថ្ងៃនេះបន្តិចប៉ុណ្ណោះ។
មន្ត្រីរូបនេះបានឲ្យដឹងថា “ពាក្យបណ្តឹងប្រឆាំងនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតគឺធ្វើឡើងដោយបក្សសង្គ្រោះជាតិតែមួយប៉ុណ្ណោះ” ដោយបន្ថែមថា កាលបរិច្ឆេទសម្រាប់ការដោះស្រាយពាក្យបណ្តឹងគឺមិនទាន់ត្រូវបានកំណត់នៅឡើយទេ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី