30 C
Phnom Penh

មានករណីបាត់​រថយន្ត​​រាប់​រយគ្រឿងពាក់​ព័ន្ធ​នឹង​ហាង​បញ្ចាំ​ក្លែង​ក្លាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កា​លពីម្សិល​មិញ​ថា យ៉ាង​ហោច​ណាស់​ប្រជា​ពល​រដ្ឋ​១២៥​នាក់​អះអាង​ថា បាន​បាត់​រថ​យន្ត​របស់​ខ្លួន​បន្ទាប់​ពីមានការ​​អនុញ្ញាត​ឲ្យ​​ក្រុម​ហ៊ុ​ន​ក្លែង​ក្លាយមួយ​ជួល​​រថយន្ត​​ទាំង​នោះ​ ហើយ ក្រោយ​​ មក​ទើប​ដឹងថា រថយន្ត​ទាំង​នោះ​ត្រូវ​បាន​លក់​ទៅឲ្យ​ហាង​បញ្ចាំ​មួយ​នៅ​ក្នុង​​ខណ្ឌ​ប្ញស្សីកែវ​ រាជធានី​ភ្នំពេញ។

ម្ចាស់​រថយន្ត​ ៦០​នាក់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ហាង​បញ្ចាំ​ លីហួរ កាល​ពីម្សិលមិញ​បន្ទាប់​ពី​បានទទួល​ឯកសារ​ដែល​បង្ហាញថា ប្តី​ប្រពន្ធ​ពីរ​នាក់​ឈ្មោះ យូ សុឃុន និង​ កែវ​ ស្រីនិត ដែល​បាន​ប្រាប់​គេ​ថា ពួកគេ​គឺជាបុគ្គលិកធ្វើ​ការ​នៅក្រុម​ហ៊ុន​ទេស​ចរណ៍​​មួយនោះ​ បាន​លក់​រថយន្ត​ទាំងនេះ​បន្ត​ទៀត​។
លោក​ ហ៊ុយ​ ហ៊ាន មេប៉ុស្តិ៍សង្កាត់​ទួល​​សង្កែ​បាន​មាន​ប្រសាសន៍ថា “ យើង​ដឹង​ថា ប្រជា​ពល​រដ្ឋ​១២៥​នាក់​បាន​បាត់​​រថ​យន្ត​របស់​ខ្លួន​ ហើយ​ថា មាន​រថយន្ត​សរុបចំនួន​​២១០​គ្រឿង​​ទៀត​បាន​បាត់​បន្ទាប់​ពី​ប្តី​ប្រពន្ធ​ពីរនាក់​បាន​ជួល​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ឯកជន​មួយ​”។

ជន​រង​គ្រោះ​អះអាង​ថា ពួកគាត់​ត្រូវ​បាន​ទាក់​ទង​ដោយ​ប្តីប្រពន្ធនេះ ហើយ​បានសួរ​​ពួកគាត់​ថា តើ​រថ​យន្ត​ទាំង​នេះ​អាចប្រើ​ប្រាស់សម្រាប់​រយៈ​ពេល​កំណត់​ដើម្បី​ជួល​ទៅ​ឲ្យ​ភ្ញៀវ​ទេស​ចរ​​បាន​ឬទេ។ នៅ​ពេល​ចុះ​ហត្ថ​លេខា​លើកិច្ច​សន្យារួច​ ម្ចាស់​រថយន្ត​បាន ​ប្រគល់​​រថយន្ត​របស់​ខ្លួន​ ហើយ​ទទួល​បាន​ប្រាក់​ប្រចាំខែ។

ទោះ​ជាយ៉ាង​ណា ​ហេតុការណ៍​នេះ​បាន​ផ្ទុះឡើង​កាល​ពីម្សិលមិញ​ បន្ទាប់​ពី​មាន​ការ​ឈប់​​បង់ប្រាក់ ហើយ​ប្រជា​ពល​រដ្ឋ​ដែល​មាន​កំហឹង​បាន​ទៅ​កាន់​ផ្ទះ​របស់​បុគ្គលិក​នោះ​ ហើយ​ពួកគាត់​បាន​រក​ឃើញ​បង្កាន់​ដៃ​បញ្ចាំ​រថយន្ត​ជាច្រើន​។

លោក ហ៊ុយ ហ៊ាន​ បាន​មាន​​ប្រសាសន៍​ថា “ពួកគាត់​បាន​ទៅ​ហាង​បញ្ចាំ [លីហួរ] ពីព្រោះ ​​​​ពួក​គាត់​ចង់​ដឹង​ថា តើ​ជន​សង្ស័យ​ទាំង​នេះ​បាន​យក​រថយន្ត​ទាំងនោះ​ទៅ​បញ្ចាំ​មែន ឬ​មិន​មែន។ ប៉ុន្តែ ពួក​គាត់​មិន​បាន​រក​​ឃើញ​អ្វី​ឡើយ​ បន្ទាប់​ពីធ្វើ​ការ​ប្រៀបធៀប​ជាមួយ​ស្លាក​លេខ​រថយន្ត​”។​

ក្នុងចំណោម​ជន​រង​គ្រោះ​ទាំង​នោះ​មាន​លោក ចាន់​ ជា មេភូមិ​អន្លង់​ក្ងាន​​ដែល​បាន​មាន​ប្រសាសន៍ថា លោក​បាន​ជួល​រថ​យន្ត​របស់​លោក​ ម៉ាក តូយ៉ូតា កាមរី មួយ​គ្រឿង​កាល​ពីខែ​មិថុនា។​ លោក​បា​ន​មាន​ប្រសាសន៍ថា “អ្នក​ជិត​ខាង​របស់​ខ្ញុំបាន​ប្រាប់​ខ្ញុំ​អំពីក្រុម​ហ៊ុន​នេះ​ ហើយ​ប្រជាពល​រដ្ឋ​ជាច្រើន​បាន​យក​រថយន្ត​របស់​ខ្លួន​ទៅដាក់​ជួ​ល”។

លោក​បាន​មាន​ប្រសាសន៍ថា លោក​ទទួល​​​បាន​ប្រាក់​សរុប​ចំនួន​១.៣០០ដុល្លារ​មុន​ពេល​មាន​ការ​ឈប់​បង់​ប្រាក់នោះ​ ហើយ​លោក​សង្ស័យ​ថា ពិត​ជាមាន​រឿង​មិន​ស្រួល​ហើយ​។ លោក​បាន​មាន​ប្រសាសន៍បន្តទៀត​ថា ​ឈ្មោះ​ សុឃុន និងឈ្មោះ ស្រីនិត បាន​ប្រាប់​លោក​ថា ពួកគេ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុនទេស​ចរណ៍​មួយ​ឈ្មោះ CMP ប៉ុន្តែ ក្រុមហ៊ុន​នេះ​មិន​មាន​ពិត​ប្រាកដ​នោះទេ​។

​លោក​ ចាន់​ ជា បាន​មាន​ប្រសាសន៍​​ថា “ក្នុង​ចំណោម​រថយន្ត​៣០​គ្រឿង​ទៅ​៤០​គ្រឿង​ ដែល​បាន​ជួល​ពី​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​នោះ មាន​រថយន្ត​តែ​៣​គ្រឿង​ប៉ុណ្ណោះ​ត្រូវ​បាន​រកឃើញនៅ​ក្នុង​ខេត្ត​កណ្តាល​។ លោក​បាន​បន្ថែម​ថា តាមការ​អះ​អាង​មក​ថា ជន​សង្ស័យ​​បាន​​រត់​ចោល​ផ្ទះ​របស់​ខ្លួន​ដែលស្ថិត​នៅក្នុងសង្កាត់​ចាក់​អង្រែ​ក្រោម​បាត់ហើយ។

អ្នកស្រី  ណែម​ សារឿន អាយុ​៣៩​ឆ្នាំ​បាន​​​អះអាង​ថា ជន​សង្ស័យ​បាន​យក​រថយន្ត​ចំនួន​ប្រាំពីរ​គ្រឿង​ទៅជាមួយ​ដែល​​ជា​កម្មសិទ្ធិ​របស់​ក្រុមគ្រួសារអ្នកស្រី​  ប៉ុន្តែ​ ថា ពួក​គាត់​យកបាន​មក​វិញ​តែ​​មួយ​គ្រឿង​ប៉ុណ្ណោះ​។

លោក​ ប៊ុន សត្យា​ នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ​​បាន​មាន​ប្រសាសន៍ថា ប្រជាពល​រដ្ឋ​ជាង​១០០​នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​​​ ហើយ​​នគរ​បាល​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​។ លោក​ ប៊ុន សត្យា​ បាន​មាន​ប្រសាសន៍ថា​“នគរ​បាល​បាន​រក​ឃើញ​រថយន្ត​១០គ្រឿង​នៅ​ក្នុង​ខេត្ត​កណ្តាល​​កាល​ពីថ្ងៃ​ពុធ ប៉ុន្តែ យើង​មិន​ទាន់​ដឹង​ពិត​ប្រាកដ​ថា តើ​មាន​រថ​យន្ត​ប៉ុន្មាន​គ្រឿង​បាន​បាត់​ ឬ​ត្រូវ​គេ​យក​​ទៅ​បញ្ចាំឡើយ​”។

ស្ត្រី​ម្នាក់​ដែល​លើក​ទូរស័ព្ទ​នៅ​ហាង​បញ្ចាំ​​លីហួរ ហើយ​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​របស់ខ្លួនបាន​និយាយថា ហាង​របស់​គាត់​មិន​​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បាត់​រថយន្ត​​នោះ​ឡើយ​។ ស្ត្រី​រូប​​នេះ​បាន​និយាយថា “ក្រុម​ហ៊ុន​របស់​ខ្ញុំ​មិន​​ជាប់​ពាក់​ព័ន្ធ​ឡើយ​។ ពួកគាត់​ត្រូវ​បាន​បោក​ប្រាស់​ដោយ​អ្នក​ផ្សេង​ទៀត​មិន​មែន​ក្រុម​ហ៊ុ​នរបស់​ខ្ញុំ​ឡើយ។ ពួក​គាត់​គួរ​បញ្ជូន​​ករណីនេះ​ទៅ​តុលាការ”៕

ប្រែសម្រួលដោយ សោម សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស