មន្ត្រីមួយរូបបានលើកឡើងកាលពីម្សិលមិញថា នគរបាលកំពុងតែស្វែងរកមនុស្ស ដែលទទួលខុសត្រូវចំពោះការបង្កើត និងបង្ហោះខ្សែអាត់សំឡេងតាមអ៊ីនធើណិត ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាបានសារភាពថា គណបក្សរបស់លោកបានចាញ់ការបោះឆ្នោតជាតិកាលពីខែមុន។
នៅក្នុងខ្សែអាត់សំឡេង ដែលបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក គេឮលោក ហ៊ុន សែន បានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាបានចាញ់ឆ្នោតទៅហើយ” ហើយបានអំពាវនាវឲ្យមន្ត្រីថ្នាក់ក្រោមទទួលស្គាល់ការពិតនេះ។
កាលពីថ្ងៃអង្គារ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានអំពាវនាវឲ្យស្វែងរកជនណា ដែលបានកាត់តខ្សែអាត់សំឡេងទាក់ទិននឹងសុន្ទរកថាកាលពីខែឧសភា ដែលលោក ហ៊ុន សែន បានលើកឡើងពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បេក្ខជនឈរឈ្មោះជាតំណាងរាស្ត្ររបស់គណបក្សប្រឆាំងយកមកដាក់ទោស។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ទោះបីជាគ្មានពាក្យណ្ដឹងផ្លូវការក៏ដោយ ក៏ការស៊ើបអង្កេតនៅតែត្រូវធ្វើឡើងដែរ។ លោកបានមានប្រសាសន៍ដោយមិនលើកឡើងថា តើនគរបាលនឹងត្រូវស្វែងរកជនកាត់តខ្សែអាត់សំឡេងនេះដោយរបៀបណាថា “មានការស៊ើបអង្កេតលើបញ្ហានេះ” ។ លោកបានថ្លែងថា “មានតែអ្នកស៊ើបអង្កេតជំនាញទេ ដែលដឹងពី [វិធីសាស្ត្រកាត់តរបស់ពួកគេ]”។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា “ ទង្វើនេះចូលក្នុងច្បាប់ស្ដីពីការផ្ដល់ព័ត៌មានមិនពិត”។ លោកបានបន្តថា “ប្រទេសកម្ពុជាគ្មានច្បាប់ស្ដីអំពីបណ្ដាញភ្ជាប់ទំនាក់ទំនងសង្គមនិងហ្វេសប៊ុកឡើយ”។
លោក សុក សំអឿន មេធាវី និងជានាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលជាអង្គការផ្ដល់ជំនួយផ្នែកច្បាប់ បានមានប្រសាសន៍ថា ការចោទប្រកាន់ពីបទផ្ដល់ព័ត៌មានមិនពិតអាចនឹងកើតមាន ប្រសិនបើកេរ្តិ៍ឈ្មោះរបស់នរណាម្នាក់ត្រូវបានធ្វើឲ្យខូច ដោយសារតែការលើកឡើងមិនពិត។
ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា អត្ថបទអមនឹងខ្សែអាត់នេះចាំបាច់ត្រូវតែមាន ដើម្បីចោទប្រកាន់លើអ្នកកាត់តខ្សែអាត់សំឡេង ដោយសារតែខ្លឹមសាររបស់ខ្សែអាត់នេះ គឺត្រូវបានគេកាត់តឡើងដោយភាពប៉ិនប្រសប់បំផុត។
លោក សុក សំអឿន បានមានប្រសាសន៍បន្ថែមទៀតថា “ការថតចម្លង [ ខ្សែអាត់សំឡេង] គឺវាមិនអីទេ ប៉ុន្តែប្រសិនបើ [ជនប្រព្រឹត្តបទល្មើស] សរសេរ អ្វីៗនៅតាមគេហទំព័រហ្វេសប៊ុកនោះ វាអាចជាការផ្ដល់ព័ត៌មានមិនពិត”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង