ក្រុមមន្ត្រីបាននិយាយថា លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិនកាលពីម្សិលមិញបានទទួលស្គាល់ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដា បន្ទាប់ពីមានការជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានៅក្នុងរាជធានីភ្នំពេញ។

បើតាមលទ្ធផលបឋមដែល គ.ជ.ប. និងគណបក្សប្រជាជនកម្ពុជាបានផ្សព្វផ្សាយ គឺគណបក្សប្រជាជនកម្ពុជាឈ្នះបាន៦៨អាសនៈទល់នឹង៥៥អាសនៈ គឺបង្ហាញពីការធ្លាក់ចុះសំឡេងគាំទ្ររបស់លោក ហ៊ុន សែន ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិមក។
ប៉ុន្តែ គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិដែលបានអះអាងថា មានភាពមិនប្រក្រតីច្រើននៅក្នុងការបោះឆ្នោតនេះបានតវ៉ានឹងលទ្ធផលនេះ ហើយទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើការបោះឆ្នោតនេះមុនពេលខ្លួនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។
លោក វ៉ាង យី បានមានប្រសាសន៍ថា “នៅក្នុងការបោះប្នោតនេះគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចទទួលបានសំឡេងភាគច្រើនដាច់ខាតនៅរដ្ឋសភា ហើយមេដឹកនាំចិនបានសរសេរលិខិតអបអរសាទរមេដឹកនាំគណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃនេះ ខ្ញុំសូមជូនពរ និងអបអរសាទរសម្តេចតេជោ [ ហ៊ុន សែន ] ”។
លោក វ៉ាង ក៏បានអំពាវនាវឲ្យរកដំណោះស្រាយឲ្យបានឆាប់ចំពោះស្ថានភាពនយោបាយនៅកម្ពុជាដែលមានការបង្កើនសន្តិសុខនៅក្នុងរាជធានីភ្នំពេញនៅពេលដែលគណបក្សសង្គ្រោះជាតិនិយាយថា ខ្លួននឹងធ្វើមហាបាតុកម្ម ប្រសិនបើពុំមានការដោះស្រាយពាក្យបណ្តឹងរបស់ខ្លួនអំពីលទ្ធផលបោះឆ្នោតនេះឲ្យបានត្រឹមត្រូវនោះទេ។ លោកបានមានប្រសាសន៍ថា “ប្រទេសចិនគឺជាមិត្តភក្តិដ៏ល្អមួយរបស់កម្ពុជា។ យើងសង្ឃឹមថា ភាគីកម្ពុជាទាំងអស់នឹងចរចារកដំណោះស្រាយដោយសន្តិវិធីដើម្បីបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីឲ្យបានឆាប់រហាស់តាមដែលអាចធ្វើទៅបាន”។
លោក វ៉ាង យី គឺជាមន្ត្រីការទូតជាន់ខ្ពស់បរទេសទី១ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់តាំងពីមានជម្លោះនៃការបោះឆ្នោតនេះមក ហើយការធ្វើទស្សនកិច្ចរបស់លោក ក៏ធ្វើឡើងបន្ទាប់ពីលោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិនបានសរសេរលិខិតអបអរសាទរលោក ហ៊ុន សែន បន្ទាប់ពីការបោះឆ្នោត។
បន្ទាប់ពីការពិភាក្សារវាងលោក ហ៊ុន សែន និងលោក វ៉ាង យី កាលពីម្សិលមិញនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចមកលោក ប្រាក់ សុខុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មានថា លោកទាំងពីរមិនបានពិភាក្សាពី ការពង្រឹងទំនាក់ទំនងថែមទៀតរវាងប្រទេសទាំងពីរនោះទេ ។
លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា “មេដឹកនាំចិនបានអបអរសាទរគណបក្សប្រជាជនកម្ពុជាចំពោះការបោះឆ្នោត និងការទទួលបានសំឡេងភាគច្រើនដាច់នៅក្នុងការបោះឆ្នោតនេះ។ យោងតាមលោក ប្រាក់ សុខុន បានឲ្យដឹងថា លោក វ៉ាង ដែលបានអញ្ជើញមកប្រទេសកម្ពុជាតាមការអញ្ជើញរបស់លោក ហោ ណាំហុង ក៏បានកោតសរសើរការដឹកនាំរបស់លោក ហ៊ុន សែន នៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងចិនផងដែរ។
លោក ប្រាក់ សុខុន មានប្រសាសន៍ថា “ប្រទេសរបស់យើងគឺជាមិត្តភក្តិល្អ អ្នកជិតខាងល្អ ហើយស្ថិតនៅក្រោមការដឹកនាំរបស់ប្រទេសទាំងពីរ យើងមានទំនាក់ទំនងល្អ មានការទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក”។
នៅពេលសួរថា តើមេដឹកនាំទាំងពីរបានពិភាក្សាអំពីភាពទាល់ច្រកផ្នែកនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្នដែរ ឬអត់នោះលោក ប្រាក់ សុខុន បានមានប្រសាសន៍ថាលោក វ៉ាង បានបញ្ជាក់ពីការវិវឌ្ឍទៅរកដំណោះស្រាយដោយសន្តិវិធី។
លោក ប្រាក់ សុខុនថាបានបន្តថា “នេះគឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ខ្ញុំជឿថា ចិនគ្មានបំណងផ្តល់អនុសាសន៍ដល់កម្ពុជាអំពីវិធីរកដំណោះស្រាយនោះទេ។ ពួកគេគាំទ្រកម្ពុជា ដូច្នេះប៉ុណ្ណឹងវាជាសារមួយគ្រប់គ្រាន់ទៅហើយ”។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថា ការបង្ហាញពីការគាំទ្រដោយចំហរបស់ចិនចំពោះគណបក្សកាន់អំណាចនេះ គឺដើម្បីពង្រឹងគណបក្សប្រជាជនកម្ពុជាដែលមានបញ្ហាច្រើន បន្ទាប់ពីខ្លួនបានបាត់បង់អាសនៈនៅក្នុងការបោះឆ្នោតនេះ ។ លោកបានបន្តថា “វត្តមាននិងការពិភាក្សារបស់ថ្នាក់ដឹកនាំនេះ ព្រមទាំងអ្វីៗទាំងអស់ហាក់ដូចជាផ្តល់ទំនុកចិត្តថែមទៀតដល់នាយករដ្ឋមន្ត្រីរបស់យើង និងគណបក្សរបស់គាត់”។
លោកបានមានប្រសាសន៍បន្តទៀតដែលសំដៅដល់ប្រទេសចិនថា “ក្រោយពីការបោះឆ្នោតនេះ មិនមានរដ្ឋាភិបាលបរទេសច្រើនចេញមកគាំទ្រទេ។យ៉ាងហោចណាស់ពួកគេមានមហាអំណាចមួយចេញមុខគាំទ្រដែរ”។
សហរដ្ឋអាមេរិករួមជាមួយនឹងសហភាពអឺរ៉ុប និងអូស្ត្រាលីបានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយតម្លាភាព និងគួរឲ្យទុកចិត្តលើកការអះអាងអំពីការលួចបន្លំក្នុងការបោះឆ្នោត។
កម្ពុជាបានឆ្លើយតបវិញដោយការពន្យារពេលកម្មវិធីទទួលជំនួយយោធាមួយចំនួនជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី ប៉ុន្តែ ក្រុមមន្ត្រីបានបញ្ជាក់ថា ទំនាក់ទំនងនៅមានជាធម្មតា។
ផ្ទុយទៅវិញ ភ្លាមៗបន្ទាប់ពីការបោះឆ្នោតនោះប្រទេសចិនបានផ្តល់កាំភ្លើង និងគ្រាប់ឲ្យនគរបាលកម្ពុជា និងបានចុះហត្ថលេខាសន្យាផ្តល់លុយជាច្រើនទៀត បន្ទាប់ពីមានកម្ចីការប្រាក់ទាប និងជំនួយយោធារាប់រយលានដុល្លារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីថ្ងៃទី១១ ខែសីហា ឯកអគ្គរដ្ឋទូតចិនបានយល់ព្រមផ្តល់កម្ចីចំនួន១២១លានដុល្លារសម្រាប់គម្រោងធារាសាស្ត្រមួយ និងបណ្តាញបញ្ជូនថាមពលអគ្គិសនី។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា ទស្សនកិច្ចរបស់លោក វ៉ាង យី គឺជាសញ្ញាមួយបង្ហាញថា គណបក្សប្រជាជនកម្ពុជាអាចពឹងផ្អែកលើការគាំទ្ររបស់ចិន ចាប់តាំងពីកម្ពុជាបានក្លាយជាសម្ពន្ធមិត្តដ៏សំខាន់មួយរបស់ចិននៅក្នុងតំបន់ បន្ទាប់ពីអាមេរិកប៉ុនប៉ងយកឥទ្ធិពលនៅអាស៊ីក្នុងវិស័យសន្តិសុខ និងពាណិជ្ជកម្ម។
លោកបានមានប្រសាសន៍ថា “វាមានការពាក់ព័ន្ធច្រើនណាស់នឹងបញ្ហានយោបាយនៅក្នុងតំបន់នេះ។ អាមេរិកបានដាក់សម្ពាធជាច្រើនមកលើនាយករដ្ឋមន្ត្រី និងគណបក្សរបស់លោក”។ លោកបានមានប្រសាសន៍បន្តទៀតថា “បន្ថែមពីលើនេះ អ្នកបោះឆ្នោតដែលបង្ហាញពីការមិនពេញចិត្តចំពោះគណបក្សកាន់អំណាចយូរនោះ បង្កឲ្យមានការព្រួយបារម្ភពីបក្សកុម្មុយនីស្តចិនដែលមានបក្សតែមួយ។ លោកបានឲ្យដឹងទៀតថា “មានការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅអាស៊ី ហើយវានឹងរាលដាលថែមទៀត”៕
ប្រែសម្រួលដោយ មូល គឹមហឿន