30.7 C
Phnom Penh

​វិនិយោគិន​អាមេរិក​​រួញ​រា​ក្នុង​ការ​វិនិយោគ​នៅ​​ប្រទេស​កម្ពុជា​ដោយ​សារ​អំពើ​ពុក​រលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​សិក្សា​ថ្មី​មួយ​ទៅ​លើប្រតិបត្តិករ​ក្រុម​ហ៊ុន​​អាមេរិក​ចំនួន​៤៧៥​​នាក់​នៅ​ក្នុង​តំបន់​អាស៊ាន​​បង្ហាញ​ថា ទោះ​បី​ជាក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​​មាន​សុទិដ្ឋិនិយម​អំពី​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នេះ​ក៏​ដោយ​ ក៏គោល​ដៅ​វិនិយោគ​នៅ​ក្នុងប្រទេស​នេះនៅ​មាន​តិច​ជាង​ប្រទេស​ភាគ​ច្រើន​នៅ​​ជិត​ខាង​ខ្លួនដែរ​ ដោយ​សារ​គេ​ដឹង​ថា មាន​​អំពើ​ពុក​រលួយ​ច្រើន។

ការ​ស្ទង់​មតិ​​លើ​ទស្សន​វិស័យ​ពាណិជ្ជកម្ម​​ឆ្នាំ​២០១៣ ដល់ឆ្នាំ២០១៤​ ដែល​ធ្វើ​ឡើង​រួម​​​​​​​គ្នា​រវាង​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​​ប្រទេស​សឹង្ហ​បូរី​ និង​ក្រសួង​ពាណិជ្ជកម្ម​សហ​​​រដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​ផលប្រយោជន៍​ជាច្រើន​​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូចជា តម្លៃ​ពលកម្ម​ទាប​ សន្តិសុខ​ផ្ទាល់​ខ្លួន និងឥរិយាបថ​ល្អ​​ចំពោះ​សហរដ្ឋ​អាមេរិក​។

សម្រាប់​ក្រុម​ហ៊ុន​ទាំង​ឡាយ​ណា​ដែល​កំពុង​​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួច​​ហើយ​នោះ​​ផល​ចំណេញ​គឺ​មាន​សញ្ញា​ជា​វិជ្ជ​​​មាន​ដោយ​មាន​អ្នក​ឆ្លើយ​សំណួរ​ចំនួន​៧៥​ភាគ​រយ​បាន​លើក​ឡើង​ថា ពួកគេ​រំពឹង​ថា ផល​​​​ចំណេញ​ ​នឹងមាន​ការ​កើន​ឡើង​នៅ​ឆ្នាំ​២០១៣​​​នេះ​ ហើយ​ព្យាករ​សម្រាប់​ឆ្នាំ​២០១៤​ថា នឹង​មានការ​កើន​ឡើង​ចំនួន​៩០ភាគរយ​។

បុគ្គលិក​បរទេស​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​បញ្ជាក់​ពី​ការ​ពេញ​ចិត្តចំពោះ​ការ​រស់​នៅ​ផង​ដែរ​ ដោយ​មាន​​៩០ភាគរយ​ បាន​ព្យាយាម​​​​​​​បន្ត​ការ​ស្នាក់​នៅ​របស់​ខ្លួន​ ក្នុង​ប្រទេស​កម្ពុជា​ ​ជា​ចំនួន​ភាគរយ​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ទាំង​មូល។

រីឯ​ក្រុមហ៊ុន​​បរទេស​មួយ​ចំនួន​ទៀត​​ដែល​មិន​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ធ្វើ​វិនិ​​​យោគ​​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ដែល​​ប្រទេស​នេះ​ស្ថិត​នៅ​លំដាប់​​លេខ​រៀង​ទី​៨​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​គឺ​នៅ​ពី​​​ក្រោយ​ប្រទេស​ឡាវ​ និង​ប្រទេស​ប្រ៊ុយ​​​ណេ។ មូល​ហេតុ​ដែល​លើក​ឡើង​ដោយ​ក្រុម​ហ៊ុន​ទាំង​នោះ​គឺ​ដោយ​សារ​កង្វះ​កម្មករ​​ជំនាញ ​ច្បាប់​មិន​អនុគ្រោះ និង​បទបញ្ញត្តិ​ផ្សេង​ៗ​ទៀត​ ព្រម​​​​ទាំង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មិន​ទាន់​អភិវឌ្ឍន៍​។

ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​ជា​ចម្បង​របស់​វិនិ​​​យោគិន​អាមេរិក​នោះ​គឺ​​ដោយ​សារ​តែ​អំពើ​ពុក​រលួយ​ដោយ​មាន​អ្នក​ឆ្លើយ​សំណួរ​ចំនួន​៨១​ភាគរយ​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ។

លោក ព្រាប​ កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​​​​តម្លាភាព​អន្តរជាតិ​កម្ពុជា​ បានមាន​ប្រសាសន៍​ថា “មាន​ក្រុម​វិនិយោគិន​ចំនួន​ពីរ​ក្រុម​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ គឺ​​អ្នក​​​ដែល​​មិន​​មាន​លទ្ធ​​​ភាព​សូក​ប៉ាន់​​និង​អ្នកដែល​​​មិន​ដឹង​​គិត​ដោយ​វិធី​​ណា​ក្នុង​​បរិយាកាស​ពុក​​​រលួយ​បែប​នេះ​​”។

លោក ព្រាប​ កុល បាន​ថ្លែង​បន្ត​ថា ប្រទេស​​​​មួយ​ចំនួន​ដូច​ជា​ប្រទេស​កម្ពុជា​មិន​ខ្វល់​ខ្វាយ​​អំពី​​បញ្ហា​អំពើ​ពុក​រលួយ​ទេ​។ យោង​តាម​​​សន្ទស្សន៍​អ្នក​សូកប៉ាន់​របស់​​អង្គការ​តម្លាភាព​អន្តរជាតិ​ឲ្យ​ដឹង​ថា ​ប្រទេស​ចិន​ដែលមាន​​វិនិ​​​យោគិន​ច្រើន​​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​​សូក​​សំណូក​ជាច្រើន​ទៅ​ឲ្យ​មន្ត្រី​រដ្ឋា​​​ភិ​​​បាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​ជន​ជាតិផ្សេង​ទៀត​។

លោក​ថ្លែង​បន្ត​ថា  “វា​ជា​ការ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ការ​​វិនិយោគិន​ជា​​​ច្រើន​មក​ធ្វើ​វិយោគ​គឺ​មិន​​ត្រឹម​​តែ​​មក​ពី​ប្រទេស​​ពីរ​បី​​ប៉ុណ្ណោះ​ទេ​​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​​​​ប្រជែង​​​ប្រសើរ​ជាង​ និង​រីក​ចម្រើន​លឿន​ជាង​នេះ​​។ ហើយ​ក្រុម​ហ៊ុន​ធំ​ៗ​មក​ពី​បស្ចិម​ប្រទេស​ ដូចជា សហរដ្ឋ​អាមេរិក​មាន​បំណង​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាង​ប្រទេស​ផ្សេង​ទៀត​ ដូចជា​ប្រទេស​ចិន​ជា​ដើម​ ដែល​នឹង​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​​​​ចាក​ផុត​ពី​អំពើ​ពុក​រលួយ​”។
លោក​ ព្រាប កុល បាន​ថ្លែង​បន្ត​ទៀត​ថា រដ្ឋា​​​ភិបាល​ត្រូវ​បង្កើត​ច្បាប់​និង​បទបញ្ញត្តិ​ថ្មីៗ​ថែម​ទៀត​ដើម្បី​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​​​​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទាំង​អស់​។

សេចក្ដីថ្លែងការណ៍​អម​ដោយ​របាយ​​​ការណ៍​​​​មួយ​បាន​លើក​ឡើង​ថា ការ​សិក្សា​នេះ​មាន​គោល​បំណង​ផ្ដល់​ឱកាស​​ឲ្យ​រដ្ឋាភិបាល​នូវ​ទស្សនវិស័យ​មួយ​ច្បាស់​លាស់​ក្នុង​ការ​ទាក់​ទាញ​ប្រ​ធាន​​ក្រុម​ហ៊ុន​នានា​ ហើយ​ផ្ដល់​ឲ្យ​ពួក​​​​​​គេ​នូវ​ឱកាស​មួយ​ដើម្បី​ដោះ​ស្រាយ​កង្វល់​​​​របស់​ពួកគេ​។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិ​​​បាល​​​​​​​ពិតជាមាន​គម្រោង​​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​មែន។​ លោក​ ថូរ៉ា មាន​ប្រសាសន៍​បន្ត​ថា “យើង​មាន​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ដែល​បង្កើត​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ រួច​ហើយ​​ ប៉ុន្តែ​ក្រសួង​ពាណិជ្ជកម្ម​បាន​រៀប​ចំ​ផែន​ការ​មួយ​ ដើម្បី​អនុវត្ត​​ច្បាប់​នេះ​ឲ្យ​បាន​ប្រសើរ​ក្នុង​ការ​​ប្រយុទ្ធ​នឹង​អំពើ​ពុក​រលួយ​ក្នុង​ក្រុម​ហ៊ុន​ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​​វិនិយោគិន​បរទេស​ច្រើន​ថែម​ទៀត​”។

លោក​បាន​ថ្លែង​បន្ត​ថា ផែនការ​​នេះ​រួម​​មាន​​​​ការ​ដាក់​គោល​នយោបាយ​​ការ​វិនិយោគ​តាម​​ប្រព័ន្ធ​អ៊ីន​ធើ​ណិត​សម្រាប់​ឲ្យ​ក្រុម​បរទេស​ ធ្វើ​ការ​​សិក្សា​ដែល​នឹង​ជួយ​ពន្យល់​ឲ្យ​បាន​ច្បាស់​នូវ​ឯកសារ​អ្វី​ខ្លះ​ដែល​​ត្រូវ​ការ​​ និង​តម្លៃ​ពាក់​ព័ន្ធ​ក្នុង​ការ​បង្កើត​ក្រុម​ហ៊ុន​មួយ​។

ការ​សិក្សា​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ឆ្នាំ​២០១៥ ជា​ឆ្នាំ​គោល​ដៅ​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ សម្រាប់​បង្កើត​ទី​ផ្សារ​សេដ្ឋកិច្ច​ក្នុង​តំបន់​តែ​មួយ​ដែល​​ហៅ​​ថា សេដ្ឋកិច្ច​សហគមន៍​អាស៊ាន​គឺ​មិន​ទំនង​ជា​អាច​សម្រេច​បាន​ឡើយ​​ ដោយ​​អ្នក​ឆ្លើយ​​​​សំណួរ​ជិត​៦០ភាគរយ​ជឿ​ថា ឆ្នាំ​២០២០ ទើប​​​​អាច​ធ្វើ​ទៅ​​បាន​៕

(រាយការណ៍​បន្ថែម​ដោយ អ៊ាង ម៉េង​ឡេង)​
ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស